ភ្នំពេញៈ ក្រសួងបរិស្ថាន និងដៃគូអន្តរជាតិពាក់ព័ន្ធពីម្សិលមិញប្រកាសសាកល្បងគម្រោង «ការបង់ថ្លៃសេវាកម្មប្រព័ន្ធអេកូឡូស៊ីនៅកម្ពុជា» (PES) លើកដំបូងនៅភ្នំគូលែន ខេត្តសៀមរាប និងតំបន់ក្បាលឆាយ ខេត្តព្រះសីហនុ ខណៈក្រសួងរំពឹងទទួលបានចំណូលសរុបចំនួន ៤,១០ លានដុល្លារអាមេរិក ក្នុង ១ ឆ្នាំ។
ការបង្ហាញនេះក្នុងកម្មវិធីសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិស្ដីពី «ការបង់ថ្លៃសេវាកម្មប្រព័ន្ធអេកូឡូស៊ីនៅកម្ពុជា» ដើម្បីដាក់ដំណើរការគម្រោងនេះនៅតំបន់ក្បាលឆាយ ខេត្តព្រះសីហនុ និងឧទ្យានជាតិជ័យវរ្ម័ននរោត្តម ភ្នំគូលែន ខេត្តសៀមរាបមានការចូលរួមពីដៃគូអង្គការអន្តរជាតិ និងអ្នកពាក់ព័ន្ធប្រមាណជិត ២០០ នាក់ នៅសណ្ឋាគារភ្នំពេញ។
លោក ម៉េង មុនីរក្ស ប្រធាននាយកដ្ឋានជីវចម្រុះនៃក្រសួងបរិស្ថានថ្លែងថា ការសម្រេចអនុវត្តសាកល្បងគម្រោងការបង់ថ្លៃសេវាកម្មប្រព័ន្ធអេកូឡូស៊ីនៅកម្ពុជា Promoting Payments for Ecosystem Services (PES) នៅភ្នំគូលែនមុនគេនេះ ដោយសារភ្នំគូលែនមានប្រភពទឹកធម្មជាតិដ៏សំខាន់មួយរបស់ខេត្តសៀមរាប ហើយតម្រូវការទឹកក្នុងខេត្តមានការកើនឡើងជាខ្លាំង។ ដូច្នេះគេអាចទាញប្រយោជន៍ពីទឹកក្រោមដីមកប្រើប្រាស់បានតាមតម្រូវការ។
លោកថា ឯការសាកល្បង PES នៅក្បាលឆាយ ព្រោះវាមានប្រភពទឹកធម្មជាតិដ៏សំខាន់បំផុតរបស់ខេត្តព្រះសីហនុហើយទឹកក្នុងដីអាចទាញយកមកប្រើប្រាស់បាន។
លោកបញ្ជាក់ថា៖ «យើងត្រូវអនុវត្តអនុសាសន៍ និងសេចក្ដីសម្រេចសម្រាប់គម្រោង PES ដែលបានព្រាងគឺអនុវត្តច្បាប់ និងបញ្ញតិ្តតម្រូវឲ្យអ្នកប្រើប្រាស់ទឹកក្នុងរូបភាពពាណិជ្ជកម្មត្រូវបង់ថ្លៃសេវាកម្មប្រព័ន្ធអេកូឡូស៊ី។ ប្រើយន្តការគ្រប់គ្រងថវិកាដែលទទួលបាន និងប្រើប្រាស់ឲ្យចំគោលដៅ និងមានប្រសិទ្ធភាព និងយន្តការបែងចែកផលដែលទទួលបានដល់អ្នកពាក់ព័ន្ធ ពិសេសសហគមន៍ដែលមានចំណែកដីក្នុងតំបន់គម្រោង»។
លោក អ៊ុំ សូនី ប្រធានគម្រោង BESD នៃ UNDP ថ្លែងថា តាមលទ្ធផលនៃការសិក្សាពីលទ្ធភាពដែលអាចទាញប្រយោជន៍មកប្រើប្រាស់ជាសេវាកម្មប្រព័ន្ធអេកូឡូស៊ីនៅភ្នំគូលែនមានដូចជា ប្រភពទឹក (ទឹកមានជាតិរ៉ែ) ទេសភាព និងវប្បធម៌។
ក្នុងនោះមានអ្នកចាំលក់សេវាកម្មចំនួន ៤ រួមមាន General Department of Administration for Nature Conservation and Protection (GDANCP), Provincial Department of Environment (PDoE) សហគមន៍មូលដ្ឋាន និងអាជ្ញាធរជាតិអប្សរា។ ចំពោះគោលដៅអ្នកដែលមានតម្រូវការទិញសេវាកម្ម រួមមាន សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន ភ្នាក់ងារសេវាកម្មទេសចរណ៍ និងសិប្បកម្ម ឧស្សាហកម្ម (ក្រុមហ៊ុនផលិតទឹកបរិសុទ្ធ)។
លោកបន្តថា ចំណែកសេវាកម្មប្រព័ន្ធអេកូឡូស៊ីនៅក្បាលឆាយដែលទាញជាប្រយោជន៍បានដូចជា ទឹកស្អាត (ទឹកមានជាតិរ៉ែ) និងទេសភាព។ ក្នុងនោះមានអ្នកនៅចាំលក់សេវាកម្មគឺស្ថាប័ន ៤ ខាងលើ។ រីឯអ្នកទិញសេវាកម្មរួមមាន សណ្ឋាគារ ផ្ទះសំណាក់ (Accommodations and Apartment) ក្លិបកម្សាន្ដ សិប្បកម្ម ឧស្សាហកម្ម តំបន់សេដ្ឋកិច្ចពិសេសកំពង់ផែព្រះសីហនុ (SPSEZ) តំបន់សេដ្ឋកិច្ចពិសេសស្ទឹងហាវ (SHSEZ) តំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុ (SSEZ) និងរោងចក្រអគ្គិសនីដើរដោយធ្យូងថ្ម។
លោក សូនី បញ្ជាក់ថា៖ «ការប៉ាន់ប្រមាណនៃថវិកាសរុបចេញសម្រាប់ការអនុវត្តគម្រោង PES ទាំង ២ តំបន់នេះ យើងរំពឹងទទួលចំណូលពីតំបន់ក្បាលឆាយចាប់ពីចំនួន ០,៩ ទៅដល់ ១,១ លានដុល្លារអាមេរិក។ ចំណែកតំបន់ភ្នំគូលែន យើងអាចរំពឹងទទួលបានចំណូលចាប់ពី ២,៩ ទៅ ៣,៩ លានដុល្លារអាមេរិកក្នុង ១ ឆ្នាំ»។
លោក សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថានថ្លែងថា ភាគីពាក់ព័ន្ធត្រូវខំជំរុញធ្វើយ៉ាងណាឲ្យការសាកល្បងគម្រោងបង់ថ្លៃសេវាកម្មប្រព័ន្ធអេកូឡូស៊ីនៅតំបន់ក្បាលឆាយ និងភ្នំគូលែនបន្តទៀត ដើម្បីការអនុវត្តគម្រោងអាចដើរទៅមុខ។
លោកថ្លែងថា៖ «យើងត្រូវផ្ដោតយកចិត្តទុកដាក់លើប្រធានបទ ហើយត្រូវពិនិត្យមើលថា តើបទពិសោធណាដែលត្រូវអនុវត្តក្នុងបរិបទតាមស្ថានភាពជាក់ស្ដែងនៅតាមតំបន់ក្នុងប្រទេសកម្ពុជា។ សូមឲ្យវាគ្មិនដែលមានបទពិសោធអាចផ្ដល់អនុសាសន៍សម្រាប់ប្រទេសយើង។ ត្រូវរៀបចំផែនទីបង្ហាញផ្លូវដែលមានចរិតគ្រប់ជ្រុងជ្រោយជាពិសេសកំណត់ តួនាទីរបស់ភាគីពាក់ព័ន្ធឲ្យបានច្បាស់លាស់»។
លោក Jin Leshan អគ្គនាយកមជ្ឈមណ្ឌលសិក្សាគោលនយោបាយ និងការបង់ថ្លៃអេកូឡូស៊ីនៅប្រទេសចិនថ្លែងថា ប្រព័ន្ធអេកូឡូស៊ីបាននិងកំពុងផ្តល់ឲ្យមនុស្សរួមមាន សេវាផ្គត់ផ្គង់ (អាហារ ថ្នាំពេទ្យ ឈើ ប្រេង ត្រី វត្ថុធាតុដើម) សេវាគាំទ្រ (ការធ្វើវដ្តជីវជាតិដី ការផ្តល់ទីជម្រកប្រភេទសត្វ/រុក្ខជាតិ)។ សេវាវប្បធម៌ (ទេសចរណ៍ជាប្រពៃណី ធម្មជាតិ ការអប់រំ កម្សាន្ត) និងសេវានិយតកម្ម (ការគ្រប់គ្រងអាកាសធាតុ ការញែកកាបូន និងការផ្តល់ជីវជាតិដល់ដី ចម្រោះទឹក និងនិយតកម្មលំហូរទឹកជាដើម)៕