មណ្ឌលគិរីៈ ​សាលាដំបូង​ខេត្តមណ្ឌលគិរី​បាន​ចេញ​ដីកា​កោះហៅ​លោក គ្រើង តុលា សកម្មជន​ការពារ​ព្រៃឈើ​ឱ្យចូល​ខ្លួន​ឆ្លើយបំភ្លឺ​ជុំវិញ​បទចោទ​បរិហារកេរ្តិ៍ បន្ទាប់ពី​លោក​បាន​ចោទ​លោក ប៉ែត ភក្ត្រា ​ប្រធាន​ដែនជម្រក​សត្វព្រៃ​ស្រែពក​ថា បាន​បណ្ដែតបណ្ដោយ​ឱ្យមាន​បទល្មើស​ព្រៃឈើ​ក្នុង​តំបន់​ដែល​លោក​គ្រប់គ្រង​។

លោក​ គ្រើង តុលា សកម្មជន​ការពារ​ព្រៃឈើ​នៅ​ឃុំ​ប៊ូស្រា​ ស្រុក​ពេជ្រាដា បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ម្សិលមិញ​ថា លោក​បាន​ទទួល​ដីកាកោះ​ពី​សាលាដំបូង​ខេត្ត​នៅ​ព្រឹក​ថ្ងៃទី​ ៣០ ខែមីនា​ (​ម្សិលមិញ​)​។ ​មូលហេតុ​ដែល​លោក ប៉ែត ភក្ត្រា បាន​ប្ដឹង​លោក​គឺ​បន្ទាប់ពី​លោក​បាន​បង្ហោះ​នៅលើ​ហ្វេសប៊ុក​កាលពី​ខែកុម្ភៈ​កន្លង​ទៅ​នូវ​ព័ត៌មាន​សម្ងាត់​ដែល​មន្ត្រី​បរិស្ថាន​ម្នាក់​លួច​ផ្ដល់​ឱ្យ​លោក និង​ព័ត៌មាន​ទទួលបាន​ពី​ប្រជាពលរដ្ឋ​។

លោក​ តុលា អះអាង​ថា មន្ត្រី​បរិស្ថាន​ដែល​លោក​ស្គាល់ឈ្មោះ និង​តួនាទី​រូបនោះ​បាន​ខល​ទូរស័ព្ទ​ប្រាប់​លោក និង​បានបង្ហាញ​រូបភាព​ជាច្រើន​ឱ្យ​លោក ហើយ​ស្នើឱ្យ​បង្ហោះ​លើ​ហ្វេសប៊ុក​ករណី​លោក ប៉ែត ភក្ត្រា បាន​អនុញ្ញាត​ឱ្យមាន​សិប្បកម្ម​កែច្នៃ​ឈើ​ខុសច្បាប់​ជាច្រើន​កន្លែង​ ខណៈ​ពលរដ្ឋ​ក៏បាន​អះអាងថា​ក្រុម​ជនល្មើស​បាន​ចូលទៅ​កាប់​ឈើ​អស់​រាប់រយ​ហិកតា​ក្នុង​ដែនជម្រក​សត្វព្រៃ​ស្រែ​ពក​ដោយ​គ្មាន​ការបង្ក្រាប​។

លោក​ថា​៖ «​អ្វី​ដែល​ខ្ញុំ​ដឹង​គឺ​ដោយសារ​ខ្ញុំ​បង្ហោះ​ព័ត៌មាន​ដែល​ខ្ញុំ​ទទួល​បាន​ពី​មន្ត្រី​បរិស្ថាន​ដូចគ្នា​ដែល​គាត់​ប្ដឹង​មក​ខ្ញុំ​។ ខ្ញុំ​អត់​ខ្លាច​ចូលទៅ​បំភ្លឺ​ទេ​ដោយសារ​ខ្ញុំ​មាន​សំឡេង​មន្ត្រី​ដែល​ផ្ដល់ព័ត៌មាន​នោះ​មក​ខ្ញុំ​ហើយ​ប្រសិន​បើ​តុលាការ​អនុញ្ញាត​ឱ្យ​ខ្ញុំ​ចាក់​សំឡេង​ខ្ញុំ​នឹង​ចាក់​ហើយ​ខ្ញុំ​នឹង​ផុស​លើ​ហ្វេសប៊ុក​ជា​សាធារណៈ​ថែមទៀត​»​។

នៅ​ថ្ងៃទី​ ១១ ​ខែ​កុម្ភៈ​លោក​ តុលា បាន​បង្ហោះ​លើ​ហ្វេសប៊ុក​ថា លោក​ ប៉ែត ភក្ត្រា​បាន​ទទួល​ផលប្រយោជន៍​ពី​ការ​បណ្ដែតបណ្ដោយ​ឱ្យ​មាន​សិប្បកម្ម​កែច្នៃ​ឈើ​ខុសច្បាប់ និង​ការកាប់​រាន​ដីព្រៃ​យ៉ាង​អនាធិបតេយ្យ​។

ដីកាកោះ​នេះ​គឺ​ចេញ​ដោយ​លោក ម៉ម វ៉ាន់ដា តំណាង​អយ្យការ​អម​សាលាដំបូង​ខេត្តមណ្ឌលគិរី​ដោយ​តម្រូវ​ឲ្យ​លោក គ្រើង តុលា ចូលទៅ​បំភ្លឺ​នៅ​រសៀល​ថ្ងៃទី​ ១ ខែ​មេសា ឆ្នាំ​ ២០២០ ស្អែក​នេះ​ពាក់ព័ន្ធ​បណ្ដឹង​របស់​លោក ប៉ែត ភក្ត្រា ​ពី​បទ​បរិហារកេរ្តិ៍​លោក​ជា​សាធារណៈ និង​ការផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត​។

កាលពី​ថ្ងៃ​ម្សិលមិញ ភ្នំពេញ-ប៉ុស្ដិ៍​មិនអាច​សុំ​ការបញ្ជាក់​ពី​លោក ប៉ែត ភក្ត្រា បានទេ ដោយសារ​ទូរស័ព្ទ​លោក​មិនមាន​អ្នកទទួល​។

លោក កែវ សុភគ៌ ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី​បានលើក​ឡើង​ថា ខាង​មន្ទីរ​របស់​លោក​មិន​ពាក់ព័ន្ធ​បណ្ដឹង​នេះ​ទេ ព្រោះ​ជា​រឿង​បុគ្គល​រវាង​លោក គ្រើង តុលា ជាមួយ​លោក ប៉ែត ភក្ត្រា​។

លោក​បាន​បញ្ជាក់ថា​លោក​តែង​គាំទ្រ​ពលរដ្ឋ​ដែល​រាយការណ៍​ពី​បទល្មើស​ព្រៃឈើ​ ប៉ុន្តែ​លោក​មិន​ចង់ឃើញ​ពលរដ្ឋ​ដែល​ដឹង​ពី​បទល្មើស​ហើយ​យក​មក​បង្ហោះ​វាយប្រហារ​មន្ត្រី​​តាម​ហ្វេសប៊ុក​ឡើយ​។ លោក​ជំរុញ​ពួកគេ​គួរតែ​រាយការណ៍​បទល្មើស​មក​ឱ្យ​មន្ត្រី​មាន​សមត្ថកិច្ច​ដើម​ចុះបង្ក្រាប​។

លោក​បន្ថែមថា វា​ប្រាកដជា​ដូច​ការលើកឡើង​របស់​លោក​ គ្រើង តុលា ដែលថា មន្ត្រី​បរិស្ថាន​ជា​អ្នកផ្ដល់​ដំណឹង និង​រូបភាព​ដែល​មិនបាន​បង្ក្រាប​សិប្បកម្ម​កែច្នៃ​ឈើ និង​បទល្មើស​នៅ​ដែន​ជម្រក​ស្រែពក​។

លោក​ថា​៖ «​មាន​មន្ត្រី​បរិស្ថាន​​បញ្ឆេះ​ឱ្យ​គាត់​ (​តុលា​) ​វ៉ៃ​ដល់​ពេល​គាត់​វ៉ៃ វា​រាង​ជ្រុល​បន្តិច​ហើយ​គេ​ [​លោក​ ប៉ែត ភក្ដ្រា​] ក៏​ចង់​ការពារ​កិត្តិយស​ដែរ​។ ​ខ្ញុំ​អត់​ដឹងថា មន្ត្រី​បរិស្ថាន​មួយណា​ជា​អ្នកផ្ដល់​ព័ត៌មាន​ឱ្យទៅ​លោក​ គ្រើង តុលា ទេ​។ ដូចជា មិន​អី​ទេ​កន្លង​មក​ធ្លាប់​មានរឿង​អ៊ីចឹង​ដែរ ហើយ​តុលាការ​គ្រាន់តែ​សម្របសម្រួល ហើយ​ធ្វើ​កិច្ចសន្យា​វា​ចប់​រឿង​ហើយ​ព្រោះ​ខាង​ខ្ញុំ​ក៏​មិន​ចង់​ដាក់បន្ទុក​លើ​លោក​តុលា​ដែរ​»​។

លោក អ៊ាង ម៉េងលី មន្ត្រី​សម្របសម្រួល​សមាគម​អាដហុក​ខេត្តមណ្ឌលគិរី​បាន​ថ្លែងថា ការប្ដឹង​នេះ​អាច​ជា​ការរារាំង​ និង​បំបាក់ស្មារតី​របស់​សកម្មជន​ការពារ​ព្រៃឈើ​ដែល​ហ៊ាន​និយាយ​រិះគន់​ពី​ភាព​អសកម្ម​របស់​មន្ត្រី​។

លោក​ថា​៖ «​ជា​រូបភាព​មួយ​ដើម្បី​រាំ​ខ្ទប់​កុំឱ្យ​ប្រជាពលរដ្ឋ​ ឬ​សហគមន៍​ដែល​ក្លាហាន​ក្នុង​ការបញ្ចេញមតិ​ដើម្បី​បញ្ឈប់​សកម្មភាព​ក្នុង​ការនិយាយ​ ឬ​បង្ហាញ​ពី​មន្ទិលសង្ស័យ​ផ្សេងៗ​របស់​អាជ្ញាធរ​ទៅកាន់​មជ្ឈដ្ឋាន​ផ្សេងៗ​ឲ្យ​បានដឹង​»៕