ភ្នំពេញៈ ជា​ថ្មី​ម្តង​ទៀត ចៅ​ក្រម​សាលា​ឧទ្ធរណ៍​​ នៅ​ថ្ងៃ​ទី ១៩ ខែ​មេសា ឆ្នាំ ២០១៨ ​បាន​បដិសេធ​សំណើ​សុំ​នៅ​ក្រៅ​ឃុំ​ របស់​អតី​ត​អ្នក​កាសែត​វិទ្យុ​អាស៊ី​សេរី​ពីរ​នាក់​​ ដែល​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​ចារកម្ម​​ និង​ផលិត​រូប​អាស​អាភាស ​​នៅ​ក្នុង​ករណី​មួយ​ ដែល​ត្រូវ​បាន​​មជ្ឈ​ដ្ឋាន​​​ជា​ច្រើន​ មើល​ឃើញ​​ថា​ ជា​ផ្នែក​​នៃ​ការ​បង្ក្រាប​​របស់​កម្ពុជា ​ទៅ​លើ​សេរី​ភាព​សារព័ត៌​មាន​។

លោក អ៊ួន​ ឈិន អាយុ ​៤៩ ​ឆ្នាំ​ និង​លោក​ យាង សុធារិន អាយុ​ ៣៥ ​ឆ្នាំ​ ​ត្រូវ​បាន​​ចាប់​ដាក់​ពន្ធនាគារ​ចាប់​តាំង​ពី​ខែ​វិច្ឆិកា​ឆ្នាំ​មុន​ បន្ទាប់​ពី​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​ចារកម្ម។

ថ្លែង​មួយ​ភ្លែត​បន្ទាប់​ពី​​សវនាការ​បិទ​ទ្វារ​​ នៅ​ចំពោះ​មុខ​ចៅ​ក្រមលោក​ សួស សំអាត លោក សុធារិន បាន​ហៅ​ករណី​ប្រឆាំង​នឹង​ពួក​លោក​ថា​«​អយុតិធម៌​»​​ដែល​ធ្វើ​ឡើង ​បន្ទាប់​ពី​មាន​ការ​រាយការណ៍​​រិះ​គន់​របស់​ពួក​​លោក​អំពី​ស្ថាន​ភាព​នយោបាយ​របស់​កម្ពុជា​ ដែល​មាន​លក្ខណៈ​ដុន​ដាប។ វិទ្យុ​អាស៊ី​សេរី​ បាន​បិទ​ដំណើរ​ការ​កាល​ពី​ខែ​កញ្ញា។

លោក សុធារិន បាន​ថ្លែង​ថា​៖ «​​តុលាការ​ បាន​ស៊ើប​អង្កេត​អស់​រយៈ​ពេល​ ៥ ​ខែ​ ប៉ុន្តែ​មិន​ទាន់​បាន​ឃើញ​លទ្ធ​ផល​ណា​មួយ​ ហើយ​ពួក​គេ​ នៅ​តែ​បន្ត​ឃុំ​ខ្លួន​ខ្ញុំ​»។ «​ពួកគេ​មាន​បំណង​បំបាក់​ស្មារតី​របស់​យើង​ទាំង​ស្រុង​»។

ចំណែក លោក ឈិន ក៏​បាន​និយាយ​ដែរ​ថា ការ​ចាប់​ឃុំ​​ខ្លួន​រូប​លោក​នេះ​គឺ ​«​​ជា​ការ​សងសឹក​»។

មេ​ធាវី​របស់​ចុងចោទ​ទាំង​ពីរ លោក កែវ វន្នី​ បាន​ថ្លែង​ថា​ លិខិត​ឆ្លង​ដែន និង​អត្ត​សញ្ញាណ​ប័ណ្ណ​របស់​​​ចុង​ចោទ​ត្រូវ​បាន​ដាក់​ទៅ​តុលាការ​រួច​ហើយ​ ​ហើយ​គ្រួសារ​​របស់​ពួក​គាត់​ បាន​សន្យា​ថា ពួក​គាត់​នឹង​មិន​គេ​ច​ខ្លួន​ទេ​ ប៉ុន្តែ​ចៅ​ក្រម​ថ្លែង​ថា គាត់​នៅ​តែ​ភ័យ​ខ្លាច​អ្នក​ទាំង​ពីរ​នឹង​ព្យាយាម​ចាក​ចេញ​ពី​ប្រទេស​។

លោក វន្នី បាន​ថ្លែង​ថា​៖ «​​យើង​ចង់​ឲ្យ​តុលាការ​ តម្រូវ​ឲ្យ​ពួក​គាត់ ​ត្រូវ​តែ​បង្ហាញ​ខ្លួន​​ម្តង​ក្នុង​មួយ​ខែ​ទៅ​អាជ្ញា​ធរ​មូល​ដ្ឋាន​ ​ហើយ​នៅ​ពេល​ពួក​គេ​ មិន​ធ្វើ​តាម តុលាការ​អាច​ឃុំ​ខ្លួន​ពួក​គេ​​»។

លោក អ៊ួន ឈិន ងាក​ក្រោយ​ទាំង​ដៃ​ជាប់​ខ្នោះ ខណៈ​ឆ្មាំគុក​នាំខ្លួន​ចេញ​ពី​​សាលា​ឧទ្ធរណ៍​​នៅ​ថ្ងៃ​ទី ១៩ ខែ​មេសា​ឆ្នាំ ២០១៨។ផា លីណា

លោក វន្នី បាន​ថ្លែង​ថា លោកគ្រោង​នឹង​ដាក់​​បណ្តឹង​ទៅ​តុលាការ​កំពូល​ ​ដែល​កាល​ពី​ពេល​មុន​ បាន​ច្រាន​ចោល​សំណើ​របស់​អ្នក​ទាំង​ពីរ​ ​​ដែល​​ត្រូវ​បាន​ចោទ​ប្រកាន់​ផង​ដែរ​ កាល​ពី​ខែ​មីនា ពី​បទ​ផលិត​រូប​អាស​អាភាស​ ​ដោយ​ផ្អែក​លើ​រូប​ថត​ ដែល​​​បង្ហាញ​ថា លោក ឈិន សម្ដែង ​ឬ​ថត​​អំពើ​អាស​អាភាស ​បើ​ទោះ​បី​ជា​អត្ត​សញ្ញាណ​ពិត​ប្រាកដ​ មិន​អាច​ធ្វើ​ឡើង​ដោយ​ផ្អែក​លើ​រូប​នេះក៏​ដោយ​​។

ភរិយា​របស់​លោក សុធារិន អ្នក​ស្រី ឡាម ចាន់​ធី បាន​អះ​អាង​ពី​​ភាព​គ្មា​ន​ទោស​កំហុស​របស់​​អ្នក​ទាំង​ពីរ​។

អ្នក​ស្រី ចាន់​ធី បាន​ថ្លែង​ថា៖ «​តុលាការ​​​ ​អត់​មានការ​បែង​ចែក​​ច្បាស់​លាស់​ អូស​ទាញ​រឿង​មិន​ពិត​ឲ្យ​ទៅ​ជា​រឿង​ពិត។ ​វា​ជា​រឿង​អយុត្តិ​ធម៌​តាំង​ពី​យូរ គ្មាន​ធ្វើ​អ្វី​ខុស​សោះ​បែ​រជា​កែ​ប្រែ​ថាគាត់​ធ្វើ​ខុស​»​​។

អ្នក​ស្រី​បាន​គូស​បញ្ជាក់​ថា ​តុលាការ ​បាន​ដឹង​ច្បាស់​ណាស់​ក្នុង​រឿង​នេះ ថា ពួក​គេ​ពុំ​មាន​កំហុស​អ្វី​ទេ ប៉ុន្តែ​តុលាការ​នៅ​តែ​និយាយ​ថា ពួក​គេ​មាន​កំហុស ដែល​​នេះ​គឺ​ជា​ការ​សង​សឹក ​ដោយ​សារ​តែ​ពួក​គេ​និយាយ​ចំៗ​ពេក កាល​ពួក​គេ​ធ្វើការ​នៅ​វិទ្យុ​អាស៊ី​សេរី៕ PS ​