ភ្នំពេញ: សមាជិក សមាជិកា នៃសហព័ន្ធសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជាចំនួន ៥០ នាក់គ្រោងនឹងជួបជុំគ្នានៅថ្ងៃនេះដើម្បីធ្វើពិធីបំពាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធ អតីតប្រធានសហជីព ដែលត្រូវបានឃាតករបាញ់សម្លាប់កាលពី ១៧ ឆ្នាំមុននៅមុខតូបលក់កាសែតកណ្ដាលទីក្រុងភ្នំពេញ។
លោកស្រី ទូច សើ ប្រធានសហព័ន្ធសហជីពសេរីកម្មករបានឱ្យដឹងថា ជារៀងរាល់ឆ្នាំ ថ្នាក់ដឹកនាំ និងសមាជិក សមាជិកាសហព័ន្ធសហជីពព្រមទាំងក្រុមគ្រួសារ សាច់ញាតិ មិត្តភក្ដិ តែងតែរៀបចំពិធីដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធលោក ជា វិជ្ជា អតីតប្រធានសហជីពដែលត្រូវបានឃាតកបាញ់សម្លាប់នៅពីថ្ងៃទី ២២ ខែមករាឆ្នាំ ២០០៤ នៅខាងមុខតូបលក់កាសែតក្បែរវត្តលង្កា។ ក្នុងនោះរដ្ឋបាលរាជធានីភ្នំពេញធ្លាប់បានអនុញ្ញាតឱ្យប្រារព្ធជាហូរហែផងដែរ។
លោកស្រី ទូច សើ បញ្ជាក់ថា៖ «ពួកខ្ញុំបានដាក់សំណើស្នើសុំអ្នកចូលរួមក្នុងកម្មវិធីហ្នឹងចំនួន ១៥០ នាក់ ប៉ុន្ដែខាងសាលាក្រុងភ្នំពេញគេអនុញ្ញាតឱ្យយើងជួបជុំគ្នាត្រឹម ៥០ នាក់ទេ ដោយសារការពារ និងទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩។ កម្មវិធីយើងលើកនេះមិនមានអ្វីប្លែកជាងរាល់ឆ្នាំទេ គឺយើងគ្រាន់តែមានព្រះសង្ឃសូត្រមន្ត និងបំពាក់កម្រងផ្កា និងថ្លែងសារតិចតួចជូនសមាជិកយើង»។
លោក ម៉េត មាសភក្ដី អ្នកនាំពាក្យសាលារាជធានីភ្នំពេញបានថ្លែងពីម្សិលមិញថា រដ្ឋបាលរាជធានីភ្នំពេញបានឯកភាព និងអនុញ្ញាតឱ្យសមាជិក សមាជិកាសហព័ន្ធសហជីព ប្រារព្ធកម្មវិធីនេះតាមទំនៀមទម្លាប់របស់ខ្លួន ប៉ុន្ដែត្រូវគោរពតាមនូវស្មារតីទទួលខុសត្រូវ។
លោកបញ្ជាក់ថា៖ «យើងអនុញ្ញាតឱ្យគាត់រៀបចំកម្មវិធីហ្នឹងនៅទីតាំងផ្ទាល់ ដោយមិនមានការដង្ហែក្បួន ហើយធ្វើយ៉ាងច្រើន ត្រឹម ៥០ នាក់ទេ ជាពិសេសត្រូវអនុវត្តវិធានការពារកូវីដ១៩ដែលណែនាំដោយក្រសួងសុខាភិបាល»។
កិច្ចប្រជុំកាលពីថ្ងៃទី ១៩ ខែមករា ដែលដឹកនាំដោយលោក មាន ចាន់យ៉ាដា អភិបាលរងរាជធានីភ្នំពេញបានឱ្យដឹងថា សាលារាជធានីភ្នំពេញបានឯកភាពឱ្យរៀបចំពិធីនេះ ប៉ុន្ដែត្រូវគោរពលក្ខខណ្ឌមួយចំនួនដូចជា សហព័ន្ធសហជីពសេរី-កម្មករ ត្រូវរៀបចំនៅថ្ងៃទី ២២ ខែមករា ចាប់ពីវេលាម៉ោង ៨:៣០ នាទីព្រឹក ដល់ម៉ោង ១០:៣០ នាទីនៅទីកន្លែងតម្កល់រូបសំណាកត្រង់សួនច្បារប៉ែកខាងលិចវិមានឯករាជ្យដែលមានចំនួនមនុស្សត្រឹម ៥០ នាក់។
ក្រោយពេលរំសាយ សមាជិក សមាជិកាចូលរួមទាំងអស់ ត្រូវបំបែកគ្នាទៅតាមទីតាំងរៀងៗខ្លួន ដោយមិនត្រូវទៅធ្វើការជួបជុំគ្នានៅតាមទីតាំងណាផ្សេង ជាពិសេសនៅខាងមុខសាលាដំបូងរាជធានីភ្នំពេញ។ មិនអនុញ្ញាតឱ្យអ្នកចូលរួមប្រារព្ធពិធី យកវេទិកានេះធ្វើសកម្មភាពវាយប្រហារដល់ព្រះមហាក្សត្រឥស្សរជនជាន់ខ្ពស់រាជរដ្ឋាភិបាល ឬបំផុសញុះញង់ប្រជាពលរដ្ឋឱ្យកើតជាអំពើហិង្សា ផ្ទុយពីខ្លឹមសារ និងគោលបំណងនៃការរៀបចំ ឬបំបែកបំបាក់សាមគ្គីភាពជាតិ ប្រើសារនយោបាយ និងសកម្មភាពប្រាសចាកពីរដ្ឋធម្មនុញ្ញហើយហាមដាច់ខាតមិនឱ្យអ្នកជាប់បម្រាមនយោបាយទាំង ១១៨ រូបចូលរួមឡើងថ្លែងសារនោះទេ៕