ភ្នំពេញៈ រដ្ឋមន្ដ្រី​ក្រសួង​យុត្ដិធម៌​លោក កើត រិទ្ធ បាន​បង្កើត​ក្រុមការងារ​មួយ​ដើម្បី​ដោះស្រាយ​​សំណុំរឿង​គ្រឿងញៀន​ខុសច្បាប់​ និង​ការងារ​ទាក់ទង​នឹង​វត្ថុតាង​​នៃ​បទល្មើស​នេះ​ដែល​ជា​ផ្នែក​​មួយ​ចូលរួម​អនុវត្ដ​យុទ្ធនាការ​បង្ក្រាប​បទល្មើស​គ្រឿងញៀន​នៅ​កម្ពុជា​។

តាម​សេចក្ដី​សម្រេច​ចុះ​ហត្ថលេខា​ដោយ​លោក​ កើត រិទ្ធ កាលពី​ថ្ងៃ​ទី​ ២០ វិច្ឆិកា ស្ដីពី​ការបង្កើត​ក្រុម​ការងារ​ដែល​ភ្នំពេញ​ប៉ុស្តិ៍​ទើប​ទទួលបាន​កាលពី​ថ្ងៃ​ទី​ ២៥ វិច្ឆិកា បាន​សម្រេច​ឱ្យ​លោក ព្រហ្ម សិទ្ធត្រា រដ្ឋលេខាធិការ​ក្រសួង​យុត្ដិធម៌​ធ្វើ​ជា​ប្រធាន​រួម​នឹង​អនុប្រធាន ​២ ​រូប និង​សមាជិក​​ និង​លេខា​កត់ត្រា​ចំនួន​ ៤ ​រូប​ទៀត​។

លោក ជិន ម៉ាលីន រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួង​​នេះ​ថ្លែង​កាលពី​ថ្ងៃទី​ ២៥ វិច្ឆិកា ថា ក្រុមការងារ​នេះ​គឺ​ធ្វើការ​ឱ្យ​ក្រសួង​យុត្ដិធម៌​ក្នុង​ការចូលរួម​ការអនុវត្ដ​ច្បាប់ និង​បង្ក្រាប​បទល្មើស​តាមរយៈ​ការអនុវត្ដ​យុទ្ធនាការ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​គ្រឿងញៀន​ខុសច្បាប់​នៅ​កម្ពុជា​។

លោក​បាន​បញ្ជាក់ថា​៖ «​ក្រុម​ការងារ​នេះ​គឺ​ចូលរួម​នៅក្នុង​ការអនុវត្ដ​យុទ្ធនាការ ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​គ្រឿងញៀន​ខុសច្បាប់​ទូទាំង​ប្រទេស​»​។

បើ​តាម​សេចក្ដី​សម្រេច​ដដែល​ក្រុមការងារ​នេះ​មាន​តួនាទី និង​ភារកិច្ច​ជាច្រើន​ដែល​ត្រូវធ្វើ​ក្នុង​​នោះ​មាន​ការចុះ​តាមដាន​សំណុំរឿង​បទល្មើស​គ្រឿងញៀន​តាម​​សាលាជម្រះក្ដី​គ្រប់​ជាន់ថ្នាក់ ដើម្បី​ពន្លឿន​នីតិវិធី​ចំណាត់ការ​រឿងក្ដី និង​ពន្លាត​នីតិវិធី​ឈានដល់​ការបង្ក្រាប​បទល្មើស​សម្អាត​ប្រាក់ និង​ស្វែងរក​ទ្រព្យសម្បត្ដិ​ និង​ផល​ដែល​កើតចេញ​ពី​បទល្មើស​គ្រឿងញៀន​របស់​ជន​ល្មើស​ស្រប​តាម​ច្បាប់​ស្ដីពី​ការត្រួតពិនិត្យ​គ្រឿងញៀន​។

ក្រៅពីនេះ​ក្រុម​ការងារ​ក៏មាន​តួនាទី និង​ភារកិច្ច​ចុះ​តាម​សាលា​ដំបូង និង​អយ្យការ​អម​សាលាដំបូង​រាជធានី ខេត្ដ ដើម្បី​ប្រមូល​វត្ថុតាង​ជា​គ្រឿងញៀន​ដែល​ស្ថិត​ក្នុង​ដំណាក់កាល​ស៊ើបអង្កេត ស៊ើបសួរ និង​ជំនុំជម្រះ​ និង​ស្នើសុំ​គោលការណ៍​សម្រេច​ពី​រដ្ឋមន្ដ្រី​ក្រសួងយុត្តិធម៌​ ដើម្បី​បំផ្លាញចោល​ផងដែរ​។

លោក កើត រិទ្ធ បាន​បញ្ជាក់​​នៅក្នុង​សេចក្ដី​សម្រេច​នេះ​ថា​៖ «​ក្រុម​ការងារ​មាន​តួនាទី និង​ភារកិច្ច​ចុះ​តាម​សាលាជម្រះក្ដី​គ្រប់​ជាន់ថ្នាក់ ដើម្បី​ពន្លឿន​នីតិវិធី​នៃ​ចំណាត់ការ​រឿងក្ដី និង​ចេញ​សាលក្រម ឬ​សាលដីកា​ស្ថាពរ​ដែល​សម្រេច​រឹបអូស​ជា​ទ្រព្យសម្បត្ដិ​រដ្ឋ​នូវ​ទ្រព្យសម្បត្ដិ​ដែល​កើត​ចេញ​ពី​បទល្មើស​គ្រឿងញៀន​របស់​ជនល្មើស​»​។

លើសពីនេះ​ក្រុម​ការងារ​នេះ​ក៏មាន​ភារកិច្ច​សហការ​ជាមួយ​លេខាធិការដ្ឋាន​នៃ​គណៈកម្មការ​​តាមដាន ការប្រមូល ការគ្រប់គ្រង និង​ការចាត់ចែង​ទ្រព្យសម្បត្តិ​ដែល​ពាក់ព័ន្ធ​នឹង​បទល្មើស​គ្រឿងញៀន​របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ដើម្បី​ចុះ​តាម​សាលាដំបូង​រាជធានី-ខេត្ត ធ្វើការ​ពិនិត្យ និង​វាយតម្លៃ​លើ​វត្ថុតាង​ពាក់ព័ន្ធ​នឹង​បទល្មើស គ្រឿងញៀន​...​ជាដើម​។​ល​។

កាលពី​ថ្ងៃទី​ ១៦ ខែវិច្ឆិកា លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ចេញ​សារាចរ​ណែនាំ​ដល់​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន ក្រសួងមហាផ្ទៃ ក្រសួង និង​ស្ថាប័ន​ពាក់ព័ន្ធ​ឱ្យ​ពង្រឹង​ការអនុវត្ត​វិធានការ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​ខុសច្បាប់ ក្រោយពី​បាន​កត់សម្គាល់​ឃើញ​បទល្មើស​នេះ​នៅតែ​កើតមាន​ជា​បន្តបន្ទាប់ និង​មាន​រូបភាព​កាន់តែ​ធំ​ព្រមទាំង​កំពុង​រីករាលដាល​ក្នុង​តំបន់ និង​ក្នុង​ប្រទេស​កម្ពុជា​នា​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​។

លោកនាយក​រដ្ឋមន្ដ្រី​បាន​បញ្ជាក់ថា ការប្រែប្រួល​នេះ​បាន​ក្លាយជា​កត្តា​ជំរុញ​ធ្វើឱ្យ​ទីផ្សារ​គ្រឿងញៀន​សំយោគ​រីក​កាន់តែ​ធំ​ទាំង​ក្នុង និង​ក្រៅ​តំបន់​ដែល​ក្នុងនោះ​កម្ពុជា​ក៏បាន និង​កំពុង​ទទួល​រងគ្រោះ​ដោយសារ​ឥទ្ធិពល​នៃ​បទឧក្រិដ្ឋ​ដែលមាន​លក្ខណៈ​ជា​សកល​នេះដែរ​។

យោង​តាម​របាយការណ៍​របស់​អគ្គស្នងការដ្ឋាន​នគរបាលជាតិ​ផ្ដល់​ឱ្យ​ភ្នំពេញ​ប៉ុស្ដិ៍​កាលពី​ថ្ងៃទី​ ១៧ ខែ​វិច្ឆិកា រយៈពេល​ ៩ ​ខែ​ឆ្នាំ​នេះ សមត្ថកិច្ច​បង្ក្រាប​គ្រឿងញៀន​បាន​ជាង ៧ ៨០០ ​ករណី​ ក្នុង​នោះ​ចាប់ខ្លួន​ជនសង្ស័យ​បាន​​ចំនួន​ ១៥ ៩១៥ ​នាក់​រឹបអូស​ និង​ដកហូត​សារធាតុ​ញៀន​គ្រប់​ប្រភេទ​បាន​ចំនួន​ជាង ៧៥៣ ​គីឡូក្រាម ដែល​ករណីនេះ​​បាន​កើនឡើង​ ៨ ​ភាគរយ បើ​ធៀប​នឹង​ឆ្នាំ​ ២០១៩៕