ភ្នំពេញៈ ខ្មែរ-អូស្ត្រាលីមួយក្រុមនៅក្នុងប្រទេសអូស្ត្រាលីបានផ្ញើលិខិតមួយច្បាប់ទៅកាន់លោកស្រី Julie Bishop តំណាងរាស្ត្រ និងជារដ្ឋមន្ត្រីក្រសួងការបរទេសអូស្ត្រាលី ដើម្បីស្នើឱ្យរដ្ឋាភិបាលអូស្ត្រាលីថ្កោលទោសលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលពួកគេថាបានធ្វើឲ្យខូចលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។ ប៉ុន្តែអ្នកនាំពាក្យគណបក្សកាន់អំណាចបាននិយាយថា លិខិតនោះត្រូវបានរៀបចំឡើងដោយក្រុមប្រឆាំង។
លិខិតនោះត្រូវចុះហត្ថលេខាដោយមនុស្សប្រមាណ ១០០ នាក់ហើយក៏បានស្នើឱ្យរដ្ឋាភិបាលអូស្ត្រាលីបង្កកទ្រព្យសម្បត្តិ និងកុំឲ្យផ្តល់ទិដ្ឋាការដល់មន្ត្រីជាន់ខ្ពស់កម្ពុជាផងដែរ។
លិខិតដែលចុះថ្ងៃទី ១២ ខែសីហាដែលត្រូវបានគេបង្ហោះនៅលើបណ្តាញសង្គមបានបញ្ជាក់ថា៖ «យើងពលរដ្ឋអូស្ត្រាលីមានការព្រួយបារម្ភយ៉ាងខ្លាំងអំពីការវាយប្រហាររបស់របបលោក ហ៊ុន សែន លើសេរីភាពលទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសកម្ពុជា។ យើងខ្ញុំដឹងថាលោកស្រីគ្រោងនឹងជួបជាមួយកញ្ញា កឹម មនោវិទ្យា នាពេលខាងមុខ ដូច្នេះហើយយើងរួមគ្នាបង្ហាញអំពីកង្វល់នេះ»។
កញ្ញា កឹម មនោវិទ្យា ដែលជាកូនស្រីរបស់ប្រធានអតីតគណបក្សសង្គ្រោះជាតិលោក កឹម សុខាដែលកំពុងជាប់ពន្ធនាគារបច្ចុប្បន្នកញ្ញាកំពុងស្ថិតនៅក្នុងប្រទេសអូស្ត្រាលី។
កញ្ញាបានប្រាប់ប្រព័ន្ធផ្សព្វផ្សាយអូស្ត្រាលីថា កញ្ញានឹងជួបជាមួយលោកស្រី Julie Bishop នៅក្នុងសប្តាហ៍នេះ។ សំណួររបស់កាសែតភ្នំពេញប៉ុស្តិ៍ដែលផ្ញើទៅកញ្ញា មនោវិទ្យា កាលពីម្សិលមិញមិនទាន់ទទួលបានការឆ្លើយតបនោះទេ។
លោកស្រី Julie Bishop ថ្លែងទៅកាន់ប្រព័ន្ធផ្សព្វផ្សាយអូស្ត្រាលីកាលពីប៉ុន្មានសប្តាហ៍មុនថា រដ្ឋាភិបាលអូស្ត្រាលីនឹងរួមគ្នាជាមួយសហរដ្ឋអាមេរិកដើម្បីឆ្លើយតបនឹងស្ថានការណ៍នៅកម្ពុជា។ លោកស្រីបានថ្លែងថានៅមាន «ជម្រើសជាច្រើន»។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាលោក សុខ ឥសាន បានវាយបកទៅលិខិត និងទៅកញ្ញា មនោវិទ្យា វិញថាពួកគេគឺជាក្រុមតែមួយ។
លោកថ្លែងថា៖ «គាត់បានធ្វើដូច្នេះតាំងពីមុនការបោះឆ្នោតមកម្ល៉េះ។ នេះគឺជាគំនិតចាស់របស់គាត់ យើងមិនគួរយកចិត្តទុកដាក់ជាមួយគាត់ដែលកំពុងតោងដៃតោងជើងចៅហ្វាយរបស់គាត់នោះទេ។ មិនថា គាត់ធ្វើអ្វីក៏ដោយ វាមិនមានប្រសិទ្ធភាពដូចដែលគាត់ចង់បាននោះទេ»។
លោកបន្ថែមថា៖ «នៅក្នុងទំនាក់ទំនងអន្តរជាតិ ប្រសិនបើអូស្ត្រាលីមិនបានបង្ហាញអំពីចេតនា ដកស្ថានទូតរបស់ខ្លួនចេញពីប្រទេសកម្ពុជាទេនោះពួកគេគឺមិនទទួលស្គាល់ក្រុមបះបោរក្រៅច្បាប់ទាំងនោះទេ។ ពួកគេទទួលស្គាល់រដ្ឋាភិបាលស្របច្បាប់។ ដូច្នេះហើយសំណើរបស់ពួកគេដើម្បីបង្កឱ្យមានភាពវឹកវរនៅក្នុងប្រទេសកម្ពុជានឹងមិនទទួលបានលទ្ធផលអ្វីឡើយ»។
លោកសង្កត់ធ្ងន់ថា៖ «សូម្បីសហរដ្ឋអាមេរិកលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ក៏មិនបាននិយាយអាក្រក់ពីកម្ពុជាដែរ។ គឺមានតែតំណាងរាស្ត្រដែលមកពីគណបក្សប្រឆាំង ឬអ្នកដែលមានគំនិតអាក្រក់ដែលបានប្រមាថកម្ពុជា»។
កញ្ញា កឹម មនោវិទ្យា បានហៅប្រទេសអូស្ត្រាលីថាជា «មណ្ឌលម៉ាហ្វីយ៉ា» របស់ឥស្សរជនពុករលួយកម្ពុជា ហើយកញ្ញាថានាងមានការភ័យខ្លាចជាមួយនឹងក្រុមនេះ។
ប៉ុន្តែលោក សុខ ឥសាន ថ្លែងថាការអត្ថាធិប្បាយបែបនេះគឺគ្មានអ្វីក្រៅពីការប្រមាថមើលងាយដល់អាជ្ញាធរអូស្ត្រាលីនោះទេ។
លោកថ្លែងថា៖ «គាត់មិនត្រឹមតែមើលងាយដល់គណបក្សប្រជាជនកម្ពុជា និងមន្ត្រីរដ្ឋាភិបាលប៉ុណ្ណោះទេ ប៉ុន្តែគាត់ថែមទាំងមើលងាយដល់អាជ្ញាធរអូស្ត្រាលីថែមទៀតផង»។
លោកបានចោទសួរថា៖ «តើអាជ្ញាធរអូស្ត្រាលីអាចមិនអើពើជាមួយនឹងការលាងលុយកខ្វក់ និងការរត់ពន្ធខុសច្បាប់យ៉ាងដូចម្តេច? នេះគឺជាការប្រមាថលើអធិបតេយ្យភាព និងភាពជាអ្នកដឹកនាំរបស់គេ»៕ NS