ភ្នំពេញៈ ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​បាន​ទទួល​ស្គាល់​ជា​ផ្លូវការ គណបក្ស​នយោបាយ​ចំនួន ១៥ ហើយ​ក្នុង​ចំណោម​គណបក្ស​នយោបាយ​ចំនួន ២០ ដែល​បាន​ចុះ​បញ្ជី​ឈ្មោះ​បោះឆ្នោត និង​បញ្ជី​បេក្ខជន​ឈរ​ឈ្មោះ​សម្រាប់​ការបោះឆ្នោត​ជាតិ​នា​ខែ​កក្កដា​ខាង​មុខ​។

លោក ឌឹម សុវណ្ណារុំ សមាជិក និង​ជា​អ្នក​នាំពាក្យ គ.ជ.ប បាន​ថ្លែង​ថា​គិត​ត្រឹម​ថ្ងៃទី​ ២០ ខែ​ឧសភា​មាន​គណបក្ស​ចំនួន ១៥ ក្នុង​ចំណោម​គណបក្ស ២០ ដែល​បាន​ចុះ​បញ្ជី​នៅ គ.ជ.ប ត្រូវ​បាន​ទទួល​ស្គាល់​ជា​ផ្លូវការ​។ លោក​ថ្លែង​តាម​ប្រព័ន្ធ​ទំនាក់​ទំនង​សង្គម​តេលេក្រាម​ថា​៖ «​គ.ជ.ប បាន​ទទួល​ស្គាល់​គណបក្ស ២ ទៀត​ហើយ​ចុះ​បញ្ជី​ជា​ផ្លូវការ​សរុប ១៥ គិត​ត្រឹម​ថ្ងៃ​នេះ​ទី​ ២០ ខែ​ឧសភា ឆ្នាំ​ ២០១៨ សម្រាប់​នីតិកាល​ទី ៦ គឺ​គណបក្ស​ខ្មែរ​ក្រោក​ឈរ​នៅ​៦ មណ្ឌល និង​គណបក្ស​សាធារណរដ្ឋ​ប្រជាធិបតេយ្យ ឈរ​នៅ ១៦ មណ្ឌល​»​។

គ.ជ.ប ប្រកាស​ឈប់​ទទួល​ការចុះ​បញ្ជី​គណបក្ស​ថ្មី​កាលពី​ថ្ងៃទី​ ១៤ ខែ​ឧសភា បន្ទាប់ពី​បាន​បើក​ឲ្យ​គណបក្ស​នយោបាយ​ចុះ​ឈ្មោះ និង​បំពេញ​តាម​នីតិវិធី ចាប់​តាំងពី​ថ្ងៃ​ទី​ ៣ ខែ​មេសា​មក​។

មន្ត្រី គ.ជ.ប បាន​កោតសរសើរ​ពី​ចំនួន​គណបក្ស​នយោបាយ​ច្រើន​ចូលរួម​ប្រកួត​ប្រជែង​ដោយ​ប្រៀបធៀប​កាលពី​ការបោះឆ្នោត​ជាតិ​ឆ្នាំ​ ២០១៣ ដែល​មាន​គណបក្ស​តែ ៨ ចូលរួម​ ប៉ុន្តែ​អង្គការ​សង្គម​ស៊ីវិល​ និង​អតីត​គណបក្ស​ប្រឆាំង​បាន​លើក​ទឡ្ហីករ​ថា ការបោះឆ្នោត​នាពេល​ខាង​មុខ​នេះ​នឹង​មិន​ប្រព្រឹត្ត​ទៅ​ដោយ​សេរី​ និង​យុត្តិធម៌​នោះ​ទេ​ ខណៈ​គណបក្ស​ប្រឆាំង​ដ៏ធំ​ត្រូវ​បាន​រំលាយ​មុន​ការបោះឆ្នោត​មក​ដល់​។

បើ​តាម​លោក សុវណ្ណារុំ គណបក្ស ១៣ ទៀត​ដែល​ត្រូវ​បាន គ.ជ.ប ប្រកាស​ទទួល​ស្គាល់​រួច​ហើយ រួមមាន​គណបក្ស​ធម្មាធិបតេយ្យ ឈរ​នៅ ១០ ​មណ្ឌល​គណបក្ស​មាតុភូមិ​យើង​ឈរ​នៅ​ ៦ មណ្ឌល គណបក្ស​ខ្មែរ​ឈប់​ក្រ ឈរ​នៅ ២៥ មណ្ឌល គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ ឈរ​នៅ ២៥ មណ្ឌល​គណបក្ស​សំបុក​ឃ្មុំ សង្គម​ប្រជាធិបតេយ្យ ឈរ​នៅ ២៥ មណ្ឌល​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន ឈរ​នៅ ២៥ មណ្ឌល គណបក្ស​ខ្មែរ​តែ ១ ឈរ​នៅ​ ១៦ ​មណ្ឌល គណបក្ស​ពន្លឺ​ថ្មី​ឈរ​នៅ​ ១៣ ​មណ្ឌល គណបក្ស​ប្រជាជន​កម្ពុជា ឈរ​នៅ ២៥ មណ្ឌល គណបក្ស​យុវជន​កម្ពុជា ឈរ​នៅ ១៧ មណ្ឌល គណបក្ស​សញ្ជាតិ​កម្ពុជា ឈរ​នៅ ២៥ មណ្ឌល គណបក្ស​ខ្មែរ​រួបរួម​ជាតិ ឈរ​នៅ ២៥ មណ្ឌល និង​គណបក្ស​ហ៊្វុនស៊ិនប៉ិច​ឈរ​នៅ ២៥​មណ្ឌល​។ លោក​បន្ថែម​ថា​នៅ​ថ្ងៃទី ២១ ខែ​ឧសភា​នេះ គ.ជ. ប នឹង​ទទួល​ស្គាល់​គណបក្ស​ដទៃ​ទៀត​។

លោក ផៃ ស៊ីផាន អ្នក​នាំពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​ថ្លែង​ថា​ទោះបី​គ្មាន​វត្តមាន​គណបក្ស​ប្រឆាំង​ចូលរួម​ក៏​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​រីកចម្រើន​ដែរ​។

លោក​បន្ត​ថា​៖ «​មិនមែន​បាត់បង់​គណបក្ស​មួយ​ធ្វើឲ្យ​បាត់បង់​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​ទេ​។ យ៉ាង​ហោច​ណាស់​មាន​គណបក្ស​មួយ​ចំនួន​ធំ​ដែល​មាន​និន្នាការ​ប្រជែង​យក​អំណាច​ជាមួយ​គណបក្ស​ប្រជាជន​។ ការ​ប្រជែង​យក​អំណាច​ជាមួយ​គណបក្ស​ប្រជាជន​គឺជា​ការបង្កើន​នូវ​ឥទ្ធិពល នៃ​អំណាច​ប្រជាពលរដ្ឋ​នេះ​ឯង​។ ដូច្នេះ​ចំនួន​គណបក្ស​ដែល​ប្រជែង​ជាមួយ​គណបក្ស​ប្រជាជន​ចុះ​ឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត​ជាមួយ​គណកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​បង្ហាញ​ថា​អំណាច​របស់​ប្រជាពលរដ្ឋ គឺ​កើនឡើង​លទ្ធិប្រជាធិបតេយ្យ​រឹត​តែ​រឹងមាំ​»​។

ប៉ុន្តែ​អតីត​តំណាងរាស្ត្រ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​លោក អ៊ូ ចាន់រ័ត្ន ​បាន​ថ្លែង​កាលពី​ម្សិលមិញ​ថា គណបក្ស​ដែល​បាន​ចុះ​ឈ្មោះ​ចូលរួម​ប្រកួត​ទាំង​ ២០ ​នោះ​មិន​អាច​នាំ​យក​នូវ​លទ្ធិប្រជាធិបតេយ្យ​ត្រឡប់​មក​វិញ​បាន​ទេ ដោយសារ​តែ​សំឡេង​របស់​ពួកគេ​ «​មិន​មាន​ប្រសិទ្ធភាព ពួកគេ​ខ្សោយ​ និង​តូច​ពេក​»​។ លោក​បន្ថែម​ថា​៖ «​ពួកគេ​អាច​តំណាង​ប្រជាពលរដ្ឋ​ក្នុង​ចំនួន​តូច​ណាស់​។ វា​នឹង​មិន​ឆ្លុះ​បញ្ចាំង​ឆន្ទៈ​របស់​ប្រជាពលរដ្ឋ​ទេ​»​។

លោក សម រង្ស៊ី អតីត​ប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ និង​បច្ចុប្បន្ន​ជា​ប្រធាន​ចលនា​សង្គ្រោះ​ជាតិ​បាន​ថ្លែង​កាលពី​ចុង​សប្ដាហ៍​មុន​ថា បើ​ទោះបី​ជា​មាន​ចំនួន​គណបក្ស​ចូលរួម ២០ ​ឬ​ ២០០ ឬ​ច្រើន​ជាង​នេះ​ក៏​ការបោះឆ្នោត​នាពេល​ខាង​មុខ​នេះ​គ្មាន​ន័យ​ដែរ​។

លោក​បាន​អះអាង​ថា​៖ «​ក្នុង​ចំណោម​គណបក្ស​ ២០ ​ដែល​បាន​ប្រកាស​គណបក្ស ១៩ ជា​គណបក្ស​អំពិល​អំពែក​ដោយសារ​លក្ខណៈ​សិប្បនិម្មិត និង​ភាព​មិន​ស្ថិតស្ថេរ​របស់​ពួកគេ​ដែល​ដើរតួ​តែ​មួយ​គត់​គឺ​ជួយ​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក​ ហ៊ុន សែន ដែល​គណបក្ស​នេះ​ត្រូវការ​យ៉ាង​ខ្លាំង​ដើម្បី​ទទួល​បាន​ភាពស្រប​ច្បាប់​សម្រាប់​ការបោះឆ្នោត​ក្លែងក្លាយ ដែល​ត្រូវ​បាន​ថ្កោលទោស​ដោយ​ប្រទេស​ប្រជាធិបតេយ្យ​ទាំងអស់​»៕ PS