ស្វាយរៀងៈ ដោយសារ​ផលប៉ះពាល់​នៃ​ជំងឺ​កូវីដ​ ១៩ រោងចក្រ សហគ្រាស​ចំនួន​ ១៨ ត្រូវបាន​ព្យួរការងារ និង​ប៉ះពាល់​ដល់​ការងារ​របស់​កម្មករ​និយោជិត​ជាង​ ១០ ៦០០ ​នាក់​ នៅក្នុង​ខេត្ត​ស្វាយរៀង​។ នេះ​បើ​យោងតាម​លោក​ រស់ ផារិទ្ធ អភិបាលរង​ខេត្ដ​ស្វាយរៀង​បញ្ជាក់​ពី​ម្សិលមិញ​។

លោក​ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​ស្ដីពី​ «​វឌ្ឍនភាព និង​ទិសដៅ​ការងារ​បន្ដ​របស់​រដ្ឋបាល​ខេត្ដ​ស្វាយរៀង​» ​រៀបចំ​ដោយ​អង្គភាព​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​នៅ​ទីស្ដីការ​គណៈរដ្ឋមន្ដ្រី​កាលពី​ថ្ងៃ​អង្គារ​ថា​អនុវត្ដ​តាម​គោលនយោបាយ​បើកទូលាយ និង​ការលើកទឹកចិត្ត​ដល់​វិស័យ​វិនិយោគឯកជន​របស់​រាជរដ្ឋាភិបាល​ធ្វើឱ្យ​ខេត្ដ​ស្វាយរៀង​មាន​ការអភិវឌ្ឍ​រីកចម្រើន​គួរឱ្យ​កត់សម្គាល់​។

លោក​ រស់ ផារិទ្ធ ថ្លែងថា​បច្ចុប្បន្ន​ខេត្ត​មាន​តំបន់​សេដ្ឋកិច្ច​ពិសេស​ចំនួន​ ១១ ​កន្លែង​ កំពុង​ដំណើរការ​ ៨ ​កន្លែង​។ សរុប​ទូទាំង​ខេត្ដ​មាន​ក្រុមហ៊ុន រោងចក្រ សហគ្រាស គ្រឹះស្ថាន​ឯកជន ធនាគារ គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​សរុប​ចំនួន​ ២១៦ ​កន្លែង​។ ក្នុងនោះ​រោងចក្រ សហគ្រាស​មាន​ចំនួន​ ១១៣ ​កន្លែង​បាន​បង្កើត ការងារ​ដល់​ពលរដ្ឋ​ជាង​ ៨ ​ម៉ឺន​នាក់​។

លោក​ថ្លែងថា ប៉ុន្ដែ​បច្ចុប្បន្ន​ដោយសារ​ផលប៉ះពាល់​នៃ​ជំងឺ​កូវីដ​១៩ ដែល​បាននិង​កំពុង​រីករាលដាល​នៅ​ទូទាំង​ពិភពលោក​ក៏​ដូចជា​នៅក្នុង​ប្រទេស​កម្ពុជា​យើង​ផងដែរ នាំ​ឱ្យ​មាន​ការប៉ះពាល់​ដល់​ដំណើការ​អភិវឌ្ឍ​សេដ្ឋកិច្ច​សង្គម​។ ជាពិសេស​ប៉ះពាល់​ដល់​ការងារ​របស់​បងប្អូន​កម្មករនិយោជិត​មួយចំនួន​។

លោក​អភិបាលរង​ឲ្យ​ដឹងថា​៖ «​ជាក់ស្ដែង​ក្នុង​ខេត្ត​ស្វាយរៀង​មាន​រោងចក្រ​សហគ្រាស​ត្រូវបាន​ព្យួរការងារ គិត​ត្រឹម​ថ្ងៃទី​ ២ ខែកក្កដា មាន​ចំនួន​ ១៨ ​រោងចក្រ សហគ្រាស ប៉ះពាល់​ដល់​កម្មករនិយោជិត​សរុប​ ១០ ៦២៨ ​នាក់​»​។

លោក​អះអាង​ថា ជា​ដំណោះស្រាយ​ចំពោះ​កម្មករ​ដែល​បាត់បង់​ការងារ​ធ្វើ​ខាងលើនេះ​គឺ​រដ្ឋបាលខេត្ត​បាន​ធ្វើឡើង​តាមរយៈ​គោលនយោបាយ​របស់​រដ្ឋាភិបាល​ដូចជា​ការឧបត្ថម្ភ​សាច់ប្រាក់​ពី​រដ្ឋាភិបាល​ ៤០ ​ដុល្លារ និង​ក្រុមហ៊ុន​ ៣០ ​ដុល្លារ​ក្នុង​ ១ ​ខែ​ដល់​កម្មករ​សរុប ៨ ២០២ នាក់​ក្នុង​ចំណោម​កម្មករ​ជាង​ ១ ​ម៉ឺន​នាក់​ខាងលើ​។

លោក​ រស់ ផារិទ្ធ បន្ថែម​ថា បើសិន​ជា​កម្មករ​ទាំងអស់​ដែល​បាត់បង់​ការងារ​ធ្វើ​នេះ ធ្លាក់​ខ្លួន​ក្រីក្រ រដ្ឋាភិបាល​ក៏​បាន​ឧបត្ថម្ភ​ជា​សាច់ប្រាក់​តាមរយៈ​បណ្ណក្រីក្រ​ថែមទៀត​។

លោក​បញ្ជាក់ថា​៖ «​ការឧបត្ថម្ភ​សាច់ប្រាក់​ដល់​គ្រួសារ​ក្រីក្រ​នេះ​ក្នុង ១ ​គ្រួសារ​អាច​ទទួល​បាន​ប្រាក់ឧបត្ថម្ភ​យ៉ាងតិច​បំផុត​ ១២ ​ម៉ឺន​រៀល​​ ក្នុង​ ១ ​គ្រួសារ និង​អាច​ឡើង​រហូត​ដល់​ជាង​ ២០ ​ម៉ឺន​រៀល​ ក្នុង​ ១ ​គ្រួសារ​ក៏មាន ដោយ​អាស្រ័យ​ទៅលើ​សមាជិក និង​ស្ថានភាព​ជាក់ស្ដែង​នៃ​គ្រួសារ​ក្រីក្រ​នោះ​។ ក្រៅពីនេះ​កម្មករ​ដែល​បាត់បង់​ការងារ​ក៏​អាច​បែរ​ទៅ​ធ្វើ​ស្រែចម្ការ ដាំ​ដំណាំ បន្លែ និង​ចិញ្ចឹមសត្វ ដើម្បី​ចិញ្ចឹមជីវិត​ក៏បាន​ដែរ​»​។

យោងតាម​របាយការណ៍​ស្ដីពី​ «​វឌ្ឍនភាព​ និង​ទិសដៅ​ការងារ​បន្ដ​របស់​រដ្ឋបាល​ខេត្ដ​ស្វាយរៀង​» ​ដែល​ផ្សព្វផ្សាយ​ក្នុង​សន្និសីទ​ពី​ម្សិលមិញ​បង្ហាញថា ខេត្ដ​នេះ​ចែកចេញ​ជា​ ២ ​ក្រុង ៦ ​ស្រុក ៦៨ ​ឃុំ ១២ ​សង្កាត់ ៦៩០ ​ភូមិ​។ មាន​ប្រជាពលរដ្ឋ​សរុប​ចំនួន ៦៤២ ៧១៣ ​នាក់ ស្រី​ ៣៣០ ៩១៥ ​នាក់ ស្មើនឹង​ ១៥២ ១៧៣ ​គ្រួសារ​។

របាយការណ៍​នេះ​បញ្ជាក់ថា ខេត្ដ​នេះ​មាន​ច្រកទ្វារ​ព្រំដែន​ចំនួន​ ៨ ​កន្លែង រួមមាន ច្រកទ្វារព្រំដែន​អន្តរជាតិ ២ ​កន្លែង ច្រកទ្វារ​ព្រំដែន​ទ្វេភាគី​ ២ ​កន្លែង និង​ច្រកទ្វារ​តំបន់​ព្រំដែន​ ៤ ​កន្លែង ដើម្បី​សម្រួលការ​ធ្វើដំណើរ និង​ដឹកជញ្ជូន​ទំនិញ​ពាណិជ្ជកម្ម​ស្រប​តាម​ច្បាប់​កំណត់​។ ប៉ុន្ដែ​បច្ចុប្បន្ន​ដោយសារ​ផលប៉ះពាល់​នៃ​ជំងឺ​កូវីដ​១៩ ច្រកទ្វារ​ទាំងអស់​ត្រូវ​បាន​ផ្អាក​ជា​បណ្ដោះអាសន្ន​៕