បន្ទាយ​មាន​ជ័យៈ ជន​ជាតិ​ចិន​ ​ប្រុស​-​ស្រី​ពីរ​នាក់​ ​បាន​ស្លាប់​ និង​ជន​ជាតិ​ខ្មែរ​ ៥ ​នាក់​ផ្សេង​ទៀត​ ​បាន​រង​របួស​ធ្ងន់​ក្នុង​គ្រោះ​ថ្នាក់​ចរាចរណ៍​នៅ​លើ​កំណាត់​ផ្លូវ​ជាតិ​លេខ​ ៥​ ​ក្នុង​ចំណុច​ភូមិ​សាស្ត្រ ​ភូ​មិ​ខៃ​ដន​ ​ឃុំ​កូ​ប​ ស្រុក​អូរ​ជ្រៅ ​ខេត្ត​បន្ទាយ​មាន​ជ័យ​កាល​ពី​ល្ងាច​​ថ្ងៃ​ទី​ ២១​ ​ខែ​ឧសភា​ឆ្នាំ​ ​២០១៩​។​ ​នេះ​បើ​តាម​ការ​អះអាង​របស់​មន្ត្រី​នគរបាល​ចរាចរណ៍​ម្នាក់​ កាល​ពី​ថ្ងៃ​ពុធ។

លោក​ ​អ៊ុំ ​សុផល ​ស្នង​ការ​រង​ខេត្ត​បន្ទាយ​មាន​ជ័យ​ ​ទទួល​បន្ទុក​ផ្នែក​ចរាច​រ​ណ៍ ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ​លោក​ Zhang Zuhui​ អាយុ ​២៨ ​ឆ្នាំ ​ជា​ជនជាតិ​ចិន​ ​មក​ពី​ខេត្ត​ ​Guangxi ​និង​មិត្ត​ស្រី​របស់​គាត់​ម្នាក់​ឈ្មោះ ​Ye Dandan ​អាយុ​ ២៧​ ឆ្នាំ មក​ពី​ខេត្ត Guangdong​ ប្រទេស​ ចិន​ ​បាន​ស្លាប់​ភ្លាមៗ​ ​នៅ​នឹង​កន្លែង​កើត​ហេតុ​ ​បន្ទាប់​ពី​រថយន្ត​ដែល​ពួក​គាត់​ បា​ន​ជិះ​ធ្វើ​​ដំ​ណើរ​ចេញ​​ពី​​ព្រលាន​យន្ត​ហោះ​ខេត្ត​សៀម​រាប​ ​មក​កាន់​ខេត្ត​បន្ទាយ​មាន​ជ័យ​ ​បាន​បុក​ពី​ក្រោយ​រថយន្ត​១​គ្រឿង​ទៀត ដែល​កំពុង​ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ស្រប​គ្នា​។​ ​សព​ជន​រងគ្រោះ​ជនជាតិ​ចិនទាំង​២​នាក់​នោះ​ត្រូវ​បាន​ប្រគល់​ជូន​មន្ត្រី​មក​ពីស្ថាន​ទូត​ចិន​ក្នុង​​ទីក្រុង​ភ្នំពេញ​ ​កាល​ពី​ព្រឹក​ថ្ងៃ​ពុធ​ ​ដើម្បី​នាំ​យក​ទៅ​ប្រគល់​ឲ្យ​សាច់​ញាតិ​របស់​ពួកគេ។

​បុរ​ស​ជន​ជាតិ​ខ្មែរ​ម្នាក់​ឈ្មោះ ​លាន​ ពៅ​ អាយុ​៣៥​ឆ្នាំ ដែល​ជា​អ្នក​បើក​បរ​រថយន្ត​ ​Lexus 330 ​ដឹ​ក​ជន​ជាតិ​ចិន​រង​គ្រោះ​ទាំង​ពីរ​នោះ ​បាន​រង​របួស​ធ្ងន់​ ​ត្រូវ​បាន​បញ្ជូន​ទៅ​ព្យាបាល​ក្រោម​ការ​ឃ្លា​មើល​ពី​កម្លាំង​សមត្ថកិច្ច។​

ចំណែក​ បុរស​ឈ្មោះ ​នង​ សុ​ខ​ អាយុ​ ៣០​ ឆ្នាំ ​ជា​អ្នក​បើ​ប​រ​រ​ថ​យន្ត​ Hyundai​ និង​អ្នក​រួម​ដំណើ​រជា​មួយ​គាត់​ ៣ នាក់​ផ្សេង​ទៀត​ ​បាន​រង​របួស​ធ្ងន់​ និង​ស្រាល​ ក៏​ត្រូវ​បាន​បញ្ជូន​ទៅ​ព្យាបាល​នៅ​ក្នុង​មន្ទីរពេទ្យ​នោះ​ផងដែរ។

យោង​តាម​ការ​ពិនិត្យ​វាស់​វែង​ ​នៅ​ក​ន្លែង​កើត​ហេតុ ​រថយន្ត​ដឹក​ទេស​ចរ​ជ​ន​ជាតិ​ចិន​ ដែល​បើក​បរ​ដោយ​​ឈ្មោះ ​លាន​ ​ពៅ​ ​ជា​អ្នក​បង្ក​ឲ្យ​មាន​គ្រោះ​ថ្នាក់​នេះ​ឡើង​ ​ដោយ​សារ​តែ​បើក​វ៉ា​ជែង​ក្នុង​ស្ថានភាព​គ្រោះថ្នាក់៕