ភ្នំពេញៈ តុលាការកំពូលកាលពីម្សិលមិញប្រកាសសាលដីកាសផ្ដន្ទាទោសជនជាប់ចោទជាក្រុមចោរប្លន់ ៣ នាក់ ដោយបានតម្កល់ទោសម្នាក់ៗជាប់ពន្ធនាគារ ៣០ ឆ្នាំ តាមអំណាចសាលដីការបស់សាលាឧទ្ធរណ៍ បន្ទាប់ពីជំនុំជម្រះកាលពីថ្ងៃ ១១ មករា ឆ្នាំ ២០២១ ករណីប្លន់នៅខេត្តបាត់ដំបង ប្រព្រឹត្តក្នុងឆ្នាំ ២០១១។
នៅក្នុងបន្ទប់សវនាការពីម្សិលមិញ ខណៈអវត្តមានទាំងមេធាវីនិងជនជាប់ចោទនោះលោកចៅក្រម ឃឹម ប៉ុណ្ណ បានអានសាលដីកាថា សំណុំរឿងនេះមានជនជាប់ចោទ ៣ នាក់ ប៉ុន្តែជនជាប់ចោទ ឈ្មោះ ភិន ភន បានស្លាប់ ។ កាលពីថ្ងៃជំនុំជម្រះជនជាប់ចោទ ២ នាក់ មានវត្តមាននៅក្នុងសវនាការ ប៉ុន្តែពេលប្រកាសសាលដីកានេះបានអវត្តមាន។
លោកថ្លែងថា៖ «ដូច្នេះពេលនេះតុលាការប្រកាសតែសេចក្តីសម្រេចទេ។ សំណុំរឿងនេះតុលាការសម្រេចតម្កល់ទោសជនជាប់ចោទដាក់ពន្ធនាគារម្នាក់ៗ ៣០ ឆ្នាំ តាមសាលដីការបស់សាលាឧទ្ធរណ៍ទុកជាបានការដដែល»។
គួររំឭកដែរថា កាលពីបើកសវនាការថ្ងៃទី ១១ មករា ជនជាប់ចោទឈ្មោះ នឹម ចិត្ត បានឆ្លើយប្រាប់ចៅក្រមថា នៅយប់ថ្ងៃកើតហេតុទី ២៣ ឧសភា ឆ្នាំ ២០១១ គាត់មានគ្នាតែ ២ នាក់ទេ ដោយម្នាក់ទៀតឈ្មោះ ភិន ភន ជាអ្នកកាន់កាំភ្លើង AK ព្រោះជាអតីតយោធា។ ចំណែកឈ្មោះ នាង ស៊ីណាត មិនបានចូលរួមប្លន់ទេគឺគ្រាន់តែជាមិត្តភកិ្តទើបមកពីធ្វើកម្មករនៅប្រទេសថៃ ហើយគាត់បានហៅមកលេងបន្ទប់ជួលរបស់គាត់ក៏ត្រូវសមត្ថកិច្ចចាប់ខ្លួនដែរទៅ។ចំពោះឈ្មោះ ភិន ភន បានឈឺស្លាប់ក្នុងពន្ធនាគារខេត្តហើយ។
ក៏ប៉ុន្តែតាមកំណត់ហេតុនគរបាលខេត្តបាត់ដំបងដែលយោងតាមចម្លើយរបស់ក្រុមជនជាប់ចោទបង្ហាញថា កាលពីថ្ងៃទី ២៣ ឧសភា ឆ្នាំ ២០១១ មានជន ៣ នាក់ ទី១- ឈ្មោះ នឹម ចិត្ត ហៅ ចិត្ត អាយុ ៣១ ឆ្នាំ ទី២- ឈ្មោះ នាង ស៊ីណាត ហៅ ណាត អាយុ ៣០ ឆ្នាំ និងឈ្មោះ ភិន ភន អាយុ ៥៤ ឆ្នាំ បាននាំគ្នាចូលផឹកស្រាក្លែមសាច់ឆ្កែនៅផ្ទះជនរងគ្រោះ។ បន្ទាប់ពីផឹកស៊ីរួចពួកគេបាននាំគ្នាចេញពីកន្លែងផឹកស៊ីនោះអស់។
កំណត់ហេតុបន្តថា លុះនៅវេលាម៉ោងប្រហែលជា ១០ យប់ថ្ងៃខែឆ្នាំដដែល ខណៈម្ចាស់ផ្ទះរងគ្រោះកំពុងរៀបចំបិទទ្វារផ្ទះក៏ស្រាប់តែក្រុមជនទាំង ៣ នាក់នោះដែលមានពាក់ម៉ាស់រំមុខជិតដោយមានកាំភ្លើង AK ១ ដើម និងកាំភ្លើងខ្លីម៉ាក K54 ១ ដើម បានបាញ់សម្រុកចូលផ្ទះជនរងគ្រោះជាង ១០ គ្រាប់ បណ្តាលឱ្យត្រូវចំដើមទ្រូងបុរសឈ្មោះ សឿម ចាន់ អាយុ ២៤ ឆ្នាំ (អ្នកនៅជាមួយ) និងឈ្មោះ គឿន ធារី ភេទស្រី អាយុ ៣១ ឆ្នាំ ជាកូនម្ចាស់ផ្ទះស្លាប់នៅកន្លែងកើតហេតុ រីឯបុរសឈ្មោះ សឿម ផល្លី រងរបួសធ្ងន់។ ពេលនោះក្រុមចោរយកបានលុយជិត ៣០ ម៉ឺនរៀល និងខ្សែកប្លាទីនចំនួន ៣ ជីហើយរត់គេចបាត់។
កំណត់ហេតុដដែលឱ្យដឹងថាក្រោយធ្វើសកម្មភាពក្រុមជនជាប់ចោទបានគេចខ្លួនអស់ជាង ៣ ឆ្នាំ។ លុះដល់ឆ្នាំ ២០១៤ សមត្ថកិច្ចស្រាវជ្រាវចាប់បានឈ្មោះ ភិន ភន នៅខេត្តបាត់ដំបង ចំណែកឈ្មោះ នឹម ចិត្ត និង នាង ស៊ីណាត ត្រូវបានសមត្ថកិច្ចចាប់នៅរាជធានីភ្នំពេញ។
បើតាមកំណត់ហេតុនេះ ក្រោយឃាត់ខ្លួន ឈ្មោះ នឹមចិត្តបានសារភាពប្រាប់សមត្ថកិច្ចថា គាត់ និងបក្ខពួកធ្លាប់ប្លន់ចំនួន ១១ លើក និងបានធ្វើឱ្យជនរងគ្រោះស្លាប់ចំនួន ៣ នាក់ និងរបួសធ្ងន់ស្រាល ៩ នាក់ ប្រព្រឹត្តនៅខេត្តបន្ទាយមានជ័យ ពោធិ៍សាត់និងខេត្តបាត់ដំបង។
សំណុំរឿងនេះត្រូវសាលាដំបូងខេត្តបាត់ដំបងបើកសវនាការនិងប្រកាសសាលក្រមនៅថ្ងៃទី ១៧ កុម្ភៈ ឆ្នាំ ២០១៥ ដោយសម្រេចផ្តន្ទាទោសឈ្មោះ នឹម ចិត្ត និង នាង ស៊ីណាត ម្នាក់ៗឱ្យជាប់ពន្ធនាគារ ៣០ ឆ្នាំ ក្រោមបទចោទឃាតកម្មគិតទុកជាមុនតាមមាត្រា ២០០ នៃក្រមព្រហ្មទណ្ឌ។ រីឯឈ្មោះ ភិន ភន ចោទបទសមគំនិតក្នុងអំពើឃាតកម្ម។
ប៉ុន្តែដោយមិនសុខចិត្តនឹងសាលក្រមនេះជនជាប់ចោទទាំង ៣ នាក់ បានប្តឹងទាស់មកសាលាឧទ្ធរណ៍នៅថ្ងៃ ៩ កក្កដា ឆ្នាំ ២០១៥ ហើយត្រូវឧទ្ធរណ៍ប្រកាសសាលដីកាតម្កល់ទោសនៅថ្ងៃ ២៨ ឧសភា ឆ្នាំ ២០២០ ដោយឱ្យពួកគេម្នាក់ៗជាប់ទោស ៣០ ឆ្នាំដដែល ៕