ភ្នំពេញៈ ​ក្រសួង​អប់រំ យុវជន និង​កីឡា​ប្រកាសថា គិត​ត្រឹម​សប្តាហ៍​​ទី​ ១ ខែឧសភា​នេះ គឺមាន​សៀវភៅ​សិក្សា​ជាង​ ៨០០ ​ចំណងជើង ត្រូវបាន​​សម្រេច​ឱ្យ​គ្រឹះស្ថាន​ឧត្ដមសិក្សា​រៀបរៀង និពន្ធ និង​កែលម្អ​ក្នុង​ចំណោម​​សំណើ​ជាង​ ១ ​ពាន់​ចំណងជើង តាមរយៈ​មូលនិធិ​ស្រាវជ្រាវ​គំនិត​ច្នៃប្រឌិត​ និង​នវានុវត្តន៍​ (​មូលនិធិ​ ស.គ.ន) ​បន្ទាប់ពី​ក្រសួង​បានប្រកាស​ឱ្យមាន​​ការចូលរួម​កាលពី​ខែតុលា ឆ្នាំមុន​។

តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា​កាលពី​ម្សិលមិញ តួលេខ​ «​សៀវភៅ​សិក្សា​​លើសពី ១ ០០០ ​ចំណងជើង​» ​ដែល​បាន​ស្នើឡើង​នេះ បាន​បង្កើតជា​បរិយាកាស​គួរ​ជាទីមោទនៈ​សម្រាប់​និស្សិត​ និង​អ្នកស្រាវជ្រាវ​កម្ពុជា​ដែលមាន​បំណងប្រាថ្នា​ដ៏ថ្លៃថ្លា​ក្នុងការ​ទទួលបាន​សៀវភៅ​សិក្សា​នៅ​កម្រិត​ឧត្តមសិក្សា​ «​មុខវិជ្ជា​ ១ ត្រូវមាន​សៀវភៅ​សិក្សា ១ ​ក្បាល​»​។

ក្រសួង​អប់រំ​បញ្ជាក់ថា គិត​ត្រឹម​សប្តាហ៍​ទី​១ ខែឧសភា​នេះ មាន​គ្រឹះស្ថាន​ឧត្តមសិក្សា​រដ្ឋ និង​ឯកជន​ចំនួន​ ១៩ បានដាក់​ពាក្យស្នើសុំ​អនុវត្ត​ថវិកា​ស្រាវជ្រាវ ​ដើម្បី​អភិវឌ្ឍន៍​សម្រាប់​ការរៀបរៀង និពន្ធ និង​កែលម្អ​សៀវភៅ​សិក្សា​សរុប​ចំនួន ១ ០៨៨ ​ចំណងជើង​។

បន្ទាប់មក​សាស្ត្រាចារ្យ និង​អ្នកស្រាវជ្រាវ ដែល​ជា​ម្ចាស់​ស្នាដៃ​បានដាក់​ជូន​ក្រុមប្រឹក្សា​វិទ្យាសាស្ត្រ ឬ​ក្រុមប្រឹក្សា​អប់រំ​នៃ​គ្រឹះស្ថាន​ឧត្តមសិក្សា​ត្រួតពិនិត្យ និង​វាយតម្លៃ​ទៅលើ​ខ្លឹមសារ​នៃ ១-​ សេចក្តីព្រាង​មាតិកា​នៃ​សៀវភៅ ២-​ការបរិយាយ​លើ​មុខវិជ្ជា​ (Course description) ​និង​ ៣- សេចក្តី​សង្ខេបនៃ​សៀវភៅ​ (Synopsis​ ឬ​ Abstract) ​រួមជាមួយ​ការអនុម័ត​ពី​គណៈ​គ្រប់គ្រង​នៃ​គ្រឹះស្ថាន​ឧត្តមសិក្សា​នីមួយៗ​ដែលជា​លទ្ធផល​គឺមាន​សៀវភៅ​ចំនួន ៨៨៧ ​ចំណងជើង​ត្រូវ​បានអនុម័ត​។

បន្ទាប់មក​មូលនិធិ ស.គ.ន បាន​ពិនិត្យ​ជា​បន្ត និង​សម្រេច​ផ្តល់​ថវិកា​សម្រាប់​ដំណើរការ​រៀបរៀង​និពន្ធ និង​កែលម្អ​សៀវភៅ​សិក្សា​ចំនួន​ ៨២៤ ​ចំណងជើង​នៃ​គ្រឹះស្ថានឧត្ដមសិក្សា​ទាំង​ ១៩ ​ដែល​បាន​ស្នើសុំ​ថវិកា​។ ​នេះ​​បើតាម​ការបញ្ជាក់​នៅក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​។

ជាមួយ​គ្នា​នេះ ក្រសួង​អប់រំ​បាន​រំឭក​ជាថ្មី​ដល់​សិស្ស​ដែលមាន​បំណង​បន្ត​ការសិក្សា​នៅ​កម្រិត​ឧត្តមសិក្សា​ថា ភាពសម្បូរ​បែប​នៃ​សៀវភៅ​សិក្សា និង​ធនធាន​សិក្សា​គឺជា​ផ្នែក​មួយ​ដ៏សំខាន់​នៃ​ក្របខ័ណ្ឌ​វាយតម្លៃ​គុណភាព​អប់រំ​របស់​គ្រឹះស្ថាន​ឧត្តមសិក្សា​។ ​ក្នុងន័យនេះ​លោក​ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រី​ក្រសួង​អប់រំ​បាន​ថ្លែងថា​៖ «​សៀវភៅ​កំណត់​ចំណេះដឹង ចំណេះដឹង​កំណត់​ការអប់រំ ការអប់រំ​កំណត់​ការអភិវឌ្ឍ បើ​គ្មាន​សៀវភៅ គ្មានទេ​ការអភិវឌ្ឍ​»​។

ក្រសួង​បញ្ជាក់ថា សៀវភៅ​សិក្សា​ជា​ផ្នែក​មួយ​នៃ​ការទទួលស្គាល់​គុណភាព​អប់រំ​នៃ​គ្រឹះស្ថាន​ឧត្តមសិក្សា និង​ជា​ធនធាន​សិក្សា​ជា​មូលដ្ឋាន​មួយ​ដ៏សំខាន់​ក្នុងការ​គាំទ្រ​ដល់​ការបង្រៀន​​ និង​រៀន ហើយ​ត្រូវមាន​បរិមាណ​គ្រប់គ្រាន់​ឆ្លើយតប​ទៅនឹង​កម្មវិធី​អប់រំ​ និង​តម្រូវ​ការសិក្សា​ស្រាវជ្រាវ​។

បើតាម​ក្រសួង​អប់រំ ជាគោលការណ៍ គ្រឹះស្ថាន​ឧត្តមសិក្សា​ត្រូវមាន​សៀវភៅ​សិក្សា​ដែល​ប្រើ​ជា​គោល​សម្រាប់​មុខវិជ្ជា​នីមួយៗ​។ ​ចំនួន​សៀវភៅ​សម្រាប់​​សិក្សា​ត្រូវមាន​យ៉ាងតិច​ ១ ​ចំណងជើង​ក្នុង​ ១ ​មុខវិជ្ជា​ហើយ​ត្រូវ​តម្កល់​​យ៉ាងតិច​ ២ ​ច្បាប់​ក្នុង​បណ្ណាល័យ​ ឬ​អាច​​រកបាន​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​។

លោក រស់ សុវាចា អ្នកនាំពាក្យ​ក្រសួង​អប់រំ​បាន​ថ្លែងថា​៖ «​ការរៀបរៀង​សៀវភៅ​រាប់ពាន់​ក្បាល​នេះ​បង្ហាញ​ពី​ការបន្ត​លើកកម្ពស់​គុណភាព​ការអប់រំ​កម្រិត​ឧត្ដមសិក្សា​តាមរយ:​ការពង្រឹង និង​ពង្រីក​ធនធាន​សិក្សា​ស្រាវជ្រាវ​សម្រាប់​អ្នកសិក្សា និង​អ្នក​ស្រាវជ្រាវ​ក៏ដូចជា ការផ្តល់​ឱកាស​ជូន​អ្នកស្រាវជ្រាវ និពន្ធ​ក្នុងន័យ​ចូលរួម​បង្កើន​ផលិត​ស្នាដៃ​ថ្មីៗ​សម្រាប់​អ្នកសិក្សា ​និង​បុគ្គលិក​អប់រំ​»​។

មូលនិធិ​ ស.គ.ន.នៃ​ក្រសួង​អប់រំ​ត្រូវ​បាន​បង្កើតឡើង​ក្រោម​គំនិត​ផ្តួចផ្តើម​​ពី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ក្រសួង​អប់រំ ដើម្បី​រួមចំណែក​លើកកម្ពស់​វប្ប​ធម៌​នៃ​ការស្រាវជ្រាវ បំផុសគំនិត​ច្នៃប្រឌិត និង​ជំរុញ​ការធ្វើ​នវានុវត្តន៍ វិស័យ​អប់រំ​ដែល​ឆ្លើយតប​នឹង​ទីផ្សារពលកម្ម និង​សកលភាវូបនីយកម្ម​។

ការរៀបរៀង និពន្ធ និង​កែលម្អ សៀវភៅ​សិក្សា​ (Textbook) ​ដែល​នឹង​​ត្រូវ​ប្រើប្រាស់​នៅ​កម្រិត​ឧត្តមសិក្សា​ជា​អាទិភាព​នៃ​ការប្រើប្រាស់​ថវិកា​​មូលនិធិ​សម្រាប់​ឆ្នាំ​ ២០២០​។

ទាក់ទង​នឹង​ការងារ​នេះ ក្រសួង​អប់រំ​បាន​បន្ដ​លើកទឹកចិត្ត​ដល់​សាស្ត្រាចារ្យ អ្នកនិពន្ធ និង​អ្នកស្រាវជ្រាវ​នៅតាម​​គ្រឹះស្ថានសិក្សា​ឱ្យ​បន្ត​ចូលរួម​ក្នុង​​គម្រោង​នេះ​ក្នុង​ស្មារតី​ជំរុញ​ឱ្យ​សៀវភៅ​សិក្សា​មាន​បរិមាណ​គ្រប់គ្រាន់ មាន​គុណភាព​ខ្ពស់ និង​មាន​សមធម៌​។

ចំពោះ​គ្រឹះស្ថាន​ឧត្តមសិក្សា​ដែល​​នៅ​ពុំទាន់​បាន​ដាក់​ពាក្យស្នើសុំ​ថវិកា​​មូលនិធិ​ ឬ​មានបំណង​ទទួល​ព័ត៌មាន​​បន្ថែម​ស្តីពី​ដំណើរការ និង​នីតិវិធី​នៃ​ការស្នើសុំ​ថវិកា​សម្រាប់​ការរៀបរៀង​​សៀវភៅ​នៅ​កម្រិត​ឧត្តមសិក្សា​អាច​ផ្ញើលិខិត​មកកាន់​អ៊ីមែល event@moeys.gov៕