ភ្នំពេញៈ ផ្ទៃដី​មាន​មីន​ចំនួន​ ២៤៦,៥ ​គីឡូម៉ែត្រ​ការ៉េ​ ត្រូវបាន​រកឃើញ និង​សម្អាត ដោយ​បាន​បំផ្លាញ​ចោល​មីន​ប្រឆាំង​មនុស្ស​ជិត​ ៧ ​ម៉ឺន​គ្រាប់ មីន​ប្រឆាំង​រថក្រោះ​ជិត​ ១ ៥០០ ​គ្រាប់ និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​ជាង​ ២១ ​ម៉ឺន​គ្រាប់​ គិត​ចាប់ពី​ឆ្នាំ​ ២០០៦ រហូត​ដល់​ខែ​កក្កដា ឆ្នាំ​ ២០២០ ខណៈ​ពលរដ្ឋ​ប្រមាណ​ជាង​ ១ ​លាន​នាក់​ទទួល​ផល​ប្រយោជន៍​ពី​គម្រោង​នេះ​តាម​របាយការណ៍​របស់​អាជ្ញាធរ​មីន​ឲ្យ​ដឹង​ពីថ្ងៃ​ទី​ ៩ កញ្ញា ថា គិត​ចាប់ពី​ឆ្នាំ​ ២០០៦ ដល់​ខែ​កក្កដា ឆ្នាំ​ ២០២០ ផ្ទៃដី​មាន​មីន​ចំនួន​ ២៤៦,៥ ​គីឡូម៉ែត្រ​ការ៉េ​ត្រូវ​បាន​រកឃើញ និង​បាន​បំផ្លាញចោល​មីន​ប្រឆាំង​មនុស្ស​ចំនួន ៦៩ ៨១៥ ​គ្រាប់​មីន​ប្រឆាំង​រថក្រោះ​ចំនួន ១ ៤៩៦ ​គ្រាប់ និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​ចំនួន ២១២ ៥៥៥ គ្រាប់​ដែល​បានផ្តល់​ផលប្រយោជន៍​ជា​ប្រយោល​ដល់​ប្រជាជន​ក្នុង​សហគមន៍​ប្រមាណ​ ១ ០២៨ ៦៨៣ នាក់ ​ក្នុង​នោះ ៥០ ​ភាគរយ​ជា​ស្ត្រី​។

របាយការណ៍​បន្ត​ថា ​ចំពោះ​ខេត្ត​បន្ទាយមានជ័យ​គឺជា​ខេត្ត​មួយ​ក្នុង​ចំណោម​ខេត្ត​ដែល​មាន​ជនរងគ្រោះ​ថ្នាក់​ដោយ​គ្រាប់មីន ច្រើន​ជាង​គេ​នៅក្នុង​ប្រទេស​កម្ពុជា​។ ផ្ទៃដី​មាន​មីន​ចំនួន​ ២២៣ ​គីឡូម៉ែត្រការ៉េ​ ត្រូវ​បាន​បោសសម្អាត និង​យកមក​ប្រើប្រាស់ ហើយ​នៅ​សល់​ផ្ទៃដី​ប្រមាណ​ ១៤៧ ​គីឡូម៉ែត្រការ៉េ​ដែល​នៅ​មាន​ការគំរាម​ដោយសារ​មីន​។ គិត​ត្រឹម​ខែ​មិថុនា ឆ្នាំ​ ២០២០ ខេត្ត​បន្ទាយមានជ័យ​មាន​ជនរងគ្រោះ​ដោយសារ​មីន​ និង​គ្រាប់​ ៨ ៨៨២ ​នាក់​ ស្មើនឹង​ ១៤% ​នៃ​គ្រោះថ្នាក់​ទូទាំង​ប្រទេស​។

របាយការណ៍​បញ្ជាក់ថា​៖ «​ដោយឡែក ឃុំ​អូរបីជាន់​គឺជា​ឃុំ​ ១ ​ក្នុង​ចំណោម​ឃុំ ដែល​មាន​មីន​ច្រើន​បំផុត​ក្នុង​ខេត្ត​បន្ទាយមានជ័យ​មាន​អ្នកស្លាប់ និង​របួស​ចំនួន​ ១៣៨ ​នាក់​ (​ស្រី​ ១០ ​នាក់​) ដោយសារ​មីន​ចំនួន ១២៨ ​នាក់​។ ឃុំ​អូរបីជាន់​មាន​ផ្ទៃដី​ដែល​បាន​បោសសម្អាត​មីន​រួច​ចំនួន​ ១៧.៤ ​គីឡូម៉ែត្រ​ការ៉េ ហើយ​នៅ​សល់​ផ្ទៃដី​សង្ស័យ​មាន​មីន​ចំនួន​ ១៦,៥ ​គីឡូម៉ែត្រការ៉េ​ទៀត​»​។

លោក​ លី ធុជ ទេសរដ្ឋមន្ត្រី​ទទួល​បន្ទុក​បេសកកម្ម​ពិសេស និង​ជា​អនុប្រធាន​ទី​ ១ ​នៃ​អាជ្ញាធរ​មីន​ថ្លែង​ថា នៅ​ថ្ងៃទី​ ៩ ខែ​កញ្ញា​នេះ​លោក​បាន​ដឹកនាំ​តំណាង​ប្រទេស​ម្ចាស់ជំនួយ​គម្រោង​បោសសម្អាត​មីន រួមមាន អូស្ត្រាលី សាធារណ​រដ្ឋ​កូរ៉េ និង​អង្គការ UNDP ចុះ​ទស្សនកិច្ច​ប្រតិបត្តិការ​បោសសម្អាត​មីន​របស់​ប្រតិបត្តិករ​ស៊ីម៉ាក់​ស្ថិត​នៅ​ភូមិ​ប្រាសាទ ឃុំ​អូរបីជាន់ និង​បាន​ជួប​សំណេះសំណាល​ជាមួយ​អ្នក​ទទួល​ផល​លើ​ដី​បោសសម្អាត​មីន​រួច​ផងដែរ​។

លោក​ថា លើស​ពី​នេះ​កម្ពុជា​បាន​ទទួល​ថវិកា​ពី​ម្ចាស់ជំនួយ និង​ប្រទេស​ជា​មិត្ត​ដ៏ឆ្នើម​ដទៃទៀត​រួមមាន សហរដ្ឋអាមេរិក អង់គ្លេស ជប៉ុន អាល្លឺម៉ង់ ស្វ៊ីស ចិន ន័រវែស​កាណាដា អៀរឡង់ និង UNICEF​។ ក្រៅពី​នេះ​មាន​មូលនិធិ​អង្គការ​សង្គម​ស៊ីវិល និង​សប្បុរសជន​មួយចំនួន​ទៀត ដើម្បី​ដោះស្រាយ​បញ្ហា​មីន​ និង​រួមចំណែក​ក្នុង​ការសម្រេច​ឲ្យ​បាន​នូវ​ផែនការ​យុទ្ធសាស្ត្រ​ជាតិ​សកម្មភាព​មីន​ឆ្នាំ​ ២០១៨-២០២៥​។

លោក​ លី ធុជ បញ្ជាក់ថា​៖ «​យើង​បាន​ជួប​សំណេះសំណាល​ដោយផ្ទាល់​ជាមួយ​អ្នក​ទទួលផល​ពី​ដី​ដែល​បាន​បោសសម្អាត​មីន​រួច​ព្រមទាំង​បាន​ប្រគល់​ជូន​នូវ​លិខិតបញ្ជាក់​ដល់​ភូមិ​ចំនួន​ ៥ ​ដែលជា​ភូមិ​អស់​ការ​គំរាម​ដោយសារ​មីន​។ ខេត្ត​បន្ទាយមានជ័យ​ត្រូវ​បាន​យកចិត្ត​ទុកដាក់​ខ្ពស់​ពី​រាជរដ្ឋាភិបាល​កម្ពុជា និង​ម្ចាស់ជំនួយ​លើ​ការងារ​បោសសម្អាត​មីន​»​។

គេហទំព័រ​របស់​អង្គការ​កម្មវិធី​អភិវឌ្ឍន៍​សហប្រជាជាតិ​ប្រចាំ​កម្ពុជា​ (UNDP Cambodia) ​នៅ​ថ្ងៃទី​ ៩ ខែ​កញ្ញា បាន​ឲ្យ​ដឹងថា បើទោះបី​ក្នុង​អំឡុងពេល​ជំងឺ​កូវីដ​១៩​ក៏ដោយ ក៏​គម្រោង​បោសសម្អាត​មីន​នៅតែ​បន្ត​មាន​សមត្ថភាព​ពេញលេញ​ក្នុង​ការបន្ត​ជួយសង្គ្រោះ​ជីវិត​ប្រជាជន​ដែល​រង​ផលប៉ះពាល់​ដោយសារ​មីន​។ ក្នុងនោះ​មានការ​គាំទ្រ​ដោយ UNDP រដ្ឋាភិបាល​អូស្ត្រាលី សាធារណរដ្ឋ​កូរ៉េ​ប្រទេស​នូវែលសេឡង់ និង​ម្ចាស់ជំនួយ​ដទៃ​ទៀត ខណៈ​អាជ្ញាធរ​មីន​ជា​អ្នកអនុវត្ត​គម្រោង​នេះ​។

UNDP ​បន្តថា​ នា​ថ្ងៃ​នោះដែរ មន្ត្រី​ជាន់ខ្ពស់ និង​តំណាង​នៃ​អាជ្ញាធរ​មីន UNDP រដ្ឋាភិបាល​អូស្ត្រាលី សាធារណរដ្ឋ​កូរ៉េ និងនូវែលសេឡង់​បាន​ចុះ​ពិនិត្យ​ចម្ការមីន​ ១ ​ក្នុង​ឃុំ​អូរបីជាន់​នៃ​ខេត្ត​បន្ទាយមានជ័យ​។ ក្នុង​ឃុំ​នេះ​មាន​ចម្ការមីន​ចំនួន​ ២៤៣ ដែល​ត្រូវ​បាន​បោសសម្អាត​មីន និង​យុទ្ធភណ្ឌ​សល់​ពី​សង្គ្រាម​រួចរាល់​សម្រាប់​សហគមន៍​បង្កបង្កើនផល និង​ប្រើប្រាស់​ដី​។

កាលពី​ខែកុម្ភៈ ឆ្នាំ​ ២០២០ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន មាន​ប្រសាសន៍​ថា កម្ពុជា​ប្តេជ្ញា​ក្នុងការ​បោសសម្អាត​មីន​ក្នុង​តំបន់​ដែល​រង​ផលប៉ះពាល់​ឲ្យ​អស់​ត្រឹម​ឆ្នាំ​ ២០២៥​។ ​លោក​ថា កម្ពុជា​ត្រូវការ​ថវិកា​ប្រមាណ​ ៣៧៧ ​លាន​ដុល្លារ​អាមេរិក សម្រាប់​ធ្វើការ​បោសសម្អាត​គ្រាប់មីន និង​គ្រាប់​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​ដែល​នៅសល់​ផ្សេង​ទៀត​លើ​ផ្ទៃដី​ប្រមាណ​ ៨០៦ គីឡូម៉ែត្រ​ការ៉េ​៕