ភ្នំពេញៈ ​រដ្ឋាភិបាល​ជប៉ុន​សម្រេច​ផ្តល់​ជំនួយ​ឥតសំណង​ក្នុង​ទឹកប្រាក់​ចំនួន​ ៣ ​លាន​ដុល្លារ​អាមេរិក សម្រាប់​គម្រោង​ទប់ស្កាត់​បញ្ហា​សំណល់​ប្លាស្ទិក​សមុទ្រ​​នៅ​កម្ពុជា​ដើម្បី​លើកកម្ពស់ និង​គាំទ្រ​ដល់​វដ្ដ​នៃ​ការផលិត គ្រប់គ្រង ប្រើប្រាស់ និង​បោះចោល​ប្លាស្ទិក​នៅ​កម្ពុជា​ប្រកប​ដោយ​ប្រសិទ្ធភាព​។

តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​ក្រោយ​ពិធី​ចុះហត្ថលេខា​រវាង​លោក មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​នៅ​កម្ពុជា និង​លោក នីក ប៊ែរេសហ្វត អ្នកតំណាង​និវេសនដ្ឋាន យូអិនឌីភី ​ប្រចាំ​កម្ពុជា​កាលពី​ថ្ងៃទី​ ២៥ ​ខែ​វិច្ឆិកា ឱ្យ​ដឹងថា គម្រោង​នេះ​នឹងត្រូវ​អនុវត្ត​ដោយ​ក្រសួង​បរិស្ថាន​ក្រុមប្រឹក្សា​ជាតិ​អភិវឌ្ឍន៍​ដោយ​ចីរភាព និង​ UNDP​។

រីឯ​វត្ថុបំណង​នៃ​ការផ្ដល់​ជំនួយ​​នេះ គឺ​ដើម្បី​ទប់ស្កាត់ និង​កាត់បន្ថយ​ឱ្យ​បានជា​អតិបរមា​នូវ​ការបំពុល​ដោយ​សំណល់​ប្លាស្ទិក​​លើដី និង​ក្នុង​សមុទ្រ​តាមរយៈ​ការជំរុញ​ឱ្យ​មាន​ការអនុវត្ត​តាម​គោលការណ៍​ 4Rs (​កុំ​ប្រើ​-Refuse កាត់បន្ថយ Reduce ប្រើ​ឡើងវិញ-Reuse និង​កែច្នៃ​យកមកប្រើ​ប្រាស់-Recycle)​។

លោក មិកាមិ ម៉ាសាហ៊ីរ៉ូ បាន​ថ្លែង​ក្នុង​ពិធី​នោះ​ថា ការបំពុល​ប្លាស្ទិក​តាម​សមុទ្រ​បាន​ក្លាយ​ជា​វិបត្តិ​បរិស្ថាន​ដ៏ធំ​បំផុត​មួយ​ក្នុង​ពិភពលោក​។ ​ក្នុង​កិច្ចប្រជុំ​កំពូល​ប្រទេស​ G20 នៅ​ទីក្រុង​អូសាកា​កាលពី​ឆ្នាំមុន ​រដ្ឋាភិបាល​ជប៉ុន​បានប្រកាស​អនុវត្ត​គំនិត​ផ្ដួចផ្ដើម​ថ្មី​មួយ​ដើម្បី​ជំរុញ​ឱ្យ​មាន​វិធានការ​ប្រឆាំង​ការបំពុល​ប្លាស្ទិក​តាម​សមុទ្រ ប្រកប​ដោយ​ប្រសិទ្ធភាព​។

លោក​បន្តថា កំណើន​សំណល់​ប្លាស្ទិក​បាន​ក្លាយជា​បញ្ហា​ប្រឈម​ធំ​មួយ​ក្នុង​ចំណោម​បញ្ហា​ធំៗ​ជាងគេ​ក្នុង​ពិភពលោក​បច្ចុប្បន្ន​ ខណៈ​វា​កើន​ដល់ ៨,៣ ​ពាន់​លាន​តោន​។ ​ជា​រៀងរាល់​ឆ្នាំ​មាន​ប្លាស្ទិក​ ១៣ ​លាន​តោន​ហូរ​ចូលក្នុង សមុទ្រ​ដែល​ស្មើនឹង​ការចាក់​សំរាម​ ១ ​ឡាន​ពេញ​រៀងរាល់​ ១ ​នាទី​ម្ដង​។ សំណល់​ប្លាស្ទិក​ប្រមាណ​ ៩០% ដែល​ហូរ​ចូល​សមុទ្រ មាន​ប្រភពពី​ទន្លេធំៗ​ចំនួន​ ១០ ក្នុងនោះ​ក៏មាន​ទន្លេ​មេគង្គ​មួយ​ផងដែរ​។

លោក​បញ្ជាក់​ទៀត​ថា បញ្ហា​ធំជាងគេ​គឺ​ថង់​ប្លាស្ទិក​មិន​ងាយ​រលាយ​ក្នុង​ដី​ឡើយ ហើយ​បន្ត​វត្តមាន​លើ​ភពផែនដី​រាប់រយឆ្នាំ​ទៅ​មុខទៀត​។ ដោយឡែក​នៅក្នុង​សមុទ្រ​វិញ​គឺមាន​ថនិកសត្វ ត្រី និង​បក្សី​ជាង​ ១ ​លាន​ក្បាល​បាន​គ្រោះថ្នាក់ ដោយសារ​លេប​ប្លាស្ទិក​ចូល​ពោះ​ ឬ​ត្រូវ​រុំ​ជាប់​ជាមួយ​វត្ថុ​ធ្វើ​ពី​ប្លាស្ទិក​។ ​រីឯ​បក្សី​ និង​ត្រី​ជាង​ ៩០% មាន​កម្ទេច​ប្លាស្ទិក​ក្នុង​ពោះ​របស់​វា ហើយ​សារ​ធាតុគីមី​ពុល​ទាំងនេះ​ក៏​បន្ត​​ចូល​មក​ក្នុង​របប​អាហារ និង​ក្នុង​រាងកាយ​របស់​មនុស្ស​។

លោក​បន្ថែមថា បច្ចុប្បន្ន​នេះ​មាន​ប្រទេស និង​ទីក្រុង​ជាង​ ១០០ ​ដែល​មាន​ទាំង​កម្ពុជា​ផង កំពុង​ដាក់ឱ្យ​អនុវត្ត​វិធានការ​​ថ្មីៗ​ជុំវិញ​សំណល់​ប្លាស្ទិក​នេះ​។ នៅ​កម្ពុជា​តាំងពី​ឆ្នាំ​ ២០១៨ ​មក​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ជំរុញ​ឱ្យ​អនុវត្តតាម​ក្របខ័ណ្ឌ​ 4Rs នេះ​។

បើតាម​លោក មិកាមិ ម៉ាសាហ៊ី គម្រោង​ថ្មី​នេះ​នឹង​រៀបចំ​លិខិតបទដ្ឋាន​គតិយុត្ត ដើម្បី​​បង្កើន​ការយល់ដឹង និង​កាត់បន្ថយ​សំណល់​ប្លាស្ទិក ពិសេស​​នៅតាម​តំបន់​ដូចជា សៀមរាប ព្រះសីហនុ ភ្នំពេញ កែប កំពត និង​កោះកុង​។ ​«​យើង​ជឿជាក់​ថា​​ជំនួយ​នេះ​អាច​ចូលរួម​ចំណែក​​ដល់​បរិស្ថាន​រស់នៅក្នុង​ទីក្រុង​នៃ​ប្រទេស​កម្ពុជា និង​ជួយ​ការពារ​ការបំពុល​សមុទ្រ​ពី​សំណល់​ប្លាស្ទិក​បន្ថែមទៀត​...»​។

លោក នីក ប៊ែរេសហ្វត បាន​លើកឡើង​ថា ការប្រយុទ្ធ​នឹង​ការបំពុល​ប្លាស្ទិក គឺជា​ការកិច្ចការ​ដ៏សែនពិបាក​មួយ​។ ​ប៉ុន្តែ​គម្រោង​នេះ​នឹង​នាំមក​នូវ​ការផ្លាស់ប្តូរ​ និង​បង្ហាញ​ឱ្យ​ឃើញ​ពី​អានុភាព​នៃ​ការងាក​ទៅរក​សេដ្ឋកិច្ច​វិលជុំ​បែប​បៃតង​។

លោក​ សាយ សំអាល់ រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​បាន​ថ្លែង​​ដែរ​ថា ដើម្បី​កាត់បន្ថយ​សំណល់​ប្លាស្ទិក​ឱ្យមាន​ប្រសិទ្ធភាព ទាមទារ​ឱ្យមាន​កិច្ចខិតខំ​ប្រឹងប្រែង​រួមគ្នា​។ ​តាម​គម្រោង​នេះ​អាច​បង្ហាញ​ឱ្យ​ឃើញ​ពី​ឧត្តមានុវត្តន៍​នៃ​អន្តរាគមន៍​កាត់បន្ថយ​ប្លាស្ទិក​​ដែល​អាច​ជួយ​ឱ្យ​ប្រទេស​នៅ​អាស៊ាន​យក​គំរូ​តាម​កម្ពុជា​។

លោក​បាន​បញ្ជាក់ថា​៖ «​កម្ពុជា​នឹង​បន្ត​កិច្ចខិតខំ​ប្រឹងប្រែង​បន្ថែមទៀត​ក្នុង​ការថែរក្សា​បរិស្ថាន​នៅ​តាម​តំបន់ឆ្នេរ​សមុទ្រ​ឱ្យ​ល្អ​ស្អាត​...»៕