ក្រចេះ: សមត្ថកិច្ច​នគរបាល​ខេត្តក្រចេះ​កាលពី​ម្សិលមិញ​បាន​បញ្ជូន​បុរស​ម្នាក់​ទៅ​សាលា​ដំបូង​ខេត្ត បន្ទាប់ពី​ចាប់ខ្លួន​ ១ ​ថ្ងៃ ក្រោយ​ប្លន់​សម្លាប់​ស្ត្រី​ម្នាក់​ប្រព្រឹត្ត​នៅ​ភូមិ​រកាធំ ឃុំ​ជ្រោយបន្ទាយ ស្រុក​ព្រែកប្រសព្វ​កាលពី​រសៀល​ថ្ងៃទី​ ១២ ខែធ្នូ​។

លោក ហួត លឹមហ៊ាង នាយការិយាល័យ​ព្រហ្មទណ្ឌ​កម្រិតធ្ងន់​នៃ​ស្នងការដ្ឋាន​នគរបាល ខេត្ត​ក្រចេះ ប្រាប់​ពី​ម្សិលមិញ​ថា ជនសង្ស័យ​ឈ្មោះ យ៉ង ណាក់ អាយុ ៣២ ឆ្នាំ ​ដែល​បានសម្លាប់​ស្ត្រី​រងគ្រោះ​ឈ្មោះ​ ឈុំ ណៃស៊ីម អាយុ ៣៩ ​ឆ្នាំ រស់នៅ​ភូមិ-ឃុំ កើតហេតុ​ខាងលើ​ត្រូវ​បាន​បញ្ជូនទៅ​សាលាដំបូង​ខេត្តក្រចេះ​ហើយ​។ ជនសង្ស័យ​ពិតជា​បាន​ប្លន់​សម្លាប់​ស្ត្រី​រងគ្រោះ​យកលុយ និង​ទ្រព្យសម្បត្តិ​មែន​ព្រោះ​ក្រោយ​សម្លាប់​ស្ត្រី​រងគ្រោះ​រួច​គេ​បាន​គេចខ្លួន​បាត់​។

លោក​ថា៖ «​ជនសង្ស័យ​នឹងត្រូវ​តុលាការ​ចោទប្រកាន់​ពាក់ព័ន្ធ​នឹង​អំពើ​ឃាតកម្ម​នេះ ព្រោះ​គាត់​​បាន​ប្រព្រឹត្ត​បទល្មើស​ជាក់ស្តែង ហើយ​អំពើ​នេះ​ជាប់​ពាក់ព័ន្ធ​នឹង​ឃាតកម្ម​គិតទុក​ជាមុន​»​។

ជុំវិញ​ករណី​នេះដែរ​លោក ច័ន្ទ សុផល្លា អធិការនគរបាល​ស្រុក​ព្រែកប្រសព្វ​ប្រាប់ថា ស្ត្រី​រងគ្រោះ​មាន​ប្តី​ជា​អ្នក​ធ្វើ​ចម្ការ និង​មាន​កូនស្រី​ម្នាក់​អាយុ ៦ ​ឆ្នាំ​រស់នៅ​ក្នុង​ភូមិ-ឃុំ កើតហេតុ​ខាងលើ​។ បើតាម​ចម្លើយ​របស់​ក្រុមគ្រួសារ​ថា នៅ​រសៀល​ថ្ងៃទី​ ១២ ​ធ្នូ ស្ត្រី​​រងគ្រោះ​បាន​ដឹកគោ​ទៅ​ក្រោយ​ផ្ទះ ហើយ​បាន​បាត់​ដំណឹង ប៉ុន្តែ​មិនមាន​អ្នក​ចាប់​អារម្មណ៍​ថា​គាត់​ត្រូវគេ​សម្លាប់​ទេ​។

លោក​បន្តថា​លុះ​នៅ​យប់​ថ្ងៃ​ដដែល បន្ទាប់ពី​មិនឃើញ​ប្រពន្ធ​វិល​មក​ផ្ទះ ប្តី​ស្ត្រី​រងគ្រោះ និង​អ្នកភូមិ​នាំគ្នា​ដើររក​តែ​រក​មិនឃើញ​។ ​លុះ​ព្រឹក​ឡើង​ថ្ងៃទី​ ១៣ ធ្នូ ទើប​គេ​ប្រទះ​ឃើញ​គាត់​ដេកស្លាប់​នៅ​ចម្ងាយ​ប្រហែល​ ១៥០ ​ម៉ែត្រ​ពី​ផ្ទះ​របស់​ខ្លួន​ (​ស្ត្រី​រងគ្រោះ​)​។

បើ​តាម​លោក​ ច័ន្ទ សុផល្លា ទ្រព្យសម្បត្តិ​ដែល​សមត្ថកិច្ច​ឃើញ​នៅ​ខ្លួន​ជនសង្ស័យ​មាន​លុយ​ខ្មែរ​ ៥៦ ​ម៉ឺន​រៀល និង​ក្រវិល​ប្លាទីន​ ១ ​គូ​។ ស្ត្រី​រងគ្រោះ​ត្រូវ​ជនសង្ស័យ​វាយ​ឲ្យ​បាក់ធ្មេញ​មុខ​អស់​ ៣​។​រីឯ​ថ្គាម​សងខាង​មាន​ស្នាម​វាយ​ជាំ និង​មាន​ដាច់​ទង​ស្លឹកត្រចៀក​ខាងឆ្វេង និង​មាន​ស្នាម​ជាំ​នៅ​ទ្រូង​ផងដែរ​។

លោក​បាន​បញ្ជាក់ថា ផ្អែក​តាម​ស្លាកស្នាម​លើ​ខ្លួន​ស្ត្រី​រងគ្រោះ​សមត្ថកិច្ច​ជំនាញ​ព្រហ្មទណ្ឌ​បានកំណត់​តម្រុយ​មុខសញ្ញា និង​បានដាក់​កម្លាំង​តាម​ចាប់​ជនសង្ស័យ​បាន​នៅផ្ទះ​របស់គេ​តែ​ម្ដង​ដែលមាន​ចម្ងាយ​ពី​ផ្ទះ​របស់​ស្ត្រី​រងគ្រោះ​ប្រហែល​ជិត​ ១ ​គីឡូម៉ែត្រ​។

លោក​បាន​ប្រាប់​តាម​សម្តី​ជនសង្ស័យ​ថា នៅមុន​ពេល​កើតហេតុ រូបគេ​បានឃើញ​ស្ត្រី​រងគ្រោះ​ដឹកគោ​ដើរកាត់​ព្រៃ​ម្នាក់ឯង ហើយ​ពេល​ឃើញ​ស្ពាយ​កាបូប​លុយ​ ១ ​ផង ក៏មាន​គំនិត​ប្លន់​សម្លាប់​យកលុយ និង​ក្រវិល​តែម្តងទៅ​។ ចំណែកឯ​លុយ​ដែល​ប្តី​ស្ត្រី​រងគ្រោះ​ថា​មាន​ ៦០ ​ម៉ឺន​រៀល​នោះ គឺ​សមត្ថកិច្ច​ដកហូត​បាន​លុយ​ពី​ជនសង្ស័យ​តែ​ ៥៦ ​ម៉ឺន​រៀល និង​ក្រវិល​ប្លាទីន ១ ​គូ​ប៉ុណ្ណោះ​៕