
ផ្លូវក្រោយអនុវិទ្យាល័យសម្ដេចឪនៅខេត្តព្រះសីហនុដែលគ្រូបង្រៀនមួយចំនួនជំទាស់មិនឱ្យពង្រីកថែម។ រូប ហ្វេសប៊ុក
តាមបណ្ដឹងរបស់លោកគ្រូអ្នកគ្រូនៅអនុវិទ្យាល័យសម្តេចឪចំនួន៥៣នាក់ចុះថ្ងៃទី៤កញ្ញាថា ពួកគាត់មិនយល់ព្រមឱ្យពង្រីកផ្លូវដោយធ្វើតែភាគីសាលារៀនទេដោយហេតុថាសាលាបានសម្បទានដីឲ្យធ្វើផ្លូវម្ដងហើយ។ម៉្យាងវាអាចប៉ះពាល់ដល់អគារសិក្សានិងរំខានដល់ការសិក្សារបស់សិស្សតាមរយៈសំឡេងនិងបាត់បង់ទ្រព្យសម្បត្តិ។
បណ្ដឹងនោះរៀបរាប់ថា«… ទំហំផ្លូវបច្ចុប្បន្នសមរម្យដែលមានទទឹង៦ម៉ែត្រមិនបង្កឲ្យមានការកកស្ទះចរាចរណ៍នៅពេលសិស្សចូលឬចេញពីសាលារៀនទេ…យើងខ្ញុំជាគ្រូបង្រៀនក្នុងសាលានេះមានបំណងថែរក្សាទ្រព្យសម្បត្តិសាធារណៈដែលជាកន្លែងសម្រាប់ផ្ដល់ចំណេះដឹងនិងធនធានមនុស្ស…»។
លោក កែវ ឡាយ ប្រធានមន្ទីរអប់រំយុវជននិងកីឡាខេត្តព្រះសីហនុបានថ្លែងថា លោកគ្រាន់តែជាអ្នកនាំពាក្យរបស់ប្រជាសហគមន៍ប្រមាណជាង៤០គ្រួសារដែលរស់នៅខាងក្រោយសាលារៀននោះដោយពួកគាត់បានធ្វើសំណើមួយទៅលោកអភិបាលខេត្តដើម្បីស្នើសុំពង្រីកផ្លូវបន្ថែម៣ម៉ែត្រលើទំហំផ្លូវដែលមានស្រាប់ទំហំ៦ម៉ែត្រដែលមានប្រវែង ៤២០ម៉ែត្រ។
លោកបន្តថា លោកអភិបាលខេត្តបានទទួលសំណើនេះក៏បានបង្គាប់ឲ្យលោកសម្របសម្រួលជួយពង្រីកផ្លូវនេះដើម្បីងាយស្រួលដល់ការធ្វើដំណើរនិងស្រួលធ្វើចរាចរណ៍ពេលមានអាសន្នកើតឡើងប៉ុន្ដែត្រូវបានលោកគ្រូ-អ្នកគ្រូចំនួន ៥៣នាក់បដិសេធចំពោះគម្រោងនេះ។
លោក កែវ ឡាយ បានបញ្ជាក់ថា៖ «ការប្ដឹងជំទាស់នេះខ្ញុំបានទទួលដំណឹងហើយ ហើយខ្ញុំបានរាយការណ៍ទៅឯកឧត្តមអភិបាលខេត្តជ្រាបឯកឧត្តមក៏បានប្រាប់ខ្ញុំវិញថា បើគេជំទាស់ហើយ អ៊ីចឹងយើងមានតែផ្អាកសិនទៅអ៊ឹចឹង ហើយគាត់ក៏ឲ្យខ្ញុំទៅសម្របសម្រួលជាមួយពួកគាត់សិន។ ប៉ុន្ដែខ្ញុំបានជូនយោបល់មួយទៅឯកឧត្តមអភិបាលថា ប្រសិនបើអាចយើងគួរពង្រីកត្រឹមតែ២ម៉ែត្របានហើយ ហើយអភិបាលខេត្តគាត់ថាចុះទៅមើលសិនអ៊ីចឹង។ឥឡូវនេះយើងអត់ទាន់ធ្វើអ្វីទេ ចាំមើលស្ថានភាពជាក់ស្ដែងសិន»។
ប្រជាសហគមន៍ប្រមាណជាង៤០គ្រួសារកាលពីថ្ងៃទី២៥ខែសីហាឆ្នាំនេះបានដាក់សំណើទៅអភិបាលខេត្តព្រះសីហនុលោក យន្ត មីន ដើម្បីសុំពង្រីកផ្លូវទទឹង៣ម៉ែត្របន្ថែមលើ៦ម៉ែត្រដែលមានស្រាប់និងបណ្ដោយ៤២០ម៉ែត្រប៉ុន្ដែត្រូវបានគ្រូបង្រៀនចំនួន៥៣នាក់បានផ្ដិតស្នាមមេដៃប្ដឹងជំទាស់ ៕