ភ្នំពេញ៖ ​លោកស្រី​ ​ភឿង​ សកុណា ​រដ្ឋមន្រ្តី​ក្រសួង​វប្បធម៌​ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​សេចក្ដី​ណែនាំ​ដល់​គ្រប់​អង្គភាព​ពាក់ព័ន្ធ​ក្រោម​ឱវាទ​ក្រសួង​វប្បធម៌ ​និង​គ្រប់​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ ​អនុវត្ត​នីតិវិធី​ និង​ទម្រង់​បែបបទ​នៃ​ការ​គ្រប់គ្រង​អាជីវកម្ម​កាត់សក់​ ​អ៊ុត​សក់​ និង​លម្អ​ក្រចក​ ​ដើម្បី​ងាយ​ស្រួល​ក្នុង​ការ​អនុវត្ត​ការងារ​ និង​ត្រួត​ពិនិត្យ​ ​ក្នុង​ការ​ធានា​បាន​នូវ​ការ​ប្រមូល​កម្រៃ​សេវា​សាធារណៈ​។​

សេចក្ដី​ណែនាំ​នេះ​ធ្វើ​ឡើង​ក្នុង​គោល​បំណង ​ដើម្បី​ឱ្យ​ទទួល​បាន​នូវ​ប្រសិទ្ធភាព ​និង​ប្រសិទ្ធផល​ខ្ពស់​សម្រាប់​ការ​អនុវត្ត​អនុក្រឹត្យ​ស្តីពី​​ការ​បង្កើត​យន្តការ​ច្រក​ចេញ​ចូល​តែ ​១ ​សម្រាប់​ការ​ផ្តល់​សេវា​រដ្ឋបាល​នៅ​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ​ និង​ស្រប​តាម​សេចក្តី​ប្រកាស​រួម​រវាង​ក្រសួង​វប្បធម៌​ និង​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ ​ដោយ​​តម្រូវ​ឱ្យ​គ្រប់​សកម្មភាព​អាជីវកម្ម​ដែល​ទាក់ទង​នឹង​សេវាកម្ម​ដូច​ជា ​កាត់​សក់​ រចនា​ម៉ូដ​សក់ ​អ៊ុត​សក់​ ​លម្អ​ក្រចក​ និង​រចនា​ក្រចក​បុរស​នារី​ត្រូវ​មាន​ទីតាំង​ជាក់​លាក់​។

សេចក្ដី​ណែនាំ​នេះ​បាន​ឲ្យ​ដឹង​ថា ​បុគ្គលិក​នៃ​ការិយាល័យ​ច្រកចេញ​ចូល​តែ ​១ ​ត្រូវ​ចុះ​ពិនិត្យ​ដល់​ទីតាំង​​អាជីវកម្ម ​ដើម្បី​ផ្តល់​យោបល់​បច្ចេកទេស​ដល់​ប្រធាន​ការិយាល័យ​មុន​នឹង​ដាក់​សំណុំ​បែបបទ​ស្នើសុំ​ការ​អនុញ្ញាត​អាជីវកម្ម​ដល់​អភិបាល​ក្រុង​ ​ស្រុក​ ខណ្ឌ​ពិនិត្យ​សម្រេច។​ រដ្ឋបាល​ក្រុង​ ស្រុក​ ខណ្ឌ​​ មាន​សិទ្ធិ​ចេញ​បណ្ណ​អនុញ្ញាត​អាជីវកម្ម​នេះ​តាមរយៈ​ការិយាល័យ​ច្រក​ចេញ​ចូល​តែ ​១​ ​ហើយ​ម្ចាស់​អាជីវកម្ម​ត្រូវ​បង្ហាញ​បណ្ណ​អនុញ្ញាត​អាជីវកម្ម​ជា​សាធារណៈ ​ដើម្បី​ឱ្យ​បុគ្គលិក​នៃ​ការិយាល័យ​នេះ​ងាយ​ស្រួល​ក្នុង​ការ​អនុវត្ត​ការងារ​ និង​ត្រួត​ពិនិត្យ​។​

លោកស្រី​ សកុណា ​ថ្លែង​ថា​ ​ក្នុង​ករណី​ដែល​ម្ចាស់​អាជីវកម្ម​មិន​មក​ទទួល​សេវា​សាធារណៈ​ មន្រ្តី​ពាក់​ព័ន្ធ​ត្រូវ​ដាក់​លិខិត​អញ្ជើញ​ជា​ផ្លូវ​ការ​​ទុក​រយៈពេល​ ១៥ ​ថ្ងៃ ​ហើយ​បើ​ម្ចាស់​អាជីវកម្ម​មិន​មក​តាម​ការ​អញ្ជើញ​នេះ​ ​បុគ្គលិក​​នៃ​ការិយាល័យ​ច្រក​ចេញ​ចូល​តែ ​១ ​ត្រូវ​សហការ​ជាមួយ​អាជ្ញាធរ​មាន​សមត្ថកិច្ច​ ដើម្បី​ផ្អាក​អាជីវកម្ម​របស់​គាត់​បណ្តោះ​អាសន្ន​។​

លោក​ ​ឡុង​ ​ប៉ុណ្ណាស៊ីរីវត្ថ​ ​រដ្ឋ​លេខាធិការ​ និង​ជា​អ្នក​នាំពាក្យ​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ប្រាប់​ ភ្នំពេញ ​ប៉ុស្តិ៍ ​ម្សិល​មិញ​ថា​ ​នីតិវិធី​នេះ​មាន​យូរ​មក​ហើយ​ ​គ្រាន់​តែ​ក្រសួង​បាន​ចេញ​ជា​ការ​ណែនាំ​ជា​ថ្មី ​ដើម្បី​ឱ្យ​ពួក​គាត់​អនុវត្ត​ទៅ​តាម​ការ​កែ​ទម្រង់​ដោយ​ក្រសួង​ផ្តល់​សិទ្ធិ​អំណាច​ទៅ​ថ្នាក់​ក្រោម​ជាតិ​ក្នុង​ការ​ផ្តល់​សេវា​នេះ ​​ទៅ​កៀក​នឹង​ប្រជា​ពលរដ្ឋ​តែ​ម្តង​។​

លោក​បាន​ថ្លែង​ថា៖ ​«​កំណែ​ទម្រង់​ថ្នាក់​ក្រោម​ជាតិ​បាន​បង្កើត​ឱ្យ​​មាន​ការិយាល័យ​ច្រកចេញ​ចូល​តែ ​១​ ​មាន​ន័យ​ថា​ក្រសួង​មហាផ្ទៃ​ទទួល​កិច្ចការ​នេះ​ក្នុង​គណៈកម្មការ​កំណែ​ទម្រង់។​ ​ដូច​នេះ​គេ​ចាប់​ផ្តើម​ធ្វើ​ការ​បែងចែក​ថា តើ​មុខងារ​អី​ខ្លះ​ដែល​បាន​ផ្តល់​សេវា​​យក​សេវា​តាម​ជំនាញ​មួយៗ​ ដូច​ជា​ពាក់ព័ន្ធ​នឹង​វប្បធម៌​​មាន​ទាក់ទង​នឹង​ផ្លាក​សញ្ញា​ ​ការ​គ្រប់គ្រង​ថែ​ទាំ​រមណីយដ្ឋាន​​ការ​សម្ដែង​សិល្បៈ ​ការ​ប្រគំ​តន្រ្តី​សាធារណៈ​ជា​ដើម​»​។​

លោក​ ​ឡុង​ ​ប៉ុណ្ណាស៊ីរីវត្ថ​ ​បាន​អះអាង​​ថា​ ​សេវាកម្ម​ធ្វើ​សក់​ កាត់​សក់ និង​លម្អ​ក្រចក​នេះ ​កន្លង​មក​អាជ្ញាធរ​មូលដ្ឋាន ​ឬ​ខាង​ពន្ធ​បាន​ទៅ​យក​សេវា ​ឬ​ជា​ភាស៊ី​ពី​ម្ចាស់​អាជីវកម្ម​ទាំង​នោះ​ដោយ​មិន​បាន​ប្រាប់​ពី​នីតិវិធី​ច្បាស់លាស់។​ ដូច​នេះ​ហើយ​បាន​ជា​ក្រសួង​រៀបចំ​ធ្វើ​នីតិវិធី​នេះ ​ដើម្បី​ឱ្យ​ម្ចាស់​អាជីវកម្ម​ដឹង​ពី​តម្លៃ​សេវា​ត្រឹមត្រូវ​ ​ហើយ​ការ​ធ្វើ​បែប​នេះ​ជា​ផ្នែក​មួយ​ក្នុង​ការ​លុប​បំបាត់​អំពើ​ពុក​រលួយ​ផង​ដែរ​។​

អ្នក​នាង​ ​រឿន​ ​ស្រីណុច​ អាយុ ​២៨ ​ជា​ម្ចាស់​ហាង​ធ្វើ​មុខ​ និង​ក្រចក​ស្រីណុច បាន​និយាយ​ថា​ ​នាង​មិន​ដែល​ដឹង​ពី​ការ​ស្នើសុំ​នេះ​ទេ ​ហើយ​ក៏​មិន​ដែល​មាន​អ្នក​ណា​មក​ប្រាប់ ​ឬ​មក​យក​លុយ​សេវា​ពី​ហាង​នាង​ដែរ​។​

នាង​បាន​ឲ្យ​ដឹង​​ថា៖​ «​ខ្ញុំ​នឹង​តាម​ដាន​បន្ថែម​នូវ​ព័ត៌មាន​នេះ​ជា​មុន​សិន នឹង​សម្រេច​ស្នើសុំ​តាម​ច្បាប់​ ​ព្រោះ​ខ្ញុំ​ជួល​ទីតាំង​​គេ ​ដើម្បី​បើក​ហាង​នេះ​ប៉ុណ្ណោះ»។​​​​

លោក​ ​វន់​ ​ពៅ ​ប្រធាន​សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​បាន​ឲ្យ​ដឹង​ថា ​អាជ្ញាធរ​គួរ​តែ​លើកលែង​ចំពោះ​អាជីវកម្ម​ណា​ដែល​មាន​ទំហំ​តូចតាច​ពី​ព្រោះ​ហាង​តូចៗ​មិន​មាន​លទ្ធភាព​ក្នុង​ការ​ធ្វើ​បណ្ណ​អាជីវកម្ម​ទេ​។​

លោក​ថ្លែង​ថា​៖ ​«​ខ្ញុំ​យល់​ថា ​ក្នុង​ស្ថានភាព​បែប​នេះ​មិន​គួរ​ណា​តម្រូវ​ឱ្យ​ហាង​កាត់​សក់​ធ្វើ​បណ្ណ​អាជីវកម្ម​ទេ ​វា​ដូច​ជា​ហួស​ហេតុ​ពេក​ ប៉ុន្តែ​ក្រសួង​គួរ​តែ​យក​ពន្ធ​ទៅ​លើ​ហាង​កាត់​សក់​ណា​ធំៗ​ទើប​សមរម្យ​។​ ​សូម្បី​ប្រទេស​ជិត​ខាង​យើង​ក៏​រដ្ឋាភិបាល​គេ​លើកលែង​ការ​យក​ពន្ធ​ចំពោះ​អាជីវកម្ម​តូចៗ​ដែរ​។ ​ពលរដ្ឋ​យើង​កំពុង​ជួប​បញ្ហា​ជីវភាព​ដោយសារ​កូវីដ ​១៩ ​ហើយ​ មក​ឱ្យ​គាត់​ចុះ​បញ្ជី​បង់​ពន្ធ​ទៀត​»​៕