ភ្នំពេញ៖ បេក្ខជន​​ដែល​នឹង​ប្រឡង​​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយ​ភូមិ ឬ​បាក់ឌុប​នៅ​ថ្ងៃទី ​២១-២២ ខែ ធ្នូ ឆ្នាំ ​២០២០ ​មាន​ចំនួន ​១២១ ២០១ ​នាក់ គឺ​មាន​ការ​កើន​ឡើង​ជាង​ឆ្នាំ​មុន​ប្រមាណ​ជា ​៥ ភាគរយ​ ដោយ​ក្នុង​នោះ​ចំនួន​បេក្ខនារី​​ ក៏​មាន​ចំនួន​ច្រើន​ជាង​មុន​ផង​ដែរ។

លោក​ រស់ សុវាចា អ្នក​នាំពាក្យ​ក្រសួង​អប់រំ យុវជន​ និង​កីឡាបាន​​​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាល​​ពី​ថ្ងៃទី ​២៣​ ខែ​កញ្ញា ​ថា យោង​តាម​របាយការណ៍​​ស្ថិតិ​បេក្ខជន​ដាក់​ពាក្យ​ប្រឡង​​តាម​រាជធានី-ខេត្ត​​ទាំង ​២៥​ ដែល​គិត​ត្រឹម​ថ្ងៃទី ​២២ ខែកញ្ញា ​បេក្ខជន​សរុប​មាន​ចំនួន ​១២១ ២០១ ​នាក់​ ក្នុង​​នោះ​បេក្ខនារី​មាន​ចំនួន ៦៣ ​៩៣៧ ​នាក់ និង​បេក្ខជន​បុរស ​៥៧ ២៦៤ ​នាក់។​ បើ​ប្រៀប​ធៀប​ជាមួយ​នឹង​បេក្ខជន​​ប្រឡង​កាល​ពី​ឆ្នាំ ​២០១៩​ គឺ​មាន​​ការ​​កើន​ឡើង​ជិត ​៦ ០០០ ​នាក់ ឬ​ប្រមាណ​ជា ​៥ ភាគរយ។

ក្នុង​ចំណោម​បេក្ខជន​ទាំង​នោះ មាន​បេក្ខជន​ប្រឡង​ថ្នាក់​វិទ្យាសាស្ត្រ​ចំនួន​ ៤០ ៧៦៥ នាក់​ស្មើ​នឹង​ ៣៣,៦៣% (ស្រី ​២៣ ៦៣៦ ​នាក់) និង​ថ្នាក់​​វិទ្យាសាស្ត្រ​សង្គម​ មាន​បេក្ខជន​ចំនួន​ ៨០ ៤៣៦ ​នាក់ ​ស្មើ​នឹង ​៦៦,៣៧%​ ​(ស្រី ​៤០ ៣០១​ នាក់)​។

បើ​តាម​របាយការណ៍​​ក្រសួង​អប់រំ​ក្នុង​ចំណោម​បេក្ខជន​សរុប​​ទាំង​អស់​នោះ​មាន​បេក្ខជន​ចំណេះ​ទូទៅ​ចំនួន ​១០២ ០៣៧ ​នាក់​ស្មើ​ ៨៤,១៩% (​ស្រី ​៥៥ ​៣៧៥ ​​នាក់) បេក្ខជន​ស្វ័យរិន ​១៣ ​​៩៩១ ​នាក់ ​ស្មើ​ ១១,៥៤​% (​ស្រី​ ៧ ០៥៧ ​នាក់) បេក្ខជន​បំពេញ​វិជ្ជា​ ​៣ ២៦០ ​នាក់ ​ស្មើ ​២,​៧%​ (ស្រី ​១ ០៧៧ ​នាក់) ​និង​បេក្ខជន​ស្វ័យរិន​បំពេញ​វិជ្ជា​​ចំនួន ​១ ៩១៣ ​ស្មើ ៦,៥៧%​ (ស្រី ​៤២៨ ​នាក់​)។​ ចំពោះ​​មណ្ឌល​ប្រឡង​មាន ​២៣៧ ​មណ្ឌល (កើន ​៣៥ មណ្ឌល) និង​ចំនួន​បន្ទប់​ចំនួន​ ៤ ៨៩១ ​បន្ទប់ (កើន ​១៦៧ ​បន្ទប់)។

លោក ​សុវាចា ​​ថ្លែង​ថា៖ «ចំនួន​បេក្ខជន​កើន ​​ឬ​ថយ​មិន​មាន​មូលហេតុ​ណា​មួយ​គួរ​ឱ្យ​កត់​សម្គាល់​នោះ​ទេ​ ដោយសារ​ជា​រៀងរាល់​ឆ្នាំ​ទិន្នន័យ​ចំនួន​បេក្ខជន​មាន​ការ​ប្រែប្រួល​មិន​ដូច​គ្នា​នោះ​ទេ វា​អាស្រ័យ​ទៅ​លើ​សិស្ស​ដែល​រៀន​ជាក់​ស្តែង ​ហើយ​នឹង​ចំនួន​សិស្ស​ដែល​មាន​បេក្ខភាព​ប្រឡង»។ បើ​តាម​លោក ​សុវាចា អ្វី​ដែល​ថ្មី​នៅ​ក្នុង​ឆ្នាំ​នេះ គឺ​បេក្ខជន​​ប្រឡង​មិន​មាន​ការ​ដក​​បេក្ខភាព​​ទេ​ មាន​ន័យ​ថា ឱ្យ​តែ​បេក្ខជន​ដាក់​ពាក្យ​ស្នើ​សុំ​មក ​គឺ​គាត់​បាន​សិទ្ធិ​ប្រឡង​តែ​ម្តង​ ដែល​ខុស​ពី​ឆ្នាំ​កន្លង​ទៅ​មាន​ការ​ដក​បេក្ខភាព​ប្រឡង​នៅ​ពេល​បេក្ខជន​ដាក់​ពាក្យ​ស្នើសុំ​ប្រឡង​ដោយ​យោង​​លើ​ចំនុច​មួយ​ចំនួន​ដូចជា​ អវត្តមាន​ច្រើន​ លទ្ធផល​​ប្រឡង​ឆមាស​ទី១ និង​ទី២ ​មិន​បាន​ល្អ​ជា​ដើម​។

ក្រសួង​អប់រំ​កំពុង​រៀបចំ​លិខិត​​ស្នើ​សុំ​បន្ត​កិច្ច​សហការ​ពី​សំណាក់​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​ដូច​ជា ក្រសួង​មហាផ្ទៃ អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ សហភាព​សហព័ន្ធ​​យុវជន​កម្ពុជា ​(សសយក​) និង​ក្រសួង​សុខាភិបាល​ជា​ដើម​។ លោក​ថា ក្រសួង​នឹង​បញ្ជាក់​ពី​ការ​ចូលរួម​សង្កេតការណ៍​របស់​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​ក្រោយ​​ពី​មាន​ការ​ឆ្លើយ​តប​ពី​ស្ថាប័ន​ទាំង​នោះ​។

ទោះ​យ៉ាង​ណា ក្រសួង​អប់រំ​នៅ​តែ​បន្ត​អនុវត្ត​គោលការណ៍​ច្បាប់ យុត្តិធម៌ តម្លាភាព និង​លទ្ធផល​អាច​ទទួល​យក​បាន​ទន្ទឹម​ពេល​នឹង​ការ​អនុវត្ត​វិធានការ​សុវត្ថិភាព​សុខភាព​សម្រាប់​ការ​ប្រឡង​បាក់​ឌុប​ឆ្នាំ​នេះ។​

គួរ​បញ្ជាក់​ថា​ បេក្ខជន​ដែល​បាន​មក​ប្រឡង​បាក់​ឌុប​កាល​ពី​ឆ្នាំ​មុន​សម័យ​ប្រឡង​ថ្ងៃទី ​១៩​ សីហា ២០១៩ មាន​ចំនួន​សរុប​ ​១១៥ ២០៦ ​នាក់ ក្នុង​នោះ​បេក្ខនារី​មាន​ចំនួន ​៥៩ ៧៣២ ​នាក់​​។

លោកស្រី អ៊ុក ឆាយាវី ប្រធាន​​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ ​(CITA) បាន​លើក​ឡើង​ថា សិស្សានុ​សិស្ស​នៅ​ឆ្នាំ​នេះ​រៀន​បាន​តិច ​​និង​មិន​ជាប់​លាប់​ដូច​បណ្តា​ឆ្នាំ​មុនៗ​ដោយសារ​បញ្ហា​ជំងឺ​កូវីដ ​១៩ ហើយ​លោកស្រី​រំពឹង​ថា ​ក្រសួង​អាច​នឹង​មាន​ការ​បន្ធូរបន្ថយ​កម្រិត​នៃ​​វិញ្ញាសា​សម្រាប់​បេក្ខជន​ប្រឡង​។ លោកស្រី​​ថា៖ «ខ្ញុំ​គិត​ថា​ប្រឡង​បាក់​ឌុប​ឆ្នាំ​នេះ​អាច​នឹង​ធូរ​ជាង​ឆ្នាំ​មុន ​ដែល​សិស្ស​អាច​ធ្វើ​បាន និង​មិន​​​គួរ​​រឹត​បន្តឹង​ខ្លាំង​ផង​ដែរ​»៕