ភ្នំពេញៈ ក្រសួង​ព័ត៌មាន​បាន​បញ្ចប់​កិច្ចប្រជុំ​ពិនិត្យ​កែលម្អ​ចុងក្រោយ​លើ​សេចក្ដី​ព្រាងច្បាប់​ស្ដីពី​ «​សិទ្ធិ​ទទួល​ព័ត៌មាន​» ​ជាមួយ​អន្តរក្រសួង​គន្លឹះ​កាលពី​ថ្ងៃទី​ ២០ ខែ​ សីហា ដោយ​មិនមាន​ការកែតម្រូវ​ន័យ​ ឬ​សេចក្ដី​អ្វី​នោះទេ ហើយ​គ្រោង​នឹង​បញ្ជូន​ច្បាប់​នេះ​ទៅ​គណៈរដ្ឋមន្ដ្រី​សម្រេច​នា​ដំណាច់​ខែ​កញ្ញា​ ឬ​យ៉ាងយូរ​នៅ​ដើម​ខែ​តុលា​ខាងមុខ​។

លោក​ ផុស សុវណ្ណ ប្រតិភូ​រាជរដ្ឋាភិបាល​ទទួល​បន្ទុក​អគ្គនាយក​ព័ត៌មាន និង​សោតទស្សន៍​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ពី​ម្សិលមិញ​ថា ក្រោយ​បញ្ចប់​កិច្ចប្រជុំ​អន្តរក្រសួង​គន្លឹះ​ដែល​ដឹកនាំ​ដោយ​លោក​ ខៀវ កាញារីទ្ធ រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន​ក្រុមការងារ​អន្តរក្រសួង​គន្លឹះ​មិនមាន​ការកែតម្រូវ​ន័យ​ ឬ​សេចក្ដី​នៃ​សេចក្ដី​ព្រាងច្បាប់​នេះ​នោះ​ទេ ដោយ​គ្រាន់តែ​កែតម្រូវ​លើ​ពាក្យពេចន៍​មួយ​ចំនួន​ប៉ុណ្ណោះ​។

លោក​ថ្លែងថា​៖ «​​យើង​បានបញ្ចប់​នៅ​អន្តរក្រសួង​គន្លឹះ​ចំពោះ​ការកែលម្អ​សម្អាត​ចុងក្រោយ​លើ​សេចក្ដី​ព្រាង​ច្បាប់​នេះ​។ យើង​បាន​ជ្រើសរើស​ក្រសួង​ធំៗ​ដែល​ពាក់ព័ន្ធ​នឹង​សេចក្ដី​ព្រាងច្បាប់​នេះ​ប្រជុំ​គ្នា​ជាមុន ដើម្បី​សម្អាត​លើ​ចំណុច​ណា​ដែល​យើង​គួរ​កែលម្អ ចំណុច​ណា​ដែល​មិនគួរ​កែលម្អ​ដោយ​កែសម្រួល​បន្តិចបន្តួច​ប៉ុណ្ណោះ​លើ​ពាក្យពេចន៍​»​។

លោក​ ផុស សុវណ្ណ បន្ថែម​ថា​ក្រោយ​បញ្ចប់​កិច្ចប្រជុំ​ជាមួយ​អន្តរក្រសួង​គន្លឹះ​នេះ ក្រសួង​ព័ត៌មាន​នឹង​រៀបចំ​ក្រុម​មួយ​ទៀត ដើម្បី​ពិនិត្យ​សេចក្ដី​ព្រាង​ច្បាប់​ឡើងវិញ​ទៀត​លើ​មាត្រា​មួយ​ចំនួន​ដែល​មានចែង​ក្នុង​ទោស​ប្បញ្ញត្តិ ដើម្បី​ឲ្យ​ស្របគ្នា​ជាមួយ​ផ្លូវច្បាប់​ ឬ​ទម្រង់​ច្បាប់​។

លោក​បញ្ជាក់​ថា​៖ «​ខ្ញុំ​គិតថា​ដាច់​ខែកញ្ញា​ខាងមុខ​នេះ​ ឬ​ក៏​ដើមខែ​តុលា​យ៉ាងយូរ យើង​អាច​បញ្ជូន​សេចក្ដី​ព្រាង​ច្បាប់​នេះ​ទៅ​គណៈរដ្ឋមន្ដ្រី​សម្រេច​បាន​ហើយ​»​។

ច្បាប់​ស្តីពី​សិទ្ធិ​ទទួល​ព័ត៌មាន​លោក ឆាយ សុផល ​នាយកប្រតិបត្តិ​ក្លិប​អ្នកកាសែត​កម្ពុជា​ សាទរ​ចំពោះ​ក្រសួង​ព័ត៌មាន និង​អន្តរក្រសួង​ដែល​បាន​ខិតខំ​ពន្លឿន​ការងារ​តាក់តែង​សេចក្ដី​ព្រាង​ច្បាប់​រហូត​បញ្ចប់​កិច្ចប្រជុំ​ពិនិត្យ​កែលម្អ​ចុងក្រោយ​។ លោក​ថា​ច្បាប់​នេះ​ផ្ដល់​ផលប្រយោជន៍​ដល់​សាធារណជន​ទូទៅ​ក្នុង​ការទទួល​បាន​ព័ត៌មាន​ពី​ស្ថាប័នរដ្ឋ​។

លោក​ថ្លែង​ថា​៖ «​ច្បាប់​នេះ​គឺជា​ច្បាប់​គំរូ​ដែល​រាជរដ្ឋាភិបាល​ប្រមូល​មតិ​ជាតិ និង​អន្តរជាតិ​តាំងពី​សហគមន៍ ប្រជាពលរដ្ឋ សង្គម​ស៊ីវិល អង្គការ​ក្រៅ​រដា្ឋភិបាល ជាតិ និង​អន្តរជាតិ​។ ច្បាប់​នេះ​គឺ​បាន​ដាក់​បង្ហាញ​ជា​សាធារណៈ​ថែម​ទៀត​នៅលើ​គេហទំព័រ​ក្រសួង​ព័ត៌មាន ដើម្បី​សុំ​មតិ​យោបល់​នៅ​ទូទាំង​ពិភពលោក​»​។

លោក​ សុផល ​បញ្ជាក់ថា​៖ «​បើ​ច្បាប់​នេះ​ឆ្លង​ផុតពី​អន្តរក្រសួង​ធំៗ​ហើយ​បញ្ជូន​ទៅ​គណៈរដ្ឋមន្ដ្រី គឺ​មិនមាន​បញ្ហា​អ្វី​ទៀត​ទេ​»​។

ប្រធាន​សហភាព​សហព័ន្ធ​អ្នក​សារព័ត៌មាន​កម្ពុជា​លោក​ ហ៊ុយ វណ្ណៈ ក៏បាន​អបអរសាទរ​ដល់​ក្រសួង និង​ភាគី​ពាក់ព័ន្ធ​ដែល​ធ្វើ​ច្បាប់​ស្តីពី​សិទ្ធិ​ទទួល​ព័ត៌មាន​ទទួលបាន​ជោគជ័យ​។

លោក​ថ្លែង​ថា​៖ «​ធម្មតា​ច្បាប់​នេះ​ពេល​ដាក់ចេញ​ឲ្យ​ប្រើប្រាស់​គឺ​ត្រូវការ​ពេល​សម្រាប់​ការអនុវត្ត​ឲ្យ​មាន​ប្រសិទ្ធភាព​។ ដូច្នេះ​ត្រូវការ​កែប្រែ​ឥរិយាបថ​របស់​មន្ដ្រី​អ្នកនាំពាក្យ​តាម​បណ្ដា​ក្រសួង​បន្ថែមទៀត ដើម្បី​ធ្វើ​យ៉ាងណា​ឲ្យ​ការផ្ដល់​ និង​ទទួល​ព័ត៌មាន​បាន​គ្រប់​ជ្រុងជ្រោយ​»​។

លោក​បន្ថែម​ថា​តាមរយៈ​ច្បាប់​នេះ​បាន​ជួយ​ជាច្រើន​លើ​ដំណើរការ​អភិវឌ្ឍ​ប្រទេស​កម្ពុជា​លើ​ដំណើរការ​អភិបាលកិច្ច និង​ការដឹកនាំ​ប្រទេស​កាន់តែ​រីកចម្រើន និង​បង្កើត​នូវ​វប្បធម៌​នៃ​ការចូលរួម​ផងដែរ​។

លោក​ ស៊ឹង សែនករុណា ​អ្នកនាំពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស​ (​អាដហុក​)​ ដែល​ជា​អង្គការ​មួយ​បាន​ចូលរួម​ផ្ដល់​មតិយោបល់​លើ​សេចក្ដី​ព្រាង​ច្បាប់​ខាងលើ​នាពេល​កន្លងមក​បាន​កត់សម្គាល់​ថា ការតាក់តែង​សេចក្ដី​ព្រាង​ច្បាប់​នេះ​បាន​បើកចំហ​ច្រើន​ដល់​បណ្ដា​អង្គការ​សង្គម​ស៊ីវិល​ក្នុង​ការចូលរួម​ផ្ដល់​មតិ​។ ប៉ុន្ដែ​ថា​លោក​មិន​ទាន់​ដឹងថា តើ​ក្រសួង​នឹង​យក​មតិ​ដែល​បាន​ផ្ដល់​នោះ​ដាក់បញ្ចូល​ក្នុង​សេចក្ដី​ព្រាងច្បាប់​ ឬ​យ៉ាង​ណា​នោះ​ទេ​។

លោក​ថ្លែង​ថា​៖ «​អ្វី​ដែល​យើង​ព្រួយបារម្ភ​នោះ​គឺ​ទោះបី​ជា​មាន​ការផ្ដល់​ឱកាស​ឲ្យ​សង្គម​ស៊ីវិល​យើង​ចូលរួម​ក៏ដោយ ប៉ុន្ដែ​មិន​បាន​ទទួល​យក​អនុសាសន៍​នេះ​យក​ទៅ​ដាក់​បញ្ចូល​នោះ​ស្មើ​នឹង​គ្មាន​ន័យ​»​។

លោក​បាន​លើក​ឡើង​ថា​អ្វី​ដែល​អង្គការ​សង្គម​ស៊ីវិល​បាន​ផ្ដល់​មតិ​នោះ​គឺ​លើ​មាត្រាមួយ​ចំនួន​នៃ​ច្បាប់​នេះ​ដែល​បានចែង​មិន​ច្បាស់លាស់ ដោយ​មាន​ភាពរឹតត្បិត​ទៅ​លើ​សេរីភាព ការទទួល និង​ការផ្ដល់​ព័ត៌មាន​ជាដើម​។

សេចក្ដី​ព្រាង​ស្ដីពី​ «​ច្បាប់​សិទ្ធិ​ទទួល​ព័ត៌មាន​» ​មាន​ ៩ ​ជំពូក​ ចែកចេញ​ជា​ ៣៨ ​មាត្រា​ ត្រូវ​បាន​ដឹកនាំ​រៀបចំ​តាក់តែង​ដោយ​ក្រសួង​ព័ត៌មាន​ដោយ​មាន​ការចូលរួម​ពី​តំណាង​សង្គម​ស៊ីវិល អង្គការ​យូណេស្កូ ការិយាល័យ​ឧត្ដមស្នងការ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិមនុស្ស​ប្រចាំ​កម្ពុជា និង​ក្លិប​អ្នកកាសែត​កម្ពុជា​។ ការតាក់តែង​បាន​ចំណាយពេល​ច្រើន​ឆ្នាំ​មកហើយ​ក្រោម​ការគាំទ្រ​ថវិកា​ពី​អង្គការ​យូណេស្កូ​។

រាជរដ្ឋាភិបាល​ប្រគល់​ភារកិច្ច​ឲ្យ​ក្រសួង​ព័ត៌មាន​កាលពី​ខែ​ វិច្ឆិកា ឆ្នាំ​ ២០១៣ ដើម្បី​ដឹកនាំ​វេទិកា​ពិគ្រោះ​យោបល់​ជាមួយ​អ្នកសារព័ត៌មាន អង្គការ​សង្គមស៊ីវិល​ និង​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ ដើម្បី​រៀបចំ​តាក់តែង​សេចក្តី​ព្រាង​ច្បាប់​ស្តីពី​សិទ្ធិ​ទទួល​ព័ត៌មាន​។

កាលពី​ខែ​ កុម្ភៈ ឆ្នាំ​ ២០១៥ ក្រសួង​ព័ត៌មាន​បាន​សហការ​ជាមួយ​អង្គការ​យូណេស្កូ​ប្រចាំ​កម្ពុជា​ដោយ​បាន​បង្កើត​ក្រុម​ការងារ​បច្ចេកទេស​ហៅ​កាត់​ថា (TWGA2I) សម្រាប់​កិច្ចពិភាក្សា​កែសម្រួល​សេចក្តី​ព្រាង​ច្បាប់​នេះ​ដែល​ក្រុមការងារ​បច្ចេកទេស​ទើប​តែ​បញ្ចប់​កាលពី​ឆ្នាំ​ ២០១៨៕