ភ្នំពេញៈ អតីតមេគុកទួលស្លែងនៅក្នុងរបបខ្មែរក្រហមលោក កាំង ហ្គេចអ៊ាវ ហៅ ឌុច ត្រូវបាននាំខ្លួនចេញពីមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀតត្រឡប់ទៅកាន់ពន្ធនាគារខេត្តកណ្ដាលវិញហើយកាលពីថ្ងៃចន្ទក្រោយពីអតីតមេគុករូបនេះបានសម្រាកព្យាបាលជំងឺថប់ផ្លូវដង្ហើមអស់រយៈពេល ៣ សប្តាហ៍។
ឌុច ត្រូវបានតុលាការខ្មែរក្រហមដែលមានឈ្មោះជាផ្លូវការថា អង្គជំនុំជម្រះវិសាមញ្ញ ក្នុងតុលាការកម្ពុជាកាត់ទោសកាលពីឆ្នាំ ២០១២ ដាក់ពន្ធនាគារអស់មួយជីវិតលើបទចោទប្រកាន់ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ និងការរំលោភបំពានយ៉ាងធ្ងន់ធ្ងរទៅលើអនុសញ្ញាទីក្រុងហ្សឺណែវឆ្នាំ ១៩៤៩។ ក្រោយពីត្រូវបានកាត់ទោសលោកត្រូវបានផ្ទេរពីពន្ធនាគារសាលាក្តីខ្មែរក្រហមទៅអនុវត្តទោសនៅពន្ធនាគាខេត្តកណ្ដាលកាលពីឆ្នាំ ២០១៣។
លោក ចាត ស៊ីនាង ប្រធានពន្ធនាគារខេត្តកណ្ដាលបានឲ្យដឹងកាលពីថ្ងៃម្សិលមិញថា ដើម្បីសុវត្ថិភាពលោកបានស្នើទៅថ្នាក់លើ ដើម្បីសុំអនុញ្ញាតឲ្យអ្នកទោស ២ នាក់ទៅស្នាក់នៅក្នុងបន្ទប់ជាមួយ ឌុច ដើម្បីមើលថែគាត់។
លោក ចាត ស៊ីនាង ថ្លែងថា៖ «កាលពីថ្ងៃចន្ទខាងមន្ទីរពេទ្យគេបានចេញលិខិតឲ្យយើងយកគាត់ត្រឡប់មកពន្ធនាគារវិញ ពីព្រោះសុខភាពគាត់បានប្រសើរហើយ»។
លោកបានឲ្យដឹងថា៖ «គាត់ (ឌុច) មានបញ្ហាផ្លូវដង្ហើមហើយខាងមន្ទីរពេទ្យ បានចេញអកដឺណង់ឲ្យយើងទិញថ្នាំឲ្យគាត់។ ប៉ុន្តែគេប្រាប់យើងឲ្យយកគាត់ទៅមន្ទីរពេទ្យជាបន្ទាន់ ប្រសិនបើគាត់មានអ្វីមិនស្រួលកើតឡើង»។
លោក ចាត ស៊ីនាង ថ្លែងថាកាលពីមុនលោក ឌុច ត្រូវបានដាក់ក្នុងបន្ទប់ឃុំឃាំងដាច់ដោយឡែក ប៉ុន្តែចាប់តាំងពីថ្ងៃចន្ទនេះតទៅ អ្នកទោស ២ នាក់ត្រូវបានអនុញ្ញាតឲ្យទៅនៅជាមួយ ឌុច ដើម្បីជួយមើលថែគាត់។
លោក ស៊ីនាង និយាយថា៖ «ដោយសារតែសុខភាពរបស់គាត់កាលពីម្សិលមិញ (១៣ វិច្ឆិកា) ខ្ញុំបានទូរស័ព្ទទៅព្រះរាជអាជ្ញា ឯកឧត្តមអគ្គ និងរដ្ឋលេខាធិការដើម្បីសុំអ្នកទោស ២ នាក់ដែលមានទោសស្រាល ហើយជិតដល់ថ្ងៃចេញទៅផ្ទះមកនៅជាមួយគាត់ដើម្បីជួយមើលថែនៅពេលគាត់មិនស្រួល»។
លោកថាក្រៅពីនេះលោកក៏បានដំឡើងកាមេរ៉ាដើម្បីឃ្លាំមើលករណីមានអ្វីកើតឡើងផងដែរព្រោះលោក ឌុច គឺជាអ្នកទោសអន្តរជាតិ៕