ភ្នំពេញៈ ក្រសួងការបរទេស​កម្ពុជា ​បាន​រិះគន់​ និង​ក្រើន​រំឭក​​ចំពោះ​ស្ថានទូត​​សហ​រដ្ឋអា​មេរិ​ក ប្រចាំ​នៅ​កម្ពុជា​​ឲ្យបញ្ឈប់​សកម្ម​​ភាព ​«ជ្រៀត​ជ្រែក​ចូល​កិច្ច​ការ​ផ្ទៃ​ក្នុង​កម្ពុជា​» ចំពោះ​អ្វី​ដែល​ស្ថាន​ទូត​ប្រទេស​មហា​អំណាច​មួយ​នេះបាន​ធ្វើ​អត្ថា​ធិប្យាយ​ នៅ​លើ​​ទំព័រ​ហ្វេស​ប៊ុក​ផ្លូវការ​​រប​ស់​ខ្លួន​ថា «លោក កឹម សុខា ជា​មនុស្ស​ស្អាតស្អំដែល​ត្រូវបាន​ឃុំ​ខ្លួន​​ដោយ​អយុត្តិធម៌»។

ការ​ក្រើនរំឭក ​និង​ការរិះគន់​យ៉ាងខ្លាំង​ របស់​ក្រសួង​ការបរទេស​កម្ពុជា​នេះ ធ្វើ​ឡើង​ បន្ទាប់​ពី​​​ស្ថានទូត​អាមេរិក​​ បាន​បង្ហោះ​សារ​មួយតាម​ទំព័រ​ហ្វេ​ស​​ប៊ុ​ក​ផ្លូវការ​របស់ខ្លួន​​ កាលពី​ថ្ងៃ ទី ១៥ ខែកុម្ភៈ ឆ្នាំ ២០១៩ ថា​៖ ​​«តើ​អ្នក​មាន​ដឹង​ទេ​ថា លោក កឹម សុខា បាន​ជាប់​ក្នុង​ការ​ឃុំ​​ឃាំង​ជិត ១៨ ខែមក​ហើយ​? វា​មាន​រយៈ​ពេល​ ៥៣០ ថ្ងៃនៃ​ការ​ជាប់​ឃុំ។ គាត់​ជា​មនុស្ស​ស្អាត​ស្អំ ដែល​ត្រូវ​បាន​ឃុំ​ខ្លួន​ដោ​យ​អយុត្តិ​ធម៌ ក្រោម​ការ​ចោទ​ប្រកាន់​មិន​ពិត។ មិន​មាន​ភ័ស្តុតាង​ណា​មួយ​ប្រឆាំង​នឹង​គាត់​ឡើយ ហើយ​ក៏​មិន​ទាន់​មាន​ការ​កំណត់​បើកសវនាការ​កាត់​ទោស​គាត់​ដែរ។ គ្មាន​ភ័ស្តុ​​តាង គ្មាន​សវនាការ​កាត់​ទោស គ្មាន​យុត្តិធម៌​។.តើ​អ្នក​កំពុង​មើល​​ឃើញ​រូបភាព​រួម​ទេ»។

១ ថ្ងៃ​ក្រោយ​មក​គឺ​នៅ​ថ្ងៃ​ទី ១៦ ខែ​កុម្ភៈ​ក្រសួង​ការបរ​ទេស​កម្ពុជា​ បាន​ចេញ​សេច​ក្តី​ថ្លែង​ការណ៍​​មួយ​​ថា​ ការ​បង្ហោះ​សារ​របស់​ស្ថានទូត​សហរដ្ឋ​អាមេរិក​នេះ ​​មាន​ចេតនា​ ដើម្បី​បំភាន់​សាធារ​ណមតិ​។ ក្រសួង​ការ​បរទេស​​ក៏បាន​សម្តែង​នូវការ​ភ្ញាក់ផ្អើល ​និង​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង ​ចំពោះ​​ទង្វើ​របស់​សហរដ្ឋ​អាមេរិក ​ហើយ​បាន​ចា​ត់​ទុក​កាយ​វិការ​របស់ស្ថាន​ទូត អា​មេរិក​នេះ​​ថា មិន​មាន​លក្ខណៈ​ ការ​ទូតជ្រៀត​ជ្រែក​ចូល​កិច្ចកា​រ​​ផ្ទៃក្នុង​ និង​មិន​គោរព​ចំពោះ អធិប​តេយ្យ​ភាព របស់​កម្ពុជា។

សេចក្តី​ថ្លែង​ការណ៍​បញ្ជាក់​ថា៖ ​«ក្រសួង​ការបរ​ទេសត្រូវ​បង្ខំចិត្ត​​ក្រើន​រំឭក​ដល់​ស្ថានទូត​សហរដ្ឋ​អាមេរិក ​នៅ​ភ្នំពេញ ​អំពី​​មាត្រា ៤១ នៃ​អនុសញ្ញា​ទីក្រុង​វី​យែ​ន​ឆ្នាំ ១៩៦១ ស្តីពី​ទំនាក់​ទំនង​ការទូត ដែល​ជា​ពិសេស​ តម្រូវឱ្យ​ស្ថាន​ទូត សហរដ្ឋអា​មេរិក គោរព​ច្បាប់ និង​បទ​ប្បញ្ញត្តិ​​នានា និង​មិនត្រូវ​ជ្រៀត​ជ្រែក​ចូល​កិច្ចការ​ផ្ទៃក្នុង​របស់​កម្ពុជា​ឡើយ»។

សេចក្ដី​ថ្លែង​ការណ៍​បន្ត​ថា ប្រទេស ​កម្ពុជា តែង​តែ​គោរព​អធិប​តេយ្យ​ភាព ​របស់​ប្រទេស​ដទៃ ហើយ​មិន​ដែល​ធ្វើ​អត្ថា​​ធិប្បា​យលើ​រឿង​អាស្រូវ​គួរ​ឱ្យ​ខ្មាសអៀន ​របស់​មន្ដ្រី​ជាន់​ខ្ពស់ និង​អ្នក​នយោបាយ​របស់​ប្រទេ​ស​​ណាមួយ​ឡើយ ហើយ​បាន​លើ​ក​​ឡើង​ថា ទង្វើ​របស់​​ស្ថាន​ទូត​អា​មេ​រិក​​នេះ ផ្ទុយ​ទៅនឹង​កិច្ចខិតខំ​ប្រឹងប្រែង​បច្ចុប្បន្ន​ របស់​ប្រទេ​ស ទាំង ​២ ក្នុង​ការ​​ធ្វើឱ្យ​ប្រសើរ​ឡើង​នូវ​ទំនាក់​ទំនង​ទ្វេ​ភាគី ដែ​ល​​បម្រើ​ដល់​ប្រយោ​ជន៍​រួម​ របស់​ប្រទេសនិង​ប្រជាជន​ទាំង ២។

សេចក្តី​ថ្លែង​ការណ៍​ក៏បាន​ទាមទារ​ឱ្យស្ថានទូត​​ប្រទេ​ស​មហា​អំណាច​មួយ​​នេះ​​ បញ្ឈប់​ជាបន្ទាន់​ នូវ​សកម្ម​ភាព ដែល​មាន​ហេតុ​ផល​នយោបាយ និង​គ្មាន​ការទូត​នេះ។ ក្រសួង​ការ​បរទេស សូម​បញ្ជាក់​ឡើង​វិញ​ ពី​ការ​ប្តេជ្ញា​របស់​កម្ពុជា​ក្នុង​ការលើក​កម្ពស់​នីតិរដ្ឋ និង​ថែរក្សា​សន្តិភាពស្ថិរភាព និង​សណ្ដាប់​​​ធ្នាប់​សាធា​រណៈដែល​ប្រជា​ជ​ន​​កម្ពុជា​កំពុង​​តែ​ទទួល​បាន​នា​ពេល​​បច្ចុប្បន្ន។

ជា​មួយ​គ្នានេះ លោក សុខ ឥសាន អ្នក​នាំពាក្យ​គណ​បក្ស​ប្រជា​ជន​កម្ពុជា បាន​សរសេរ​បង្ហោះ​នៅ​លើបណ្តាញ​តេឡេ​​ក្រាម​របស់​លោក​កាលពី​ម្សិលមិញ​ដោយ​ឌឺ​ដង​ទៅ​នឹង​សារ​របស់​ស្ថាន​ទូត​អាមេ​រិក​មាន​ ៥ ចំណុច​​​ថា​៖ «១- គេថា ​កឹម​ សុខា​ ជាមនុស្សស្អាតស្អំ​ ពិត​ជាស្អាត​ស្អំមែន​ ពីព្រោះ​គាត់​មិន​ដែល​បាន​លួច​ឆក់ប្លន់​ឯណា​ គាត់​គ្រាន់​តែ​ធ្លាប់​លួច​អង្ករ​កាល​ពី​ទសវត្សរ៍ឆ្នាំ ​៨០ ​ទេ​តើ​? ២-​ក្រម​ព្រហ្ម​ទណ្ឌ​អនុញ្ញាត​ឲ្យ​​ឃុំ​ខ្លួន​ ១៨ ​ខែ​មាន​ទាន់​ហួស​ឯណា​ អី​ក៏ភ័យ​ម្ល៉េះ​? ៣- ចង់​ឲ្យ​ទម្លា​ក់​ចោល​ការ​ចោទ​ប្រកាន់​ម៉េច​កើ​ត​​បើ​មាន​ភ័ស្តុតាង​ច្បាស់​លាស់​ហើយ​។ បើ​មិនជឿសួរ​សាមីជ​ន​​​ទៅ​។ ៤-ចង់​ឲ្យ​ដោះ​លែង​អ្នក​ប្រព្រឹត្ត​ល្មើស​ច្បាប់​​មានតែ​​បោះ​បង់​ចោល​នីតិរដ្ឋ​ហើយ​យក​វប្បធម៌​នី​ទណ្ឌ​ភាព​មក​ប្រើ​។ ៥​- ធ្វើ​ដល់​ទូត​អត់​យល់​ច្បាប់​ការទូត?»។

ប៉ុន្តែ លោក​ស្រី Emily Zeeberg អ្នក​នាំ​ពាក្យ​សា្ថ​ន​ទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា ​បាន​ឆ្លើយ​តប​​តាមរយៈ​សា​រអេ​ឡិច​ត្រូ​និ​ក​មក​កាន់​ភ្នំពេញ​ប៉ុស្តិ៍​កា​ល​ពី​ម្សិល​មិញ​ថាសហរដ្ឋ​អាមេរិ​ក​ក្នុងនាម​ជា​សមាជិក​ហត្ថលេ​ខី​ នៃ​សន្ធិ​សញ្ញា​សន្តិ​ភាព​ទីក្រុង​ប៉ារីសដែល​មាន​ ១៨​ ប្រទេស​ សហរដ្ឋ​អាមេរិក​មាន​ការទទួល​ខុស​ត្រូវ​ ត្រួត​ពិនិត្យថា​​ ​លទ្ធិប្រជា​ធិប​តេយ្យ​និង​សិទ្ធិ​មនុ​ស្ស​ត្រូវ​បាន​គោរព នៅ​ក្នុង​ប្រទេស​​ កម្ពុជា។

លោក​ស្រី​បន្ថែម​ថា ​ប្រទេស​ កម្ពុជា នឹង​មិន​អាច​មា​ន​​​ទំនាក់​ទំនង​ល្អ​ប្រសើរ​ ជាមួ​យ​សហរដ្ឋ​​អាមេរិក​បាន​ទេ ដរាប​ណា​​បញ្ហា​ការ​ភ្ជាប់​លោ​ក ​កឹម សុខា អតីត​​ប្រធាន​អតី​ត​គណបក្ស​សង្គ្រោះ​ជាតិ​​ថា បាន​ឃុប​​ឃិត​ជា​មួយ​​អាមេរិក ​មិន​ត្រូវ​បាន​ដោះ​ស្រាយ​​ដោយ​ត្រឹម​ត្រូវ​​​និង​ដោយ​គោរព​គ្នា។

លោក​ស្រី​ Emily Zeeberg បញ្ជាក់​ថា៖ «​ជួន​ជា​សំណាង​មិន​ល្អ រដ្ឋាភិបាល​​កម្ពុជា​មិន​បា​​ន​​បំពេញ​កាតព្វ​កិច្ច​របស់​ខ្លួន ​ក្នុង​ការ​ការពារ​សិទ្ធិ​មនុស្ស​និង​លទ្ធិ​​ប្រជា​ធិប​តេយ្យ​ស្រប​តាម​សន្ធិ​​សញ្ញា​សន្តិភាព​ទីក្រុង​ប៉ារីសនោះ​ទេ។ លោក កឹម សុខា ​ត្រូវ​បានចោទ​ប្រកាន់ថា​ បាន​ឃុបឃិត​ជាមួយនឹង​សហរដ្ឋ​អាមេរិក​ ដើម្បី​ផ្ដួលរំលំ​រដ្ឋា​ភិបា​ល ដែល​ការ​ចោទ​ប្រកាន់​នេះ​ វា​មិន​​សម​ហេតុ​សម​ផល​ និង​មិន​ត្រឹមត្រូវ​តែម្ដង។ ដូច្នេះ​រដ្ឋា​ភិបា​ល​កម្ពុជា​ បាន​ទាញ​ពួកយើង ​ឲ្យ​ទៅជា​ប់​ទាក់ទង​ដោយ​ផ្ទាល់​នៅ​ក្នុង​ករណី (លោក​សុខា​) នេះ»។

ប៉ុន្តែ លោក ផៃ ស៊ីផាន អ្នកនាំ​ពាក្យ​រាជ​រដ្ឋាភិ​បាល បាន​លើក​ឡើង​ថា ទោះ​បីជា​អាមេ​​រិក ​​ជា​សមាជិក​ហត្ថលេ​ខី​នៃ​សន្ធិ​សញ្ញា​សន្តិភាព​ទីក្រុង​ប៉ារី​ស​ក៏​ដោយ​ តែ​អាមេ​រិក គ្រាន់​តែ​ជា​សាក្សី​តែ​ប៉ុណ្ណោះ​ ហើយ​ ប្រទេស​​សមា​ជិក​ហត្ថលេ​ខី មា​ន​​កាតព្វ​កិច្ច​មួយ​ចំនួន​ដែល​ជួយ​កម្ពុជា​ក្នុង​ការ​​អភិវឌ្ឍប៉ុន្តែ​ប្រទេ​ស​ទាំង​នោះត្រូវ​តែគោរព​អធិប​តេយ្យ​ភាព​ប្រទេស​កម្ពុជា។

លោក​ថា ​អាមេ​រិក គួរ​តែ​ពិចារ​ណាកែ​ខ្លួន​ឡើង​វិញដោ​យ​សារ​តែ​ប្រទេស​មហា​អំណាច​មួយ​នេះ បាន​ប្រព្រឹត្តកំហុស​ដ៏ធំចំពោះ​ប្រទេស ​កម្ពុជា កាល​ពី​សម័យ​​ លន់​ នល់ ហើយ​មិន​គួរ​ព្យាយាម​បង្កើត​កំហុស​ទៀត​ទេ។

លោក​បញ្ជាក់​ថា៖ «សារៈ​សំខាន់​ស្ថាន​ទូត ត្រូវ​ពិនិត្យ​មើល​ឡើង​វិញ នូវ​អ្វី​ទៅ​ដែល​បាន​សរសេរ​នៅ​ក្នុង​កិច្ច​ព្រម​ព្រៀង​នោះ ដែល​អ្នក​ទាំង​អស់​នោះ ត្រូវ​គោរព​អធិប​តេយ្យ​​ភាព​របស់​ខ្មែរ។ ប្រទេស​សមាជិ​​ក​ទាំង​នោះ​គ្រាន់​តែជា​ដៃគូ​ទេ​ ហើយ​ពួក​គេ មិ​នមែន​ជាតុ​លាការ គ្មាន​ដែន​សមត្ថកិច្ច​ណា ដែល​មក​ប្រាប់​ថា ខ្មែរ​ត្រូវ​ធ្វើ​អ៊ីចេះ ឬ​អ៊ីចុះ​ទេ ហើយ​ស្ថាន​ទូត​គ្រាន់​តែជាកា​រិយា​ល័​យ​តំណាង​សហ​រដ្ឋ​អាមេ​រិក ដើម្បី​ធ្វើ​កិច្ចការ​​ទំនាក់​ទំនង​ល្អ និង​កិច្ច​សហ​ប្រតិ​បត្តិការណ៍»។

ទោះ​យ៉ាង​ណា លោក មាស នី​ អ្នក​វិភាគ​នយោបាយ​​ថ្លែងថា ការ​លើក​ឡើង​របស់​ស្ថានទូត​ អាមេរិក មិន​មែន​ជាការជ្រៀត​​ជ្រែក​កិច្ចការ​ផ្ទៃក្នុង​កម្ពុជា​នោះទេ ដោយ​សារតែ​នេះ ​គឺជា​សិទ្ធិ​របស់​ស្ថាន​ទូតអាមេរិក​ ដើម្បី​បង្ហាញ​ពី​មតិ​របស់​ខ្លួន។

លោក​បន្ថែម​ថា ប្រសិន​បើ​ការ​លើកឡើង​របស់​ស្ថាន​ទូត​​អាមេរិក ​ពិតជា​បាន​ធ្វើការ​ជ្រៀត​​ជ្រែក​កិច្ចការ​ផ្ទៃ​ក្នុង​របស់​​កម្ពុជា​មែន​នោះស្ថាន​ទូត​ប្រទេស ​ចិន ​ក៏បា​ន​ជ្រៀត​ជ្រែក​កិច្ចការ​ផ្ទៃក្នុង​របស់​ប្រទេស​ កម្ពុជា​ ផង​​ដែរ​ ដោយសារ​តែ​កន្លង​មក​ប្រទេស​ចិន​ ក៏បានចេញ​សេច​ក្តី​ថ្លែង​ការណ៍​គាំទ្រ​ចំណាត់​ការរបស់​រាជ​​រដ្ឋា​ភិបាល ​ដែល​បាន​ចាប់ខ្លួន​ លោក កឹម សុខា​ និង​រំលាយ​គណ​បក្ស​សង្គ្រោះ​ជាតិ​ផង​ដែរ។

លោកបន្ត​​​ថា៖ «យើង​មើល​ឃើញ​មានការ​ជ្រៀត​ជ្រែក​ទាំង​អាមេរិក​ និង​ប្រទេស​ចិន ដោយ​ប្រទេស​ទាំង ២ មើលឃើញថា​ ប្រទេស ​កម្ពុ​ជា មាន​កត្តា​ភូមិ​សាស្ត្រ​នយោបាយ​ដែល​អាច​ធ្វើ​ឲ្យ​ប្រជា​ពលរដ្ឋ​ព្រួយ​បារ​ម្ភ​ថា​ ប្រទេស​កម្ពុជា​អាច​នឹង​វិល​ត្រឡប់​ទៅ​រក​ស្ថានភាព​ទសវត្សរ៍​ឆ្នាំ ១៩៦០»។

យ៉ាង​ណា​ក្តី លោក​ ​គិ​ន ​ភា​ ប្រធាន​វិទ្យាស្ថាន​ទំនាក់​ទំនង​អន្តរ​ជាតិ​នៃ​រាជ​បណ្ឌិត្យ​សភាកម្ពុជាបាន​គាំទ្រ​ចំណាត់​ការ​ឆ្លើ​យ​តប​របស់​ក្រសួង​ការ​បរទេស​ ក​ម្ពុ​ជា​ ចំពោះ​ស្ថានទូត​អា​មេរិក​ ​ដោយ​លោក​លើក​ឡើង​ថាស្ថា​ន​ទូត​អាមេរិក​ ​បាន​ប្រព្រឹត្តទង្វើ​ខុសឆ្គង ​ដែល​បាន​ព្យាយាម​ជ្រៀត​ជ្រែក​កិច្ចការ​ផ្ទៃក្នុង​និង​នីតិ​វិធី​ច្បាប់ ប្រទេស​ កម្ពុជា ​ដោយ​បាន​រំលោភ អនុសញ្ញា​ទីក្រុង​វី​យែ​ន​ឆ្នាំ ១៩៦១ ស្តីពី​ទំនាក់​ទំនង​ការ​ទូត ដែល​មិន​អាច​​ជ្រៀត​ជ្រែក​កិច្ច​ការ​ផ្ទៃ​ក្នុង​របស់​ម្ចាស់​ផ្ទះ។

លោក​បញ្ជាក់ថា៖ «នេះ​គឺជា​ការ​ជ្រៀត​ជ្រែក​កិច្ចការ​ផ្ទៃ​ក្នុង​របស់​ប្រទេស​មួយ ដែល​មិនអា​ច​​ទទួល​យក​បាន​សម្រាប់​ប្រទេស​​ជា​ម្ចាស់​ផ្ទះ​ពីព្រោះ​​បើតាម​អនុសញ្ញា​ស្តីពី​ទំនាក់​ទំនង​ការទូត យើង​មិន​អនុញ្ញាតឲ្យ​ប្រទេស​ដែល​ដាក់​ទូត​ចេះតែ​ជ្រៀត​ជ្រែ​ក​កិច្ចការផ្ទៃក្នុង​បានទេ។ ​សហ​រដ្ឋ​អាមេរិក​គួរតែ​ស្វែង​យល់​គោ​លការ​ណ៍ច្បាប់​អន្តរ​ជាតិ​ឡើង​វិញ។ មិនគួរ​ប្រើ​ឥទ្ធិ​ពល​របស់ខ្លួន​និង​កាយវិការ​ដែល​ធ្វើ​ឲ្យ​ខូច​ទំនាក់ទំនង​រវាង​ប្រទេស​​ទាំង ២ នោះ​ទេ»។

លោក​បន្ថែមថា ការ​លើ​ក​ឡើង​របស់​ស្ថានទូត​អាមេរិក​ ​វា​ហួស​ពី​ការ​បញ្ចេញ​មតិ ដោ​យសារតែ​ការលើកឡើង​រប​ស់​ស្ថានទូត​អាមេរិក​ បាន​រំលោភ​ដល់​នីតិ​វិធី​ច្បាប់​របស់​ប្រទេស​កម្ពុជា​និង​អធិប​តេយ្យ​ភាព​របស់​ក​ម្ពុ​ជា ដែល​​ទង្វើ​​នេះ មាន​ចេតនា​នយោ​បាយ និង​ព្យាយាម​បង្កភាព​អមិត្ត​ជាមួយ​ប្រទេស ​កម្ពុជា៕