កោះកុងៈ ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ព្រមទាំងអាជ្ញាធរខេត្តកោះកុងបានព្រមព្រៀមគ្នាកំណត់ពេលចុះដោះស្រាយបញ្ចប់ជម្លោះដីធ្លីឲ្យប្រជាពលរដ្ឋដែលមានជម្លោះដីធ្លីដ៏រុំារ៉ៃចាប់ពីថ្ងៃទី ២១ នេះតទៅ ក្រោយពីតំណាងពលរដ្ឋប្រមាណ ៣០០ នាក់ប្រមូលផ្តុំគ្នាជាថ្មីទៀតបិទផ្លូវនៅមុខក្រសួងរៀបចំដែនដី ដើម្បីស្វែងរកដំណោះស្រាយកាលពីចុងសប្តាហ៍មុន។
លោកស្រី ភូថង មិថុនា អភិបាលខេត្តកោះកុងប្រាប់ភ្នំពេញប៉ុស្តិ៍ពីម្សិលមិញថា ពាក្យបណ្ដឹងរបស់ពលរដ្ឋព្រមទាំងមានពាក្យណែនាំរបស់ក្រសួងដែនដីនគរូបនីយកម្ម និងសំណង់បានស្នើឲ្យបង្កើតគណៈកម្មការចម្រុះ ដើម្បីជួយជំរុញឲ្យមានការដោះស្រាយទំនាស់ដីធ្លីនេះឲ្យចប់នៅចុងខែឧសភា ឆ្នាំ ២០១៨ នេះ។
លោកស្រីថ្លែងថា៖ «ហ្នឹងហើយ! យើងបានបង្កើតគណៈកម្មការចម្រុះរួចរាល់ហើយ ហើយនៅថ្ងៃទី ២១ ខែឧសភានេះគឺយើងចុះទៅស្រង់ព័ត៌មាន។ មានន័យថាយើងប្រមូលព័ត៌មានកំណត់អត្តសញ្ញាណពលរដ្ឋ ដែលកាន់កាប់ដីនោះ ពិនិត្យទំហំដី ដែលកំពុងមានជម្លោះ និងស្វែងរកជនណាខ្លះដែលលួចបន្លំចង់បានដីនោះដែរ។ អ៊ីចឹង បើយើងកំណត់អត្ដសញ្ញាណបានច្បាស់លាស់ហើយ គឺយើងឈានទៅកាត់បែងចែកដីឲ្យពួកគាត់តែម្ដងគឺយើងមិនទុកយូរទេ»។
សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់នៅថ្ងៃទី ១៨ ខែឧសភាឆ្នាំ ២០១៨ ដែលបានបង្ហាញពីលិខិតរបស់រដ្ឋបាលខេត្តកោះកុងចុះថ្ងៃទី ៣០ ខែមីនាឆ្នាំ ២០១៨ បញ្ជាក់ថាមានសំណូមពររបស់ក្រុមប្រជាពលរដ្ឋចំនួន ៣១៦ គ្រួសារស្ថិតនៅស្រុកស្រែអំបិល ស្រុកបទុមសាគរ ខេត្តកោះកុង និងសំណូមពររបស់ក្រុមប្រជាពលរដ្ឋ ១៧០ គ្រួសារ ស្ថិតនៅស្រុកស្រែអំបិល ខេត្តកោះកុងដែលមានវិវាទដីធ្លីជាមួយភាគីក្រុមហ៊ុនលោកឧកញ៉ា ហ៊ុយ ហេង ដែលមានឈ្មោះកោះកុង ស៊ូហ្គើរ (Kohkong Sugar Industry Co .,Ltd) និងក្រុមហ៊ុន កោះកុង ផ្លេនថេសិន (Kohkong Plantation Co., Ltd) នោះមក ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ក៏បានចាត់ក្រុមការងារចុះសហការជាមួយមន្ត្រីអាជ្ញាធរខេត្តកោះកុងដើម្បីពិនិត្យអត្តសញ្ញាណអ្នកកាន់កាប់ដីធ្លីពាក់ព័ន្ធនឹងករណីវិវាទខាងលើចាប់ពីថ្ងៃទី ២១ ខែឧសភាឆ្នាំ ២០១៨ រហូតរួចរាល់ជាស្ថាពរឈានទៅដោះស្រាយបញ្ចប់។
អ្នកស្រី ធី ណា តំណាងពលរដ្ឋរងគ្រោះដីធ្លីជាង ៣១៦ គ្រួសាររស់នៅឃុំជីខលើ ស្រុកស្រែអំបិល ខេត្តកោះកុង បានអះអាងថាបន្ទាប់ពីក្រុមប្រជាពលរដ្ឋនាំគ្នាទៅតវ៉ានៅទីក្រុងភ្នំពេញអស់មួយរយៈ មន្ត្រីក្រសួងរៀបចំដែនដីបានសម្របសម្រួលដោយអះអាងថា ខ្លួននឹងចាត់តំណាងក្រុមមន្ត្រីជំនាញចុះមកតាមមូលដ្ឋានដីដែលកំពុងមានទំនាស់ ដើម្បីពិនិត្យអត្តសញ្ញាណ និងប្រមូលព័ត៌មានឲ្យបានច្បាស់លាស់ពីអ្នកកាន់កាប់ដីធ្លីទាំងនេះ។
អ្នកស្រីបន្តថាប្រជាពលរដ្ឋស្វាគមន៍ចំពោះការចេញសេចក្ដីប្រកាសរបស់ក្រសួងរៀបចំដែនដីដែលជំរុញឲ្យមានការដោះស្រាយជូនពលរដ្ឋ ព្រោះកន្លងមកមន្ត្រីទាំងអស់មិនបានឆ្លើយព្រមទាំងដេញប្រជាពលរដ្ឋឲ្យត្រឡប់ទៅវិញ ដោយមិនព្រមរកដំណោះស្រាយអ្វីទាំងអស់។
អ្នកស្រី ធី ណា បញ្ជាក់ថា៖ «ភាគីក្រសួងដែនដីបានប្រាប់មកពួកខ្ញុំថា ក្រសួងបានបង្កើតគណៈកម្មការចម្រុះនៅខេត្តកោះកុងផ្ទាល់។ ដូច្នេះគេតម្រូវឲ្យពួកខ្ញុំត្រឡប់ទៅដោះស្រាយជាមួយអាជ្ញាធរខេត្តវិញ ប៉ុន្ដែពួកខ្ញុំមានជំនឿត្រឹម ៥០ ភាគរយសិនព្រោះពួកខ្ញុំនៅមិនទាន់បានសំណងនៅឡើយ ហើយយ៉ាងណាក៏ពួកខ្ញុំសប្បាយចិត្តដែរ»។
លោក សួន វណ្ណាត អាយុ ៥០ ឆ្នាំជាពលរដ្ឋក្នុងជម្លោះដីធ្លីថ្លែងថាទំនាស់ដីធ្លីរ៉ាំរ៉ៃបានអូសបន្លាយពេលជាង ១០ ឆ្នាំមកនេះគឺបានប៉ះពាល់លើប្រជាពលរដ្ឋចំនួន ៥៣៧ គ្រួសារដែលរស់នៅក្នុងភូមិចំនួន ៩ នៃឃុំចំនួន ៤ គឺមានឃុំជីខក្រោម ឃុំជីខលើ ឃុំដងពែង និងឃុំកណ្ដោល ស្ថិតក្នុងស្រុកចំនួន ២ គឺស្រុកស្រែអំបិល និងបទុមសាគរ ខេត្តកោះកុង។
លោកបញ្ជាក់ថា៖ «ពេលចរចាគ្នាហ្នឹងពួកខ្ញុំបានលើកសំណើ ១ ចំណុច គឺពួកខ្ញុំចង់បានសំណងដូចក្រុមអ្នកស្រី ផាវ ញ៉ើង គឺដី ៣ ហិកតា និងលុយ ២៥០០ ដុល្លារ ហើយភាគីក្រសួងប្រាប់ថា គេគិតមើលសិន ហើយបានប្រាប់ឲ្យពួកខ្ញុំត្រឡប់ទៅខេត្តវិញហើយឥឡូវគេបង្កើតគណៈកម្មការចម្រុះមកដោះស្រាយឲ្យពួកខ្ញុំ ប៉ុន្ដែពួកខ្ញុំនៅមិនទាន់ទុកចិត្តទាំងស្រុងពេកទេ»។
ការចេញទាមទាររកដំណោះស្រាយដីធ្លីជាមួយក្រុមហ៊ុនស្ករអំពៅនៅខេត្តកោះកុងនេះដោយសារអាជ្ញាធរក្នុងខេត្តកោះកុង និងក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់មិនបានដោះស្រាយជម្លោះដីធ្លីជូនពួកគាត់ដូចពលរដ្ឋមួយក្រុមទៀតដែលដឹកនាំដោយអ្នកស្រី ផាវ ញ៉ើង ដែលតែងតែចេញតវ៉ាយ៉ាងសកម្មកន្លងមក។ ទំនាស់ដីធ្លីនេះគឺមានវិវាទជាមួយភាគីក្រុមហ៊ុនលោកឧកញ៉ា ហ៊ុយ ហេង និងក្រុមហ៊ុនឈ្មោះ កោះកុង ស៊ូហ្គើរ (Kohkong Sugar) និងក្រុមហ៊ុនកោះកុង ផ្លេនថេសិន (Kohkong Plantation) របស់អ្នកវិនិយោគទុនថៃដែលបានទិញភាគហ៊ុនពីលោកឧកញ៉ា លី យ៉ុងផាត់ សមាជិកព្រឹទ្ធសភាគណបក្សប្រជាជនកម្ពុជា។
លោក ទេព ធន អនុរដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កាលពីម្សិលមិញមិនទាន់អាចទាក់ទងសុំការបញ្ជាក់បានទេ ប៉ុន្ដែលោកបានប្រាប់ប្រជាពលរដ្ឋក្នុងអំឡុងពេលជួបគ្នាកាលពីសប្តាហ៍មុននោះថា លោកបានបង្កើតគណៈកម្មការចម្រុះមួយដែលដឹកនាំដោយលោកស្រី ភូថង មិថុនា អភិបាលខេត្តកោះកុងដើម្បីជំរុញការដោះស្រាយនៅចុងខែឧសភាខាងមុខនេះ។
កាលពីថ្ងៃទី ២២ ខែមីនា ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រុមហ៊ុន និងប្រជាពលរដ្ឋបានព្រមព្រៀងគ្នាបញ្ចប់ករណីវិវាទនេះជាស្ថាពរដោយក្រុមប្រជាពលរដ្ឋ ១៧៥ គ្រួសារក្នុងក្រុមទី១យល់ព្រមទទួលយកដំណោះស្រាយជាដីទំហំ ៣ ហិកតានៅលើទីតាំងថ្មី និងថវិកាចំនួន ២៥០០ ដុល្លារក្នុងមួយគ្រួសារ។
ក្រុមប្រជាពលរដ្ឋ ២០០ គ្រួសារផ្សេងទៀតយល់ព្រមទទួលយកដំណោះស្រាយជាដីទំហំ ១,៥ ហិកតាក្នុងមួយគ្រួសារនៅលើទីតាំងចាស់ ប៉ុន្តែមិនទទួលបានលុយទេ។
តំណាងក្រុមហ៊ុនកោះកុង ផ្លេនថេសិន (Kohkong Plantation) កាលពីម្សិលមិញមិនទាន់អាចទាក់ទងសុំការបញ្ជាក់ជុំវិញករណីនេះបានទេ ដោយលោកបានបិទទូរស័ព្ទ។
លោក អំ សំអាត ប្រធានគ្រប់គ្រងផ្នែកអង្កេតនៃអង្គការលីកាដូ (Licadho) ថ្លែងថាក្រសួងល្មមដល់ពេលដោះស្រាយរាល់ទំនាស់ទាំងអស់នេះដោយមិនគួរដោះស្រាយកន្លែងនេះទុកកន្លែងនោះទេ ព្រោះពលរដ្ឋទាំងនេះជាជនរងគ្រោះពីគម្រោងដីសម្បទានសេដ្ឋកិច្ចស្ករអំពៅដូចគ្នា «ដូច្នេះដើម្បីដោះស្រាយជម្លោះដីធ្លីនេះចប់ជាស្ថាពរគឺក្រសួងដែនដីត្រូវខិតខំដោះស្រាយផ្ដល់ជាសំណង និងដីដល់ពួកគាត់ទាំងនេះ»៕