ក្រចេះ: សាលាដំបូងខេត្តក្រចេះកាលពីម្សិលមិញបានសម្រេចចោទប្រកាន់ និងឃុំខ្លួនបុរសម្នាក់ករណីចាប់ក្មេងស្រីជាអនីតិជនចំនួន ៤ នាក់បងប្អូន ដែលជាក្មួយសាច់ថ្លៃ រំលោភសេពសន្ថវៈជាបន្តបន្ទាប់ចាប់តាំងពីឆ្នាំ ២០១៤ មកនៅភូមិ-ឃុំ-ស្រុក ព្រែកប្រសព្វ។
លោកស្រី នៅ រតនា ស្នងការរងទទួលផែនបទល្មើសប្រឆាំងការជួញដូរមនុស្សខេត្តក្រចេះឲ្យដឹងពីម្សិលមិញថា បុរសម្នាក់ឈ្មោះ ឆេង លីម៉េង អាយុ ៥១ ឆ្នាំ ដែលមានលំនៅក្នុងភូមិ-ឃុំ-ស្រុក ខាងលើត្រូវបានសាលាដំបូងខេត្តក្រចេះធ្វើការចោទប្រកាន់ និងបញ្ជាឲ្យនាំទៅឃុំខ្លួនកាលពីព្រឹកម្សិលមិញ «ពីបទរំលោភសេពសន្ថវៈលើអនីតិជន»។ បទរំលោភសេពសន្ថវៈតាមមាត្រា ២៣៩ នៃក្រមព្រហ្មទណ្ឌប្រសិនបើតុលាការរកឃើញថា ជនជាប់ចោទពិតជាបានប្រព្រឹត្តនោះនឹងត្រូវផ្តន្ទាទោសពី ៥ ឆ្នាំទៅ ១០ ឆ្នាំ។
លោកស្រី រតនា ប្រាប់តាមសម្តីក្មេងស្រីរងគ្រោះថា ពួកគេជាបងប្អូនបង្កើតមានអាយុ ១២ ឆ្នាំ, ១៤ ឆ្នាំ, ១៥ ឆ្នាំ និងមានបងស្រីជីដូនមួយម្នាក់ទៀតអាយុ ១៧ ឆ្នាំ ត្រូវបានឪពុកមាសាច់ថ្លៃ (ជនសង្ស័យ) យកមករស់នៅជាមួយតាំងពីនៅតូចៗមក ដោយសារឪពុកម្តាយពួកគេក្រីក្រ។ ជនសង្ស័យក៏មានប្រពន្ធ និងមានកូនធំៗ ៣ នាក់ រស់នៅជាមួយគាត់ផងដែរហើយគាត់ជាអ្នកធ្វើចម្ការ។
លោកស្រី បន្តថាដោយសារតែជនសង្ស័យជាអ្នកធ្វើចម្ការនោះទើបនៅថ្ងៃខ្លះគាត់បាននាំក្មេងៗរងគ្រោះទៅខ្ទមចាំចម្ការដែលនៅពេលនោះហើយជាឱកាសដែលជនសង្ស័យប្រព្រឹត្តអំពើចាប់រំលោភសេពសន្ថវៈទៅលើក្មេងរងគ្រោះ។ «គាត់ម្តងចាប់ក្មេងស្រីរងគ្រោះរំលោភនៅផ្ទះ និងនៅខ្ទមចាំចម្ការ។ ពេលខ្លះគាត់ឆ្មក់ពេលមានឱកាសនៅផ្ទះ»។
លោកស្រីថ្លែងតាមសម្តីក្មេងស្រីរងគ្រោះអាយុ ១៧ ឆ្នាំ ថាមុនដំបូងក្នុងអំឡុងឆ្នាំ ២០១៤ ជនសង្ស័យបានចាប់នាងរំលោភសេពសន្ថវៈហើយប្រព្រឹត្តជាបន្តបន្ទាប់។ ដោយពេលប្រព្រឹត្តម្តងៗគឺជនសង្ស័យតែងតែគំរាមមិនឲ្យនាងនិយាយរឿងនេះប្រាប់នរណាជាដាច់ខាតហើយបើសិនជាគេដឹងគាត់នឹងសម្លាប់នាង និងប្អូនៗនាងចោល។ ដោយសារតែខ្លាចគេសម្លាប់ប្អូនក្មេងរងគ្រោះជាបង ខំលាក់រឿងនេះមិនឲ្យនរណាដឹងទេ។
លោកស្រីបន្តថាមុនមានការប្តឹងទៅសមត្ថកិច្ចរបស់លោក ស្រីគឺក្មេងរងគ្រោះដែលមានអាយុ ១៧ ឆ្នាំ បានឃើញជនសង្ស័យចាប់ប្អូនស្រីនាងម្នាក់រំលោភសេពសន្ថវៈ។ ដោយទ្រាំនឹងទង្វើនេះមិនបាន ហើយដោយនាងស្គាល់ស្ត្រីម្នាក់ដែលប្តីគាត់ជាមន្ត្រីប៉ូលិសក៏នាងបាននាំប្អូនទៅប្តឹងនៅប៉ុស្តិ៍នគរបាលឃុំ ព្រែកប្រសព្វហើយក្រោយពីសួរនាំក្មេងរងគ្រោះសមត្ថកិច្ចបានហៅជនសង្ស័យមកសួរ។ បន្ទាប់មកជនសង្ស័យបានសារភាពប្រាប់សមត្ថកិច្ចតែម្តង៕