បន្ទាយ​មានជ័យៈ ក្រុម​ឈ្មួញ​នាំ​ធ្យូង​ទៅ​លក់​នៅ​ថៃ​តាម​ច្រក​បឹង​ត្រកួន​ក្នុងស្រុក​ថ្មពួក ខេត្ត​បន្ទាយ​មានជ័យ បាន​ត្អូញត្អែរ​ពី​ការ​ចំណាយ​លើ​​សេវា​ផ្សេងៗ​ច្រើន​ធ្វើ​ឲ្យ​បាត់បង់​ប្រាក់​ចំណេញ​ហើយ​អ្នក​ខ្លះ​បញ្ឈប់​ការ​រកស៊ី​របរ​នេះ ខណៈ​មាន​បម្រាម​និង​រឹត​បន្តឹង​ពី​មន្ត្រី​ជំនាញ​រដ្ឋបាល​ព្រៃឈើ។

អ្នកប្រមូល​ទិញ​ធ្យូង​ពី​ពលរដ្ឋ​ដែល​ដឹក​តាម​គោយន្ត​ម្នាក់ សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា កន្លងមក​គាត់​បាន​ចំណាយ​លុយ​ពី ៥០ ទៅ ៦០ ម៉ឺន​រៀល​លើ​មន្ត្រី​នៅ​ច្រក​បឹង​ត្រកួន​ដើម្បី​សម្រួល​ការ​នាំ​ធ្យូង​ទៅ​លក់​នៅ​ដី​ថៃ។ ប៉ុន្តែ​ពេល​ទូទាត់​ថ្លៃ​ចំណាយ​ទៅ​គឺ​ស្ទើរ​រក​ប្រាក់​ចំណេញ​មិន​បាន។

ឈ្មួញកណ្ដាល​រូបនេះ បញ្ជាក់ថា៖ «យើង​ខំ​ចំណាយ​លុយ​ឲ្យ​គេ​ដើម្បី​រត់​ការ​ដោយ​ក្នុង ១ រថយន្ត ១៨ តោន​ទៅ ២០ តោន​បង់​អស់​ពី ៥០ ម៉ឺន​រៀល​ទៅ ៦០ ម៉ឺន​រៀល ប៉ុន្តែ​ពួកគេ​មិន​បាន​ហាម​អ្នក​ដឹក​ធ្យូង​តាម​គោយន្ត​ឲ្យ​បញ្ឈប់​ការ​ដឹក​ទៅ​លក់​នៅ​ថៃ​នោះ​ទេ ហេតុ​ដូច្នេះ​ហើយ​ខ្ញុំ​ក៏​សម្រេច​បញ្ឈប់​ការ​រក​ស៊ី​លើ​មុខរបរ​នេះ ព្រោះ​វា​គ្មាន​ផល​ចំណេញ​ទាល់​តែ​សោះ។ ម្យ៉ាង​ទៀត​ឥឡូវ​នេះ គេ​មាន​ការ​រឹត​បន្តឹង​ខ្លាំង មិន​ឲ្យ​មាន​ការ​នាំចេញ​នោះ​ទេ»។

ស្រដៀង​គ្នា​នេះដែរ អ្នកស្រី ឃុ​ត ស៊ីនួន ជា​ឈ្មួញ​កណ្ដាល​ល្បី​ម្នាក់​នៅ​ស្រុក​ថ្មពួក​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ការ​នាំ​ចេញ​ធ្យូង​ទៅ​ថៃ​ពិត​ជា​ចំណាយ​ច្រើន​លើ​មន្ត្រី​តាម​ច្រក​បឹង​ត្រកួន​មែន។ ប៉ុន្តែ ១ សប្ដាហ៍​មក​នេះ អាជ្ញាធរ​ពាក់​ព័ន្ធ​បញ្ឈប់​ការនាំ​ធ្យូង​ទៅ​ថៃ​ដោយ​ថា​ខុស​ច្បាប់។

អ្នកស្រី​ ស៊ីនួន បាន​ថ្លែងថា៖ «ចំពោះ​ខ្ញុំ​មិន​បញ្ហា​ទេ បើ​អាជ្ញាធរ​បិទ​ការ​នាំ​ចេញ ខ្ញុំ​អាច​លក់​ក្នុង​ស្រុក​បាន ប៉ុន្តែ​អាជីវករ ១ ចំនួន​នឹង​ខាត​ដោយសារ​ពួកគាត់​ទិញ​ស្តុក​ទុក​ហើយ​អ្នក​ខ្លះ​មិន​ទាន់​បាន​ឲ្យ​លុយ​ទៅ​អ្នក​លក់​អស់​ទេ ដោយ​រង់ចាំ​នាំ​ចេញ​ទៅ​លក់​ក្នុង​ទីផ្សារ​ថៃ​សិន។ ម្យ៉ាង​អ្នក​ខ្លះ​គ្មាន​អតិថិជន​ក្នុង​ស្រុក​សម្រាប់​បែងចែក​ធ្យូង​ឲ្យ​ទេ»។

ជុំវិញ​ករណីនេះ លោក វ៉ាន់ ដា​រ៉ា​ន់ ប្រធាន​ទីស្នាក់ការ​ច្រក​បឹង​ត្រកួន បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា កន្លង​មក ពិត​ជា​មាន​ការ​នាំចេញ​ធ្យូង​ទៅ​លក់​នៅ​ថៃ​តាម​ច្រក​តំបន់​បឹង​ត្រកួន​មែន​គឺមាន ២ ទៅ ៣ លើក​ក្នុង ១ ខែ ប៉ុន្តែ​ក្នុង ១ សប្ដាហ៍​កន្លង​មក​នេះ​បាន​បិទ​ទាំង​ស្រុង។

យ៉ាងណាក្ដី លោក ដា​រ៉ា​ន់ បា​នប​ដិសេធ​ចំពោះ​ការ​លើក​ឡើង​ដែល​ថា​ការ​បិទ​នេះ​ដោយសារ​ក្រុម​ឈ្មួញ​កណ្ដាល​តវ៉ា​ឲ្យ​បញ្ឈប់​ការ​អនុញ្ញាត​ដល់​អ្នក​ដឹក​ធ្យូង​តាម​គោយន្ត​ទៅ​លក់​ផ្ទាល់​ក្នុង​ទីផ្សារ​ថៃ​ដោយសារ​ពួកគេ​បាន​បង់​លុយ​ច្រើន​ដល់​មន្ត្រី​ពាក់ព័ន្ធ។

លោក​ថា៖ «ការពិត​ការនាំចេញ​ធ្យូង​ទៅ​លក់​នៅ​ទីផ្សារ​ថៃ​តាម​ច្រក​បឹង​ត្រកួន​យើង​នេះ​ធ្លាប់​មាន​មែន គឺ​អ្នក​ភូមិ​ដឹក​តាម​គោយន្ត​ក្នុង​ខែ ១ ៗ​មាន​ពី ២ ទៅ ៣ លើក​ដែរ ប៉ុន្តែ​បច្ចុប្បន្ន​គឺ​គ្មាន​ទេ ព្រោះ​មាន​ការ​រឹត​បន្តឹង​ពី​មន្ត្រី​ជំនាញ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត។ ចំពោះ​ការ​អះអាង​ពី​ក្រុម​ឈ្មួញ​កណ្ដាល​បង់​ថ្លៃ​រត់ការ​ពី ៥០ ទៅ ៦០ ម៉ឺន​រៀល​ក្នុង ១ រថយន្ត​នោះ​គឺ​ខ្ញុំ​មិន​បាន​ដឹង​ទេ ហើយ​មន្ត្រី​ច្រក​របស់​យើង​ក៏​មិន​បាន​តម្រូវ​ឲ្យ​មាន​ការ​បង់ថ្លៃ​អ្វី​ដែរ ព្រោះ​វា​ជា​អំពើ​ខុស​ច្បាប់»។

ប៉ុន្តែ​បើតាម​អ្នកស្រី ស៊ីនួន អ្នក​ប្រមូល​លុយ​រត់ការ​តាម​ច្រក​បឹង​ត្រកួន​គឺ​មន្ត្រី​កងរាជ​អាវុធ​ហត្ថ​ម្នាក់​នៅ​ស្នាក់ការ​សន្តិសុខ ៨៨៨ ឈ្មោះ ជេត សោម។

ទាក់ទង​ករណីនេះ លោក ជេ​ត សោម បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា កាល​ពី​មុន​គាត់​បាន​ទទួល​លុយ​ពី​ឈ្មួញ​កណ្ដាល​ដើម្បី​រត់ការ​បើកផ្លូវ​នាំ​ធ្យូង​ចូល​ទៅ​ថៃ​មែន ដោយ​លុយ​ទាំង​នោះ​ត្រូវ​បែង​ចែក​ឲ្យ​យោធា​ថៃ​នៅ​ជាប់​ព្រំដែន​ខ្លះ បើ​ពុំ​នោះ​ទេ​ពួកគេ​នឹង​មិន​អនុញ្ញាត​ឡើយ ។

លោក​ថា៖ «វា​មិនមែន​កើត​ឡើង​រាល់ថ្ងៃ​ទេ​គឺ​ពី ១ ទៅ ២ ខែ ទើប​មាន​នាំចេញ​ធ្យូង​តាម​រថយន្ត​ធំៗ​ទៅ​ថៃ ហើយ​ម្ដងៗ​មាន​ត្រឹម​តែ ២ ទៅ ៣ រថយន្ត​ប៉ុណ្ណោះ អ៊ីចឹង​ទេ លុយ​ដែល​យើង​ទទួល​បាន​គឺ​គ្រាន់​តែ​ជួយ​ដល់​ជីវភាព​របស់​មន្ត្រី​យើង​ដែល​ឈរ​ជើង​ក្នុង​តំបន់​នោះ​ប៉ុណ្ណោះ។ ឥឡូវ យើង​បាន​បិទ​ទាំង​ស្រុង​ហើយ​ព្រោះ​មាន​បញ្ជា​តឹងរ៉ឹង​ពី​ថ្នាក់​លើ»។

យ៉ាងណាក្ដី ធ្យូង​ដែល​ក្រុម​ឈ្មួញកណ្ដាល​ទិញ​ស្តុក​ទុក​នាំចេញ​នោះ​មិន​មែន​ផលិត​ក្នុង​ស្រុក​ថ្មពួក​ឬ​ក្នុង​ខេត្តបន្ទាយ​មានជ័យ​ទេ​គឺ​នាំ​មក​ពី​ខេត្ត​ឧត្តរមានជ័យ។នេះ​បើ​តាម​អ្នក​ស្រី​ស៊ីនួន។

អ្នកស្រី ហ៊ីង លុយ អាយុ ៣៣ ឆ្នាំ រស់នៅ​ស្រុក​បន្ទាយ​អម្ពិល ខេត្ត​ឧត្តរ​មានជ័យ​បាន​ថ្លែង​ថា ក្រៅ​ពី​មុខរបរ​ធ្វើ​ស្រែ​គ្រួសារ​អ្នក​ស្រី បាន​ដុត​ធ្យូង​ទុក​លក់​ផ្គត់ផ្គង់​ក្នុង​ជីវភាព​គ្រួសារ។

អ្នកស្រី​ថា៖ «ធ្យូង​ដែល​ពួកយើង​ផលិត​បាន​គឺ​នាំទៅ​លក់​នៅ​ខេត្ត​មួយ​ចំនួន​ដូចជា ខេត្ត​សៀមរាប បាត់ដំបង និង​បន្ទាយ​មានជ័យ ហើយ​ពេល​ខ្លះ​នាំ​យក​ទៅ​លក់​នៅ​ថៃ»។

អ្នកស្រី​បាន​បន្ថែមថា ក្នុង ១ ខែ​គ្រួសារ​អ្នកស្រី​អាច​ផលិត​ធ្យូង​បាន​ពី ១ ០០០ ទៅ ១ ២០០ គីឡូ​ដែល​អាច​រក​ប្រាក់​បាន​ពី ៥០ ទៅ ៦០ ម៉ឺន​រៀល​ក្នុង ១ ខែ ប៉ុន្តែ​ពេល​នេះ​ការ​លក់​ធ្យូង​ក្នុង​ស្រុក​ជួប​ការ​ពិបាក ឯ​តាម​ច្រក​ព្រំដែន​ថៃ​ក៏ត្រូវ​បាន​បិទ​មិន​ឲ្យ​នាំ​ធ្យូង​ចេញ​ទៀត។

ជុំវិញ​ករណី​អាជីវកម្ម​ឡធ្យូង​នេះ លោក ច័ន្ទ ប៉ុ​ណ្ណិ​កា អនុប្រធាន​រដ្ឋបាល​ព្រៃឈើ​នៃ​ក្រសួង​កសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ការ​ធ្វើ​អាជីវកម្ម​ឡធ្យូង ដោយ​កាប់​ឈើ​ពី​ចម្ការ​វិលជុំ​ឬ​ព្រៃដាំ​នោះ​វា​មិន​ប៉ះពាល់​ដល់​ធនធាន​ព្រៃឈើ​ជាតិ​ទេ។ ប៉ុន្តែ​បើ​ក្រុម​សិប្បករ​ឡធ្យូង​នាំគ្នា​កាប់​ព្រៃ​ធម្មជាតិ​វិញ​នោះ វា​នឹង​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ធនធាន​ព្រៃឈើ​ជាតិ និង​ធ្វើ​ឲ្យ​បាត់បង់​នូវ​ទីជម្រក​សត្វ​ព្រៃ​ផង​ដែរ៕

(កែសម្រួល ព្រុំ ភ័ក្ត្រ)