ភ្នំពេញៈ ក្រុម​មេធាវី​ការពារ​អតីត​តំណាងរាស្ត្រ​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ត្រូវ​ក្រុម​អង្គរក្ស​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន វាយ​ឲ្យ​រងរបួស​កាលពី​ឆ្នាំ​ ២០១៥ បាន​ដាក់​បណ្ដឹង​សារទុក្ខ​ទៅ​តុលាការ​កំពូល​ប្រឆាំង​នឹង​សាលក្រម​តុលាការ​ជាន់​ទាប​ដែល​ផ្តល់​សំណង​តិចតួច​ដល់​ជនរងគ្រោះ​។

លោក កែត ឃី មេធាវី​ម្នាក់​ដែល​ការពារ​អតីត​តំណាងរាស្ត្រ​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ ២ ​រូប​គឺ​លោក ញ៉យ ចំរើន និង​លោក គង់ សភា បាន​ថ្លែង​កាលពី​ម្សិលមិញ​ថា​៖ «​ខ្ញុំ និង​មេធាវី​តំណាង​ផ្សេង​ទៀត​បាន​ដាក់​ពាក្យបណ្តឹង​ទៅ​តុលាការ​កំពូល​ហើយ​កាលពី​ពេល​ថ្មីៗ​នេះ​ដើម្បី​ប្រឆាំង​នឹង​ការសម្រេច​ទាំង​ស្រុង​របស់​សាលា​ដំបូង​រាជធានី​ភ្នំពេញ និង​សាលដីកា​របស់​សាលាឧទ្ធរណ៍​»​។

លោក ឃី បាន​អះអាង​ថា​៖ «​ដោយសារ​តែ​ការ​កាត់​ហ្នឹង​វា​អត់​សមល្មម​នឹង​សំណើ​ដែល​គាត់​ទាមទារ​។ កាល​ដែល​គាត់​រងគ្រោះ​ទំហំ​នៃ​ការ​អន្តរាយ​វា​ច្រើន​។ យើង​បាន​ជម្រាប​តុលាការ​ហើយ​ថា គ្រាន់តែ​ឡាន​គាត់​ខូច​នោះ​ឡាន​នីមួយៗ​សុទ្ធតែ​អស់​ជាង​ ១ ​ម៉ឺន​ហើយ​ឡាន​ ២ ​គ្រឿង​វា​អស់​ជាង​ ២ ​ម៉ឺន​។ តែ​ពេល​គេ​កាត់​ឲ្យ​សង ឲ្យ​សង​តែ​ ១ ​ម៉ឺន​ (​សម្រាប់​ជនរងគ្រោះ​ម្នាក់​) ស្មើ​នឹង​ ៤០ ​លាន​រៀល​។ ហើយ​គាត់​មើល​ជំងឺ​អស់​ច្រើន​ជាង​យើង​បាន​ដាក់​វិក្កយប័ត្រ​ទៅ​។ ប៉ុន្តែ​សំណង​វា​តិច​មិន​ធន់​ល្មម​នឹង​អ្វី​ដែល​គាត់​អន្តរាយ​ទៅ​ដោយសារ​តែ​ជននោះ​បង្ក​»​។

កាលពី​ថ្ងៃទី​ ២៦ ខែ​តុលា ឆ្នាំ​ ២០១៥ មាន​បាតុកម្ម​មួយ​របស់​អ្នក​គាំទ្រ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដើម្បី​ទាមទារ​ទម្លាក់​លោក កឹម សុខា ពី​អនុប្រធាន​ទី​ ១ ​នៃ​រដ្ឋសភា​។

បាតុកម្ម​នេះ​កើត​មាន​ក្រោយ​ពេល​មាន​បាតុកម្ម​ប្រឆាំង​នឹង​លោក​ ហ៊ុន សែន នៅ​ប្រទេស​បារាំង​នៅ​ខែ​តុលា ២០១៥​។ ក្រោយ​ពេល​បាតុករ​បាន​រំសាយ សមាជិក​សភា​ ២ ​រូប​ពី​គណបក្ស​ប្រឆាំង​គឺ​លោក ញ៉យ ចំរើន និង​លោក គង់ សភា ត្រូវ​បាន​បាតុករ​រុំ​មុខ​អូស​ទាញ​ចេញ​ពី​ឡាន​ហើយ​វាយតប់​បណ្ដាល​ឲ្យ​រងរបួស​យ៉ាង​ដំណំ​។ ក្រោយ​មក​មនុស្ស​ ៣ ​នាក់​ដែល​បម្រើការ​នៅ​បញ្ជាការដ្ឋាន​អង្គរក្ស​លោក​នាយក​រដ្ឋមន្ត្រី​ត្រូវ​ចាប់​ខ្លួន​ក្រោយ​ពេល​ចូល​សារភាព​។

នៅ​ខែ​ឧសភា ឆ្នាំ​ ២០១៦ តុលាការ​ក្រុង​ភ្នំពេញ​បាន​កាត់ទោស​ជន​ជាប់ចោទ​ទាំង​ ៣ ​នាក់​គឺ ចាយ សារិទ្ធ លោក​ ម៉ៅ ហឿន និង​លោក សុត វណ្ណនី ពី​បទហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់​ទោស​ហើយ​ផ្តន្ទាទោស​ពួកគេ​ដាក់​ពន្ធនាគារ​ ៤ ​ឆ្នាំ តែ​អនុវត្ត​ទោស​តែ​ ១ ​ឆ្នាំ ហើយ​ ៣ ​ឆ្នាំ​ទៀត​ត្រូវ​បាន​ព្យួរ​។ សាលក្រម​ក៏​តម្រូវ​ឲ្យ​ជន​ទាំង​ ៣ ​បង់​ប្រាក់​ពិន័យ ៦​ លាន​រៀល​ចូល​ថវិការដ្ឋ​ក្នុង​ម្នាក់ៗ និង​រួម​គ្នា​សង​សំណង​រដ្ឋប្បវេណី​ចំនួន​ ៨០ ​លាន​រៀល​ដល់​ជនរងគ្រោះ​។ សាលក្រម​នេះ​ត្រូវ​បាន​សាលាឧទ្ធរណ៍​តម្កល់​ទុក​ជា​បាន​ការ​កាលពី​ថ្ងៃទី​ ១១ មិថុនា ២០១៨​។

លោក​ ឃី ថ្លែង​ថា​៖ «​យើង​ដើមបណ្ដឹង​រដ្ឋប្បវេណី​គឺ​មាន​សិទ្ធិ​ត្រឹម​តែ​ទារ​សំណង​រដ្ឋប្បវេណី​ដែល​មិន​សមល្មម​នឹង​ការខូចខាត យើង​មិន​អាច​ប្តឹង​រឿង​ទណ្ឌកម្ម​បាន​ទេ​»៕