ភ្នំពេញៈ រដ្ឋាភិបាល​ជប៉ុន ​បានផ្ដល់​ជំនួយ​អភិវឌ្ឍន៍​ផ្លូវការ​ដល់​កម្ពុជា​ ​ប្រមាណ​ជាង ១៣៤ លាន​ដុល្លារ​អាមេរិក​ ក្នុងនោះ​ ជំនួយ​ឥត​សំណង​ប្រមាណ​ជិត​ ២០ លាន​ដុល្លារ ​និង​ឥណទាន​សម្បទាន​ប្រមាណ​​ជាង ១១៤ លាន​ដុល្លារ​​នៅ​ឆ្នាំ​ ២០១៨ កន្លង​ទៅ​នេះ។ នេះ​បើតាម​ការលើក​ឡើង​របស់​រដ្ឋមន្ត្រីការ​បរទេស​ កម្ពុជា លោក​ ប្រាក់ សុខុន កាល​ពី​ម្សិលមិញ។

ការលើកឡើង​នេះ ​ក្នុង​កម្មវិធី​ចុះហត្ថលេខា​ស្ដីពី «ការផ្ដល់​ឥណទាន​សម្បទា​ន និង​ហិរញ្ញ​ប្បទាន​​ឥត​សំណង​របស់​ជប៉ុន​ចំនួន​ប្រមាណ​ ៤៣,៣៦ លាន​ដុល្លារ​អាមេរិក ​សម្រាប់​អនុវត្ត​លើ​គម្រោង​ចំនួន ២ ​គឺ​គម្រោង​កែលម្អ និង​ស្ដារ​ប្រព័ន្ធ​ស្រោចស្រព ​និង​ប្រព័ន្ធ​រំដោះ​ទឹក​ភាគ​ខាងលិច​បឹង​ទន្លេសាប​ ក្នុង​ជំហាន​ទី ២» រវាង​លោក ​ប្រាក់ សុខុន ឧប​នាយក​រដ្ឋ​មន្ត្រី ​និងជា​រដ្ឋមន្ត្រី​ក្រ​សួង​ការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​ និង​លោក Hidehisa HORINOUCHI ឯក​អគ្គរាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា ​នៅ​ទីស្ដីការ​ក្រសួង​ការបរទេស។

លោក​ ប្រាក់ សុខុន ​បាន​ថ្លែងថា ​គិត​ចាប់ពី​ខែមេសា ឆ្នាំ ​២០១៨ ដល់​ ខែ​មីនា ២០១៩ នេះ ​សរុបមក​ កម្ពុជានិង​ជប៉ុន​បាន​ចុះ​ហត្ថ​លេខា​លើ​ឯកសារ​សី្ត​ពី​ជំនួយ​អភិវឌ្ឍន៍​ផ្លូវការ​របស់​ជប៉ុន​ដែល​ផ្តល់​ឲ្យ​រាជ​រដ្ឋា​ភិ​បាល​កម្ពុ​ជាសរុប​ចំនួន​ ១៤ ៩៩៧​​ លាន​យ៉េន ​គិត​ជា​ដុល្លារ​អាមេរិក​​ប្រមាណ​ ១៣៤,៣៨ លានដុល្លារ​ ​ក្នុង​នោះ​ជំនួយ​ឥត​សំណង​ប្រមា​ណ ១៩,៤២ លាន​ដុល្លារ​ និង​ឥណទាន​សម្បទាន ​ប្រមាណ ១១៤, ៩៦ លាន​ដុល្លារ​អាមេរិក។

បន្ថែម​លើ​នេះ​ លោក​បន្តថា​ រដ្ឋាភិបាល​ជប៉ុន​បានផ្ដល់​ហិរញ្ញប្បទាន​ដែលមាន​ទឹកប្រាក់​សរុប​ចំនួន ៤ ៩៣៩ លាន​យ៉េន​ (ប្រមាណ ៤៣,៣៦ លាន​ដុល្លារ​អាមេរិក) កាលពី​ម្សិលមិញ​នេះ។ ក្នុងនោះ​ឥណទាន​សម្បទាន​ចំនួន ៣ ៥៩៩ លាន​យ៉េន​ (ប្រមាណ៣១,៥៦ លាន​ដុល្លារ​អាមេរិក) សម្រាប់​អនុវត្ត «គម្រោងកែលម្អ ​និង​ស្ដារ​ប្រព័ន្ធ​ស្រោចស្រព ​និង​ប្រព័ន្ធ​រំដោះ​ទឹក​ភាគ​ខាងលិច​បឹង​ទន្លេសាប​ ក្នុង​ជំហាន​ទី ២» និង​ហិរញ្ញប្បទាន​ឥត​សំណង​ចំនួន ​១ ៣៤០ លាន​យ៉េន ​(ប្រ​មា​ណ ១១,៨ លាន​ដុល្លារ​អាមេរិក) ​សម្រាប់​អនុវត្ត «គម្រោង​អភិវឌ្ឍន៍​ប្រព័ន្ធ​ផ្លាស់ប្ដូរ​ទិន្នន័យ​អគ្គិសនី​នៅ​កំពង់ផែ ​ដើម្បី​ធ្វើ​ទំនើប​កម្ម​កំពង់ផែ»។

លោក​ ប្រាក់ សុខុន ​បញ្ជាក់ថា​ ជំនួយ​ឥត​សំណង និង​ឥណ​ទាន​​សម្បទាន​ដែល​ទើប​ត្រូវបាន​​ចុះហត្ថលេខា​នេះ ​នឹង​រួម​ចំ​​ណែ​ក​យ៉ាងសំខាន់​ក្នុងការ​បន្ត​អនុវត្ត​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់​កាល​ទី ៤​ របស់​រដ្ឋា​ភិបាល​កម្ពុ​ជា​ដែល​ស្របទៅ​នឹង​មុំ​ទី ២ ​និង​ទី ៤ ​ដែល​បាន​សង្កត់​ធ្ងន់​​លើ​ «ការកែលម្អ​ប្រព័ន្ធ​ឡូ​ជីស្ទីក (Logistics) ការ​លើក​កម្ពស់​ការតភ្ជាប់​ផ្នែក​ដឹកជញ្ជូន​ថាមពល​ និង​ឌីជីថល» ​និង «ការលើកស្ទួយ​កសិកម្ម​ និង​ការអភិវឌ្ឍ​ជនបទ ​ការគ្រប់គ្រង​ធម្មជាតិ​ និង​វប្បធម៌​ប្រកបដោយ​ចីរភាព» ដែល​ទាំងនេះ​ជា​ចលករ​​ជួយ​ជំរុញ​ឲ្យ​កម្ពុជា​សម្រេច​បាន​នូវ​ឋានៈ​ជា​ប្រទេស​ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ ២០៣០ ខាង​មុខ។

លោកថ្លែង​ថា​៖ «ជប៉ុន​គឺជា​ប្រទេស​ផ្តល់​ជំនួយ​ដ៏​ធំ​បំផុត​មួយ ​ដែល​បាន​គាំទ្រ​គម្រោង​អភិវឌ្ឍន៍​​អាទិភាព ​របស់​រាជ​រដ្ឋាភិ​បាល​កម្ពុជា​ តាំងពី​ដើម​ទសវត្ស​រ៍ ១៩៩០ ​ជាពិសេស​ការ​កែ​លម្អ​ប្រព័ន្ធ Logistics សុខាភិបាល ​អប់រំ​ ការអភិវឌ្ឍ​ធន​ធាន​មនុស្ស ​កសិកម្ម ​និង​លើក​កម្ពស់​ជីវភាព​រស់នៅ​របស់​ប្រជាជន»។

លោក ​Hidehisa HORINOUCHI ឯកអគ្គ​រដ្ឋទូត​ជប៉ុន​ប្រចាំ​នៅ​កម្ពុជា​ បាន​ថ្លែង​ក្នុង​កម្មវិធី​នោះ​ថា ​រហូត​មកទ​ល់​ពេលនេះ​ ប្រទេស​ ជប៉ុន ​បាន​និង​កំពុង​ពង្រឹង​កិច្ចសហ​ប្រតិបត្តិការ​លើ​គ្រប់​វិស័យ​ជាមួយ​ប្រទេស កម្ពុជា ​ជាពិសេស​ជំនួយ​សម្រាប់​កិច្ច​សហ​ប្រតិបត្តិការ​លើគ​ម្រោ​ង​កំពង់ផែ​ វា​នឹង​ជួយ​ពង្រឹង​សមត្ថកិច្ច​មន្ត្រី​គ្រប់គ្រង​កំពង់ផែ។ ចំណែក​ជំនួយ​ផ្នែក​ស្រោចស្រព​នេះ​ ក៏​ជា​ផ្នែក​មួយ​លើក​ស្ទួយ​វិស័យ​កសិកម្ម ​រុក្ខាប្រមាញ់ ​និង​នេសាទ ​ក៏ដូចជា​ ការកែលម្អ​ប្រព័ន្ធ​បង្ហូរទឹក​ និង​វិស័យ​ពាក់ព័ន្ធ​ផ្សេងៗ​ទៀត ។

លោក​បានបន្តថា​៖ «ខ្ញុំ​គិតថា ​សកម្ម​ភាព​របស់​ជប៉ុន​ទាំង​នេះ​ នឹង​រួមចំណែក​បង្កើន​ផលិតកម្ម​ផ្នែក​កសិកម្ម​យ៉ាង​ខ្លាំង​ក្លា​ថែម​ទៀតដើម្បី​ឆ្លើយ​តបកំណើន​នៃ​តម្រូវការ​ពិភពលោក​ និង​ទំហំ​ពាណិជ្ជកម្ម​នាំចេញ​របស់​ប្រទេស​ កម្ពុជា ​ជាពិសេស​ការ​អភិវ​ឌ្ឍ​វិស័យ​កំពង់ផែ ​និង​កសិកម្ម ​គឺជា​អាទិភាព​សំខាន់​របស់​កម្ពុជា ​ដើម្បី​គាំទ្រ​កំណើន​សេដ្ឋកិច្ច» ។

លោក សន ជ័យ ​ប្រធាន​អង្គការ​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​កម្ពុ​ជា ​លើកឡើងថា ​គេ​សង្កេត​ឃើញ​​ជំនួយ​របស់​ជប៉ុន​តែងតែ​ផ្ដោត​សំខាន់​លើ​ការអភិវឌ្ឍ​តាមបែប​រូបវន្ដ ហើយ​ការអភិវឌ្ឍ​បែបនេះ ​គឺជា​តម្រូវការចាំបាច់​របស់​ប្រជាជន​នៅ​ក្នុង​ជីវភាព​ប្រចាំថ្ងៃ។ ទោះ​យ៉ាងណា​ ក៏​លោក​​លើកទឹកចិត្ត​ឲ្យ​មានការ​អនុវត្ត​គម្រោង និង​ការប្រើប្រាស់​ធន​ធាន​ដែលជា​ជំនួយ​ជប៉ុន​ផ្ដល់​ឲ្យ​នេះ ​ត្រូវ​ប្រកាន់​ខ្ជាប់​លើ​គុណភាព ​និង​តម្លាភាព។

លោក សន ជ័យ បាន​ថ្លែងថា​៖​ «ខ្ញុំ​សង្កេត​ឃើញថា​ ជំនួយ​របស់​ជប៉ុន ​គឺ​គាត់​ជួយ​លើ​ប្រព័ន្ធ​ហេដ្ឋា​រចនាសម្ព័ន្ធ​ដូចជា ​ផ្លូវថ្នល់ ​ស្ពាន សា​លារៀន​ មន្ទីរពេទ្យ​ និង​ស​មិទ្ធ​ផល​ផ្សេងទៀត​ គឺ​ពួកគាត់​ចុះ​ធ្វើ​ដោយផ្ទាល់​តែម្ដង​ ហើយ​យើង​ឃើញ​មាន​ប្រសិទ្ធភាព​ខ្ពស់​។ យើង​ក៏​ចង់ឃើញ​ការអនុវត្ត​ជំនួយ​របស់​ប្រទេស​ផ្សេងៗ​ទៀតឲ្យ​មាន​តម្លាភាព​និង​ប្រើប្រាស់​ឲ្យ​មាន​ប្រសិទ្ធភាព​ដើម្បី​ជា​ប្រយោជន៍​ដល់​ប្រជា​ពលរដ្ឋ​យើង»៕