កំពង់ធំៈ រដ្ឋបាលខេត្ត​កំពង់ធំ​បានបង្ហាញ​ពី​បំណង​ស្នើសុំ​បង្កើត​សួនសត្វ​មួយ​នៅក្នុង​ស្រុក​សន្ទុក​នៃ​ខេត្តកំពង់ធំ​នៅលើ​ផ្ទៃដី​ប្រមាណ​ ៥ ​ហិកតា ដែលជា​ដី​របស់​រដ្ឋ​នៅក្បែរ​ភ្នំសន្ទុក ដើម្បី​ចូលរួម​អភិរក្ស​សត្វព្រៃ និង​ទាក់ទាញ​ភ្ញៀវ​ទេសចរ ខណៈ​ទីតាំង​ភូមិសាស្ត្រ​​នៅ​ខេត្ត​នេះ​មាន​អំណោយ​ផល​ច្រើន​។

លោក​ សុខ លូ អភិបាល​ខេត្ត​កំពង់ធំ បាន​ប្រាប់​ភ្នំពេញ-ប៉ុស្តិ៍​កាលពី​ថ្ងៃ​ ២០ មករា ថា នៅក្នុង​ខេត្តកំពង់ធំ គួរតែ​មាន​សួនសត្វ​មួយ ដូច​សួនសត្វ​ភ្នំ​តាម៉ៅ​។ ​ម្យ៉ាង​ខេត្ត​នេះ​ជា​ខេត្ត​នៅ​កណ្តាល​ប្រទេស និង​មាន​សក្តានុពល​ទេសចរណ៍ និង​ជា​ខេត្ត​របស់​បងប្អូន​ឆ្លងកាត់​មក​​ពី​សៀមរាប ភ្នំពេញ កំពង់ឆ្នាំង ក្រចេះ និង​ព្រះវិហារ​ជាដើម​។

លោក សុខ លូ បាន​បន្តថា គម្រោង​បង្កើត​សួនសត្វ​នេះ​​មានការ​គាំទ្រ​ពី​រដ្ឋបាល​ព្រៃឈើ​ដើម្បី​បម្រើ​បងប្អូន​ពលរដ្ឋ​នៅក្នុង​ខេត្ត​ និង​មកពី​ខេត្ត​ផ្សេងទៀត​ដែល​អាច​ចូល​ទស្សនា​បាន​មុននឹង​ទៅ​ទស្សនា​នៅ​​ខេត្តសៀមរាប​ ឬ​ខេត្ត​ផ្សេងៗ​។

បើតាម លោក សុខ លូ គម្រោង​នេះ គឺជា​គម្រោង​របស់​ខេត្ត​ក្នុងការ​ស្នើសុំ​វិនិយោគ​មិនមាន​ក្រុមហ៊ុន​ណាមួយ​មក​ស្នើសុំ​នោះទេ ហើយ​រាល់​ការ​ចំណាយ​ថវិកា​ប៉ុន្មាន​លើ​គម្រោង​នេះ ក៏​មិនទាន់​មាន​នៅឡើយ​ដែរ​ព្រោះ​មិនទាន់​សិក្សា​លម្អិត​។

លោក​បាន​បញ្ជាក់ថា​៖ «​អត់​មាន​ក្រុមហ៊ុន ស្នើ​ទៅ​រដ្ឋបាល​ព្រៃឈើ​ដើម្បី​ធ្វើការ​វិនិយោគ ព្រោះ​ការវិនិយោគ​លើ​សួនសត្វ​នេះ មិនមាន​ឯកជន​ណា​គេ​ចូលរួម​ទេ​...​ជា​គម្រោង​របស់​រដ្ឋបាល​ខេត្តហើយ​គម្រោង​នេះ​អាច​ចាយលុយ​ច្រើន​ដែល​គ្រោង​រៀបចំ​នៅ​លើដី​ប្រមាណ​ ៥ ​ហិកតា​»​។

បើតាម​លោក សុខ លូ ទិសដៅ​របស់​គម្រោង​សួនសត្វ​នេះ គឺ​ការចិញ្ចឹម និង​អភិរក្ស​សត្វព្រៃ ពីព្រោះ​ការ​មានតែ​ភ្នំ​តា​ម៉ៅ​មួយ​មិនទាន់​គ្រប់គ្រាន់​នោះទេ ដែល​ទាមទារ​ឱ្យមាន​ច្រើន​កន្លែង​ថែមទៀត​។ ទោះជា​យ៉ាងណា គម្រោង​នេះ​មិនទាន់​បានកំណត់​ពេល​ចាប់ផ្តើម​អនុវត្ត​ទេ ព្រោះ​ត្រូវការ​ពេល​សិក្សា​ និង​ពិភាក្សាគ្នា​បន្តទៀត​។

លោក ប៊ុន សុទ្ធី នាយក​ស្ដីទី​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​កំពង់ធំ​បាន​ឱ្យដឹង​កាលពី​ថ្ងៃទី​ ២០ ​មករា​ថា នេះ​ជា​បំណង​របស់​លោក អភិបាលខេត្ត ក្នុង​ការបង្កើត​សួនសត្វ​នេះ ក៏ប៉ុន្តែ​​កំពុងស្ថិត​ក្នុងដំណាក់កាល​សិក្សា និង​មិនទាន់​បានសម្រេច​យ៉ាងណាទេ ព្រោះ​ការងារ​នេះ​​នៅ​វែងឆ្ងាយ​ទៀត ហើយក៏​មិនទាន់​កំណត់​ពី​ប្រភេទ​សត្វ​អ្វីខ្លះ​ដែល​ត្រូវ​នាំយក​មក​រក្សាទុក​នៅក្នុង​សួន​នេះដែរ​។

លោក​ថ្លែងថា​៖ «​យើង​កំពុង​ពិភាក្សា​នៅឡើយ​ទេ ប៉ុន្តែ​បើ​មាន​អង្គការ​គេ​ចង់​សហការ យើង​គិត​មើល​សិន ព្រោះ​វា​ស្ថិតនៅ​ក្នុង​ដំណាក់កាល​សិក្សា ព្រោះ​ជា​គំនិត​របស់​ឯកឧត្តម​ សុខ លូ គាត់​ចង់បាន​សួន​នេះ​យូរហើយ​ទោះជា​ការបង្កើត​នេះ​ត្រូវការ​ចាយលុយ​ច្រើន​»​។

លោក ស្រី ឆាយ ស៊ីវលីន ប្រធាន​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា បានឱ្យដឹង​ដែរ​ថា ខេត្តកំពង់ធំ គឺ​ខេត្ត​មាន​សក្តានុពល​ទេសចរណ៍​ប្រវត្តិសាស្ត្រ​​ និង​ជា​ខេត្ត​ឆ្លងកាត់​របស់​ពលរដ្ឋ ហើយ​បើ​មាន​ផែនការ​បង្កើត​សួនសត្វ គឺជា​ការល្អ​មួយ​ថែមទៀត​សម្រាប់​ខេត្ត​នេះ​។

លោកស្រី​បាន​បញ្ជាក់ថា​៖ «​ពី​ ១ ​ឆ្នាំ​ទៅ​ ១ ​ឆ្នាំ យើង​តែងតែ​ចង់បាន​នូវ​ផលិតផល​ថ្មី ដើម្បី​ទាក់ទាញ​ភ្ញៀវទេសចរ​បន្ថែមទៀត ហើយ​នៅពេល​ភ្ញៀវ​មក​យក​កុំឱ្យ​នាំ​ភ្ញៀវទេសចរ​ទៅ​មើល​ផលិតផល​ដដែលៗ​។ ដូច្នេះ បើ​ខេត្ត​នីមួយៗ​បង្កើត​ផលិត​ថ្មីៗ​ដូចជា​សួនសត្វ ឬ​សួន​សិប្បនិមិត្ត​នឹង​ជួយ​លើកស្ទួយ​ ​និង​ទាក់ទាញ​ភ្ញៀវទេសចរ​ក្នុង​​ស្រុក និង​ក្រៅ​ស្រុក​»៕