ព្រះសីហនុៈ ក្រសួងមហាផ្ទៃគ្រោងនឹងបញ្ជូនជនជាតិចិនប្រុស-ស្រី ចំនួន ១២៨ នាក់ ទៅកាន់ប្រទេស ចិន វិញ បន្ទាប់ពីពួកគេត្រូវបានចាប់ខ្លួននៅក្នុងខេត្តព្រះសីហនុកាលពីថ្ងៃទី ១៤ ខែ សីហា ពាក់ព័ន្ធបទល្មើសឆបោកជំរិតទារប្រាក់តាមអ៊ីនធឺណិត។
លោក អ៊ី សុខឃី ប្រធាននាយកដ្ឋានប្រឆាំងភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែននៃអគ្គស្នងការដ្ឋាននគរបាលជាតិបានប្រាប់ពីម្សិលមិញថា ជនជាតិចិនទាំងនោះត្រូវបានឃុំនៅក្នុងអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ហើយមន្ត្រីជំនាញកំពុងសាកសួរពួកគេ។
លោក សុខឃី បានថ្លែងថា៖ «ក្រុមជនទាំងនេះពាក់ព័ន្ធនឹងបទល្មើសឆបោកតាមប្រព័ន្ធអ៊ីនធឺណិត ហើយពេលបំពេញនីតិវិធីចប់ចុងក្រោយ សមត្ថកិច្ចនឹងបញ្ជូនចេញពីប្រទេស កម្ពុជា ហើយ»។
លោក ជួន ណារិន្ទ ស្នងការនគរបាល ខេត្តព្រះសីហនុ បានប្រាប់ពីម្សិលមិញដែរថា ក្នុងប្រតិបត្តិការចាប់ខ្លួនក្រុមជនសង្ស័យប្រុស-ស្រី ជាជនជាតិចិននោះ គឺខាងអគ្គនាយកដ្ឋានប្រឆាំងភេរវកម្មនៃក្រសួងមហាផ្ទៃជាអ្នកអនុវត្តផ្ទាល់ ហើយបានសហការជាមួយស្នងការដ្ឋាននគរបាលខេត្ត និងមានការសម្របសម្រួលផ្លូវច្បាប់ពីខាងអយ្យការអមសាលាដំបូងខេត្តព្រះសីហនុរួមនឹងនគរបាលនៃប្រទេស ចិន ផង។
លោកបន្តថា ក្នុងប្រតិបត្តិការចាប់ក្រុមជនសង្ស័យនេះ សមត្ថកិច្ចបានចុះបង្ក្រាបនៅ ២ ទីតាំង ដែលទីតាំងទី១ នៅអគារ ៥ ជាន់ ស្ថិតក្នុងក្រុម ២៦ ភូមិ ២ សង្កាត់ ៣ និងនៅទីតាំងទី២ នៅផ្ទះសំណាក់រ៉ូយ៉ាល់ព្រីនសេសក្នុងក្រុម ៤ ភូមិ ៣ សង្កាត់ ២ ក្រុងព្រះសីហនុ សរុបមានចំនួន ១២៨ នាក់ ហើយពាក់ព័ន្ធនឹងក្រុមជនសង្ស័យលោកថា មិនបានដឹងលម្អិតទេ ព្រោះកម្លាំងសមត្ថកិច្ចរបស់លោកគ្រាន់តែសហការក្នុងនាមជាម្ចាស់ដែនដីប៉ុណ្ណោះ។
លោក ណារិន្ទ ថ្លែងថា ក្រោយចាប់ខ្លួន គឺសមត្ថកិច្ចខេត្តបានបញ្ជូនបន្តទៅក្រសួងមហាផ្ទៃទាំងយប់ កាលពីថ្ងៃទី ១៤ សីហា បន្ទាប់ពីសមត្ថកិច្ចចាប់ខ្លួនបានប៉ុន្មានម៉ោង។ ក្រុមជនសង្ស័យមានចំនួនសរុបទាំងអស់ ១២៨ នាក់ ដែលក្នុងនោះមានមនុស្សស្រីជាង ១០ នាក់។
លោកបញ្ជាក់ប្រាប់ថា៖ «ខ្ញុំគិតថា ពួកគេមិនដឹងថាពាក់ព័ន្ធនឹងបទល្មើសអីទេ។ ប៉ុន្តែយើងក្នុងនាមជាអាជ្ញាធរ យើងរួមសហការក្នុងប្រតិបត្តិការនេះ។ ចំពោះមនុស្សទាំងអស់នេះ សុទ្ធតែចាប់តាមដីកា របស់នគរបាលដែលជាភាគីជាមិត្តចិន»។
ពាក់ព័ន្ធបទល្មើសឆបោកជំរិតទារប្រាក់តាមអ៊ីនធឺណិតនេះដែរ កាលពីខែ ធ្នូ ឆ្នាំ ២០១៨ អគ្គនាយកដ្ឋានអន្តោប្រវេសន៍របស់ក្រសួងមហាផ្ទៃក៏បានបណ្តេញជនជាតិចិនចំនួន ២៣៥ នាក់ ក្នុងនោះស្រី ៣៥ នាក់ចេញពីកម្ពុជាទៅប្រទេស ចិន វិញដែរ ក្រោយមានការបង្ក្រាបពាក់ព័ន្ធករណីឆបោក គំរាម និងជំរិតទារប្រាក់តាមប្រព័ន្ធអ៊ីនធឺណិត (VOIP) នេះដែរ។
លោកស្រី ជៀប សុធារី មន្រ្តីសម្របសម្រួលនៃសមាគមអាដហុក ប្រចាំនៅខេត្តព្រះសីហនុ បានឲ្យដឹងកាលពីម្សិលមិញថា ករណីឆបោកតាមប្រព័ន្ធអ៊ីនធឺណិតនេះ គឺក្រុមជនល្មើសឆបោកតែជាមួយជនជាតិចិនគ្នាគេទេ ហើយអ្នកដែលរកឃើញថាកើតមានបទល្មើសនេះ គឺខាងសមត្ថកិច្ចរបស់ប្រទេស ចិន ទេ ហើយគេមកសហការជាមួយសមត្ថកិច្ចកម្ពុជា។ ប៉ុន្តែទោះយ៉ាងណាក៏មានផលប៉ះពាល់ដល់សន្តិសុខសង្គមកម្ពុជាខ្លះដែរ។
លោកស្រីថ្លែងថា៖ «ពីមុនដំបូងពេលដឹងថា សមត្ថកិច្ចចាប់ជនជាតិចិនរឿងឆបោកជំរិតទារប្រាក់នេះ យើងមានការភ្ញាក់ផ្អើលដែរ តែឥឡូវនេះយើងលែងភ្ញាក់ផ្អើលដូចមុនទៀតហើយ ព្រោះវាកើតឡើងញឹកញាប់ពេក»៕