ខេមបូឌា អ៊ែរវ៉េ នឹង​ចាប់ផ្តើម​បើក​ជើង​ហោះហើរ​អន្តរជាតិ​ដំបូង​របស់​ខ្លួន​ដោយ​ឆ្ពោះ​ត្រង់ពី​រាជធានី​ភ្នំពេញ ទៅ​កាន់​ទីក្រុង​ ម៉ាកាវ នៅ​ថ្ងៃ​អាទិត្យ ទី​២២ ខែ​កក្កដា ឆ្នាំ​ ២០១៨។ ដើម្បី​ធ្វើ​ឲ្យ​ប្រតិបត្តិ​ការ​ហោះហើរ​អន្តរជាតិ​នេះ​ប្រព្រឹត្ត​ទៅ​ដោយ​មាន​ភាព​ជោគ​ជ័យ និង​មាន​ភាព​ងាយស្រួល ខេមបូឌា អ៊ែរវ៉ែ នឹង​ចាប់​ផ្តើម​សេវា​ហោះហើរ​របស់​ខ្លួន​ទៅ​កាន់​ទីក្រុង​ ម៉ាកាវ ចំនួន ៤ ដង ក្នុង​មួយ​សប្តាហ៍ ពោល​គឺ​រៀង​រាល់​ថ្ងៃ​អង្គារ ពុធ សុក្រ និង​អាទិត្យ។

ជើង​ហោះហើរ​អន្តរជាតិ​ដំបូង​របស់​ ខេមបូឌា អ៊ែរវេ KR511 នឹង​ធ្វើ​ការ​ហោះ​ហើរ​នៅ​ម៉ោង ១០:៤៥ ​នាទី​ពី​អាកាស​យានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ហើយ​នឹង​ធ្វើ​ការ​ចុះចត​នៅ​ព្រលាន​យន្តហោះ​អន្តរជាតិ​នៅ​ទីក្រុង ម៉ាកាវ វេលា​ម៉ោង ១៤:០៥ នាទី។ ជើង​ហោះហើរ KR512 នេះ នឹង​ធ្វើ​ការ​ហោះ​ហើរ​ត្រឡប់​មក​ពី​ទីក្រុង​ ម៉ាកាវ ​វិញ នៅ​វេលា​ម៉ោង ២១:៤០ នាទី​យប់​ហើយ​នឹង​ចុះចត​នៅ​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ ​នៅ​វេលា​ម៉ោង ២៣:២៥ នាទី​យប់។

ខេមបូឌា អ៊ែរវ៉េ សម្រេច​ធ្វើការ​ហោះ​ហើរ​ទៅ​ទីក្រុង​ ម៉ាកាវ ដោយសារ​ ខេមបូឌា អ៊ែវវ៉េ ក៏​មាន​ទីផ្សារ​គាំទ្រ​ពី​ភ្នាក់ងារ​ទេសចរណ៍​ជា​ដៃ​គូ​រួម​ជាមួយ​នឹង​តម្រូវ​ការ​ជាច្រើន​ពី​ទីនោះ​ផង​ដែរ។ ភាគ​ច្រើន ភ្ញៀវ​ទេសចរ ជា​ជន​ជាតិ​ចិន​ដែល​មក​ពី​តាម​បណ្តា​ទីក្រុង និង​ខេត្ត​ផ្សេងៗ​នៃ​ប្រទេស​ចិន ឆ្លង​កាត់​តាម​ទីក្រុង​ ម៉ាកាវ មុន​នឹង​ពួក​គាត់​ធ្វើ​ដំណើរ​មក​កាន់​ប្រទេស​កម្ពុជា។

ដោយ​ហេតុ​នេះហើយ​ទើប ខេមបូឌា អ៊ែរវ៉េ សម្រេច​ជ្រើស​រើស​ការ​ហោះ​ហើរ​អន្តរជាតិ​ដំបូង​ទៅ​កាន់​ទីក្រុង​មួយ​នេះ។ ក្រៅពី​ការ​បើក​ឲ្យ​មាន​ដំណើរ​ការ​ហោះ​ហើរ​ទៅ​ទីក្រុង​ ម៉ាកាវ ​នេះហើយ ខេមបូឌា អ៊ែរវ៉េ នឹង​ចាប់​ផ្តើម​បន្ត​ការ​ហោះ​ឆ្ពោះ​ទៅ​កាន់​ទីក្រុង​ ហុងកុង តៃវ៉ាន់ កូរ៉េ​ខាង​ត្បូង ជប៉ុន រួម​ទាំង​ប្រទេស​ ចិន និង​បណ្តា​ប្រទេស​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​ដែល​មាន​ដូច​ជា ប្រទេស​ថៃ សិង្ហ​បុរី ហ្វីលីពីន ផងដែរ។

ចំពោះ​គម្រោង​បន្ទាប់​ក្រុមហ៊ុន​នឹង​ពង្រីក​ជើង​ហោះ​ហើរ​ឲ្យ​កាន់​តែ​ទូលំ​ទូលាយ ទៅ​កាន់​ប្រទេស​ខាង​បែក​អឺរ៉ុប និង​ប្រទេស​ អូស្ត្រាលី។

បន្ថែម​ពី​លើ​ចំណុច​នេះ​ថ្នាក់​ដឹក​នាំ​នៃ​ប្រទេស​ កម្ពុជា និង​ ម៉ាកាវ ក៏​ធ្លាប់​បាន​ជួប​ពិភាក្សា​គ្នា​កាល​ពី​ប៉ុន្មាន​ខែ​កន្លងទៅ​អំពី​ការ​ពង្រីក​សហប្រតិបត្តិ​ការ​ក្នុង​វិស័យ​ទេសចរណ៍ និង​ពាណិជ្ជកម្ម​រវាង​ប្រទេស​ កម្ពុជា និង​ទីក្រុង​ ម៉ាកាវ ​នៃ​ប្រទេស​ ចិន ព្រម​ទាំង​លើក​ទឹក​ចិត្ត​ដល់​ការ​វិនិយាគ លើ​វីស័យ​អាកាសចរណ៍​ឲ្យ​មាន​ការ​ហោះហើរ​ត្រង់​រវាង​ទីក្រុង​ ម៉ាកាវ និង​ប្រទេស​កម្ពុជា។

ខេមបូឌា អ៊ែរវ៉េ សង្ឃឹម​ថា ការ​ហោះហើរ​អន្តរជាតិ​លើក​ដំបូង​នេះ នឹង​ជួយ​ជំរុញ​ដល់​ការ​អភិវឌ្ឍ​របស់​ប្រទេស​កម្ពុជា មិន​ថា​បច្ចុប្បន្ន និង​ទៅថ្ងៃ​អនាគត ព្រោះ​ថា​ កម្ពុជា​​មាន​​តំបន់​ទេសចរណ៍ ដែល​មាន​ភាព​ទាក់​ទាញ​ទាំង​ចំពោះ​ភ្ញៀវ​ជាតិ និង​អន្តរជាតិ និង​មាន​ធនធាន​ធម្មជាតិ​ដ៏​សម្បូរបែប ក៏​ដូចជា​ វប្បធម៌​ជាតិ និង​តំបន់​បុរេ​ប្រវត្តិសាស្ត្រ​គួរ​ឲ្យ​ចាប់​អារម្មណ៍​ជាច្រើន​កន្លែង​ផងដែរ៕