បន្ទាយមានជ័យៈ សាលាដំបូងខេត្តបន្ទាយមានជ័យ កាលពីម្សិលមិញ នៅតែបន្តសាកសួរលើបុរសជនជាតិថៃម្នាក់ ពាក់ព័ន្ធនឹងការជួញដូរគ្រឿងញៀន ខណៈស្រ្តីជនជាតិថៃ ៥ នាក់ និងបុរសខ្មែរម្នាក់ទៀត ដែលត្រូវបានចាប់ឃាត់ខ្លួនជាមួយគ្នា ត្រូវបញ្ជូនទៅកាន់មណ្ឌលបន្សាបគ្រឿងញៀនខេត្ត កាលពីថ្ងៃទី ១៧ មិថុនា ឆ្នាំ ២០១៩។
ជនជាតិថៃទាំង ៦ នាក់ និងបុរសខ្មែរម្នាក់ត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួន កាលពីថ្ងៃទី ១៦ ខែ មិថុនា នៅក្នុងបន្ទប់មួយនៃកាស៊ីណូយីហោរីសតក្នុងភូមិ-សង្កាត់-ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
លោក រឿន លីណា អ្នកនាំពាក្យសាលាដំបូងខេត្តបន្ទាយមានជ័យ បានថ្លែងថា ករណីមនុស្សប្រុសស្រី ជាជនជាតិថៃ ដែលពាក់ព័ន្ធគ្រឿងញៀននោះ លោកមិនទាន់បានទទួលរបាយការណ៍ពីចៅក្រមស៊ើបសួរនៅឡើយទេ ព្រោះលោកមិនបាននៅការិយាល័យ។
ប៉ុន្តែបើតាម លោក ង៉ែង សុជា នាយការិយាល័យស្តីទី ប្រឆាំងបទល្មើសគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យបានឲ្យដឹងថា ជនជាតិថៃទាំងអស់មាន ៦ នាក់ និងបុរសខ្មែរម្នាក់លោកបានបញ្ជូនពួកគេទៅសាលាដំបូងខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី ១៧ ខែ មិថុនា ដែលក្នុងនោះ មានស្រ្តីជនជាតិថៃ ៥ នាក់ និងបុរសខ្មែរម្នាក់ ត្រូវបានតុលាការបញ្ជូនទៅមណ្ឌលបន្សាបគ្រឿងញៀនខេត្តហើយ។
លោកថា៖ «ចំណែកបុរសជនជាតិថៃម្នាក់ត្រូវបានព្រះរាជអាជ្ញាចោទប្រកាន់ហើយ ក្នុងបទរក្សាទុក និងជួញដូរគ្រឿងញៀន ហើយបញ្ជូនបន្តទៅចៅក្រមស៊ើបសួរ។ ប៉ុន្តែ ខាងចៅក្រម កំពុងបន្តនីតិវិធីស៊ើបសួរជនម្នាក់នោះ មិនទាន់ចប់នៅឡើយទេ»។
លោកបានថ្លែងទៀតថា បុរសជនជាតិថៃម្នាក់នោះ ឈ្មោះ ថៈណាណាត់ កឺតណយ អាយុ ៣៨ ឆ្នាំ។ រីឯបុរសជនជាតិខ្មែរ ដែលត្រូវបញ្ជូនទៅមណ្ឌលបន្សាបគ្រឿងញៀន ឈ្មោះ ខៀវ តាំង ហៅ ទី អាយុ ៣៤ ឆ្នាំ។ ចំណែកស្រ្តីជាជនជាតិថៃ ៥ នាក់នោះ មានអាយុចន្លោះពី ៣២ ឆ្នាំ ដល់ ៥៨ ឆ្នាំ។
ជុំវិញប្រតិបត្តិការបង្ក្រាបជនជាតិថៃនេះ លោក ធិន ស៊ិនដេត អធិការក្រុងប៉ោយប៉ែត បានឲ្យដឹងកាលពីម្សិលមិញថា ក្រៅពីចាប់ខ្លួន សមត្ថកិច្ចរឹបអូសបានវត្ថុតាងមានម្សៅក្រាមពណ៌សថ្លាចំនួន ៦ ថង់តូច ម្សៅម៉ដ្ឋពណ៌ស ចំនួន ៣ កូនថង់តូច ថ្នាំគ្រាប់ចំនួន ៥ សង្ស័យថ្នាំគ្រវី បំពង់ចូកថ្នាំញៀនចំនួន ២ និងសម្ភារប្រើប្រាស់គ្រឿងញៀនមួយចំនួនទៀត៕