ភ្នំពេញៈ ក្រសួង​ពាណិជ្ជកម្ម​តាមរយៈ​អគ្គនាយកដ្ឋាន​ការពារ​អ្នកប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការក្លែងបន្លំ​ (​ក.ប.ប.) ​នៅ​សប្ដាហ៍​ទី​ ២ ខែ​មិថុនា​ ខាងមុខ​នឹង​ប្រាប់​ឲ្យ​បណ្ដា​ក្រុមហ៊ុន​ធ្វើ​ស្ប៉ត​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ទាំងអស់​មក​បំភ្លឺ​ពាក់ព័ន្ធ​ទៅនឹង​ការផ្សាយ​ពាណិជ្ជកម្ម​ផ្ដល់​រង្វាន់​ដែល​អាចមាន​ការភូតកុហក និង​បោកប្រាស់​។ នេះ​បើ​តាម​មន្ត្រីជាន់ខ្ពស់​នៃ​ស្ថាប័ន​នេះ​ប្រាប់​ពី​ម្សិលមិញ​។

លោក​ ផាន អូន អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន ក.ប.ប. នៃ​ក្រសួង​ពាណិជ្ជកម្ម ថ្លែងថា​កាលពី​ថ្ងៃ​ទី​ ២៦ ​ឧសភា​ ក្រោយ​ទទួល​បាន​ការផ្ដល់​ភារកិច្ច​ពី​លោក​ ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​ប្រាប់​ឲ្យ​ពង្រឹង​ការអនុវត្ត​ច្បាប់ និង​ពិនិត្យ​ករណី​ពាក់ព័ន្ធ​ទៅ​នឹង​ការផ្សាយ​ពាណិជ្ជកម្ម​ផ្ដល់​រង្វាន់​ដែល​អាច​មានការ​ភូតកុហក និង​បោកប្រាស់ អគ្គនាយកដ្ឋាន ក.ប.ប. បាន​បើក​កិច្ចប្រជុំ​ជាមួយ​មន្ដ្រី​ជំនាញ​ស្តីអំពី​ការត្រួតពិនិត្យ​លើ​ស្ប៉ត​ពាណិជ្ជកម្ម​។ ​ព្រោះ​ស្ប៉ត​​ពាណិជ្ជកម្ម​នោះ​មាន​ការភូតកុហក បោកប្រាស់​សេចក្តី​ទុកចិត្ត​របស់​អ្នកប្រើប្រាស់​នេះ​ម្ដង​រួចហើយ​។

លោក​ថ្លែងថា​៖ «​ឯកឧត្តម​រដ្ឋមន្ដ្រី​បាន​ផ្ដល់​ភារកិច្ច​ឲ្យ​អគ្គនាយកដ្ឋាន ក.ប.ប. ពង្រឹង​ការអនុវត្ត​ច្បាប់​ (​ច្បាប់​ស្តីពី​ការគ្រប់គ្រង​គុណភាព សុវត្ថិភាព​លើ​ផលិតផល ទំនិញ និង​សេវា និង​ច្បាប់​ស្តីពី​កិច្ចការពារ​អ្នក​ប្រើប្រាស់​) ​ពាក់ព័ន្ធ​នឹង​ការផ្តល់​រង្វាន់​ដែល​អាច​មាន​ការភូតកុហក និង​មាន​ការបោកប្រាស់​»​។

លោក​បញ្ជាក់ថា​៖ «​ផែនការ​របស់​អគ្គនាយកដ្ឋាន ក.ប.ប. គ្រោង​នឹង​អញ្ជើញ​បណ្តា​ក្រុមហ៊ុន​ដែល​មាន​ស្ប៉ត​ផ្សាយ​មក​បំភ្លឺ​នៅ​សប្តាហ៍​ទី​ ២ នៃ​ខែមិថុនា ខាងមុខ​នេះ​។ ត្រង់​ថា​ស្ប៉ត​ប្រភេទ​ណាខ្លះ​ដែល​មាន​ការ​ភូតកុហក និង​មានការ​បោកប្រាស់ យើង​មិន​ទាន់​អាចសន្និដ្ឋាន​បាន​នៅ​ឡើយ រង់ចាំ ការបំភ្លឺ និង​ការបង្ហាញ​ឯកសារ​ពាក់ព័ន្ធ​ពី​ក្រុមហ៊ុន​ជាមុនសិន​»​។

លោក​ យង់ គិមអេង ​នាយកប្រតិបត្តិ​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ ដើម្បី​ការអភិវឌ្ឍ និង​សន្តិភាព​ (PDP-Center) ​សម្ដែង​ការសោកស្ដាយ​ចំពោះ​ការផ្សាយពាណិជ្ជកម្ម​ផ្ដល់​រង្វាន់​ដែល​អាច​មាន​ការភូតកុហក និង​បោកប្រាស់​ប្រជាពលរដ្ឋ​ពី​ក្រុមហ៊ុន​ផលិត​ស្ប៉ត​ផ្សព្វផ្សាយ​បែបនេះ​។ ​លោក​ថា​កន្លងមក​ PDP-Center ក៏​ធ្លាប់​បាន​ស្នើ​រាជរដ្ឋាភិបាល​ឲ្យ​​ពន្លឿន​ការធ្វើ​សេចក្ដី​ព្រាង​ច្បាប់​ពាក់ព័ន្ធ​ទៅនឹង​ការគ្រប់គ្រង​ការផ្សាយ​ពាណិជ្ជកម្ម​បែបនេះ​។

លោក​ថ្លែងថា​៖ «​ប៉ុន្ដែ​ការផ្សព្វផ្សាយ​ដែល​គ្រោះថ្នាក់​បំផុត​នោះ​គឺ​ការផ្សព្វផ្សាយ​ពាណិជ្ជកម្ម​គ្រឿងស្រវឹង​យ៉ាង​ផុសផុល និង​ដោយ​សេរី​នៅ​ប្រទេស​កម្ពុជា​នេះ​តែម្តង ដែល​គួរតែ​ដាក់​កម្រិត​ឲ្យ​បាន​តឹងរ៉ឹង​។ ផលិតផល​គ្រឿង​ស្រវឹង​នេះ​បាន​បង្ក​ផលប៉ះពាល់​ខ្លាំង​ទៅ​ដល់​សង្គមជាតិ និង​សុខភាព​ប្រជាពលរដ្ឋ​ដែល​បញ្ហា​នេះ​គឺជា​រឿង​សំខាន់​ដែល​រាជរដ្ឋាភិបាល​គួរតែ​យក​ចិត្ដ​ទុកដាក់ និង​ពន្លឿន​ការអនុវត្ដ​ច្បាប់​ឲ្យ​បាន​ឆាប់​»​។

លោក​លើក​ឡើង​ថា ពាក់ព័ន្ធ​ទៅ​នឹង​ការផ្សាយ​ពាណិជ្ជកម្ម​ផ្ដល់​រង្វាន់​ដែល​អាច​មាន​ការភូតកុហក និង​បោកប្រាស់​នេះ​គ្រាន់តែ​ជា​ផ្នែក​តូច​មួយ​។ ​ប៉ុន្ដែ​ការផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ផលិតផល​ប្រកប​ដោយ​គ្រោះថ្នាក់ ដូចជា​គ្រឿង​ស្រវឹង​ជាដើម រដ្ឋាភិបាល​គួរតែ​ប្រកាស​ជំហរ​បញ្ឈប់​ការ​លើក​ទឹក​ចិត្ដ​ឲ្យ​ផ្សព្វផ្សាយ​បន្តទៀត​។ លោក​ថា បញ្ហា​ជាច្រើន​ក្នុង​សង្គម​ដោយសារ​ការផ្សព្វផ្សាយ​ពី​គ្រឿង​ស្រវឹង​នោះ​ដូចជា បញ្ហា​គ្រឿងញៀន គ្រោះថ្នាក់​ចរាចរណ៍​អំពើ​ហិង្សា​ក្នុង​គ្រួសារ និង​ការរំលោភបំពាន​ផ្លូវភេទ​ជាដើម​៕

វីដេអូ៖