សៀមរាប: ជនម្នាក់ដែលប្រើកាំភ្លើងខ្លីបាញ់គូស្នេហ៍ ១ គ្រាប់ ឲ្យរបួសធ្ងន់នៅភូមិគោកចាស់ ឃុំស្រណាល ស្រុកក្រឡាញ់ ខេត្តសៀមរាប កាលពីអធ្រាត្រថ្ងៃទី ២២ តុលា ត្រូវបានតុលាការខេត្តសៀមរាបសម្រេចឃុំខ្លួននៅពន្ធនាគារខេត្ត កាលពីថ្ងៃទី ២៤ តុលា ប៉ុន្តែអ្នកឱ្យកាំភ្លើងត្រូវដោះលែងវិញ ខណៈអ្នកច្បាប់ថា បុគ្គលឱ្យកាំភ្លើងគេប្រើក៏មានចំណែកជាប់ពាក់ព័ន្ធដែរ។
លោក ដួង សុខា ប្រធានការិយាល័យនគរបាលព្រហ្មទណ្ឌខេត្តសៀមរាប ថ្លែងពីថ្ងៃទី ២៥ តុលា ថា ជនឈ្មោះ ចាន់ ពៅ ហៅ ផល អាយុ ៥៧ ឆ្នាំ ដែលបាញ់ស្ត្រីរងគ្រោះត្រូវបានចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តសៀមរាបចោទប្រកាន់ និងចេញដីកាបង្គាប់ឱ្យសមត្ថកិច្ចចាប់បញ្ជូនទៅពន្ធនាគារខេត្ត កាលពីថ្ងៃទី ២៤ តុលា។ រីឯជនម្នាក់ទៀតឈ្មោះ ឃ្លោក គុយបា អាយុ ៣៦ ឆ្នាំ ដែលជាអ្នកប្រគល់កាំភ្លើងខ្លីទៅជនត្រូវចោទឈ្មោះ ចាន់ ពៅ (ជនល្មើស) នោះ គឺព្រះរាជអាជ្ញាបង្គាប់ឲ្យមានការធានាខ្លួន និងដោះលែងឲ្យនៅក្រៅឃុំបណ្តោះអាសន្នហើយ។
លោកថ្លែងថា៖ «ជនឈ្មោះ ចាន់ ពៅ ត្រូវចៅក្រមស៊ើបសួរឈ្មោះ ស៊ិន សង្ហា ដាក់ឱ្យស្ថិតនៅក្រោមការត្រួតពិនិត្យ ពីបទប៉ុនប៉ងឃាតកម្មគិតទុកជាមុនតាមបញ្ញត្តិមាត្រា ២៧,២០០ នៃក្រមព្រហ្មទណ្ឌ។ ចំពោះឈ្មោះ ឃ្លោក គុយបា ត្រូវព្រះរាជអាជ្ញាឱ្យធានាទៅវិញ»។
យោងបញ្ញត្តិមាត្រា ២០០ នៃក្រមព្រហ្មទណ្ឌចែងថា ឃាតកម្មគិតទុកជាមុន គឺជាគំរោង ដែលបង្កើតឡើងមុនអំពើបៀតបៀនទៅលើរូបបុគ្គលនៃជនរងគ្រោះ។ ឃាតកម្មគិតទុកជាមុនត្រូវផ្តន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិត។ ដូច្នេះជនត្រូវចោទប្រសិនបើតុលាការរកឃើញថា បានប្រព្រឹត្តមែននោះនឹងត្រូវមានទោសដូចមានចែងក្នុងមាត្រា ២០០ នេះ។
ករណីនេះជនឈ្មោះ ឃ្លោក គុយបា បានឆ្លើយប្រាប់សមត្ថកិច្ចថា គាត់ពិតជាស្គាល់ឈ្មោះ ចាន់ ពៅ ប្រាកដមែន ព្រោះជនសង្ស័យមានផ្ទះ និងស្រះចិញ្ចឹមត្រីនៅក្បែរផ្ទះរបស់ខ្លួន។ ប៉ុន្តែគាត់មិនបានផ្តល់ឬលក់អាវុធខ្លីនោះទៅឱ្យឈ្មោះចាន់ពៅទេ។ ជនសង្ស័យក៏បានឆ្លើយប្រាប់សមត្ថកិច្ចដែរថា អាវុធខ្លីនោះគឺឈ្មោះ ឃ្លោក គុយបា ជាអ្នកឲ្យគាត់ទុកប្រើប្រាស់ដើម្បីការពារខ្លួន និងការពារទ្រព្យសម្បត្តិ។
ចំពោះការប្រើប្រាស់អាវុធនេះ លោកមេធាវី យុង ផានិត ពន្យល់នៅថ្ងៃទី ២៥ ខែ តុលា ថា ប្រសិនបើជនដែលជាកម្មសិទ្ធិកាន់កាប់អាវុធនោះឱ្យទៅអ្នកដទៃ គឺជនម្នាក់នោះ ក៏ត្រូវមានចំណែកខុសដែរ។ មានន័យថា ជនជាម្ចាស់អាវុធនោះពាក់ព័ន្ធសមគំនិត ហើយឧបមាថា បើគាត់ប្រគល់អាវុធនោះ ហើយបញ្ជាឱ្យជនម្នាក់ទៀតបាញ់សម្លាប់គេ គឺជននោះជាមេខ្លោង។ ព្រោះគាត់បញ្ជាឱ្យទៅបាញ់សម្លាប់គេ។ ប៉ុន្តែបើជននោះទៅលួចកាំភ្លើងគេ គឺម្ចាស់កាំភ្លើងមិនជាប់ពាក់ព័ន្ធនោះទេ។
បើតាម លោក ដួង សុខា រំឭកតាមសម្តីស្រ្តីរងគ្រោះឈ្មោះ សំអុល សុដានី អាយុ ២៧ ឆ្នាំថា គឺជនសង្ស័យមានប្រពន្ធដើមមិនទាន់លែងលះគ្នាស្រេចបាច់នៅឡើយទេ។ ស្រ្តីរងគ្រោះបានសុំបែកផ្លូវគ្នាជាមួយជនសង្ស័យ ខណៈពួកគេក៏មានកូនស្រីម្នាក់អាយុ ៩ ឆ្នាំជាមួយគ្នាដែរ។ មុនកើតហេតុថ្ងៃទី ២១ តុលា ជនសង្ស័យបានយករថយន្ត ១ គ្រឿង ម៉ាកនីសាន់ដឹកស្រ្តីរងគ្រោះ និងកូនស្រីម្នាក់ ដោយជនសង្ស័យប្រាប់នាងថាទៅខេត្តពោធិ៍សាត់។ ប៉ុន្តែជនសង្ស័យបានប្តូរទិសដៅដឹកនាង និងកូនស្រីទៅខេត្តសៀមរាបវិញ។
តាមមន្ត្រីរូបនេះ ជនសង្ស័យបានឱ្យស្រ្តីរងគ្រោះ និងកូនស្រីជិះនៅផ្នែងខាងក្រោយរថយន្ត ហើយជនសង្ស័យបានឱ្យស្រ្តីរងគ្រោះលេបថ្នាំផ្តាសាយ ៣ គ្រាប់ផង។ ខណៈកំពុងធ្វើដំណើរនោះ ជនសង្ស័យនិយាយថា៖ «ថ្ងៃក្រោយនឹងយកកូនស្រីម្នាក់នេះមកចិញ្ចឹម និងមើលថែឱ្យបានល្អ ដេកលើដើមទ្រូងម្តាយសិនចុះ»។
លោកបន្តថា ខណៈកំពុងធ្វើដំណើរស្រ្តីរងគ្រោះបានដេកលង់លក់ហើយបានឮសំឡេងផ្ទុះអាវុធ ដែលពេលនោះគាត់មានអារម្មណ៍ឈឺចុកនៅលើទ្រូងខាងឆ្វេងទៅហើយ។ ពេលនោះ ស្រ្តីរងគ្រោះបានបើកភ្លើងទូរស័ព្ទបញ្ចាំងទៅជនសង្ស័យឃើញមានកាន់កាំភ្លើងខ្លីនៅក្នុងដៃ ហើយស្រ្តីរងគ្រោះបានស្ទុះទៅប្រតាយប្រតប់ជាមួយជនសង្ស័យបើកទ្វាររថយន្តលោតចេញមកលើថ្នល់។ ពេលនោះជនសង្ស័យបានថយរថយន្តបំណងកិនសម្លាប់ស្រ្តីរងគ្រោះ តែនាងបានប្រមៀលខ្លួនធ្នាក់ចូលក្នុងប្រឡាយទឹកប្របជើងថ្នល់ជាតិលេខ ៦ និងស្រែកឱ្យគេជួយ។
លោក ជីប ម៉េងជន អធិការនគរបាលស្រុកក្រឡាញ់ ខេត្តសៀមរាប ប្រាប់ពីថ្ងៃទី ២២ តុលា ថា នៅម៉ោងជិត ៣ ទៀបភ្លឺឈានចូលថ្ងៃទី ២២ តុលា ខណៈកម្លាំងសមត្ថកិច្ចរបស់លោកប្រចាំការតាមគោលដៅនៅចំណុចភូមិគោកចាស់ ឃុំស្រណាល ស្រុកក្រឡាញ់ ដើម្បីការពារក្បួនរថយន្តរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ពេលនោះសមត្ថកិច្ចបានឮសូរសំឡេងផ្ទុះគ្រាប់កាំភ្លើង ១ គ្រាប់ ហើយបាននាំគ្នារត់សំដៅកន្លែងផ្ទុះអាវុធនោះ។
លោកបន្តថា សមត្ថកិច្ចទៅដល់កន្លែងកើតហេតុបានឃើញបុរសម្នាក់រត់ឡើងរថយន្តហើយបើកគេចបាត់ ខណៈមានស្រ្តីម្នាក់ស្រែកឲ្យជួយ។ ពេលនោះសមត្ថកិច្ចបានរកឃើញកាំភ្លើងខ្លី ១ ដើមម៉ាក K59 ហើយបានឃើញស្រ្តីរងគ្រោះត្រូវគេបាញ់ចំគល់ដោះខាងឆ្វេង ១ គ្រាប់ ហើយក៏ដឹកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប។ លុះព្រឹកថ្ងៃទី ២២ តុលា ទើបសមត្ថកិច្ចចាប់ជនសង្ស័យបាន នៅស្រុកបរវេលខេត្តបាត់ដំបង ហើយប្រគល់ឱ្យនគរបាលខេត្តសៀមរាបនៅថ្ងៃទី ២២ តុលា ដដែល៕