ភ្នំពេញ៖ ក្រសួងមហាផ្ទៃកំពុងរៀបចំសេចក្ដីព្រាងច្បាប់ ស្ដីពីនគរបាលជាតិ ដើម្បីកំណត់អំពីលក្ខន្តិកៈ ការគ្រប់គ្រងនគរបាលជាតិ បន្ទាប់ពីបានគោលការណ៍ពីលោក ស ខេង កាលពី ១ ឆ្នាំមុន។ ប៉ុន្តែខ្លឹមសារនៃសេក្ដីព្រាងច្បាប់នេះស្ថិតក្នុងការកែសម្រួល។ នេះបើតាមលោក ផាត សុផានិត អ្នកនាំពាក្យក្រសួងមហាផ្ទៃពីថ្ងៃទី ៣០ ខែមិថុនា។
បើតាមគេហទំព័ររបស់ក្រសួងមហាផ្ទៃ ក្រសួងមហាផ្ទៃបានដឹកនាំកិច្ចប្រជុំមួយ កាលពីពាក់កណ្ដាលខែមិថុនា ក្រោមការដឹកនាំរបស់លោក ប៊ុន ហុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារ និងលោក ចាន់ អ៊ាន រដ្ឋលេខាធិការក្រសួង និងជាអនុប្រធាន និងមន្ត្រីពាក់ព័ន្ធជាច្រើនរូប។
លោក ប៊ុន ហុន ថ្លែងថា ក្រុមការងាររៀបចំសេចក្តីព្រាងច្បាប់ស្តីពីនគរបាលជាតិ ត្រូវបានបង្កើតឡើងតាំងពីថ្ងៃទី ២៦ ខែ មីនា ឆ្នាំ ២០១៩ ក្រោយ-ពីទទួលបានគោលការណ៍ពីលោក ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។ ក្រុមការងារនេះ ត្រូវពិនិត្យពិចារណាឱ្យបានគ្រប់ជ្រុងជ្រោយ ដើម្បីធ្វើសេចក្ដីព្រាងច្បាប់នេះឲ្យបានល្អ ជាពិសេសធានាឲ្យបាននូវសង្គតិភាពជាមួយនឹងច្បាប់ដទៃ ដែលពាក់ព័ន្ធ និងត្រូវសិក្សាបន្ថែមអំពីបទដ្ឋានគតិយុត្ត និងបទពិសោធជាមួយបណ្តាប្រទេសក្នុងតំបន់អាស៊ាន និងប្រទេសអូស្រា្តលី។ នេះបើតាមគេហទំព័រក្រសួងមហាផ្ទៃ។
លោក ប៊ុន ហុន ថ្លែងថា ប្រទេសអូស្រា្តលី បានជួយ និងផ្តល់ជាបទពិសោធមួយចំនួនលើការងារនេះ ប៉ុន្តែទោះជាយ៉ាងនេះក្តីកម្ពុជាក៏ត្រូវការបន្តសិក្សាបន្ថែមទៀតជាមួយបណ្ដាប្រទេសផ្សេងៗ ជាពិសេសប្រទេសនៅតំបន់អាស៊ាន ដើម្បីធ្វើយ៉ាងណាឲ្យការរៀបចំច្បាប់នេះ មានភាពត្រឹមត្រូវ និងមិនមានប៉ះពាល់ដល់ច្បាប់ផ្សេងទៀត ក្នុងព្រះរាជាណាចក្រកម្ពុជា។
គេហទំព័រក្រសួងមហាផ្ទៃបញ្ជាក់ថា៖ «សេចក្តីព្រាងច្បាប់ស្តីពីនគរបាលជាតិកម្ពុជា បានរៀបចំឡើង មាន ១៨ ជំពូក ៩០ មាត្រា ដែលច្បាប់នេះរៀបចំឡើងក្នុងគោលបំណង ដើម្បីកំណត់អំពីលក្ខន្តិកៈការគ្រប់គ្រងនគរបាលជាតិកម្ពុជា ក្នុងការធានាការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈអាយុជីវិតសិទ្ធិសេរីភាព ទ្រព្យសម្បតិ្តសាធារណៈ និងឯកជន ដើម្បីបម្រើផលប្រយោជន៍ប្រទេសជាតិ និងប្រជាពលរដ្ឋ»។
ក្រសួងបន្តថា សេចក្តីព្រាងច្បាប់ស្តីពីនគរបាលជាតិកម្ពុជា មានវិសាលភាព ចំពោះនគរបាលជាតិកម្ពុជាគ្រប់រូប ដែលបំពេញភារកិច្ចទូទាំងព្រះរាជាណាចក្រកម្ពុជា លើកលែងតែមានច្បាប់ដោយឡែកផ្សេងពីនេះ។
ភ្នំពេញប៉ុស្តិ៍ មិនអាចសុំការបញ្ជាក់បន្ថែមពីលោក ប៊ុន ហុន និងលោក ចាន់ អ៊ាន បានទេ អំពីសារៈសំខាន់នៃច្បាប់នេះ ហើយថាតើហេតុអ្វីបានជាច្បាប់នេះទើបតែបង្កើតឡើងនៅពេលនេះ។
លោក ប៉ា ច័ន្ទរឿន ប្រធានវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជាថ្លែងថា លោកពិបាកនឹងបញ្ចេញយោបល់អំពីសេចក្ដីព្រាងច្បាប់នេះ ដោយសារតែលោកមិនទាន់បានអានសេចក្តីព្រាងច្បាប់នេះនៅឡើយ។
ទោះជាយ៉ាងណាលោកថ្លែងថា៖ «ខ្ញុំរំពឹងថា ច្បាប់ស្តីពីនគរបាលជាតិកម្ពុជា នឹងត្រូវបានតាក់តែងឡើងដោយឈរលើគោលការណ៍សម្រាប់នគរបាលនៅក្នុងសង្គមប្រជាធិបតេយ្យ ហើយច្បាប់ថ្មីនេះនឹងក្លាយជាយន្តការ ដើម្បីពង្រឹង និងពង្រីកដំណើរការ និងគុណភាពការងាររបស់នគរបាលជាតិក្នុងការធានាការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈអាយុជីវិតសិទ្ធិសេរីភាពទ្រព្យសម្បតិ្តសាធារណៈ និងឯកជន»៕