ភ្នំពេញៈ ជន​ជាប់​ចោទ​ជួប​សម្លាប់​តាម​រយៈ​មេ​ធា​វី​បាន​ប្រាប់​ភ្នំ​ពេញ​ប៉ុស្តិ៍​ពី​ម្សិល​មិញ​ថា​ខ្លួន​នៅ​តែ​មិន​អស់​ចិត្ត​ចំពោះ​ការស្នើ​សុំ​បន្ថយ​ទោស​ ប៉ុន្តែ​បែរ​ជា​ត្រូវ​តុលាការ​កំពូល​សម្រេច​ឲ្យ​គាត់​ជាប់​ពន្ធនាគារ​អស់​ ១ ​ជីវិត​ដដែល​ ដែល​ការ​សម្រេចនេះ​ធ្វើឡើង​ក្នុង​ការ​ប្រ​កាស​សាល​​ដីកា​របស់​តុលាការ​កំពូល​កាល​ពី​ថ្ងៃ​ទី ២៤ ​ខែ​ ឧសភា។

លោក ​អុឹម​ ម៉ាច​ មេ​ធា​វី​ការពារ​សិទ្ធិ​ឲ្យ​ជន​ជាប់​ចោទ​ឈ្មោះ​ អឿត ​អាង ​ហៅ​ ជួប​ សម្លាប់​ បាន​ប្រាប់​ភ្នំ​ពេញ​ប៉ុស្តិ៍​ពី​ម្សិល​មិញ​ថា​សំណុំរឿង​កូន​ក្តី​របស់​លោក​ឈ្មោះ​ ជួប​ សម្លាប់​ ដែល​ត្រូវ​តុលាការ​កំពូល​ប្រកាស​សាល​ដីកា​ឲ្យ​ជាប់​ពន្ធនាគារ​អស់​ ១ ​ជី​វិត​ នោះ​បើ​តាម​កូន​ក្តី​របស់​លោក​យល់​ថា​ជា​ការ​សម្រេច​មួយ​ដែល​មិន​អាច​ឲ្យ​កូន​ក្តី​លោក​ទទួល​យក​បាន​ទេ។

លោក​ថ្លែង​ថា​៖ «​ដោយ​សារ​តែ​គាត់​មិន​សុខ​ចិត្ត​នឹង​ទណ្ឌ​កម្ម​ទោស​ ១ ​ជីវិត​នេះ​ហើយ​បាន​ជា​គាត់​ប្តឹង​សារ​ទុក្ខ​ទៅ​តុលាការ​កំពូល​បំណង​សុំ​តុលាការ​បន្ថយ​ទោស​តែ​ត្រូវ​តុ​លា​ការ​កំ​ពូល​តម្កល់​ទោស​គាត់ទៅ​វិញ។ ​ដូច្នេះ ហើយ​តាម​ឆន្ទៈ​របស់​កូន​ក្តី​ខ្ញុំ​គាត់​ថា​ការ​សម្រេច​របស់​តុលាការ​កំពូល​ពិត​ជា​មិន​អាច​ទទួល​យក​បាន​ទេ​។ ​ចំពោះ​ខ្ញុំ​វិញ​ខ្ញុំ​យល់​ថា​បទ​ល្មើស​របស់​គាត់​ដូច​នឹង​បទ​ល្មើស​ឃាតកម្ម​ដែល​ជន​ដ​ទៃ​ប្រព្រឹត្ត​ដែរ​ ហើយ​មាន​លក្ខណៈ​​សាហាវ​ជាង​បទ​ល្មើស​ដែល​កូនក្តី​ខ្ញុំ​ប្រ​ព្រឹត្ត​ទៅ​ទៀត ​ហើយ​គេ​ជាប់​គុក​មិន​ដល់​ ១​ ជី​វិត​ផង​។​ សម្រាប់​កូន​ក្តី​ខ្ញុំ​បើ​ប្រៀប​ធៀប​ជាមួ​យ​ជន​ជាប់​ចោទ​ផ្សេង​គឺ​ទណ្ឌកម្ម​ទោស​គាត់​មាន​លក្ខណៈ​ធ្ងន់ធ្ងរ​ជាង​គេ»។

ជន​ជាប់​ចោទ​​ ជួប សម្លាប់​ កាល​ពី​សវនាការ​បាន​សារភាព​ថា ​ខ្លួន​ពិត​ជា​បាន​បាញ់​សម្លាប់​លោក​ កែម ឡី ​នៅថ្ងៃ​ទី ១០​ កក្កដា​ ឆ្នាំ ២០១៦ ​ពិត​មែន ​ប៉ុន្តែ​ជន​ជាប់​ចោទ​បាន​សុំ​តុលា​ការ​កំពូល​ឲ្យ​សម្រាល​ទោស​ដល់​ខ្លួន ​ក្រោយពី​ត្រូវ​តុលាការ​ថ្នាក់​ក្រោម​ផ្តន្ទា​ទោស​ដាក់​ពន្ធនាគារ ​១ ជីវិត។

ជន​ជាប់​ចោទ​​ ជួ​ប​ សម្លាប់ ​ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ដេញ​តាម​ចាប់​បាន​ភ្លាម​ៗ​ជា​មួយ​កាំភ្លើង​ខ្លី​ ១​ ដើម​ ក្រោយ​ពី​បង្ក​ហេតុ​បាញ់​សម្លាប់​លោក ​កែម​ ឡី​ នៅ​ស្ថានីយប្រេងសាំង​កាលតិច ​ស្តុប​បូកគោ​ ហើយ​ខណៈ​កំពុង​ព្យាយាម​រត់​គេច​ខ្លួន។

សំ​ណុំ​រឿ​ង​នេះ​ត្រូវ​បាន​សា​លា​ដំបូង​រាជ​ធា​នី​ភ្នំ​ពេញ​ប្រ​កាស​សាល​ក្រម​​ថ្ងៃ​ទី ២​៣ ខែ មី​នា ​ឆ្នាំ​ ២​០​១​៧​ ផ្តន្ទា​ទោស​ជន​ជាប់​ចោទ​រូប​នេះ​ដាក់​ពន្ធនា​គារ​អស់​ ១ ជី​វិត ​ដោយ​ចោទ​តាម​មាត្រា​ ២០០ ​និង​មាត្រា ៤៩០ ​នៃ​ក្រម​ព្រហ្ម​ទណ្ឌ​ពី​បទ​ឃាត​កម្ម​គិត​ទុក​ជា​មុន​ និង​បទ​ប្រើ​ប្រាស់​អាវុធ​ខុស​ច្បាប់។

សំ​ណុំ​រឿង​នេះ​ត្រូវ​បាន​ជន​ជាប់​ចោទ​ផ្តល់​សិទ្ធិ​ឲ្យ​​មេ​ធាវី យុង​ ផា​និត ​ប្តឹង​ទៅ​សាលាឧទ្ធរណ៍​ដោយ​សារ​មិន​សុខ​ចិត្ត​នឹង​ទោស​ ១ ​ជី​វិត​ ហើយ​ត្រូវ​សាលា​ឧទ្ធរណ៍​ប្រ​កាស​សាលដី​កា​កាល​ពី​ថ្ងៃ​ទី ១១​ ខែ ឧសភា​ ឆ្នាំ ២០១៨​ ដោយ​តម្កល់​ទោសឲ្យ​ជន​ជាប់​ចោទ​ជាប់​ពន្ធនាគារ អស់ ​១ ​ជីវិត​ដដែល៕