ស្ទឹងត្រែងៈ កម្លាំង​នគរបាល​ប្រឆាំង​គ្រឿងញៀន​គ្រោង​នឹង​បញ្ជូន​បុរស​ជនជាតិ​ឡាវ​​ ២ ​នាក់ និង​វត្ថុតាង​គ្រឿងញៀន​ជិត​ ៥០ ​គីឡូក្រាម​ទៅ​តុលាការ​នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ​ ខណៈ​ដែល​សមត្ថកិច្ច​កម្ពុជា​កំពុង​សហការ​ជាមួយ​សមត្ថកិច្ច​ឡាវ​ ដើម្បី​តាម​រក​ចាប់ខ្លួន​ជនជាតិ​ឡាវ​ ៤ ​នាក់​ទៀត​ដែល​រត់គេចខ្លួន​។

លោក​ ចែម ផានិត ប្រធាន​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ស្ទឹងត្រែង​បាន​ថ្លែង​កាលពី​ម្សិលមិញ​ថា នៅ​យប់​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃទី​ ១៥ ខែ មករា ឆ្នាំ​ ២០២១ កម្លាំង​អន្តរាគមន៍​ការិយាល័យ​ទី​ ៩ ​នៃ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​ក្រសួង​មហាផ្ទៃ​សហការ​ជាមួយ​កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្តស្ទឹងត្រែង​បាន​បង្ក្រាប​ចាប់​បុរស​ជនជាតិ​ឡាវ​ ២ ​នាក់​។

ជនសង្ស័យ​មានឈ្មោះ អ៊ាថ ​អាយុ​ ២៩ ​ឆ្នាំ​ និង​ឈ្មោះ​ ទុន កែវ អាយុ​ ២៨ ​ឆ្នាំ​​ នៅ​ចំណុច​ស្ពាន​ទី​២ ​ច្រករបៀង​ស្ថិត​ក្នុង​ភូមិសាស្ត្រ​ឃុំ​អូរស្វាយ ស្រុក​បុរីអូរស្វាយ​សែនជ័យ ខេត្តស្ទឹងត្រែង បន្ទាប់ពី​ឆែកឆេរ​រកឃើញ​គ្រឿងញៀន​ប្រភេទ Ice Methamphetamine សរុប ៤៦ ដុំ ឬ​ស្មើ ៤៦ ​គីឡូក្រាម​។

លោក​បញ្ជាក់ថា​៖ «​បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​ ២ កំពុង​ស្ថិតក្រោម​ការសាកសួរ​ចម្លើយ​ពី​មន្ត្រីនគរបាល​ជំនាញ​។ ពួកគេ​នឹងត្រូវ​បញ្ជូន​ទៅកាន់​តុលាការខេត្ត នៅ​ព្រឹក​ថ្ងៃ​ចន្ទ​ [១៨ មករា ២០២១] ​នេះ ដើម្បី​មាន​ចំណាត់ការ​បន្ត​ទៅ​តាម​នីតិវិធី​»​។

បើតាម​លោក ផានិត ក្រុម​ជនសង្ស័យ​មាន​គ្នា​ ៦ ​នាក់ ប៉ុន្តែ​ ៤ ​នាក់​ទៀត​បាន​រត់គេចខ្លួន​ត្រឡប់​ចូលទៅ​កាន់​ទឹកដី​ឡាវ​វិញ នៅពេល​ពួកគេ​បាន​ពើបប្រទះ​នឹង​កម្លាំង​នគរបាល​នៅតាម​ព្រំដែន​។

ជុំវិញ​ករណី​នេះ​លោក ម៉ក់ ជីតូ អគ្គ​ស្នងការរង​នគរបាលជាតិ​ទទួល​ផែន​ប្រឆាំង​បទល្មើស​គ្រឿងញៀន​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ពី​ម្សិលមិញ​ថា នៅពេលនេះ​សមត្ថកិច្ច​នគរបាល​ជំនាញ​កំពុង​សហការ​ជាមួយ​កម្លាំង​សមត្ថកិច្ច នគរបាល​ប្រទេស​ឡាវ ដើម្បី​ស្រាវជ្រាវ​ស្វែងរក​ចាប់ខ្លួន​ក្រុម​ឧក្រិដ្ឋជន​គ្រឿងញៀន​ឆ្លងដែន​ទាំង​ ៤ ​នាក់ ​ដែល​រត់គេចខ្លួន​នោះ​ទៀត​ដើម្បី​នាំយក​ប្រគល់​ឲ្យ​តុលាការ​ផ្ដន្ទាទោស​ទៅតាម​ផ្លូវច្បាប់​។

លោក​ ជីតូ ថ្លែងថា​៖ «​តាម​ចម្លើយ​របស់​ជនសង្ស័យ​ទាំង​ ២ ដែល​យើង​បង្ក្រាបបាន​ក្រុម​នេះ​គឺជា​ក្រុម​ថ្មី​មួយ​ផ្សេងទៀត ដែល​មាន​មេខ្លោង​ធំ​នៅ​តំបន់​ត្រីកោណមាស និង​មាន​បណ្ដាញ​តូចៗ​នៅក្នុង​ប្រទេស ថៃ ឡាវ និង​ភូមា​។ ក្រុម​ថ្មី​នេះ​ទំនង​ជា​មាន​បណ្ដាញ​តូចៗ​នៅក្នុង​ប្រទេស​កម្ពុជា​យើង​ផងដែរ​»​។

ជាមួយ​គ្នា​នេះ លោក​អំពាវនាវ​ដល់​ពលរដ្ឋ​ទាំងអស់ សូម​នៅ​ឲ្យ​ឆ្ងាយ​ពី​គ្រឿងញៀន និង​ត្រូវ​រាយការណ៍​ប្រាប់​សមត្ថកិច្ច​ប្រសិនបើ​បានដឹង និង​ប្រទះ​ឃើញ​មាន​បទល្មើស​គ្រឿងញៀន​នៅ​កន្លែង​ណាមួយ ដើម្បី​សមត្ថកិច្ច​ចុះបង្ក្រាប​ឲ្យ​បាន​ទាន់​ពេលវេលា​ព្រោះ​គ្រឿងញៀន​វា​បង្ក​ឲ្យ​មាន​ផលប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​សុខភាព សេដ្ឋកិច្ច​គ្រួសារ និង​សង្គមជាតិ​ទាំងមូល​៕