ភ្នំពេញៈ ក្រសួង​អប់រំ យុវជន​ និង​កីឡា​កំពុង​សហការ​ជាមួយ​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ ព្រមទាំង​ដៃគូ​អភិវឌ្ឍន៍ និង​វិស័យ​ឯកជន ដើម្បី​រៀបចំ​តភ្ជាប់​ប្រព័ន្ធ​អ៊ីនធឺណិត​ដល់​គ្រឹះស្ថានសិក្សា​សាធារណៈ​​ក្នុង​រយៈពេល​ ៤ ​ឆ្នាំ​ (​ឆ្នាំ​ ២០២០-២០២៣) ​ដើម្បី​ផ្ដល់​ការរៀន​ និង​ការបង្រៀន​តាមបែប​ឌីជីថល​​ដែល​ការអនុវត្ត​ត្រូវធ្វើ​ឡើងជា​ជំហានៗ​ចាប់ពី​ចុងឆ្នាំ​នេះ​ទៅ​។

លោក រស់ សុវាចា អ្នក​នាំពាក្យ​ក្រសួង​អប់រំ​បាន​ថ្លែងប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​កាលពី​ម្សិលមិញ​ថា គម្រោង​តភ្ជាប់​ប្រព័ន្ធ​អ៊ីនធឺណិត​ដល់​គ្រឹះស្ថានសិក្សា​​សាធារណៈ​ក្នុង​រយៈពេល​ ៤ ​ឆ្នាំ​​នេះ​ ត្រូវ​បាន​លោក​រដ្ឋមន្ដ្រី ហង់ជួន ណារ៉ុន ដឹកនាំ​កិច្ចប្រជុំ​ពិភាក្សា​ជាមួយ​លោក ជុន វ៉ាត អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​បច្ចេកវិទ្យា​គមនាគមន៍ និង​ព័ត៌មាន​តំណាង​ក្រសួង ប្រៃសណីយ៍ និង​ទូរគមនាគមន៍ កាលពី​ថ្ងៃទី​ ២៣ តុលា ទីស្ដីការ​ក្រសួង​អប់រំ​។

លោក សុវាចា ថ្លែងថា​៖ «​ជំនួប​ពិភាក្សា​ (​របស់​ក្រសួង​ទាំង​ ២)​ ​ដើម្បី​ពិភាក្សា​អនុវត្ត​គម្រោង​តភ្ជាប់​ប្រព័ន្ធ​អ៊ីនធឺណិត​ដល់​គ្រឹះស្ថានសិក្សា​សាធារណៈ​ចំនួន ៣ ០០០ ​ទីតាំង​ ក្នុង​រយៈពេល​ ៤ ​ឆ្នាំ​ចាប់ពី​ឆ្នាំ ២០២០-២០២៣ ក្នុង​ក្របខ័ណ្ឌ​មូលនិធិ​កាតព្វកិច្ច​សេវា​សកលវិស័យ​ទូរគមនាគមន៍​»​។

បើតាម​លោក សុវាចា ក្រសួង​អប់រំ​បាន​កំណត់​លក្ខណ​វិនិច្ឆ័យ​មួយចំនួន​ដើម្បី​ជ្រើសរើស​សាលារៀន​គោលដៅ​តភ្ជាប់​ប្រព័ន្ធ​អ៊ីនធឺណិត​នេះ​ប្រមាណ​ ៣០០ ​ទីតាំង ​នឹង​ចាប់ផ្ដើម​​អនុវត្ដ​ក្នុង​ឆ្នាំ​ ២០២០ ​នេះ​ទៅ​​ហើយ​នៅ​ឆ្នាំ​ ២០២១ នឹង​បន្ត​​អនុវត្ដ​តាម​គ្រឹះស្ថានសិក្សា​ប្រមាណ​ ៦០០-៧០០ ទៀត​។

លោក ហង់ជួន ណារ៉ុន ថ្លែង​នៅក្នុង​កិច្ចប្រជុំ​ខាងលើ​នេះ​ថា ការជ្រើសរើស និង​ការដាក់ឱ្យ​អនុវត្ត​គម្រោង​តភ្ជាប់​ប្រព័ន្ធ​អ៊ីនធឺណិត​ដល់​គ្រឹះស្ថានសិក្សា​​សាធារណៈ​ទាំង ៣ ០០០ ​ទីតាំង​ក្នុង​រយៈពេល​ ៤ ​ឆ្នាំ​នេះ​គឺ​ធ្វើ​ឡើង​​តាមរយៈ​ការវាយតម្លៃ​ពី​ក្រុមការងារ​បច្ចេកទេសរ​វាង​ក្រសួង​អប់រំ និង​ក្រសួង​ប្រៃសណីយ៍​។ ​ការងារ​នេះ​ផ្ដោតលើ​ទីតាំង​គ្រឹះស្ថាន​ដែល​មាន​ភាពងាយស្រួល​​ក្នុង​ការចូលរួម និង​ការតាំង​ចិត្ត​ខ្ពស់​ក្នុង​ការចែករំលែក និង​ប្រើប្រាស់​បច្ចេកវិទ្យា​ព័ត៌មានវិទ្យា​ដល់​សិស្សានុសិស្ស​។

លោក ជុន វ៉ាត បាន​ថ្លែង​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​កាលពី​ម្សិលមិញ​ដែរ​ថា តាម​សំណើ​របស់​ក្រសួង​អប់រំ​គឺ​បាន​សុំឱ្យ​ក្រសួង​ប្រៃសណីយ៍​ជួយ​បំពាក់​អ៊ីនធឺណិត​តាម​បណ្ដា​សាលារៀន​ចំនួន ៣ ០០០ ​ទីតាំង​ក្នុង​ផែនការ​រយៈពេល​ ៤ ​ឆ្នាំ​។ ​ប៉ុន្ដែ​ការអនុវត្ដ​ផែនការ​នេះ​នឹង​ត្រូវ​ធ្វើជា​ជំហានៗ​តែ​ក្នុង​ជំហាន​ដំបូង​នេះ គឺ​នឹង​តភ្ជាប់​អ៊ីនធឺណិត​តាម​គ្រឹះស្ថាន​សិក្សា​​ប្រមាណ​ ២០០-៣០០ ​ទីតាំង អាស្រ័យ​ទៅតាម​ការវាយតម្លៃ​។

លោក​ថ្លែងថា​៖ «​យើង (​ក្រសួង​ទាំង​ ២) នឹង​ឱ្យមាន​ក្រុមការងារ​ចុះទៅ​វាយតម្លៃ​ថា តើ​សាលារៀន​ដែល​ត្រូវ​បំពាក់​ប្រព័ន្ធ​អ៊ីនធឺណិត​នោះ​មាន​អគ្គិសនី ឬ​សម្ភារ​គ្រប់គ្រាន់​ ឬ​អត់​និង​អាស្រ័យ​លើ​ការតាំងចិត្ដ​ផ្ទាល់​របស់​សាលារៀន​នីមួយៗ​ក្នុង​ការតភ្ជាប់​បណ្ដាញ​អ៊ីនធឺណិត​នេះ​»​។

លោក ជុន វ៉ាត បានឱ្យ​ដឹងថា បណ្ដាញ​អ៊ីនធឺណិត​ដែល​ក្រសួង​ប្រៃសណីយ៍​ភ្ជាប់​ទៅតាម​សាលារៀន​នេះ​គឺជា​ការតភ្ជាប់​តាម​ប្រព័ន្ធ​ខ្សែ​ (Fiber to the school) ទៅ​តាម​សាលារៀន​គោលដៅ​ដែល​បានកំណត់​។

លោក​បាន​បញ្ជាក់ថា​៖ «​ខាង​ខ្ញុំ​គឺ​គ្រាន់តែ​ជួយផ្ដល់​ប្រព័ន្ធ​អ៊ីនធឺណិត​ប៉ុណ្ណោះ ចំណែក​ក្រសួង​អប់រំ​គាត់​នឹង​មាន​ផែនការ​របស់គាត់​ក្នុង​ការបំពាក់​ឧបករណ៍​ផ្សេងៗ​ទៀត​ដើម្បី​បម្រើ​ដល់​ការរៀន និង​ការបង្រៀន​បែប​ឌីជីថល​ (E-Learning) ​របស់គាត់​នេះ​»៕