ភ្នំពេញៈ សកម្មជន និងអ្នកគាំទ្រអតីតគណបក្សសង្គ្រោះជាតិដែលកំពុងរស់នៅក្នុងប្រទេសជប៉ុនប្រមាណជារាប់រយនាក់បានប្រមូលផ្ដុំគ្នានៅក្នុងសួនហ៊ីប៊ីយ៉ាកណ្តាល ទីក្រុងតូក្យូ (Tokyo) ក្បែរក្រសួងការបរទេសជប៉ុនកាលពីម្សិលមិញទាមទារឲ្យរដ្ឋាភិបាលជប៉ុនទាត់ចោលលទ្ធផលបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រដែលនឹងធ្វើឡើងនៅថ្ងៃទី ២៩ ខែកក្កដាឆ្នាំ ២០១៨។
លោក ហៃ វណ្ណា មេដឹកនាំក្បួនបាតុកម្មបានឲ្យដឹងតាមការសន្ទនាតាមរយៈហ្វេសប៊ុក កាលពីម្សិលមិញថា៖ «ពួកខ្ញុំធ្វើបាតុកម្មនេះមិនទាន់យកញត្តិទៅដាក់់នៅកន្លែងណាមួយនៅឡើយទេ ប៉ុន្ដែយើងគ្រោងយកញត្តិទៅដាក់នៅក្រសួងការបរទេសជប៉ុននៅក្នុងអំឡុងខែមិថុនានេះ។ យើងមិនចង់ឲ្យរដ្ឋាភិបាលជប៉ុនទទួលស្គាល់លទ្ធផលពីការបោះឆ្នោតក្លែងក្លាយនេះទេ ហើយបើអាចយើងទាមទារឲ្យជប៉ុនបិទទិដ្ឋាការដល់មន្ត្រីពុករលួយ និងមន្ត្រីរំលោភសិទ្ធិមនុស្សរបស់កម្ពុជាកុំឲ្យចូលក្នុងប្រទេសជប៉ុនទៀត»។
យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រុមអ្នកតវ៉ាចេញផ្សាយកាលពីថ្ងៃទី ១៧ មិថុនា បានឲ្យដឹងថាការទាមទារទៅជប៉ុននោះមាន ២ ចំណុចដោយបាតុកម្មទាមទារឲ្យរដ្ឋាភិបាលជប៉ុនបញ្ឈប់ជំនួយគាំទ្រដំណើរការបោះឆ្នោត និងស្នើសុំឲ្យជប៉ុនប្រកាសជាផ្លូវការមិនគាំទ្រការបោះឆ្នោត និងលទ្ធផលការបោះឆ្នោតនៅកម្ពុជា។
លោក Yasushi Akashi មន្ត្រីជំនួយការក្នុងស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា មិនទាន់មានការឆ្លើយតបដល់ភ្នំពេញប៉ុស្តិ៍តាមរយៈអ៊ីមែលទេ កាលពីម្សិលមិញ ក្នុងការសុំអត្ថាធិប្បាយទាក់ទងនឹងការទាមទាររបស់ក្រុមអ្នកតវ៉ានោះ។
ប៉ុន្ដែលោក ហៃ វណ្ណា អះអាងថាញត្តិនោះមានមន្ត្រីនៅក្នុងក្រសួងការបរទេសជប៉ុនក្នុងប្រទេសជប៉ុនម្នាក់មកទទួលដោយប្រាប់ថាគេនឹងយកទៅពិនិត្យ និងបញ្ជូនទៅរដ្ឋាភិបាលជប៉ុននាពេលឆាប់ៗនេះ។
លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ គ.ជ.ប កាលពីម្សិលមិញបានឲ្យដឹងថា ជំនួយរបស់រដ្ឋាភិបាលជប៉ុនគឺជាជំនួយមិត្តភាពយ៉ាងស្មោះត្រង់ជាមួយកម្ពុជា រួមទាំងជួយផ្នែកសេដ្ឋកិច្ច និងវិស័យផ្សេងៗផងដែរ។ ដូច្នេះប្រទេសជប៉ុននឹងមិនធ្វើអ្វីមួយតាមការញុះញង់របស់ជនមួយក្ដាប់តូចនោះទេ។
លោក ពុទ្ធា ថ្លែងថា៖ «យើងមិនមានអ្វីព្រួយបារម្ភទេ ព្រោះប្រទេសជប៉ុនជាប្រទេសឯករាជ្យ ហើយជប៉ុននឹងមិនអាចស្ដាប់តាមការញុះញង់របស់អ្នកនយោបាយមកពីប្រទេសមួយណាឡើយ។ ការតវ៉ានេះវានឹងមិនមានប្រសិទ្ធភាពនោះទេ»។
លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាកាលពីម្សិលមិញមិនអាចទាក់ទងសុំអត្ថាធិប្បាយជុំវិញករណីនេះបានទេ ប៉ុន្ដែពេលថ្មីៗកន្លងមកនេះអះអាងថាការតវ៉ានេះគឺជាសិទ្ធិរបស់ពួកគាត់ ប៉ុន្ដែក៏គ្មានប្រយោជន៍ដែរ។
លោកថ្លែងថា៖ «ចំណែកកម្ពុជាមិនមានអ្វីដែលគួរឲ្យព្រួយបារម្ភទេ ព្រោះសកម្មភាពពួកគេនឹងមិនមានឥទ្ធិពលអ្វីទេ ហើយពលរដ្ឋកំពុងត្រៀមខ្លួននាំគ្នាទៅបោះឆ្នោតដែរគឺមិនមែនអត់បក្សមួយហើយ ស្រែកថាគ្មានប្រជាធិបតេយ្យទេ»៕