ភ្នំពេញៈ លោកគ្រូ និង អ្នកគ្រូ​រួមទាំង​សិស្សានុសិស្ស​នៅ​ក្នុង​វិទ្យាល័យ ព្រះស៊ីសុវត្ថិ ប្រមាណ​ជាង​ ១០០ ​នាក់​បាន​ប្រមូល​ផ្ដុំគ្នា​នៅ​មុខ​ និង​ក្នុង​បរិវេណ​សាលា​ប្រឆាំង​ទៅ​លើ​ការអនុវត្ត​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា​ដែល​បានសម្រេច​ផ្ទេរ​តួនាទី​នាយក​វិទ្យាល័យ និង​គោលនយោបាយ​ស្ដីពី​សាលារៀន​ជំនាន់​ថ្មី​ដែល​ជា​គោលបំណង​ពង្រឹង​គុណភាព​នៅក្នុង​ប្រព័ន្ធ​អប់រំ​ទាំងមូល​។

យោង​តាម​សារ​ដែល​បាន​សរសេរ​នៅ​លើ​បដា​បាន​ឲ្យ​ដឹង​ថា លោកគ្រូ​ និង​អ្នកគ្រូ​រួម​ទាំង​សិស្ស​បាន​អំពាវនាវ​ដល់​លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ដោយ​សុំ​រក្សា​ទុក​លោក មូល ស៊ុយហេង នៅ​ជា​នាយក​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ​បន្ត ហើយ​បាន​ចាត់ទុក​ថា​គោលនយោបាយ​ស្ដីពី​សាលារៀន​ជំនាន់​ថ្មី​នឹង​បង្កើត​ឲ្យ​មាន​ភាព​រើសអើង​ក្នុង​ចំណោម គ្រូ សិស្ស និង​គណៈ​គ្រប់គ្រង​សាលា​រួម​ទាំង​ប្រឆាំង​គោលការណ៍​លទ្ធិប្រជាធិបតេយ្យ​។

សារលើ​បដា​ទាំង​នោះ​បាន​បង្ហាញ​ឲ្យ​ដឹងថា​៖ «​សាលា​ជំនាន់​ថ្មី​បាន​ធ្វើឲ្យ​សិស្ស​ និង​សិស្ស គ្រូ​ និង​គ្រូ និង​គណៈគ្រប់គ្រង​មាន​ការ​រើសអើង​គ្នា និង​គ្នា​»​។ «​ការបង្កើត​សាលា​ជំនាន់​ថ្មី​នៅក្នុង​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ​ធ្វើឲ្យ​បាត់បង់​បេតិកភណ្ឌ​ជាតិ​»​។ «​សូម​សម្ដេច​ជួយ​លោកគ្រូ អ្នកគ្រូ​ដែល​គាត់​បង្រៀន​ជាយូរ​ណាស់​មក​ហើយ​»​។

លោកស្រី ណុប សាវុធ គ្រូបង្រៀន​មុខវិជ្ជា​ប្រវត្តិវិទ្យា​នៃ​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ​តាំងពី​ឆ្នាំ​ ១៩៩៩ ​មក​បាន​អះអាង​នៅ​ក្នុង​ការតវ៉ា​នោះ​ថា​លោក មូល ស៊ុយហេង នាយក​វិទ្យាល័យ​មិន​ដែល​ប្រព្រឹត្ដ​កំហុស​អ្វី​ទេ ហើយ​ក៏​មិន​ដែល​ធ្វើ​ឲ្យ​កូន​ចៅ​អាក់អន់​ចិត្ដ​ដែរ ដូច្នេះ​ក្រុម​អ្នកគ្រូ​មិន​យល់​ព្រម​ចំពោះ​ការផ្ទេរ​តួនាទី​នេះ​ទេ​។

លោកស្រី សាវុធ បាន​ថ្លែង​ថា​៖ «​ធម្មតា​ពេល​គេ​ចង់​ដក គេ​តែងតែ​ទម្លាក់​កំហុស​អី​មក​គាត់​ហើយ​។ ទីបំផុត​ដល់​ពេល​ពួកយើង​តវ៉ា ទើប​គេ​ថា មកពី​គាត់​មាន​សមត្ថភាព​ទើប​ផ្ទេរ​គាត់​»​។

យុវតី សំ ថារី សិស្ស​វិទ្យាល័យ​ស៊ីសុវត្ថិ បាន​អះអាង​ថា​៖ «​ខ្ញុំ​យល់​ថា​មាន​ភាព​អយុត្ដិធម៌​ច្រើន ព្រោះ​នៅ​តាម​ស្ថាប័ន ឬ​ក្រសួង​មួយ​ការ​ដក​តួនាទី​អ្វី​មួយ​ត្រូវ​តែ​មាន​ការចូលរួម​ការបោះឆ្នោត​ពី​បុគ្គលិក​នៅ​ស្ថាប័ន​នោះ​។ ព្រោះ​ប្រទេស​យើង​ជា​ប្រទេស​ប្រជាធិបតេយ្យ ហេតុអ្វី​ក៏​មិន​អនុវត្ដ​តាម​លទ្ធិប្រជាធិបតេយ្យ​អ៊ីចឹង​»​។

លោក ឌី ខាំបូលី អ្នក​នាំពាក្យ​ក្រសួង​អប់រំ យុវជន និង​កីឡា​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ម្សិលមិញ​ថា ការផ្ទេរ​ភារកិច្ច​គឺជា​ដំណើរការ​នៃ​ការអនុវត្ត​ទូទៅ​របស់​ក្រសួង​អប់រំ​ប៉ុណ្ណោះ​។

លោក ខាំបូលី ថ្លែង​ថា​៖ «​រឿង​ការផ្ទេរ​ភារកិច្ច​មន្ដ្រី​នៃ​ក្រសួង​អប់រំ មិនមែន​ជា​រឿង​ចម្លែក​ទេ យើង​តែងតែ​ធ្វើ​ឡើង​ជា​រៀងរាល់​ពេល​តាម​តម្រូវការ​ចាំបាច់​ណា​មួយ​នៃ​ការផ្ទេរ​ភារកិច្ច​។ ក្រសួង​នឹង​ផ្ទេរ​គាត់​ពី​នាយកវិទ្យាល័យ​ព្រះស៊ីសុវត្ថិ​ទៅ​ធ្វើការ​នៅ​នាយកដ្ឋាន​មធ្យមសិក្សា​ចំណេះដឹង​ទូទៅ​ក្រោម​ឱវាទ​ក្រសួង​អប់រំ​»​។

ជាមួយ​គ្នា​នេះ​ដែរ​លោកស្រី សាវុធ បាន​អះអាង​ពី​ផលប៉ះពាល់​បណ្ដាល​មកពី​សាលា​រៀន​ជំនាន់​ថ្មី​ថា​ពី​មុន​រយៈពេល​ ៣ ​ឆ្នាំ​សាលា​ជំនាន់​ថ្មី​នេះ អត់​បង់​លុយ​ទេ ព្រោះ​មាន​អង្គការ​គេ​ជួយ ប៉ុន្ដែ​ឥឡូវ​រៀន​ចប់​ត្រូវ​ឲ្យ​សិស្ស​បង់​លុយ​ហើយ ឮ​ថា​អ្នក​ខ្លះ​ឲ្យ​បង់​តាម​សមត្ថភាព ចុះ​បើ​គ្នា​អត់​សមត្ថភាព អ៊ីចឹង​បើ​ចង់​ចូលរៀន​ក៏​មិន​ហ៊ាន​ចូល​ដែរ​។ ការដែល​សាលា​ជំនាន់​ថ្មី​នេះ​ត្រូវ​បង់​លុយ គឺ​អាច​នឹង​បង់​លុយ​ពេញ​មួយ​សាលា​តែ​ម្ដង ហើយ​សាលា​នេះ​ជា​សាលា​រដ្ឋ​ដល់​ទៅ​ជា​បង់លុយ​អ៊ីចឹង​ទៅ​វា​ទៅ​ជា​សាលា​ឯកជន​ហើយ​។ ដំបូង​ថា​បើក​ដំណើរការ​តែ​ ៣ ​ឆ្នាំ​ទេ តែ​ឥឡួវ​បន្ដ​ទៀត​ដោយ​លើក​ឡើង​ថា​រីកចម្រើន​។ រីកចម្រើន​របៀប​ម៉េច បើ​រើស​សិស្ស​ចូល​រៀន​រកតែ​សិស្ស​ពូកែ ប្រឡង​ចូល ដល់​សិស្ស​អត់​ពូកែ​គេ​អត់​យក​ចូល​រៀន​ទេ ហើយ​គេ​ថា សាលា​គេ​រីកចម្រើន​។​នៅ​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ​នេះ មាន​នាយក​សាលា​ ២ គឺ​នាយក​សាលា​ជំនាន់​ថ្មី​មួយ និង​នាយក​សាលា​ចំណេះ​ទូទៅ​ផ្សេង​។

លោកស្រី សាវុធ ថ្លែង​ថា​៖ «​តាំងពី​មាន​សាលា​ជំនាន់​ថ្មី​ហ្នឹង​មក គឺ​ពួកយើង​ចែក​ក្រុម​គ្នា​តែ​ម្ដង​។ លោក​នាយក​ឱន​លំទោន​ជាមួយ​គេ ចំណែក​គេ​វិញ​រឹងត្អឹង​ជាមួយ​យើង​តែ​ម្ដង ដូច​គិត​ថា​យើង​ហ្នឹង​អត់​ចេះ​អី​សោះ ហើយ​គេ​នោះ​សុទ្ធតែ​អ្នក​ចេះ​»​។

លោក ខាំបូលី ថ្លែង​ថា​គោលនយោបាយ​អប់រំ​សាលារៀន​ជំនាន់​ថ្មី​នេះ ក្រសួង​បាន​ដាក់​បញ្ចូល​ទៅ​ចំនួន​ ១០ ​សាលារៀន​រួច​ហើយ​ក្នុង​នោះ ៦ ​សាលា​កម្រិត​មធ្យមសិក្សា និង ៤ ​សាលា​កម្រិត​បឋមសិក្សា និង​បាន​ដាក់​ចេញ​អស់​រយៈពេល ៣ ​ឆ្នាំ​កន្លង​មក​ហើយ​។

លោក មូល ស៊ុយហេង នាយកវិទ្យាល័យ ព្រះស៊ីសុវត្ថិ​មិន​អាច​សុំ​ការបកស្រាយ​បាន​ទេ​ដោយ​បាន​ដើរ​ចេញ​ពី​ក្រុម​សារព័ត៌មាន​។

លោក ហង់ ជួនណារ៉ុន រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា​បាន​ថ្លែង​នៅក្នុង​បុព្វកថា​ដែល​ចុះហត្ថលេខា​កាលពី​ថ្ងៃទី​ ១៣ កញ្ញា ឆ្នាំ​ ២០១៦ បាន​ឲ្យ​ដឹងថា​ក្រសួង​បាន​រៀបចំ​គោលនយោបាយ​ស្ដីពី​សាលារៀន​ជំនាន់​ថ្មី​ក្នុង​គោលបំណង​ពង្រឹង​គុណភាព​នៅក្នុង​ប្រព័ន្ធ​អប់រំ​ទាំងមូល​។ ព្យាយាម​បង្កើត​គំរូ​អភិវឌ្ឍន៍​ថ្មី​នៅក្នុង​ប្រព័ន្ធ​អប់រំ​សាធារណៈ​ដែល​នឹង​នាំ​ទៅ​ដល់​ការបង្កើត​សាលារៀន​សាធារណៈ​ស្វយ័ត ដែល​ទទួល​បាន​ការវិនិយោគ​ខ្ពស់​ផ្សារភ្ជាប់​នឹង​ស្តង់ដារ​ថ្មី​មាន​គណនេយ្យភាព និង​អភិបាលកិច្ច​ល្អ​ព្រម​ទាំង​ស្តង់ដារ​វិជ្ជាជីវៈ​សម្រាប់​ការសិក្សា​នៅ​ក្នុង​សតវត្សរ៍​ ២១​។

លោក ឌី ខាំបូលី បាន​អះអាង​ថា​សាលា​ជំនាន់​ថ្មី​នេះ​ក៏​ជា​សាលា​របស់​រដ្ឋ ហើយ​ក៏​ជា​សាលា​របស់​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ​ដែរ​។ គ្រាន់​តែ​ការជ្រើសរើស​អ្នក​គ្រប់គ្រង ការជ្រើសរើស​គ្រូ​យក​មក​បង្រៀន និង​ការ​ជ្រើសរើស​សិស្ស​ឲ្យ​មក​ចូល​រៀន​គឺ​ត្រូវ​មាន​ស្ដង់ដារ​ខ្ពស់​អាច​ប្រៀប​បាន​ទៅ​នឹង​ប្រទេស​អភិវឌ្ឍន៍​មួយ​ចំនួន​នៅក្នុង​តំបន់​។

លោក ខាំបូលី បាន​ថ្លែង​ថា​៖​ «​យើង​និយាយ​ពី​សាលា​ជំនាន់​ថ្មី​គឺ​មាន​ភាព​ខុសប្លែក​ពី​សាលា​ធម្មតា ប៉ុន្ដែ​អ្វី​ដែល​យើង​បង្កើត​នេះ​គឺ​នៅក្នុង​ដំណាក់កាល​សាកល្បង​។ សិស្ស​ចូលរៀន​នៅ​សាលា​ជំនាន់​ថ្មី​គឺ​ត្រូវ​មាន​ការប្រកួត​ប្រជែង ទាល់​តែ​គ្រប់​លក្ខខណ្ឌ​ទើប​អាច​ចូល​រៀន​បាន​។ គ្រូ​ដូច​គ្នា បើ​ចង់​ចូល​បង្រៀន​ទាល់​តែ​ដាក់​ពាក្យ​ប្រឡង​ចូល​បង្រៀន ហើយ​បើ​សិន​ជា​ធ្វើការ​វាយតម្លៃ​រយៈពេល​ ១ ​ឆ្នាំ បើ​មិន​មាន​លក្ខណសម្បត្ដិ​គ្រប់គ្រាន់​ទេ​គឺ​ត្រូវ​ចេញ​មក​វិញ​។ កាលណា​គ្រូ​មិន​ទាន់​មាន​សមត្ថភាព​ចូល​ទៅ​បង្រៀន អ៊ីចឹង​គាត់​អាច​ប្រឹងប្រែង​រៀនសូត្រ​អភិវឌ្ឍ​សមត្ថភាព​»៕