រតនគិរី: ប្រធាន​មន្ទីរពេទ្យបង្អែក​ខេត្ត​រតនគិរី​លោក ហ៊ីងផាន សគន្ធា បាន​សម្រេច​ដកតំណែង​លោក ចាន់ សុខជា មុខជំនាញ​បច្ចេកទេស​គិលានុបដ្ឋាក​បឋម​បម្រើ​ការងារ​នៅ​ផ្នែក​ពិគ្រោះ​ជំងឺ​ក្រៅ​ឲ្យ​មក​បម្រើការ​នៅ​ផ្នែក​រដ្ឋបាល​ហិរញ្ញវត្ថុ​វិញ បន្ទាប់ពី​អ្នកជំងឺ​ម្នាក់​បាន​ចោទ​លោក​ថា​បាន​ច្របាច់ក​គាត់​​ក្នុង​ទំនាស់​ពាក្យសម្ដី​គ្នា ប៉ុន្ដែ​គ្រូពេទ្យ​រូបនេះ​បាន​បដិសេធ​។

តាម​លិខិត​ចាត់តាំង​របស់​លោក ហ៊ីងផាន សគន្ធា ចុះ​ថ្ងៃទី​ ១៣ ខែ​វិច្ឆិកា​​ ដែល​ភ្នំពេញ​ប៉ុស្ដិ៍​ទទួល​បាន​ពី​ថ្ងៃ​​ម្សិលមិញ​ឲ្យ​ដឹងថា លោក ចាន់ សុខជា អាយុ ៣៤ ​ឆ្នាំ​ មុខជំនាញ​បច្ចេកទេស​គិលានុបដ្ឋាក​បឋម​បម្រើការ​នៅ​ផ្នែក​ពិគ្រោះ​ជំងឺ​ក្រៅ ត្រូវបាន​ផ្អាក​ការងារ​បណ្ដោះអាសន្ន​ឲ្យ​មក​បម្រើ​ការងារ​នៅ​ផ្នែក​រដ្ឋបាល​ហិរញ្ញវត្ថុ​ (​វត្តមាន​ចាំបាច់​នៅ​ផ្នែក​រដ្ឋបាល​រាល់​ម៉ោង​ធ្វើការ​)​។

លោក ហ៊ីងផាន សគន្ធា បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​កាលពី​ម្សិលមិញ​ថា ករណីនេះ​លោក​បាន​ចាត់​វិធានការ​តាម​នីតិវិធី​រដ្ឋបាល​រួចរាល់​ហើយ ។

លោក​បាន​បញ្ជាក់ថា​៖ «​រឿង​ហ្នឹង​ខ្ញុំ​បាន​ដឹកនាំ​កិច្ចប្រជុំ​ស្រាវជ្រាវ​ហើយ​គឺ​អតិថិជន​ម្នាក់​ហ្នឹង​និយាយ​មួលបង្កាច់​មកលើ​ក្រុមគ្រូពេទ្យ​ខុសពី​ការពិត ប៉ុន្ដែ​យ៉ាងណា យើង​ធ្វើ​ការងារ​បញ្ចប់​រួចរាល់​ហើយ ខ្ញុំ​គ្មានអ្វី​ជម្រាប​ច្រើន​ទេ​។ អ្នកជំងឺ​ចង់ទៅ​ចេញ​ពី​មន្ទីរពេទ្យ​បង្អែក​ខេត្ត ហើយ​ទៅ​រក​សេវា​ខាងក្រៅ ប៉ុន្ដែ​ខ្ញុំ​អត់​ដឹង​ពី​មូលហេតុ​ដែល​គាត់​ចង់​ចេញ​ពី​មន្ទីរពេទ្យ​ទេ កូន​គាត់​មាន​ជំងឺ​គ្រុនឈាម​ទៀត​»​។

លោក គង់ វេង អនុប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តរតនគិរី​មិនមាន​មតិ​អ្វី​បន្ថែម​ជុំវិញ​ករណី​នេះ​ទេ ខណៈ​លោក​ប្រធាន​មន្ទីរពេទ្យ​បាន​ចាត់វិធានការ​រួចរាល់​ហើយ​នោះ​ «​រឿង​ហ្នឹង​ខ្ញុំ​ទទួល​បាន​ហើយ ឥឡូវ​ប្រធាន​​អ្នកគ្រប់គ្រង​មន្ទីរពេទ្យ​បង្អែក​ខេត្ត គាត់​បាន​ធ្វើ​រួចរាល់​ហើយ ខ្ញុំ​អត់​មាន​អ្វី​និយាយ​ច្រើន​ទេ​»​។

អ្នកស្រី អាន មីនា អាយុ ២៨ ​ឆ្នាំ ​រស់នៅ​ភូមិ​ថ្មី សង្កាត់​ឡាបានសៀក ក្រុង​បានលុង ខេត្ត​រតនគិរី ជា​ម្ដាយ​អ្នកជំងឺ​ឈ្មោះ លី ម៉ៃយ៉ា ភេទ​ស្រី អាយុ​ ៧ ​ខែ បាន​នាំ​កូនស្រី​គាត់​មក​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​រតនគិរី ហើយ​មាន​ទំនាស់​ជាមួយ​លោក​គ្រូពេទ្យ ចាន់ សុខជា​។ ​នេះ​បើ​​តាម​កំណត់ហេតុ​របស់​មន្ទីរពេទ្យ​បង្អែក​ខេត្តរតនគិរី​។ ប៉ុន្ដែ​កាលពី​ម្សិលមិញ​ភ្នំពេញ​ប៉ុស្ដិ៍​មិនអាច​ទាក់ទង​សុំ​ការបញ្ជាក់​បន្ថែម​​ជុំវិញ​ករណីនេះ​បានទេ​។

យ៉ាងណាក្ដី បើ​តាម​វីដេអូ​ដែល​​អ្នកស្រី អាន មីនា បាន​បង្ហោះ​តាម​ហ្វេសប៊ុក បាន​អះអាង​ថា​គ្រូពេទ្យ​ម្នាក់​ឈ្មោះ ចាន់ សុខជា បាន​ប្រើ​ពាក្យសម្ដី​អសុរោះ​ដាក់​អ្នកស្រី​។ ក្រោយមក​គ្រូពេទ្យ​នោះ​បាន​ចេញពី​បន្ទប់​ខ្លួន ស្ទុះ​មក​យក​ទូរស័ព្ទ​ពី​ដៃ​គាត់​ដែល​កំពុង​ថតរូប ប៉ុន្ដែ​អ្នកស្រី​បាន​ស្រែកថា គ្រូពេទ្យ​ចង់​ច្របាច់ក​អ្នកស្រី តែ​មាន​ក្រុម​គ្រូពេទ្យ​មក​ចាប់​បំបែក ទើប​គាត់​ត្រឡប់​ចូលក្នុង​បន្ទប់​វិញ​។

តាម​កំណត់ហេតុ​របស់​មន្ទីរពេទ្យ​បង្អែក​ខេត្ត​រតនគិរី​ដែល​លោក ចាន់ សុខជា បាន​ឆ្លើយបំភ្លឺ​ប្រាប់​ក្រុម​គណៈកម្មការ​ដោះស្រាយ​ទំនាស់​ឲ្យ​ដឹងថា​៖ «​កាលពី​ព្រឹក​ថ្ងៃទី​ ១៣ ខែ​វិច្ឆិកា ឆ្នាំ​ ២០១៩ មាន​បងស្រី​ម្នាក់​បាន​មក​សុំ​ធ្វើ​សំណុំ​បែបបទ​សុំ​ចេញ​​ពី​មន្ទីរពេទ្យ ដើម្បី​យក​កូន​របស់​គាត់​ទៅ​ព្យាបាល​ខាងក្រៅ​»​។

លោក​បន្តថា ស្រប​ពេល​នោះ​មាន​អតិថិជន​រង់ចាំ​ធ្វើ​ឯកសារ​ច្រើន ហើយ​ក្រុមគ្រូពេទ្យ​បាន​ប្រាប់​ឲ្យ​គាត់​រង់ចាំ​សិន ។ ប៉ុន្តែ​ពេលនោះ​គាត់​ [​អ្នកស្រី អាន មីនា​] ​បាន​ក្រោធ​ខឹង និង​បាន​ប្រើពាក្យ​អសុរោះ​ដាក់​ក្រុម​គ្រូពេទ្យ និង​បាន​យក​កាមេរ៉ា​ទូរស័ព្ទ​មក​ថតរូប​ក្រុមគ្រូពេទ្យ​។

លោក​ថា ដោយ​ឃើញ​សកម្មភាព​បែបនេះ​លោក​ក៏បាន​ប្រាប់​ពី​ក្នុង​បន្ទប់​ថា មិន​អនុញ្ញាត​ឲ្យ​ថតរូប​ទេ តែ​គាត់​មិន​ព្រម​ឈប់​។ ពេលនោះ​លោក​ក៏បាន​ដើរ​ចេញ​ពី​ក្នុង​បន្ទប់​ដើម្បី​សុំ​ទូរស័ព្ទ​ពី​គាត់ ដោយ​លោក​យល់​ថា​ជា​ការ​ធ្វើ​ខុស​បទបញ្ជា​ផ្ទៃក្នុង​របស់​មន្ទីរពេទ្យ​។

លោក​ថា​៖ «​ខ្ញុំ​មិន​បាន​ប្រើ​កាយវិការ​ច្របាច់ក​របស់​គាត់​ដូច​នៅក្នុង Video Clip ដែល​គាត់​បាន​ចោទប្រកាន់​នោះ​ទេ ហើយ​ខណៈ​ពេលនោះ​ក៏​មាន​អតិថិជន និង​ក្រុមគ្រូពេទ្យ​នៅ​កន្លែង​កើត​នោះដែរ​»​។

លិខិត​កំណត់ហេតុ​បញ្ជាក់ថា​៖ «​តាមរយៈ​ការពិភាក្សា​យ៉ាងល្អិតល្អន់ អង្គប្រជុំ​បាន​មូលមតិ​សន្និដ្ឋានថា លោក ចាន់ សុខជា មិនបាន​ជម្រាប​ពី​គោលបំណង មុននឹង​អនុវត្ត​ទៅ​លើ​អតិថិជន​ដូចជា ការស្នើសុំ​ដក​ទូរស័ព្ទដៃ​មិន​ឲ្យ​ថត​»​។

គួររំឭក​ថា​កាលពី​ថ្ងៃទី​ ២៥ ខែ ​កក្កដា ឆ្នាំ​ ២០១៩ ​កន្លង​ទៅ ក្រសួង​សុខាភិបាល​ធ្លាប់បាន​ដាក់វិន័យ​អ្នកគ្រូពេទ្យ​ម្នាក់​ឈ្មោះ ណុប យ៉ុម ជំនាញ​គិលានុបដ្ឋាយិកា​មធ្យម​នៃ​មន្ទីរពេទ្យ​ខាងលើ​ឲ្យ​ស្ថិត​ក្នុង​ភាពទំនេរ​គ្មាន​ប្រាក់បៀវត្សរ៍​រយៈពេល​ ១ ​ឆ្នាំ ​គិតពី​ថ្ងៃទី​ ១ ខែ​ សីហា ឆ្នាំ​ ២០១៩ ​ដល់​ថ្ងៃទី​ ៣១ ខែ​ កក្កដា ​​ឆ្នាំ​ ២០២០ ប៉ុន្តែ​នៅ​រក្សាទុក​ក្របខ័ណ្ឌ​ដដែល បន្ទាប់ពី​គ្រូពេទ្យ​រូបនេះ​បាន​ទះកំផ្លៀង​អ្នកជំងឺ​ម្នាក់ ដោយសារ​ខឹង​គ្មាន​ប្រាក់​បង់​សេវា​៕