ព្រះសីហនុៈ ចោរប្លន់​ប្រដាប់​អាវុធ​ជនជាតិ​ចិន​ម្នាក់​ក្នុង​ចំណោម​បក្ខពួក​ ៤ ​នាក់​ដែល​ជិះឡាន​ទំនើប​លំដាប់​សេដ្ឋី​ប្លន់​អ្នក​រត់​តាក់ស៊ី​ម្នាក់​កាលពី​យប់​ថ្ងៃ​ទី​ ២២ ខែ​មិថុនា​ត្រូវ​បាន​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​ខេត្ត​ បន្ទាប់ពី​តុលាការ​បាន​ចោទប្រកាន់​កាលពី​ថ្ងៃ​សៅរ៍​ពី​បទ​ «​ប្លន់​ និង​ប្រើប្រាស់​អាវុធ​ខុស​ច្បាប់​» ​ខណៈ​សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​តាម​រក​ចាប់​ជនសង្ស័យ ៣ ​នាក់​ផ្សេង​ទៀត​។

ស្នងការរង​ខេត្ត​ព្រះសីហនុ​លោក កុល ផាលី បាន​ឲ្យ​ដឹង​កាលពី​ម្សិលមិញ​ថា បុរស​ជនជាតិ​ចិន​ម្នាក់​ឈ្មោះ Ly Ker Xing អាយុ ២៤ ឆ្នាំ​ត្រូវ​បាន​កម្លាំង​នគរបាល​ខេត្ត​ព្រះសីហនុ​ចាប់​ឃាត់​ខ្លួន​ពាក់ព័ន្ធ​ករណី​ប្លន់ អ្នក​បើក​រថយន្ត​តាក់ស៊ី​ជនជាតិ​ខ្មែរ​ម្នាក់​កាលពី​យប់​ថ្ងៃទី​​ ២២ ខែ​មិថុនា ឆ្នាំ​ ២០១៨ នៅ​សង្កាត់​ ៣ ​ក្រុង-ខេត្ត​ព្រះសីហនុ​។

លោក ផាលី ថ្លែង​ថា​៖ «​នៅ​ពេល​ឃាត់ខ្លួន សមត្ថកិច្ច​បាន​រឹបអូស​អាវុធខ្លី​ម៉ាក​រ៉ូឡូ​មួយ​ដើម​មាន​គ្រាប់​ ៣ ​គ្រាប់ និង​រថយន្ត​ម៉ាក Rolls-Royce ពណ៌​ស្លែ ពាក់​ស្លាក​លេខ​ភ្នំពេញ ២BP-៦៦៦៦ មួយ​គ្រឿង​ព្រម​ទាំង​វត្ថុតាង​ដែល​បាន​ប្លន់​ពី​ជនរងគ្រោះ​មួយ​ចំនួន​ទៀត​រួមមាន​លុយ​ចំនួន ៥០០ ដុល្លារ ប័ណ្ណ​បើកបរ​ ១ សន្លឹក ប័ណ្ណ​សម្គាល់​រថយន្ត​ ១ ​សន្លឹក អត្តសញ្ញាណប័ណ្ណ សញ្ជាតិ​ខ្មែរ ១ ​សន្លឹក​»​។

លោក​បន្ត​ថា​នៅ​ពេល​នេះ​ជនសង្ស័យ​កំពុង​ត្រូវ​បាន​ឃុំខ្លួន​នៅ​ពន្ធនាគារ​ខេត្ត​ព្រះសីហនុ បន្ទាប់ពី​តុលាការ​សម្រេច​ចោទប្រកាន់​ពី​បទ​ «​ប្លន់ និង​ប្រើប្រាស់​អាវុធ​ខុស​ច្បាប់​»​។ ជាមួយ​គ្នា​នេះ​ក្រុម​កម្លាំង​សមត្ថកិច្ច​កំពុង​បន្ត​ធ្វើ​ការស្រាវជ្រាវ​ស្វែងរក​ចាប់​ខ្លួន​ក្រុម​ជនសង្ស័យ​ជនជាតិ​ចិន​ 3 ​នាក់​ទៀត​ដែល​ពាក់ព័ន្ធ​ក្នុង​ករណី​ប្លន់​ប្រដាប់​អាវុធ​ខាង​លើ​នេះ​។

យោង​តាម​របាយការណ៍​របស់​នគរបាល​ខេត្ត​ព្រះសីហនុ​នៅ​វេលា​ម៉ោង​ ៨ និង ៤០ ​នាទី​យប់​ថ្ងៃទី​ ២២ ខែ​មិថុនា​ឆ្នាំ​ ២០១៨ មាន​ជនរងគ្រោះ​ម្នាក់​ ឈ្មោះ គង់ ទីប៉ោ ភេទ​ប្រុស​អាយុ ៣១ ឆ្នាំ ជា​អ្នក​បើក​រថយន្ត​តាក់ស៊ី​មាន​ទីលំនៅ​សង្កាត់​ដង្កោ រាជធានី​ភ្នំពេញ​បាន​មក​ដាក់ពាក្យ​បណ្ដឹង​ស្នើសុំ​កិច្ចអន្តរាគមន៍​ដោយ​ក្នុង​ពាក្យបណ្ដឹង​នោះ ជនរងគ្រោះ​បាន​រៀបរាប់​ថា​មាន​ជនជាតិ​ចិន​មាន​គ្នា​ ៤ ​នាក់​បាន​ទូរស័ព្ទ​ហៅ​គាត់​តាម​ប្រព័ន្ធ We-Chat ដោយ​ប្រាប់​ថា​ឲ្យ​គាត់​មក​យក​លិខិត​ឆ្លងដែន​របស់​ពួកគេ​ទៅ​បន្ត​ទិដ្ឋាការ​។

លុះ​ពេល​គាត់​ទៅ​ដល់​ទីតាំង​កើតហេតុ​ខាង​លើ​ក្រុម​ជនសង្ស័យ​ដែល​ជិះ​រថយន្ត​ម៉ាក Rolls-Royce ពណ៌​ស្លែ ពាក់​ស្លាក​លេខ​ភ្នំពេញ ២BP-៦៦៦៦ ក៏​បាន​ធ្វើ​សកម្មភាព​ភ្ជង់​ប្លន់​យក​ទ្រព្យសម្បត្តិ​ និង​សម្ភារ​របស់​គាត់​មួយ​ចំនួន​រួមមាន លុយ ៥០០ ដុល្លារ ប័ណ្ណបើកបរ ១ សន្លឹក ប័ណ្ណ​សម្គាល់​រថយន្ត​ ១ ​សន្លឹក​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​ ១ ​សន្លឹក ។

របាយការណ៍​ដដែល​បន្ត​ថា​ក្រោយ​ទទួល​បាន​បណ្ដឹង​ជនរងគ្រោះ​ក្រុម​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​ខេត្ត​ព្រះសីហនុ ​រួម​ទាំង​កម្លាំង​នគរបាល​មូលដ្ឋាន​បាន​ចុះ​ធ្វើការ​ស្រាវជ្រាវ​រហូត​ដល់​ម៉ោង​ ១១ ​យប់​ថ្ងៃ​ដដែល​ទើប​ប្រទះ​ឃើញ​រថយន្ត​ជនសង្ស័យ​ចត​នៅ​មុខ​ក្លិប​កម្សាន្ត Casa ក្រុង​ព្រះសីហនុ ហើយ​ក៏​បាន​ធ្វើការ​ហ៊ុមព័ទ្ធ​ចាប់​បាន​ជនសង្ស័យ​ខាង​លើ​ម្នាក់​ដែល​ជា​អ្នក​បើកបរ​រថយន្ត​។

គួរបញ្ជាក់​ផង​ដែរ​ថា​ កាលពី​ថ្ងៃទី​ ២១ ខែ​មិថុនា​ឆ្នាំ​ ២០១៨ កន្លង​ទៅ​នេះ​កម្លាំង​នគរបាល​ខេត្ត​ព្រះសីហនុ​បាន​ចាប់​ឃាត់​ខ្លួន​ជនជាតិ​ចិន ៧ នាក់​ដែល​បាន​ប្រើ​អំពើ​ហិង្សា​ព្រួត​គ្នា​វាយ និង​កាប់​ប្រហារ​ជនជាតិ​ចិន​ដូចគ្នា​ ២ ​នាក់​ឲ្យ​រងរបួស​៕