មណ្ឌលគិរី៖ សាលា​ដំបូង​ខេត្ត​មណ្ឌលគិរី ពី​ម្សិលមិញ​បាន​សម្រេច​ឃុំ​ខ្លួន​ចាងហ្វាង​សារព័ត៌មាន​អនឡាញ​ម្នាក់​នៅ​ពន្ធនាគារ​​ខេត្ត​ក្រោម​បទ​ចោទ ​«ឈូស​ឆាយ​ដី​ព្រៃ​ដោយ​គ្មាន​ការ​អនុញ្ញាត​» បន្ទាប់​ពី​សមត្ថកិច្ច​ឃាត់​ខ្លួន​កាល​ពី​​ថ្ងៃទី ២២ កញ្ញា ​តាម​ដីកា​តុលាការ​ពាក់ព័ន្ធ​ការ​ឈូស​ឆាយ​ដី​ព្រៃ ​និង​ប្រើប្រាស់​សារធាតុ​ញៀន។

លោក មាស ប្រុស អ្នក​នាំពាក្យ​សាលា​ដំបូង​ខេត្ត​មណ្ឌលគិរី​ ​ថ្លែង​ពី​ម្សិលមិញ​ថា ជនសង្ស័យ​ឈ្មោះ ម៉ា ម៉េងធី រស់នៅ​ក្រុង​សែនមនោរម្យ​ត្រូវ​បាន​លោក​ចៅក្រម​ស៊ើបសួរ​ សម្រេច​ឃុំ​ខ្លួន​បណ្ដោះ​អាសន្ន​នៅ​ថ្ងៃទី ​២៤ ខែកញ្ញា​ ក្រោម​បទ​ចោទ ​«ឈូស​ឆាយ​ដី​ព្រៃ​ដោយ​គ្មាន​ការ​អនុញ្ញាត» តាម​មាត្រា ៥៦ និង​មាត្រា ៦២ នៃ​ច្បាប់​ស្ដីពី​តំបន់​ការពារ​ធម្មជាតិ។ «ចំណែក​បទល្មើស​គ្រឿង​ញៀន​មិន​ទាន់​ត្រូវ​​បាន​លើក​យក​មក​បើក​សវនាការ​ទេ គឺ​នឹង​សាកសួរ​នៅ​ពេល​ក្រោយ​ទៀត»។

ស្នងការដ្ឋាន​​នគរបាល​ខេត្ត​មណ្ឌលគិរី​​​បាន​បញ្ជូន​ជន​សង្ស័យ​ ​ម៉ា ម៉េងធី ចាងហ្វាង​គេហទំព័រ ព្រហ្ម​ខ័ណ​អនឡាញ​ទៅ​សាលា​ដំបូង​ខេត្ត​កាល​ពី​​ថ្ងៃទី ២៣ ​កញ្ញា បន្ទាប់​ពី​បាន​ឃាត់​ខ្លួន​​តាម​ដីកា​បង្គាប់​របស់​តុលាការ​ខេត្ត​មណ្ឌលគិរី​ពាក់ព័ន្ធ​ការ​ឈូស​ឆាយ​ដី​ព្រៃ ​និង​ប្រើប្រាស់​សារធាតុញៀន។

លោក ឡោ សុខា ស្នងការ​នគរបាល​ខេត្ត​មណ្ឌលគិរី​​ថ្លែង​ថា សមត្ថកិច្ច​ជំនាញ​កំពុង​ធ្វើ​ការ​ស្រាវជ្រាវ​ករណី​ឈូសឆាយ​ដី​ព្រៃ​រដ្ឋ​ខុស​ច្បាប់ ប៉ុន្ដែ​លោក​មិន​ទាន់​អាច​បង្ហាញ​ពី​លទ្ធផល​នៅ​ឡើយ​។ ​«​ក្រៅ​ពី​នេះ ជន​សង្ស័យ​ប្រើប្រាស់​គ្រឿង​ញៀន មិន​ត្រឹម​តែ​ប៉ុណ្ណឹង​ទេ គាត់​នៅ​និយាយ​បរិហារ បង្កាច់​បង្ខូច​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កិត្តិយស និង​សេចក្តី​ថ្លៃថ្នូរ​របស់​ថ្នាក់​ដឹកនាំ​គ្រប់​លំដាប់​ថ្នាក់​ក្នុង​ខេត្ត​»​។

លោក មឿន ឈានណារិទ្ធ នាយក​វិទ្យាស្ថាន​កម្ពុជា​សម្រាប់​ការ​សិក្សា​សារព័ត៌​មាន​ថ្លែង​ថា លោក​មាន​ការ​សោកស្ដាយ​ចំពោះ​​អ្នក​សារព័ត៌មាន​មួយ​ចំនួន​តូច​ ដែល​បាន​ប្រព្រឹត្ត​ប្រាសចាក​ពី​ក្រមសីលធម៌ និង​វិជ្ជាជីវៈ​របប​សារព័ត៌មាន ហើយ​ឈាន​ទៅ​ប្រព្រឹត្ត​ល្មើស​ច្បាប់​ថែម​ទៀត។

ប៉ុន្ដែ​លោក​ចង់​ឱ្យ​ស្ថាប័ន​រដ្ឋ ឯកជន និង​អង្គការ​សង្គម​ស៊ីវិល គួរ​តែ​បែងចែក​ឱ្យ​​ដាច់​នូវ​សារព័ត៌មាន​គោរព​ក្រមសីលធម៌ និង​សារព័ត៌​មាន​ប្រព្រឹត្តបទ​ល្មើស ពោល គឺ​កុំ​និយាយ​ឱ្យ​តែ​អ្នក​សារព័ត៌មាន​សុទ្ធ​តែ​ជា​មនុស្ស​អាក្រក់​ទាំង​អស់​នោះ។ «អ៊ីចឹង​ខ្ញុំ​ចង់​ឱ្យ​ពួក​គាត់ គួរ​តែ​មាន​ការ​វែក​ញែក​ឱ្យ​ដាច់​ចំពោះ​អ្នក​​សារព័ត៌មាន​ខូច គឺ​ខូច រីឯ​អ្នក​សារព័ត៌មាន​ល្អ​ត្រឹមត្រូវ គឺ​ល្អ​ត្រឹម​ត្រូវ ហើយ​ខ្ញុំ​ក៏​មិន​កាន់​ជើង​អ្នក​សារព័ត៌មាន​ខូច​ខិល​ដែរ»។

បើ​តាម​របាយ​ការណ៍​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​មណ្ឌលគិរី​ ឈ្មោះ ម៉ា ម៉េងធី ត្រូវ​បាន​សមត្ថកិច្ច​ឃាត់​ខ្លួន​តាម​ដីកា​របស់​តុលាការ​ខេត្ត​មណ្ឌលគិរី​កាល​ពី​ថ្ងៃទី ​២២ ខែ​កញ្ញា នៅ​សង្កាត់​ច្រាំង​ចំរេះ ខណ្ឌ​ឫស្សីកែវ រាជធានី​ភ្នំពេញ ដែល​ពាក់ព័ន្ធ​បទល្មើស​ឈូស​ឆាយ​ដី​ព្រៃ​រដ្ឋ​ខុស​ច្បាប់ និង​ប្រើប្រាស់​សារធាតុ​ញៀន​។ បន្ទាប់​មក​សមត្ថកិច្ច​បាន​បញ្ជូន​ខ្លួន​ទៅ​ខេត្ត​​មណ្ឌល​គិរី​ នៅ​ថ្ងៃទី ​២៣ ខែ​កញ្ញា។

បើ​តាម​ច្បាប់​ស្ដីពី​តំបន់​ការពារ​ធម្មជាតិ​នៅ​ត្រង់​មាត្រា ៥៦ លោក ម៉ា ម៉េង​ធី ​ត្រូវ​ជាប់​ពន្ធនាគារ​ពី ៥ ទៅ ១០ ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី ​១៥ លាន​រៀល​ទៅ ១៥០ ​លាន​រៀល ​ប្រសិន​បើ​តុលាការ​រក​ឃើញ​កំហុស​ដូច​ការ​ចោទ​ប្រកាន់​​៕