ស្ទឹងត្រែង/ភ្នំពេញៈ គ្រឿងញៀន​ប្រភេទ​មេតំហ្វេតាមីន​ (ice) ​ចំនួន​ ៤១ ​គីឡូក្រាម​ត្រូវ​បាន​មន្ត្រី​អាវុធហត្ថ​ខេត្ត​ស្ទឹងត្រែង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​នាថ្ងៃទី​ ២៤ តុលា បន្ទាប់ពី​បង្ក្រាប​នៅ​ស្រុក​បុរី​ឣូរស្វាយសែនជ័យ​ពី​ថ្ងៃ​ទី​ ២៣ តុលា ខណៈ​ម្ចាស់​កំពុង​រត់គេច​ខ្លួន​។ រីឯ​ជនសង្ស័យ​ម្នាក់ទៀត​ពាក់ព័ន្ធ​គ្រឿងញៀន​ជាង​ ១ ​គីឡូក្រាម​ត្រូវ​បាន​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​នា​ថ្ងៃ​នោះដែរ​។

លោក​ អេង ហ៊ី អ្នកនាំពាក្យ​កងរាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ថ្លែង​ពី​ម្សិលមិញ​ថា មន្ត្រី​ជំនាញ​កងរាជ​អាវុធហត្ថ​ខេត្ត​ស្ទឹងត្រែង​បាន​កសាង​សំណុំរឿង​មាន​វត្ថុតាង​គ្រឿងញៀន​ប្រភេទ​មេតំហ្វេតាមីន​ (ice) ​ចំនួន​ ៤១ ​គីឡូក្រាម និង​ម៉ូតូ​ ១ ​គ្រឿង​ទៅ​សាលាដំបូង​ខេត្ត​កាលពី​ថ្ងៃទី​ ២៤ ខែតុលា រួចហើយ​។

លោក​ថា​៖ «​ឥឡូវនេះ​យើង​កំពុង​ស្រាវជ្រាវ​រក​ជនសង្ស័យ​ដែល​បាន​រត់គេចខ្លួន​ក្នុង​អំឡុងពេល​សមត្ថកិច្ច​ចុះបង្ក្រាប​។ អ៊ីចឹង​យើង​អត់​ទាន់​អាច​បង្ហាញ​ព័ត៌មាន​ច្រើនជាង​នេះ​ទេ​។ រឿង​លើស​ពី​នេះ​អាច​សួរ​ទៅ​តុលាការ​ខេត្ត​ស្ទឹងត្រែង​»​។

មេបញ្ជាការ​កងរាជ​អាវុធហត្ថ​ខេត្ត​ស្ទឹងត្រែង​លោក​ អៀង វ៉ាន់ឌី ពី​ម្សិលមិញ​មិនទាន់​អាច​ទាក់ទង​សុំ​ការបញ្ជាក់​បន្ថែម​ជុំវិញ​ករណីនេះ​បានទេ​។

តាម​របាយការណ៍​របស់​កងរាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ (GRK News) ​ឱ្យ​ដឹង​នៅ​ថ្ងៃទី​ ២៣ តុលា​ថា មន្ត្រី​យោធា​ផ្នែក​សឹករង​ស្រុក​បុរី​ឣូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង​កាលពី​ថ្ងៃទី​ ២៣ តុលា បានប្រគល់​វត្ថុតាង​គ្រឿងញៀន​ប្រភេទ​មេតំហ្វេតាមីន​ (ice) ​ចំនួន​ ៤២ ​កញ្ចប់​មាន​ទម្ងន់​ស្មើនឹង​ ៤១ ៨៦២,៣ ​ក្រាម​ និង​ម៉ូតូ​ ១ ​គ្រឿង​ ឱ្យកម្លាំង​អាវុធហត្ថ​ខេត្ត​ស្ទឹងត្រែង​ [​ជនសង្ស័យ​រត់គេចខ្លួន​រួច​]​។

បើ​តាម​របាយការណ៍​ការប្រគល់​វត្ថុតាង​នេះ បន្ទាប់ពី​បង្ក្រាប​បាន​នៅ​ចំណុច​ខ្សែបន្ទាត់​ព្រំដែន​ចន្លោះ​បង្គោល​ ០៣៤-០៣៥ ខណៈ​ជនសង្ស័យ​កំពុង​ដឹកជញ្ជូន​គ្រឿងញៀន​តាម​ម៉ូតូ​ ១ ​គ្រឿង​ចេញពី​ប្រទេស​ឡាវ​។ ប៉ុន្ដែ​ជនសង្ស័យ​បាន​ផ្ដួល​ម៉ូតូ​រត់​គេចខ្លួនបាត់ ពេល​សមត្ថកិច្ច​ហៅ​ឱ្យ​ឈប់​ដើម្បី​ត្រួតពិនិត្យ​។

គ្រឿងញៀន​ដែល​សមត្ថកិច្ច​អាវុធហត្ថ​បង្ក្រាប​នៅ​ខេត្ត​ស្ទឹងត្រែង​ពីថ្ងៃ​ទី​ ២៣ តុលា​។ រូប អាវុធហត្ថ

លោក​ ឈុំ ស៊ាងហាក់ អ្នកនាំពាក្យ​សាលាដំបូង​ខេត្ត​ស្ទឹងត្រែង​ប្រាប់​ពី​ម្សិលមិញ​ថា ព្រះរាជអាជ្ញា​នៃ​សាលាដំបូង​ខេត្ត​បាន​ទទួល​សំណុំ​រឿងនេះ​នៅ​ថ្ងៃទី​ ២៥ ខែតុលា​។ លោក​ព្រះរាជអាជ្ញា​កំពុង​ធ្វើការ​ត្រួតពិនិត្យ​សំណុំ​រឿងនេះ ដើម្បី​ចាត់ចែង​បន្ត​តាម​នីតិវិធី​។

លោក​ថា​៖ «​ខ្ញុំ​បានឃើញ​សំណុំរឿង​ហ្នឹង ហើយ​ខ្ញុំ​បាន​បញ្ជូន​បន្តទៅ​ព្រះរាជអាជ្ញា​ពិនិត្យ​ប៉ុន្ដែ​ខ្ញុំ​មិនទាន់​ដឹង​នីតិវិធី​បន្ត​បែប​ណា​ទេ​គឺ​សំណុំ​រឿងនេះ​នៅ​បន្ត​ស្រាវជ្រាវ​ទៀត ព្រោះ​ជនល្មើស​បាន​រត់គេចខ្លួន​»​។

ដោយឡែក​ជនសង្ស័យ​ពាក់ព័ន្ធ​គ្រឿងញៀន​ម្នាក់​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ បន្ទាប់ពី​បង្ក្រាប​ករណី​ជួញដូរ​គ្រឿងញៀន​មួយ​នៅ​សង្កាត់​ចោមចៅ​ទី​ ២ ខណ្ឌ​ពោធិ៍សែនជ័យ រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​ ២១ ខែ​តុលា ដោយ​រឹបអូស​គ្រឿងញៀន​ចំនួន​ជាង​ ១ ​គីឡូក្រាម​។

លោក​ ឡឹក វណ្ណៈ នាយក​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ថ្លែង​ពី​ម្សិលមិញ​ថា មន្ត្រី​ជំនាញ​នៃ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន បាន​បញ្ជូន​ជនសង្ស័យ​ម្នាក់​ឈ្មោះ​ គិត សុខា ភេទ​ប្រុស អាយុ​ ៣១ ​ឆ្នាំ ជនជាតិខ្មែរ​រួមទាំង​វត្ថុតាង​សារធាតុ​ញៀន​ប្រភេទ​មេតំហ្វេតាមីន​ (ICE) ទម្ងន់​សុទ្ធ ១ ០៣៥.៤១ ​ក្រាម​ទៅ​សាលា​រាជធានី-ភ្នំពេញ​កាលពី​ថ្ងៃទី​ ២៤ តុលា​។

លោក​បន្តថា ប្រតិបត្ដិការ​នេះ ដឹកនាំ​ការបង្ក្រាប​ដោយ​លោក​ ឃឹង សារ៉ាត់ នាយករង​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​ (​ក​ ៤) ​ក្រោម​ការដឹកនាំ​បញ្ជា​របស់លោក​ នេត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ​លោក​ ម៉ក់ ជីតូ អគ្គស្នងការរង​នគរបាល​ជាតិ និង​មាន​ការសម្របសម្រួល​ពី​លោក សៀង មុនីរ័ត្ន ព្រះរាជអាជ្ញារង​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​។

លោក​ ឡឹក វណ្ណៈ ថ្លែងថា​៖ «​យើង​កំពុង​តាមដាន​រក​ជនសង្ស័យ​ម្នាក់ទៀត​ដែល​ពាក់ព័ន្ធ​នឹង​សំណុំ​រឿងនេះ ប៉ុន្ដែ​ខ្ញុំ​មិនអាច​បង្ហាញ​អត្តសញ្ញាណ​បានទេ គឺ​យើង​តាម​ចាប់ខ្លួន​គាត់​សិន​។ ជនសង្ស័យ​ដែល​ចាប់បាន​នេះ​បញ្ជូន​ទៅ​តុលាការ​ហើយ តែ​ខ្ញុំ​មិនទាន់​ដឹង​តុលាការ​គេ​សម្រេច​បែបណា​ទេ​»​។

លោក​ គុជ គឹមឡុង អ្នកនាំពាក្យ​សាលាដំបូង​រាជធានី​ភ្នំពេញ​ពី​ម្សិលមិញ មិនអាច​ទាក់ទង​សុំ​ការបញ្ជាក់​ជុំវិញ​ករណីនេះ​បានទេ​។

តាម​របាយការណ៍​របស់​អគ្គស្នងការដ្ឋាន​នគរបាលជាតិ​កាលពី​ថ្ងៃទី​ ២២ ខែតុលា គឺ​រយៈពេល​ ៩ ​ខែ​ចាប់ពី​ថ្ងៃទី​ ១ មករា ដល់​ថ្ងៃទី​ ២០ ខែ​កញ្ញា ឆ្នាំ​ ២០២០ ​មន្ត្រី​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​បាន​បង្ក្រាប​បទល្មើស​គ្រឿងញៀន​ចំនួន​ ១ ៣៣៣ ​ករណី បើ​ធៀប​ឆ្នាំមុន​មានតែ​ ១ ៣១១ ​ករណី​ប៉ុណ្ណោះ​ ដែល​កើនឡើង​ ២២ ​ករណី ស្មើនឹង​ ១,៦៥ ​ភាគរយ​។

របាយការណ៍​បង្ហាញថា ក្នុង​ករណី​នេះ​ឃាត់ខ្លួន​ជនល្មើស​បាន​ចំនួន​ ២ ២០០ ​នាក់ ក្នុង​ឆ្នាំ​ ២០២០​។ ឆ្នាំ​ ២០១៩ ឃាត់ខ្លួន​បាន​ ២ ១១២ ​នាក់​ ដោយ​ចាប់​យក​សារធាតុ​ញៀន​គ្រប់​ប្រភេទ​ ៤០០,៤៩ ​គីឡូក្រាម​។ បើ​ធៀប​ឆ្នាំ​ ២០១៩ បានតែ​ ៤៣,១៣ ​គីឡូក្រាម​ប៉ុណ្ណោះ​រួម​នឹង​មធ្យោបាយ និង​សម្ភារ​វត្ថុតាង​មួយ​ចំនួន​ទៀត​៕