ភ្នំពេញៈ ខណៈ​ដែល​ស្ពាន​ជ្រោ​យ​ចង្វារ​​ នៅ​រាជធានី​ភ្នំពេញ នឹង​ត្រូវ​បើក​ឲ្យ​ដំណើរ​ការ​ឡើង​វិញ នៅ​ថ្ងៃទី​ ៤ ខែ មេសា​ គឺ​នៅ​មុន​ថ្ងៃ​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​ជាង​មួយ​សប្តាហ៍​ ជប៉ុន​ក៏​នៅ​បន្ត​ជួយ​លើ​គម្រោង​ដោះស្រា​យ​​វិបត្តិ​កក​ស្ទះ​ចរាចរណ៍​ផង​ដែរ។

ស្ពាន​​ជ្រោយ​ចង្វារ​ ​ត្រូវ​បាន​ជួស​ជុល​ឡើង​វិញ ចាប់​តាំង​ពី​ខែ តុលា ឆ្នាំ​ ២០១៧ ដោយ​​​ប្រាក់​ជំនួយ​ឥត​សំណង​ចំនួន ៣០ លាន​ដុល្លារ ដែល​ត្រូវ​បាន​ផ្តល់​ដោយ​ទីភ្នាក់​ងារ​សហប្រតិ​បត្តិ​ការ​អន្តរ​ជាតិ​ជប៉ុន​ (JICA) និង​ស្ថាន​ទូត​ជប៉ុន​ប្រចាំ​កម្ពុជា។

កម្មករ​សាង​សង់​មាន​ភាព​មមា​ញឹក​ ក្នុង​ការ​លាប​ពណ៌​គ្រឿង​តុប​តែង​ភ្ជាប់​ស្ពាន​ និង​ភ្ជាប់​បង្កាន់​ដៃការ​ពារ​កាល​ពីដើម​សប្តាហ៍​នេះ​ នៅ​ពេល​ដែល​សមា​ជិក​ចំនួន​ ២៧ ​រូប​ នៃ​អង្គ​​ភាព​សារ​ព័ត៌​មាន​មួយ​ចំនួន​ បាន​​​ចុះ​ទៅ​ទីតាំង​​នោះ​ដើម្បី​ពិនិត្យ​មើល តាម​ការ​​រៀបចំ​ពី​សំណាក់​ JICA។

ស្ពាន​ជ្រោយ​ចង្វារ​​ត្រូវ​បាន​ដាក់​ឈ្មោះ​​ជា​ផ្លូវការ​ថា ​ស្ពាន​មិត្ត​ភាព​កម្ពុជា-ជប៉ុន។ ស្ពាន​នេះ ​មិន​ត្រឹម​តែ​បម្រើ​ដល់​តម្រូវការធ្វើ​ដំណើ​និង​​ដឹក​ជញ្ជូន​រប​ស់​ព្រះរា​ជា​ណា​​ចក្រ​កម្ពុជា​ប៉ុណ្ណោះ​​ទេថែម​ទាំង​មាន​តួនាទី​ដ៏​សំខា​ន់​ ក្នុង​កិច្ច​សហ​ប្រតិបត្តិការ​រវាង​ជប៉ុន-កម្ពុជា ​ផងដែរ។

ដើម​ដំបូង​ឡើយស្ពាន​នេះ​ ត្រូវ​បាន​កសាង​ក្នុង​ឆ្នាំ​ ១៩៦៣​ ដោយ​ជំនួយ​បច្ចេក​ទេស ​ពី​ប្រទេ​ស ​ជប៉ុន ហើយ​វា​ត្រូវ​បាន​បំផ្លាញ​ស្ទើរ​តែ​ទាំង​ស្រុង​អំឡុ​ង​សង្រ្គាម​ស៊ីវិល​ ក្នុង​ទស្សវត្សរ៍​ឆ្នាំ ​១៩៧០​។ ជំនួយ​ឥត​សំណ​ង​​ពី​មុន​ឆ្នាំ ១៩៩២ បាន​ដំណើរការ​សាង​សង់​ឡើង​វិញ មុន​ពេល​​ដែល វាបើ​ក​ឲ្យ​ប្រើ​ប្រាស់​នៅ​ឆ្នាំ ១៩៩៦។

លោក Hidehisa Horinouchi ​ឯក​អគ្គរាជ​ទូត​​ជប៉ុន ប្រចាំ​កម្ពុជា​មាន​ប្រសាសន៍​ថា​៖​ «​ក្នុង​រយៈ​ពេល​ ៣០ ឆ្នាំ​ចុងក្រោយ​នេះ ប្រទេស​ ជប៉ុន​ កំពុង​ផ្តល់​ការ​គាំទ្រ​ដល់​កម្ពុជា ចាប់​ពី​ដំណើរ​ការ​សន្តិ​ភាព​ដំបូ​ង តាម​រយៈ​ការ​សាង​សង់​ឡើង​វិញ​ជា​បន្ទាន់​ និង​រហូត​ដល់​ ការ​អភិវឌ្ឍ​សេដ្ឋកិច្ច»។

ស្ពាន​នេះ​មាន​ប្រវែង ៧០៩ ម៉ែត្រ តភ្ជាប់​រាជ​ធានី​​ភ្នំពេញ​ទៅ​​ខេត្ត​ចំនួន​ ៩​ នៅ​ប៉ែក​ឦ​សាន​ រួ​ម​ទាំងការ​ដឹក​ជញ្ជូន​​ទំនិញ​​ផងដែរ។

សេចក្តី​ថ្លែង​ការណ៍​​មួយ​ចេ​ញ​ផ្សាយ​ដោយ JICA និង​ស្ថានទូត​ជប៉ុន​នៅ​កម្ពុជា បាន​ឲ្យដឹង​ថា គម្រោង​ជួស​​ជុល​នេះ មាន​គោល​បំណង «លុប​បំបាត់​ការកក​ស្ទះ​ចរាច​រណ៍ ហើយ​រួមចំណែក​នៅ​ក្នុង​ផែន​ការ​អភិវឌ្ឍ​​យុទ្ធសាស្រ្ត​ថ្នាក់​ជាតិ​កម្ពុជា»​។

សេច​ក្តី​ថ្លែង​ការ​ណ៍នេះ​បាន​បន្ត​ថា៖ «គម្រោង​សាង​សង់ និង​កែលម្អ​ផ្លូវ ត្រូវ​បាន​លើកស្ទួយតាម​រយៈ​ជំនួយ​ពី​ប្រទេ​ស​​ ជប៉ុន និង​ម្ចាស់​ជំនួយ​ផ្សេងៗ​ ដោយ​ផ្តោត​ជា​ចម្បង​លើ​ផ្លូវ​ជាតិ ក្នុង​ប្រទេស​នេះ»។

ទឹក​ប្រាក់​ជំនួយ​ឥត​សំណង​ចំនួ​ន​ ៣០ លាន​ដុល្លារ សម្រា​ប់​គម្រោង​នេះ​ មិន​តម្រូវ​ឲ្យភា​គី កម្ពុជា​សង​ទេ ផ្ទុយ​ទៅ​វិញ​ ប្រា​ក់​​ជំនួយ​នេះនឹង​ត្រូវ​បាន​ប្រគល់​ឲ្យ​រដ្ឋាភិបាល​រក្សា​ទុក បន្ទាប់​ពី​ការងារ​ជួស​​ជុល​នេះ​បាន​សម្រេច​ពេញ​លេញ។

JICA ក៏បាន​ផ្តល់​ប្រាក់ជំនួយ​ឥត​សំណង​ចំនួន ​១៦ លាន​ដុល្លារ​បន្ថែម​ទៀត សម្រា​ប់​ការ​អភិវឌ្ឍប្រព័ន្ធ​គ្រប់​គ្រង​ចរាចរណ៍​ថ្មី​ នៅ​ក្នុង​​រាជ​ធានីភ្នំ​ពេញ រួម​ទាំង​ប្រព័ន្ធ​តាម​ដាន​នៅ​សាលា​រាជធានី​ និង​ភ្លើង​ចរាចរ​ណ៍​ថ្មី​ចំនួន ​១០០ កន្លែង។

យោង​តាម JICA គម្រោង​នេះ​ មាន​គោល​បំណង​កាត់​បន្ថយ​គ្រោះ​ថ្នាក់​ចរាចរណ៍ នឹង​អាច​កាត់​បន្ថយ​​ការ​ប្រើ​នគរ​បាល​ចរាចរណ៍​នៅ​ចំណុច​ប្រស​ព្វបា​ន ២០ ភាគ​រយ។ ឧបករណ៍​សម្រួល ចរាចរណ៍​​ដែល​ចាត់​ចែង​ដោយ​នាយក​ដ្ឋាន​ការ​ងារ​សាធារណៈ​ រួ​ម​មាន​ កា​រ​គ្រប់​គ្រង​​សញ្ញា​ចរាចរណ៍ការ​គ្រប់​គ្រង​ដំណើរ​ប្រព័ន្ធ​ទូរទស្សន៍​កាមេ​​រ៉ា ការ​តាម​ដាន​បណ្តាញ និង​ជញ្ជាំង​វី​ដេ​អូ។ ឧប​ករ​ណ៍​ទាំ​ង​នេះ បង្ហាញ​ដោយ​ស្វ័យ​ប្រវត្តិនូវ​ផ្នែក​នានា​ ក្នុងក្រុង​ដែល​ទាមទារ​ឲ្យមាន​ការ​យក​ចិត្ត​ទុក​ដាក់។

មន្រ្តី​មក​ពី​នាយក​ដ្ឋានការ​ងារ​សាធារ​ណៈ​មា​ន​ប្រសាសន៍​ថា ពួក​គេ​បាន​កត់សម្គាល់​ឃើញ​មាន​ការ​កែ​លម្អ​នៅ​ក្នុង​​ស្ថានភាព​ចរាចរណ៍ តែ​ពួក​គេ​មិន​អាច​កំណត់​​បាន​អំពី​បរិមាណ​ថា កិច្ច​ការ​ងារ​នេះ​​ប្រសើរ​​បាន​ច្រើន​ប៉ុន​ណា​នោះ​ទេ ចាប់​តាំង​ពី​មជ្ឈ​មណ្ឌល​​គ្រប់​​គ្រង​ចរាចរណ៍​ បាន​ចាប់​ផ្តើម​ដំណើរ​ការ​កាល​ពី​ខែ​ កុម្ភៈ​ ឆ្នាំ ២០១៩ មក​នោះ៕

Husain Haider