ភ្នំពេញៈ គិត​មកទល់​ពេល​នេះ​មាន​ម្ចាស់​អាជីវកម្ម​លក់​វត្ថុ​អនុស្សាវរីយ៍​ចំនួន ៥៩ ហើយ​ស្ថិត​ក្នុង​ខេត្ត​សៀមរាប ព្រះសីហនុ និង​ភ្នំពេញ​ត្រូវបាន​ក្រសួង​បរិស្ថាន​ចេញ​លិខិត​ជូនដំណឹង​ឱ្យ​បញ្ឈប់​ជាបន្ទាន់​ចំពោះ​ការលក់​ចម្លាក់​ធ្វើ​ពី​កុយរមាស ភ្លុកដំរី និង​ការធ្វើ​ពាណិជ្ជកម្ម​ក្នុង​រូបភាព​ផ្សេងទៀត​។

ចំណាត់ការ​នេះ​បាន​ធ្វើឡើង​បន្ទាប់ពី​ក្រសួងបរិស្ថាន​កាលពី​ថ្ងៃទី​ ១៣ ខែ​កញ្ញា បាន​ចេញ​លិខិត​ជូនដំណឹង​ឱ្យ​បញ្ឈប់​ការលក់​ចម្លាក់​ធ្វើឡើង​ពី​កុយរមាស​ និង​ភ្លុក​ដំរី​ទៅដល់​ម្ចាស់​អាជីវកម្ម​ចំនួន​ ២៧ ​កន្លែង​ស្ថិត​ក្នុង​ទីក្រុង​ភ្នំពេញ​។

លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ​ និង​ជា​អ្នកនាំពាក្យ​ក្រសួងបរិស្ថាន​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ពី​ម្សិលមិញ​ថា តាម​ការ​ស៊ើបអង្កេត​រកឃើញ​ថា កន្លែង​លក់​វត្ថុ​អនុស្សាវរីយ៍​ទាំង ៥៩ ដែល​ទទួលបាន​លិខិត​ជូនដំណឹង​នេះ គឺ​ក្រសួង​បាន​សង្ស័យ​អំពី​ការ​លួចលាក់​លក់​គ្រឿង​ចម្លាក់​ពី​កុយរមាស និង​ភ្លុក​ដំរី​ដែល​ច្បាប់​ហាមឃាត់​។

លោក​ព្រមាន​ថា ម្ចាស់​ទីតាំង​ទាំងនោះ​នឹងត្រូវ​ប្រឈមមុខ​ចំពោះ​ផ្លូវច្បាប់​ដោយ​មិន​លើកលែង​ឡើយ ប្រសិន​សមត្ថកិច្ច​រក​ឃើញ​ភ័ស្ដុតាង​គ្រប់គ្រាន់​។ លោក​ថា​៖ «​ការធ្វើ​ពាណិជ្ជកម្ម​ដូចជា​ការលក់ នាំចូល​ និង​នាំចេញ​នូវ​ទំនិញ​ដូច​បានបញ្ជាក់​ជូន​ខាង​លើ គឺជា​បទល្មើស​ព្រហ្មទណ្ឌ​ដោយ​អ្នកប្រព្រឹត្ត​ និង​អ្នក​ជាប់​ពាក់ព័ន្ធ​ត្រូវ​ផ្ដន្ទាទោស​ជាប់ពន្ធនាគារ និង​ត្រូវបាន​ចាត់​ចូល​ជា​ឧក្រិដ្ឋកម្ម​ដូច​មាន​ចែង​នៅក្នុង​ច្បាប់​ស្ដីពី​ការប្រឆាំង​ការសម្អាត​ប្រាក់ និង​ហិរញ្ញប្បទាន​ភេរវកម្ម​»​។

លោក​បញ្ជាក់​ថា​៖ «​ការកើត​មាន​នូវ​សកម្មភាព​ទាំងនេះ​នៅ​លើ​ទឹកដី​កម្ពុជា​នឹង​ជះឥទ្ធិពល​អវិជ្ជមាន​ចំពោះ​កិច្ចប្រឹងប្រែង​របស់​រដ្ឋាភិបាល​ក្នុង​នាម​ជា​រដ្ឋ​សមាជិក​នៃ​អនុញ្ញា​ស្ដីពី​ការធ្វើ​ពាណិជ្ជកម្ម​អន្តរជាតិ​លើ​ប្រភេទ​សត្វព្រៃ​ និង​រុក្ខជាតិ​កំពុង​រងគ្រោះថ្នាក់​»​។

បើ​តាម​លោក នេត្រ ភក្ត្រា ថ្វី​ដ្បិត​មាន​ម្ចាស់​ហាង​លក់​វត្ថុ​អនុស្សាវរីយ៍​ជាច្រើន ត្រូវ​បាន​សង្ស័យ​អំពី​ការ​លួច​លក់​គ្រឿង​ចម្លាក់​ខុសច្បាប់​ក្ដី ប៉ុន្តែ​ពួកគេ​ទាំងនោះ​មិនទាន់​មាន​ការប្រគល់​វត្ថុ​ទាំងនោះ​មកឱ្យ​សមត្ថកិច្ច​ និង​ក្រសួង​តាម​ការជូនដំណឹង​នាពេល​កន្លងមក​នៅឡើយ​ទេ​។

របាយការណ៍​ក្រសួង​បរិស្ថាន​បញ្ជាក់ថា​ចាប់ពី​ឆ្នាំ ២០១៦ ដល់​ឆ្នាំ​ ២០១៨ ​នេះ​សំណាក​ភ្លុក​ដំរី និង​កុយរមាស​រាប់ពាន់​ដុំ​ និង​មាន​ទម្ងន់​ជាង​ ៥ ​តោន​ត្រូវ​សមត្ថកិច្ច​បង្ក្រាប​បាន ខណៈ​សំណាក​សត្វ​ទាំងនេះ​រួមទាំង​សំណាក​សត្វ​កម្រៗ​ជាច្រើន​ទៀត​ត្រូវបាន​រក្សាទុក​សម្រាប់​តាំងពិព័រណ៍​ និង​ការសិក្សា​ស្រាវជ្រាវ​។

ម្ចាស់​ហាង​លក់​វត្ថុ​អនុស្សាវរីយ៍​មួយកន្លែង​នៅ​ផ្សារ​ទួលទំពូង​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ថា​លោក​មិន​បាន​ទទួល​លិខិត​ជូនដំណឹង​ពី​ក្រសួងបរិស្ថាន​នៅឡើយ​ទេ ប៉ុន្តែ​បាន​ដឹង​អំពី​ការផ្សព្វផ្សាយ​តាម​ទំព័រ​ហ្វេសប៊ុក​ក្រសួង​ដែល​ហាមឃាត់​កុំឱ្យ​លក់​ចម្លាក់​ដែល​ធ្វើ​ឡើង​ពី​កុយរមាស​ និង​ភ្លុក​ដំរី​នេះ​។

លោក​បាន​បន្តថា ហាង​វត្ថុ​អនុស្សាវរីយ៍​នៅ​ភ្នំពេញ​ភាគច្រើន​ដូចជា​នៅ​ផ្សារ​ទួលទំពូង​ និង​ផ្សារ​ថ្មី​ជាដើម​គឺ​លក់​វត្ថុ​អនុស្សាវរីយ៍​ដែល​ឆ្លាក់​ឡើង​ពី​ឈើ ប្រាក់ ស្ពាន់ និង​ទង់ដែង និង​មាន​ការទទួល​ស្គាល់​ស្របច្បាប់​ពី​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​។ អតិថិជន​ដែល​ទិញ​វត្ថុ​អនុស្សាវរីយ៍​ទាំងនេះ​ភាគច្រើន​ជា​ភ្ញៀវទេសចរ​បរទេស និង​ខ្លះ​គឺជា​មន្ត្រី​រដ្ឋាភិបាល​ដែល​ពួកគេ​ទិញ​សម្រាប់​ប្រគល់​ជូន​ជា​វត្ថុអនុស្សាវរីយ៍​ទៅ​មន្ត្រី​បរទេស​។

លោក​ថា​៖ «​អាកុយរមាស​ និង​ភ្លុក​ដំរី អត់​មាន​ផង ហើយ​តាម​ដឹង​ដូច​អត់​សូវ​មាន​ផង ហើយ​មិនដឹង​រក​នៅ​ណា​មាន​ទៀត​ហ្នឹង​»​។

អ្នកមាន​ជំនឿ​មួយ​ចំនួន​បាន​លើក​ឡើង​ថា កុយរមាស និង​ភ្លុកដំរី​ដែល​ត្រូវបាន​គេ​ឆ្លាក់​ជា​រូប​ព្រះ​ធ្វើ​ជា​បន្ដោង​ពាក់​ជាប់​នឹង​ខ្លួន​គឺ​អាច​ការពារ​ពី​គ្រោះថ្នាក់​ផ្សេងៗ ហើយ​ម្យ៉ាង​ទៀត​ពួកវា​ក៏ត្រូវ​បាន​គ្រូពេទ្យ​បុរាណ​ខ្លះ និង​ពលរដ្ឋ​រស់នៅ​តាម​តំបន់​ព្រៃភ្នំ ប្រើប្រាស់​ជា​ថ្នាំបន្សាប​ជាតិពុល​ក្នុង​ខ្លួន ព្យាបាល​ជំងឺមហារីក និង​ប្រើ​ជា​ថ្នាំ​ត្រជាក់​ជាដើម​។

លោក ប្រង់ ណុប ប្រធាន​សហគមន៍​ជនជាតិ​ដើម​ភាគតិច​ព្នង​រស់នៅ​ឃុំ​រយ៉ ស្រុក​កោះញែក ខេត្ត​មណ្ឌលគិរី​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ម្សិលមិញ​ថា ក្រៅពី​ធ្វើ​ជា​ឱសថ កុយរមាស​ និង​ភ្លុក​ដំរី​ត្រូវ​បាន​ជនជាតិ​ដើម​ព្នង កាលពី​ជំនាន់​ដើម​យក​ច្នៃ​ជា​ក្រវិល​ចោះ​ត្រចៀក​ពាក់ និង​ធ្វើ​ខ្សែ​អង្កាំ​ពាក់​ក ដោយសារ​ពួកគេ​យល់​ថា គឺជា​ការ​អនុវត្ត​តាម​ជំនឿ​សាសនា និង​អត្តសញ្ញាណ​និង​ប្រពៃណី​របស់​ជនជាតិ​ដើម​។ ​«​ប៉ុន្តែ​មកដល់​សម័យ​ខ្ញុំ​នេះ ដូចជា​មិនសូវ​ឃើញ​ពាក់​ដូច​ចាស់ៗ​សម័យ​ដើម​ទេ ហើយ​ឥឡូវ​ហ្នឹង យើង​ក៏​កំពុង​ព្រួយបារម្ភ​ថា បាត់បង់​អត្តសញ្ញាណ​ជនជាតិ​ដើម​របស់​យើង​ដែរ​»​។

យ៉ាងណា​ក្តី​លោក​ ណុប បង្ហាញ​ការគាំទ្រ​ចំពោះ​ការទប់ស្កាត់​កុំឱ្យ​មាន​លក់​វត្ថុ​អនុស្សាវរីយ៍​ដែល​ធ្វើ​ពី​កុយរមាស​ និង​ភ្លុកដំរី​នេះ​៕