ភ្នំពេញៈ ​ហិប​ឆ្នោត​ចំនួន​ ១១-០០០ ​និង​រថយន្ត​ភិកអាប់​ ៤០ ​គ្រឿង​ត្រូវ​បាន​រាជរដ្ឋាភិបាល​ប្រគល់​ជូន​គណៈកម្មាធិការ​ជាតិ​​រៀបចំ​ការបោះឆ្នោត​ (​គ.ជ.ប​.) ​សម្រាប់​បម្រើ​ឱ្យ​ការបោះឆ្នោត​ជ្រើស​តាំង​តំណាងរាស្ត្រ​នីតិកាល​​ទី​ ៦ ​ឆ្នាំ​នេះ ដែល​គិត​ទាំង​លើក​នេះ​ទៀត​មាន​ទឹកប្រាក់​ជាង​ ៧ ​លាន​ដុល្លារ​ហើយ​ដែល​ជប៉ុន​ជួយ​ (​គ.ជ.ប)​។ នេះ​បើ​តាម​សេចក្តី​ប្រកាស​របស់​ (​គ.ជ.ប​) ​កាលពី​ថ្ងៃ​ទី​ ១៤ ខែ​កក្កដា​។

ការប្រគល់​ជំនួយ​នេះ​បាន​ធ្វើ​​ឡើង បន្ទាប់ពី​មាន​ការ​ចុះហត្ថលេខា​លើ​អនុស្សរណៈ​កាលពី​ថ្ងៃទី​ ២១ ​ខែ​កុម្ភៈ​ឆ្នាំ​នេះ​ក្នុង​ទឹកប្រាក់​ ៨០០ ​​លាន​យេន​រវាង​លោក​​ប្រាក់ សុខុន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​កម្ពុជា​ជាមួយ​លោក HiddehisaHorinouchi) ​ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា​។

អ្នក​នាំពាក្យ គ.ជ.ប លោក​​ ហង្ស ពុទ្ធា បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​​ថា បើ​គិត​ជា​ទឹកប្រាក់​មក​ទល់​ពេល​នេះ ជប៉ុន​បាន​ផ្ដល់​ជំនួយ​សរុប​ដល់ គ.ជ.ប ជាង​ ៧ ​លាន​​ដុល្លារ​ហើយ​ក្នុង​នោះ​ក្រៅពី​​សម្ភារ​ជប៉ុន​ក៏​បាន​ជួយ​បន្ថែម​​ផ្នែក​បច្ចេកទេស​ព័ត៌មានវិទ្យា​ផង​ដែរ​។ ​លោក​ថា​៖ «​ជប៉ុន​គឺជា​​ប្រទេស​មួយ​ដែល​បាន​ផ្ដល់​ជំនួយ​​ដល់ គ.ជ.ប តាំងពី​សម័យ​អ៊ុនតាក់​មក​ម្ល៉េះ​ហើយ​នៅ​តែ​បន្ដ​​ផ្ដល់​ជំនួយ​រហូត​បច្ចុប្បន្ន​...»​។

លោក​បន្ថែម​ថា​៖ «​ជប៉ុន​បាន​ផ្ដល់​ទូ​ស៊ើវើរ​ (server) ១ ​គ្រឿង​​ថែម​ទៀត​ដល់ គ.ជ.ប សម្រាប់​ផ្ទុក​ឯកសារ​ដែល​ទូស៊ើវើរ​នេះ​មាន​តម្លៃ​ ១,៣ ​លាន​ដុល្លារ​»​។

បើ​តាម​លោក ពុទ្ធា ក្រៅពី​ប្រទេស​ជប៉ុន គ.ជ.ប មាន​ដៃគូ​​ផ្ដល់​ជំនួញ​ដ៏ធំ​មួយ​ទៀត​ដែរ​គឺ​ចិន​ដែល​បាន​ផ្ដល់​ជំនួយ​លើ​សម្ភារ​ជាច្រើន​នា​អាណត្ដិ​នេះ​បើ​សរុប​ជា​ទឹកប្រាក់​ជិត​ ២០ ​លាន​ដុល្លារ​ហើយ​។

លោក ពុទ្ធា បញ្ជាក់​ថា​៖ «​ក្នុង​អាណត្ដិ​នេះ​ទោះបី​ប្រទេស​មួយ​ចំនួន​ផ្អាក​ផ្ដល់​ជំនួញ​ដល់ គ.ជ.ប ក៏ដោយ តែ​យើង​មិន​ខ្វះ​ជំនួយ​ទេ ព្រោះ​ក្រៅពី​ប្រទេស​ជប៉ុន ប្រទេស​ចិន​ក៏​ជា​ម្ចាស់​ជំនួយ​ដ៏ធំ​ដែល​បាន​ផ្ដល់​ជំនួយ​ជាច្រើន​សម្រាប់​ការបោះឆ្នោត​អាណត្ដិ​នេះ បើ​សរុប​ជា​ទឹកប្រាក់​ប្រហែល​ ២០ ​លាន​ដុល្លារ​អាមេរិក​ហើយ​»​។

គួរ​បញ្ជាក់​ថា គ.ជ.ប ក៏​មាន​ហិប​ឆ្នោត​ចំនួន​ ១២ ០០០ ទៀត​​ដែល​ជា​ជំនួយ​របស់​ជប៉ុន​តាំងពី​ឆ្នាំ​ ១៩៩៨ ដែល​កំពុង​បន្ត​ប្រើប្រាស់​សម្រាប់​ការបោះឆ្នោត​នៅ​ថ្ងៃទី​ ២៩ ខែ​កក្កដា​ខាង​មុខ​នេះ​។

សម្ភារ​បរិក្ខារ​ដែល​ជា​ជំនួយ​របស់​ជប៉ុន និង​សម្ភារ​បម្រើ​ឱ្យ​ការបោះឆ្នោត​ផ្សេងៗ​ទៀត​កំពុង​បញ្ជូន​ទៅ​គណៈកម្មការ​ឃុំ​សង្កាត់​រៀបចំ​ការបោះឆ្នោត ហើយ​នឹង​បញ្ជូន​បន្ត​ទៅ​គ្រប់​ការិយាល័យ​បោះឆ្នោត​ទាំងអស់​ក្នុង​រយៈពេល​ ៣៦ ​ម៉ោង​មុន​ថ្ងៃ​បោះឆ្នោត​៕