ភ្នំពេញៈ អាជ្ញាធរ​ជាតិ​អប្សរា​បាន​អនុញ្ញាត​ឲ្យ​គ្រឹះស្ថាន​បោះពុម្ព​សៀវភៅ​សិក្សា​ប្រចាំ​ប្រទេស​ជប៉ុន TAISHUKAN (​តៃ​ស៊ូកាន់​) ​យក​អត្ថបទ​សិក្សា​របស់​កម្ពុជា ដែល​និយាយ​អំពី​បណ្តាញ​ផ្លូវ​ក្នុង​សម័យអង្គរ​ទៅ​ប្រែ​សម្រួល​បោះពុម្ពផ្សាយ​ក្នុង​សៀវភៅ​សិក្សាអប់រំ​ថ្មី​របស់​ជប៉ុន បន្ទាប់ពី​ស្ថាប័ន​នេះ​បាន​ស្នើសុំ​កាលពី​ចុងខែ​កក្កដា​។

អត្ថបទ​ដែល​គ្រឹះស្ថាន TAI-SHUKAN របស់​ជប៉ុន​បាន​ស្នើ​យក​ទៅ​បកប្រែ​ និង​បោះពុម្ព​នេះ​គឺជា​លទ្ធផល​នៃ​ការស្រាវជ្រាវ​ដែល​បាន​ផ្សព្វផ្សាយ​នៅ​ប្រទេស​សិង្ហបុរី​កាលពី​ឆ្នាំ ២០១៦ ដោយ​មាន​ចំណងជើង​ជា​ភាសា​អង់គ្លេស​ថា «From Living Angkor Road Project to Cultural Relationship Study in Mainland Southeast Asia Research Center: Cross Culture and Cross Border ឬ​ប្រែ​សម្រួល​ជា​ភាសា​ខ្មែរ​មានន័យថា «​ពី​បណ្ដាញ​ផ្លូវ​សម័យអង្គរ​ទៅ​កាន់​ទំនាក់​ទំនង​វប្បធម៌​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​ដីគោក​៖ គម្រោង​ស្រាវជ្រាវ​ទំនាក់ទំនង​វប្បធម៌​ និង​ការអភិវឌ្ឍ​ឆ្លង​ព្រំដែន​»​។ ​នេះ​បើតាម​អាជ្ញាធរ​ជាតិ​អប្សរា​។

លោក ឡុង កុសល អ្នក​នាំពាក្យ​អាជ្ញាធរ​ជាតិ​អប្សរា​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ថ្ងៃ​អង្គារ​ថា​គ្រឹះស្ថាន​អប់រំ​ជប៉ុន TAISHUKAN បាន​ស្នើ​មកកាន់​សហប្រធាន​នៃ​គម្រោង​ស្រាវជ្រាវ​ផ្លូវ​បុរាណសម័យ​អង្គរ​ដែល​មាន​លោក​បណ្ឌិត Surat Lertlum សហនិពន្ធ​ភាគី​ថៃ និង​លោក អ៊ឹម សុខរិទ្ធី សហនិពន្ធ​ភាគី​អាជ្ញាធរ​ជាតិ​អប្សរា ហើយ​ត្រូវ​បាន​អគ្គនាយក​អាជ្ញាធរ​ជាតិ​អប្សរា​យល់ព្រម និង​ជំរុញ​ឲ្យ​មាន​ការផ្សព្វផ្សាយ​ការអប់រំ​បែបនេះ​ឲ្យ​កាន់តែ​ទូលំទូលាយ​។

លោក​ ឡុង កុសល បញ្ជាក់​ថា​នេះ​គឺជា​មុខមាត់​របស់​កម្ពុជា​ដែល​ត្រូវ​បាន​គ្រឹះស្ថាន​ជប៉ុន​មួយ​នេះ​ស្នើសុំ​ឯកសារ​ដាក់បញ្ចូល​ក្នុង​កម្មវិធីសិក្សា​របស់​ពួកគេ​ជា​លើកដំបូង​។ លោក​បញ្ជាក់​ថា​៖ «​នេះ​គឺជា​ការចូលរួម​ចំណែក​មួយ ដើម្បី​បង្កើន​នូវ​ចំណេះដឹង​ទូទៅ​មិន​ត្រឹមតែ​សម្រាប់​កម្ពុជា​យើង​នោះ​ទេ គឺ​សម្រាប់​ទូទៅ​ឲ្យ​គេ​យល់ដឹង​អំពី​ប្រវត្ថិសាស្ត្រ​របស់​កម្ពុជា​»​។

ជា​រៀងរាល់​ឆ្នាំ​គ្រឹះស្ថាន​បោះពុម្ពផ្សាយ TAISHUKAN តែង​ធ្វើ​បច្ចុប្បន្នភាព​បន្ថែម​លើ​អត្ថបទ​ស្រាវជ្រាវ​ថ្មីៗ​សម្រាប់​វិស័យ​អប់រំ​នៅ​ប្រទេស​ជប៉ុន​។ អត្ថបទ​ដែល​ស្ថាប័ន​នេះ​ជ្រើសរើស​ជា​អត្ថបទ​ស្រាវជ្រាវ​បែប​វិទ្យាសាស្ដ្រ​គឺ​ត្រូវ​មាន​លក្ខណៈ​ត្រឹមត្រូវ​ពិតប្រាកដ ហើយ​ផ្តល់​ចំណេះដឹង​ជាទូទៅ​ដល់​មនុស្ស​ក្នុង​តំបន់​។ សម្រាប់​អត្ថបទ​ស្រាវជ្រាវ​ផ្លូវ​បុរាណ​នេះ​ក៏​មាន​ការទទួលស្គាល់​ដោយ​សាកលវិទ្យាល័យ ក្យូតូ ដ៏​ល្បីល្បាញ​របស់​ជប៉ុន​ផងដែរ ដែល​ធ្វើ​ឲ្យ​គ្រឹះស្ថាន​បោះពុម្ព​នេះ​មាន​ទំនុកចិត្ត​នឹង​ជ្រើសរើស​យក​ដាក់បញ្ចូល​ក្នុង​កម្មវិធី​អប់រំ​នៅ​ប្រទេស​រីកចម្រើន​មួយ​នេះ​។ នេះ​បើ​តាម​អាជ្ញាធរ​ជាតិ​អប្សរា​។

លោក អ៊ឹម សុខរិទ្ធី សហប្រធាន​នៃ​គម្រោង​ស្រាវជ្រាវ​អត្ថបទ​នេះ​បាន​ប្រាប់​ភ្នំពេញ-ប៉ុស្តិ៍​ថា​គម្រោង​ស្រាវជ្រាវ​ផ្លូវ​បុរាណ​សម័យអង្គរ​បាន​ចាប់ផ្តើម​តាំងពី​ឆ្នាំ​ ២០០៥ ដែលជា​គម្រោង​ស្រាវជ្រាវ​ឆ្លង​ប្រទេស​។

លោក​បន្តថា​ ក្នុង​គម្រោង​នេះ អ្នកស្រាវជ្រាវ​បាន​រកឃើញ​ស្លាកស្នាម​ជាច្រើន​ពី​បណ្ដាញ​គមនាគមន៍​សម័យ​អង្គរ​ដែល​មាន​វិសាលភាព​ធំធេង​ជា​បណ្ដាញ​គមនាគមន៍​ភ្ជាប់​ពី​អង្គរ​ទៅ​ភិមាយ និង​រហូតដល់​ឈូង​សមុទ្រ​ចិន​។

ជាមួយ​គ្នា​នោះ​ការស្រាវជ្រាវ​នេះ​ក៏​ប្រទះឃើញ​ស្លាកស្នាម​នៃ​សាលា​ដំណាក់​ស្ពាន​បុរាណ​ជាច្រើន​កន្លែង​ទៀត​តាម​បណ្ដោយ​ផ្លូវ​នេះ​ផងដែរ ដែល​បង្ហាញ​ថា ក្នុងសម័យ​នោះ​កម្ពុជា​មិនមែន​ពឹងផ្អែក​ទាំងស្រុង​ក្នុង​វិស័យ​កសិកម្ម​តែមួយ​មុខ​នោះទេ ប៉ុន្តែ​ក៏​មាន​ការធ្វើ​ជំនួញ​មាន​លក្ខណៈ​ផុសផុល​ផងដែរ ជាពិសេស​ជាមួយ​ប្រទេស​ចិន និង​ពួក​ប្រទេស​លោក​ខាង​លិច​តាមរយៈ​បណ្តាញ​ផ្លូវ ដែល​បាន​រកឃើញ​។

លោក​បញ្ជាក់ថា​៖ «​ទាំងនេះ​ហើយ​គឺជា​បំណង​របស់​អ្នក​ស្រាវជ្រាវ បើ​យើង​រកឃើញ​ហើយ​មិន​ផ្សព្វផ្សាយ​ជា​ផ្លែផ្កា វា​ខុស​។ ដូច្នេះ​ការផ្សព្វផ្សាយ​បន្ត​នេះ ជាធម្មតា​ទេ​យើង​អាច​ធ្វើបាន​ដែល​អ្នក​ចាស់ ត្រូវ​តែ​បង្រៀន​អ្នក​ក្រោយ ហើយ​បង្រៀន​អ្នក​ក្រោយៗ​ទៀត​»​។

បើតាម​លោក អ៊ឹម សុខរិទ្ធី លទ្ធផល​នៃ​ការស្រាវជ្រាវ​នេះ​កន្លង​ទៅ​ក៏​ត្រូវ​បាន​អ្នក​ស្រាវជ្រាវ​កម្ពុជា និង​ថៃ​យក​ទៅ​ផ្សព្វផ្សាយ​តាមរយៈ​ការបង្រៀន​សិស្ស​នៅតាម​ប្រទេស​រៀងៗ​ខ្លួន​ផងដែរ ដោយ​ប្រទេស​ទាំង​ ២ បាន​បង្រៀន​សិស្ស​អំពី​ប្រវត្តិសាស្ត្រ​ និង​វប្បធម៌ ព្រមទាំង​បុរាណវិទ្យា​ដែល​កើត​អំពី​ការស្រាវជ្រាវ​ប្រកបដោយ​វិទ្យាសាស្ត្រ​ដែលមាន​មរតក​វប្បធម៌​មកពី​ឫសគល់​តែមួយ​ផងដែរ​។

តាម​ភ័ស្តុតាង​នៃ​ការស្រាវជ្រាវ​នៃ​គម្រោង​សហការ​នេះ វិសាលភាព​នៃ​ចក្រភព​ខ្មែរ​បាន​គ្របដណ្តប់​ស្ទើរតែ​ពេញ​អាស៊ីអាគ្នេយ៍​ដីគោក​។ រាជធានី​បំពាក់​ដោយ​ហេដ្ឋារចនាសម្ព័ន្ធ​ទឹក អប់រំ​សុខាភិបាល​បណ្តាញ​គមនាគមន៍​ខ្វាត់ខ្វែង សំណង់​រដ្ឋបាល សំណង់​សាសនា និង​សំណង់​សាធារណៈ​ផ្សេងៗ​។ បណ្តាញ​ផ្លូវ​ត​ភ្ជាប់​ពី​មណ្ឌលរដ្ឋបាល​សេដ្ឋកិច្ច​ និង​នយោបាយ​ទៅកាន់​ខេត្ត​ខណ្ឌ​នានា​ព្រមទាំង​តភ្ជាប់​ទៅ​នគរ​ជិតខាង​ផង​។ តាម​បណ្តោយ​ផ្លូវ​គមនាគមន៍​តែងមាន​សាលាសំណាក់ ស្រះទឹក និង​មន្ទីរ​ព្យាបាល​រោគ សម្រាប់​អ្នកដំណើរ​ និង​អ្នកស្រុក​ជិតខាង​។ នេះ​បើតាម​ការផ្សព្វផ្សាយ​របស់​អាជ្ញាធរ​ជាតិ​អប្សរា​។

បើតាម លោក អ៊ឹម សុខរិទ្ធី គ្រឹះស្ថាន​បោះពុម្ព​សៀវភៅ​សិក្សា​ប្រចាំ​ប្រទេស​ជប៉ុន TAISHUKAN (​តៃ​ស៊ូ​កាន់​) នឹង​ដកស្រង់​នូវ​អត្ថបទ​ដែល​បាន​រកឃើញ​ដែលមាន​ប្រមាណ ២០ ទំព័រ​នេះ​ដោយ​ធ្វើការ​បកប្រែ​ជា​ភាសា​ជប៉ុន ហើយនឹង​ដាក់បញ្ចូល​ក្នុង​សៀវភៅ​សិក្សា​សម្រាប់​ឆ្នាំ​សិក្សា​ថ្មី​របស់​ជប៉ុន​ខាងមុខ​នេះ​៕