ភ្នំពេញ៖ ក្រសួង​សុខា​ភិបាលកាលពី​ព្រឹក​មិញបានប្រកាស​រកឃើញ ករណី​វិជ្ជមាន​ជំងឺ​កូ​វីដ​ ១៩ ចំនួន ២៤ នាក់​បន្ថែម​ទៀត ដែល​សុទ្ធតែជា​ករណី​ឆ្លង​ក្នុង​ព្រឹត្តិការណ៍​សហគមន៍ ២០ កុម្ភៈ ​ទាំង​អស់។

សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួង​សុខាភិបាល​ចេញ​កាលពី​ព្រឹក​នេះ បានឱ្យដឹងថា ក្នុងចំណោម​ ២៤ ​នាក់​នោះ​ មាន​ជនជាតិ​ខ្មែរ ៤ នាក់ វៀតណាម ៤ នាក់ និង​ ១៦ ​នាក់​ជា​ជនជាតិ​ចិន។

គិត​ត្រឹម​ម៉ោង៧ថ្ងៃទី ២ ខែមីនា ករណី​ឆ្លង​ក្នុង​សហគមន៍​ទាំងអស់​មាន​ចំនួន ៣៤០ នាក់ ក្នុងចំណោម​នោះ​មាន​ស្រី​ចំនួន ១៧៣ នាក់។

សេចក្ដីប្រកាស​ព័ត៌មាន​បន្ដថា អ្នក​ឆ្លង​ជំងឺ​កូ​វីដ ១៩ សរុប​ទាំងអស់​ទូទាំងប្រទេស​ក​ម្ពុ​ជា មាន​ចំនួន ៨៤៤ នាក់ ក្នុងនោះ​មាន​អ្នក​ព្យាបាល​ជាសះ​ស្បើយ ៤៧៨ នាក់ និង​អ្នក​កំពុង​សម្រាក​ព្យាបាល​មាន​ចំនួន ៣៦៦ នាក់។

សេចក្ដី​ប្រកាស​ព័ត៌មាន​បាន​បន្ថែមទៀត​ថា៖ «ក្រសួងសុខាភិបាល​សូម​ថ្លែងអំណរ​គុណ​យ៉ាង​ជ្រាលជ្រៅ​ជាទីបំផុត​ជូន​ដល់​ថ្នាក់​ដឹកនាំ មន្ត្រី​បុគ្គលិក​សុខាភិបាល និង​ក្រុមគ្រូពេទ្យ​ទាំងអស់​នៅ​ទូទាំងប្រទេស ស្ថាប័ន និង​អាជ្ញាធរ​ពាក់ព័ន្ធ​ទាំងអស់ ទាំង​ថ្នាក់​ជាតិ និង​ថ្នាក់ក្រោម​ជាតិ ក្រុមគ្រូពេទ្យ​ស្ម័គ្រចិត្ត សម្ដេច​តេ​ជោ ធីតា អង្គការ​សុខភាព​ពិភពលោក មជ្ឈមណ្ឌល​គ្រប់គ្រង​និង​បង្ការ​ជំងឺឆ្លង​សហរដ្ឋអាមេរិក វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា វិទ្យាស្ថាន​ជាតិ​សុខភាព​សាធារណៈ និង​មន្ទីរពិសោធន៍​នៃ​មន្ទីរពេទ្យ​ខេត្ត​សៀមរាប ដែល​បាន​ខិតខំ​បំពេញភារកិច្ច​បានល្អ​ប្រសើ​រ​បំផុត ក្នុង​ការជួយ​ពិនិត្យ​សុខភាព​និង​ស្រាវជ្រាវ​ករណី​កូ​វីដ ១៩ ព្រមទាំង​អ្នក​ប៉ះពាល់​ទាំង​អស់​កន្លងមក រួមទាំង​ការដាក់​វិធានការ​នានា ដើម្បី​ទប់ស្កាត់​ការចម្លង​វីរុស​កូ​វីដ ១៩ នៅក្នុង​ប្រទេស​កម្ពុជា»៕