ភ្នំពេញ: មនុស្ស​យ៉ាង​ហោចណាស់​​ ២០៣​ នាក់​បាន​ស្លាប់​ និង​រងរ​បួស​ ព្រម​ទាំង​ខូច​ខាត​ផ្ទះ​ធ្ងន់​ធ្ងរ​ ១ ១៨៣ ខ្នង ​និង​ខូច​ផ្ទះ​មធ្យម​ ៩ ៨១៨​ ខ្នងដោយ​សារ​​​​គ្រោះ​​ធម្ម​ជាតិ​​រយៈ​ពេ​ល ៦ ខែ​ នៅក្នុងឆ្នាំ​​នេះ ​​ខណៈ​កាល​ពី​ថ្ងៃទី​ ២១ ​ខែ ​មិថុនា ​មាន​ផ្ទះ​ពលរដ្ឋ​នៅ​​ខេត្ត​ស្វាយរៀង​ ២ ៣០២ ​ខ្នង​បាន​រលំ​ និង​របើក​ដំបូល​ដោយសារ​ខ្យល់​កន្ត្រាក់។

លោក​ កែវ វី អ្នកនាំ​ពាក្យ​គណៈ​កម្មា​ធិ​ការ​ជាតិ​គ្រប់​គ្រង​គ្រោះ​មហ​ន្ត​រាយ ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​កាល​ពី​​ថ្ងៃ​អាទិត្យ​​ថា ករណី​គ្រោះ​ធម្មជាតិ​ក្នុង​រយៈ​ពេល ៦ ខែ​ នៃ​ឆ្នាំ​នេះ មាន​ចំនួន ២៣៤ លើក​ បណ្ដាល​ឲ្យ​ខូច​ខាត​ផ្ទះ​ធ្ងន់​ធ្ងរ​ ១ ១៨៣ ខ្នង ផ្ទះ​របើក​ដំបូល​ ឬ​ខូច​ខាត​មធ្យម​មាន​​ ៩ ៨១៨ ​ខ្នង រីឯ​អគារ​សា​លា​រៀន​​ និង​ទីចាត់ការ​ខូច​ខាត​ ៥៣​ ខ្នង ​ក្នុង​នោះ​អគារ​ចំនួន​ ២ ​រលំ​ ហើយ​ខ្លះ​របើក​ដំបូ​ល និង​ខូច​អ​គារ​ផ្សេង​ៗ​​នៅ​លើ​ទីតាំង​ ៣៥ កន្លែង។

លោក​បន្ត​ថា លើស​ពី​នេះ​ មាន​ខូចអគារ ​រដ្ឋ​បាល​មណ្ឌល​សុខ​ភាព​រោងម៉ា​ស៊ីន​កិន​ស្រូវ ​ឃ្លាំ​ង​​​ស្ដុក​​កសិផល​ព្រះវិ​ហារ សា​លា​ឆាន់ កុដិ​ព្រះ​សង្ឃ ​និង​សា​លា​ឆទាន។ ចំណែក ​ដំណាំ​កសិ​កម្ម ​ខូច​ខាត​ដើម​ចេក​ ៦០ ​ហិក​តា ដើ​មទុ​រេន​ ៤១៣ ដើម មៀន​ប៉ៃ​លិន​ ២ ៧០០​ ដើម និង​ដើ​ម​ស្វាយ​ចន្ទី​ ១៧០ ដើម។

លោក​បញ្ជាក់​ថា៖ ​«ក្នុង​ហេតុការណ៍​ខ្យល់​កន្ត្រាក់ ​មាន​មនុស្ស​ស្លាប់ ៤ នាក់ រង​របួស​ចំនួន ៧៧ នាក់។ ចំណែក​អ្នក​រង​គ្រោះ​​ស្លាប់​ដោយ​សារ​រ​ន្ទះ​បាញ់​​មាន ៦២ នាក់ ក្នុង​​នោះស្រី ១៦ នាក់ ក្មេង​ ១៤​ នាក់ ហើយ​មាន​របួស ៦០​ នាក់ ងាប់​គោក្របី​ ៧៩ ក្បាល»។

លោក​បន្តថា ក្រោយកើត​ហេតុ សមត្ថ​កិច្ច​ចម្រុះ បាន​ចុះ​មក​ជួយ​កសាង និង​ជួស​ជុល​ផ្ទះ​ជូន​​ព​លរដ្ឋ​ដែល​ជួប​គ្រោះ​​មហន្ត​រាយ​ឡើង​វិញ។ ចំណែក​ក្រុម​កាក​​បាទ​ក្រហម​បាន​​បញ្ជូន​គ្រូ​ពេទ្យ​ជួយ​ជនរ​ងគ្រោះ​ និង​​ចែក​សម្ភារ​ចាំ​បាច់​ប្រើប្រាស់​​ប្រចាំ​ថ្ងៃ​មួយ​ចំនួន​ទៀត។

លោក កែវ វី បញ្ជាក់​ថា៖ ​«យើង ​បាន​ជំរុញ​ការ​ផ្សព្វ​ផ្សាយ​ពី​វិធាន​ការ​ទប់​ស្កាត់ និង​ចៀស​វាង​គ្រោះ​ថ្នាក់​ពី​គ្រោះ​ធម្មជាតិ​ដោ​យ​មា​ន​​អាជ្ញា​ធរ​ថ្នាក់​ក្រោម​ជាតិ​ និង​ថ្នាក់​ជាតិបន្ត​ចុះ​ផ្សព្វ​ផ្សាយ​ព្រម​ទាំង​បាន​ត្រៀម​សម្ភារ​បម្រុង​​សម្រាប់​ជួយ​អ្នក​រងគ្រោះ។ ជាពិ​សេស​ណែនាំ​ពួ​ក​គាត់ឲ្យ​តាម​ដាន​ព័ត៌មាន​ផ្នែក​ខាង​អា​កាស​ធាតុ ឬ​ស្ដាប់​តាម​ការ​ណែនាំ​​ពី​ស្ថាប័ន​ជំនាញ»។

ចំណែក​ករណី​នៅ​ខេត្ត​ស្វាយរៀង លោក សរ វណ្ណា នាយក​សាខា​កាក​បាទ​ក្រហ​មកម្ពុជា​ ប្រចាំ​ខេត្ត​ស្វាយរៀង​​បាន​ថ្លែង​​កាលពី​ថ្ងៃ​អាទិត្យ​​ថា គ្រោះ​ធម្មជាតិ​កាល​ពីថ្ងៃ​ទី ២១ ​មិថុនា ​មាន​មនុ​ស្ស​ ២ នាក់​រងរបួស​ និង​ផ្ទះ​ព​ល​រដ្ឋ​ ២ ៣​០២ ខ្នង​បាន​ដួល​រលំ និង​របើក​ដំបូល​ដោយសារ​ខ្យល់​កន្ត្រាក់ និង​​ផ្គររន្ទះ។

លោក​បញ្ជាក់​ថា៖​ «នៅ​តាម​បណ្ដាស្រុក-ក្រុង​ទាំង ៨ នៃ​ខេត្ត​ស្វាយ​រៀ​ង ស្រុក​ដែល​រង​ការ​ខូចខាត​ច្រើន​ជាង​គេ​គឺ​ស្រុក​រមា​ស​ហែក ដោយ​​បាន​រលំ​ផ្ទះ និង​របើក​ដំបូល​រហូត​​​ដល់​ទៅ​ ១ ៩៩១ ខ្នង ក្នុង​នោះ​ស្រាល ៨៦៩​ ខ្នង មធ្យម ១ ០៣៤ ខ្នង និង​ធ្ងន់ ៨៨​ ខ្នង។ រីឯ​ស្រុក​ដែល​មិន​ប៉ះពាល់​គឺ​ស្រុក​ចន្ទ្រា»។

លោក ស៊ឹង សែន​ករុណា ​អ្នកនាំពា​ក្យ​សមាគ​ម​ការពារ​សិទ្ធិម​នុស្ស (អាដ​ហុក) បាន​សម្តែង​ការ​សោក​ស្ដាយ​ចំពោះ​បញ្ហា​គ្រោះ​ធម្មជាតិ​នា​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ដោយ​លោក​ថ្លែង​ថា​ មូល​ហេតុ​នៃ​គ្រោះ​មហន្ត​រាយ​​ដោយ​សារ​ធម្ម​ជាតិ​នេះ​ ​វា​មាន​កត្តា​រួម​ផ្សំ​ច្រើន​ គឺ​ការ​បម្រែ​បម្រួល​អា​កាស​ធាតុ​ពិភព​លោក និង​ការប្រែ​ប្រួល​ក្នុង​តំបន់ ដែល​​​បាន​បង្ក​ឲ្យ​ប៉ះ​ពាល់​ដល់​កម្ពុ​ជា។ លោក​​បន្ត​ថា ក្រៅពី​ទទួល​ឥទ្ធិ​ពល ​គ្រោះ​ធម្ម​ជា​តិ​ កម្ពុជា​ក៏​ទទួល​ឥទ្ធិ​ពល​ពី​ការបំ​ផ្លាញ​ខ្លួន​ឯង​​ផងដែរ ក្នុង​នោះ​មាន​ការ​បាត់​បង់​ព្រៃឈើ ​ការបាត់​បង់​ធនធាន​រ៉ែ​ក្នុង​ដី ចំហេះ​ឥន្ធនៈ​ និង​ការ​បំពុល​បរិស្ថាន​​ជាច្រើន​ករណី​ទៀត។

លោក​ថា៖ ​«បើ​យើង​ប្រៀប​ធៀប​ពី​ជំនាន់​ដើម ​កាល​ដែល​ធន​ធា​នធ​ម្មជាតិ​យើង​នៅសល់​ច្រើន​យើង​ឃើញ​ថា ហេ​តុការណ៍​ ដែល​ធ្វើ​ឲ្យ​មនុស្ស​ស្លាប់​ដោយ​សារ​គ្រោះ​ធម្ម​ជាតិ​ គឺ​មិនសូ​វ​​មាន​ទេ ឆ្នាំ​ខ្លះ​ស្ទើរ​គ្មាន​មនុស្ស​ស្លាប់​ដោយ​រន្ទះ​បា​ញ់​ម្នាក់​ក៏​​មាន​ដែរ ប៉ុន្ដែ​ដល់​ពេល​សម័យ​យើង​នេះ មាន​ការ​បាត់បង់​ធម្មជាតិ​ច្រើន​ទៅ មនុ​ស្ស​ស្លាប់​ដោយ​សារ​ធម្មជាតិ​វិញ​ក៏​ច្រើន​ដែរ។ អ៊ីចឹង​យើង​កត់​សម្គាល់​ថា បើ​បំផ្លាញ​ធម្មជាតិ​កា​ន់តែ​ច្រើន​ធម្ម​ជាតិ​នឹង​បំផ្លាញ​​មនុស្ស​វិញ​ក៏​កាន់​តែ​ច្រើន​ដែរ»៕