ភ្នំពេញៈ បន្ទាប់ពី​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​ធ្វើ​ «​អធិបញ្ជា​» ​ឲ្យ​អយ្យការ​ចាត់​វិធានការ​ផ្លូវច្បាប់​ប្រឆាំង​ប្រធាន​ចលនា​សង្គ្រោះ​ជាតិ សាលា​ដំបូង​រាជធានី​ភ្នំពេញ​បាន​កោះហៅ​លោក សម រង្ស៊ី ​ឲ្យ​ចូល​បំភ្លឺ​ក្នុង​នាម​ជា​ «​ជនសង្ស័យ​» ​ចំពោះ​ការ​ «​ប្រមាថ​» ​ដល់​អង្គ​ព្រះមហាក្សត្រ ខណៈ​លោក សម រង្ស៊ី កាលពី​ម្សិលមិញ​នៅ​តែ​ការពារ​ការអះអាង​របស់​ខ្លួន​ពី​មុន​ដដែល​។

យោង​តាម​ដីកាកោះ​ចេញ​ដោយ​លោក សៀង សុខ ព្រះរាជអាជ្ញារង​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ដែល​ចុះហត្ថលេខា​កាលពី​ថ្ងៃ​អង្គារ និង​ត្រូវ​បាន​ផ្សព្វផ្សាយ​កាលពី​ម្សិលមិញ​បាន​កោះហៅ​លោក សម រង្ស៊ី ក្នុង​នាម​ជា​ «​ជនសង្ស័យ​»​ ​ឲ្យ​ចូល​​ខ្លួន​ដើម្បី​សាកសួរ​នៅ​ថ្ងៃទី​ ១២ ​ខែ​កក្កដា ​ឆ្នាំ​ ២០១៨ ​ខាង​មុខ​នេះ​ពី​ដំណើរ​រឿង​ «​ប្រមាថ​ព្រះមហាក្សត្រ​» ​តាម​គណនី​ហ្វេសប៊ុក​ជា​បន្តបន្ទាប់​ចាប់ពី​ខែ​មិថុនា​ឆ្នាំ​ ២០១៨​។

ការចេញ​ដីកា​នេះ​បន្ទាប់ពី​លោក​ អង្គ វង្សវឌ្ឍានា រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​បាន​បញ្ជា​ឲ្យ​តំណាង​អយ្យ​ការចាត់​វិធាន​ផ្លូវ​ច្បាប់​កាលពី​ថ្ងៃទី​ ៧ ខែ​មិថុនា ក្រោយ​​ពេល​អតីត​ប្រធាន​គណបក្ស​សង្គ្រោះជាតិ​រូប​នេះ​បាន​សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​ដោយ​ចាត់ទុក​ព្រះរាជសារ​ព្រះមហាក្សត្រ នរោត្តម សីហមុនី​ ​ដែល​បាន​អំពាវនាវ​ដល់​ពលរដ្ឋ​ដែល​​មាន​សិទ្ធិ​អញ្ជើញ​ទៅ​បោះឆ្នោត​ថា​ជា​ «​លិខិត​ក្លែងក្លាយ​» ​ឬ​ត្រូវ​បាន​ធ្វើ​ឡើង​ «​ក្រោម​ការគំរាម​កំហែង​»​។

យ៉ាង​ណា​ក្ដី​កាលពី​ម្សិលមិញ​លោក សម រង្ស៊ី ក៏​បាន​សរសេរ​លើ​ហ្វេសប៊ុក​ជាថ្មី​ដោយ​នៅ​តែ​ការពារ​ការអះអាង​របស់​លោក​កន្លង​មក​ដដែល ប៉ុន្តែ​មិន​បាន​បញ្ជាក់​ថា​លោក​នឹង​បញ្ជូន​អ្នកតំណាង​ចូល​បំភ្លឺ​ឬ​យ៉ាង​ណា​នោះ​ទេ​។

លោក​បន្ត​ថា​៖ «​តាមផ្លូវ​ច្បាប់​លិខិត​បែប​នេះ​គ្មាន​តម្លៃ​អ្វី​ទេ ហើយ​មិន​អាច​យក​ជា​ការ​បាន​ទេ​...»​។

បន្ថែម​លើ​នេះ​លោក អ៊ូ ច័ន្ទរ័ត្ន អតីតតំណាងរាស្ត្រ​អតីត​គណបក្ស​សង្គ្រោះជាតិ​ថ្លែង​កាលពី​ម្សិលមិញ​ថា លោក​មិន​ជឿ​ថា​លោក​ សម រង្ស៊ី បាន​ប្រមាថ​អង្គព្រះមហាក្សត្រ​ទេ តែ​យល់​ថា​ចំណាត់ការ​ផ្លួវច្បាប់​ប្រឆាំង​អតីត​មេ​របស់​លោក​ថា​ជា​ «​រឿង​នយោបាយ​» ​ច្រើន​ជាង​។

លោក​បញ្ជាក់​ថា​៖ «​អាហ្នឹង​វា​ជា​រឿង​នយោបាយ​ហើយ​មិនមែន​ជា​រឿង​អនុវត្ត​ច្បាប់​ទេ ការធ្វើ​ច្បាប់​បន្ថែម​ក៏​ដោយសារ​ពាក់ព័ន្ធ​នឹង​រឿង​នយោបាយ​មួយ​ចំនួន​»​។

លោក ជិន ម៉ាលីន អ្នក​នាំពាក្យ​ក្រសួង​យុត្តិធម៌​មិន​អាច​ទាក់ទង​បាន​ទេ​កាលពី​ម្សិលមិញ ប៉ុន្តែ​លោក សួស យ៉ារ៉ា អ្នក​នាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ថ្លែង​ថា វា​ជា​រឿង​ផ្លូវ​ច្បាប់​របស់​លោក សម រង្ស៊ី​។

លោក យ៉ារ៉ា បាន​បញ្ជាក់​ថា​៖ «​គណបក្ស​យើង​គោរព​រដ្ឋធម្មនុញ្ញ​ជា​ធំ គោរព​នូវ​សិទ្ធិ​សេរី​ពហុបក្ស ព្រម​ទាំង​គោរព​ជាតិ សាសនា ព្រះមហាក្សត្រ​។ អ្នក​ដែល​ប្រមាថ​ព្រះមហាក្សត្រ​នឹង​ត្រូវ​​ផ្តន្ទាទោស​តាម​ច្បាប់​»​។

លោក​បាន​បន្ត​ថា​៖ «​ខ្ញុំ​យល់​ឃើញ​ថា​គាត់​កំពុង​ធ្វើឲ្យ​ខ្លួន​គាត់​មិន​ត្រឹម​តែ​ឆ្ងាយ​ពី​ឆាក​នយោបាយ​ទេ គាត់​ឆ្ងាយ​ពី​សេចក្ដី​ស្រឡាញ់​ទាំងអស់​របស់​ប្រជាជន​កម្ពុជា ហើយ​គាត់​ក៏​កំពុង​តែ​បង្កើត​នូវ​ការ​បង្កាត់ភ្លើង​មួយ​រវាង​រាជវង្សានុវង្ស និង​ប្រជាជន​នៅក្នុង​សង្គម​...​អ្វី​ដែល​គាត់​បាន​ធ្វើ​គឺ​ធ្វើ​ឲ្យ​សង្គម​ស្អប់ខ្ពើម​»​។

លោក​បណ្ឌិត ឡៅ ម៉ុងហៃ អ្នក​វិភាគ​នយោបាយ​មាន​ប្រសាសន៍​ថា​៖ «​ពី​ដំបូង​ច្បាប់​ប្រមាថ​ព្រះមហាក្សត្រ​ត្រូវ​​បាន​អនុម័ត​ដោយ​សភា​មិន​ស្រប​តាម​រដ្ឋធម្មនុញ្ញ​។ វា​មិន​ស្រប​តាម​រដ្ឋធម្មនុញ្ញ​ទេ​។ វា​មាន​ន័យ​ដូច​នៅក្នុង​ប្រព័ន្ធយុត្តិធម៌​កុម្មុយនីស្ត​ដើម្បី​បម្រើ​ជា​​ឧបករណ៍​នយោបាយ​ដើម្បី​កម្ចាត់​សត្រូវ​របស់​បក្ស​។ ដូច្នេះ​ហើយ​ការចោទប្រកាន់​ប្រឆាំង​លោក​ សម រង្ស៊ី គឺជា​រឿង​នយោបាយ​»៕