ភ្នំពេញៈ កាលពី​ថ្ងៃ​ម្សិលមិញ ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​បាន​ប្រកាស​អនុញ្ញាត​ឱ្យ​រោង​ភាពយន្ត និង​រោង​សម្តែង​សិល្បៈ បើកដំណើរការ​ឡើងវិញ​ក្រោយពី​រដ្ឋាភិបាល​ប្រកាស​បិទ​តាំងពី​ពាក់កណ្ដាល​ខែមីនា​មក ប៉ុន្តែ​ម្ចាស់​រោងភាពយន្ត និង​រោង​សម្ដែង​សិល្បៈ​ទាំងនេះ​ត្រូវ​ដាក់​ពាក្យ​ស្នើសុំ​មុន​បើក​ដំណើរការ​ឡើងវិញ​។

សេចក្ដី​ប្រកាស​ព័ត៌មាន​បញ្ជាក់​ថា ការអនុញ្ញាត​ឱ្យ​រោងភាពយន្ត និង​រោង​សម្ដែង​សិល្បៈ​បើក​ដំណើរការ​ឡើង​វិញ​នេះ គឺ​ដើម្បី​ជួយ​សម្រួល​ការលំបាក​ផ្នែក​សេដ្ឋកិច្ច និង​លើកទឹកចិត្ត​ដល់​ក្រុម​សិល្បៈ​ក្នុង​ការអភិរក្ស និង​លើកស្ទួយ​វប្បធម៌​ជាតិ​។

ប៉ុន្តែ​មុន​បើក​ដំណើរការ ម្ចាស់​រោងភាពយន្ត និង​រោង​សម្ដែង​សិល្បៈ​ត្រូវ​តែ​ដាក់ពាក្យ​ស្នើសុំ និង​ចុះ​អនុស្សរណៈ​យោគយល់​គ្នា​ជាមួយ​ក្រសួង​វប្បធម៌​ដោយ​ត្រូវ​រៀបចំ​ខ្លួន​ឱ្យ​រួចរាល់ ដើម្បី​ប្ដេជ្ញាចិត្ត អនុវត្ត​តាម​លក្ខខណ្ឌ​តម្រូវ​សុវត្ថិភាព​តាម​គោលការណ៍​ស្ដង់ដា​ប្រតិបត្តិ​ឱ្យ​បាន​ត្រឹមត្រូវ និង​ត្រូវ​ឈរលើ​គោលការណ៍​ស្ម័គ្រចិត្ត​ក្នុង​ការទទួល​ខុសត្រូវ និង​ចូលរួម​សហការ​ជាមួយ​មន្ត្រី​ក្រសួង​ដែល​ត្រូវ​ពិនិត្យ​តាមដាន​ការអនុវត្ត​គោលការណ៍​ស្ដង់ដា​ប្រតិបត្តិ​។

សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​វប្បធម៌​នេះ​ស្រប​ពេល​ដែល​ក្រសួង​សុខាភិបាល​បាន​រាយការណ៍​កាលពី​ថ្ងៃ​ម្សិលមិញ​ថា អ្នកជំងឺ​កូវីដ ​១៩ ​ចំនួន ៨ ​នាក់​បន្ថែម​ទៀត​ ត្រូវ​បាន​ព្យាបាល​ជាសះស្បើយ ដែល​បាន​ធ្វើឱ្យ​អ្នក​ជា​សះស្បើយ​សរុប​កើន​ដល់ ២១០ ​នាក់ និង​អ្នក​នៅសល់​កំពុង​សម្រាក​ព្យាបាល​ចំនួន ៣៣ ​នាក់ ​ក្នុង​ចំណោម​អ្នកឆ្លង​សរុប​ចំនួន ២៤៣ ​នាក់​។

ក្នុង​ចំណោម​អ្នកជា​សះស្បើយ​ទាំងនេះ​គឺ​មាន​ជនជាតិ​ខ្មែរ​ចំនួន ៥ ​នាក់​ ក្នុង​នោះ​ ៣ ​នាក់​ ជា​កងកម្លាំង​មួក​ខៀវ​របស់​អង្គការ​សហប្រជាជាតិ​ដែល​បាន​ឆ្លង​ជំងឺ​មកពី​ប្រទេស​ម៉ាលី និង​ ២ ​នាក់​ទៀត ​ជា​អ្នកជំងឺ​មកពី​ប្រទេស​ឥណ្ឌូនេស៊ី ដែល​ពួកគេ​ត្រូវបាន​អនុញ្ញាត​ឱ្យ​ចាកចេញ​ពី​មណ្ឌល​សុខភាព​ចាក់អង្រែ បន្ទាប់ពី​ការធ្វើ​តេស្ដ​លើក​ទី​ ២ ​អវិជ្ជមាន​។

ចំណែក​អ្នកជា​សះស្បើយ​ ៣ ​នាក់​ទៀត គឺ​មាន​ជនជាតិ​ឥណ្ឌា​ម្នាក់​អាយុ ៣២ ​ឆ្នាំ​ ធ្វើ​ដំណើរ​មកពី​ឥណ្ឌា និង​ស្ដ្រី​ជនជាតិ​ឥណ្ឌូនេស៊ី​អាយុ​ ៥៣ ​ឆ្នាំ​ ធ្វើ​ដំណើរ​មកពី​ឥណ្ឌូនេស៊ី​ត្រូវបាន​អនុញ្ញាត​ឱ្យ​ចាកចេញ​ពី​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-សូវៀត ក្រោយពី​ធ្វើតេស្ដ​លើក​ទី​ ២ ​អវិជ្ជមាន និង​ម្នាក់ទៀត​ជា​មន្ត្រី​ជាន់ខ្ពស់​ស្ថានទូត​សហរដ្ឋអាមេរិក​ដែល​ទទួល​ការព្យាបាល​នៅក្នុង​ស្ថានទូត​ផ្ទាល់​។

កាលពី​ថ្ងៃទី​ ៥ ​សីហា ស្ថានទូត​អាមេរិក​បាន​បង្ហោះ​នៅលើ​ហ្វេសប៊ុក​របស់ខ្លួន​ថា នៅក្នុង​ស្ថានទូត​គឺ​មាន​តែ​មន្ត្រី​ ៤ ​នាក់​ប៉ុណ្ណោះ​ ​ត្រូវបាន​ធ្វើតេស្ដ​វិជ្ជមាន​ជំងឺ​កូវីដ​បន្ទាប់ពី​ពួកគេ​ធ្វើដំណើរ​ពី​អាមេរិក​ត្រឡប់​មកកាន់​កម្ពុជា​វិញ​ហើយ​ត្រូវបាន​​ដាក់​ឱ្យនៅ​ដាច់​ដោយឡែក​យ៉ាងតឹងរ៉ឹង​។ ស្ថានទូត​នេះ​បញ្ជាក់ថា មិនមាន​ការឆ្លង​នៅក្នុង​សហគមន៍​នៃ​ស្ថានទូត​នោះទេ​។

មន្ត្រី​ក្រសួង​សុខាភិបាល​ធ្លាប់​បញ្ជាក់ថា គិត​ត្រឹម​ខែ​កក្កដា​រាល់​ករណី​ឆ្លង​ដែល​រកឃើញ​នៅ​កម្ពុជា​គឺ​សុទ្ធតែ​នាំចូល​ពី​ក្រៅ​ប្រទេស​ហើយ​ភាគច្រើន អ្នកធ្វើដំណើរ​តាម​ជើងហោះហើរ​មកពី​ប្រទេស​ម៉ាឡេស៊ី និង​ឥណ្ឌូនេស៊ី​។

បុរស​ជនជាតិ​ខ្មែរ​ចំនួន​ ២ ​នាក់ ​ដែល​ទើប​ធ្វើដំណើរ​ត្រឡប់​ពី​ប្រទេស​ម៉ាឡេស៊ី​មក​កម្ពុជា​វិញ​កាលពី​ថ្ងៃទី​ ២៣ កក្កដា បាន​រត់គេច​ចេញ​ពី​កន្លែង​ធ្វើ​ចត្តាឡីស័ក​នៅ​ខេត្ត​ព្រៃវែង​នៅ​ថ្ងៃទី​ ៣ ​សីហា និង​ត្រូវបាន​អាជ្ញាធរ​នាំខ្លួន​មក​ធ្វើ​ចត្តាឡីស័ក​វិញ និង​ត្រូវ​ផាកពិន័យ​ឱ្យ​ធ្វើ​ចត្តាឡីស័ក​ចំនួន​​ ១៤ ​ថ្ងៃ​បន្ថែម​ទៀត​៕