ភ្នំពេញៈ គណៈកម្មាធិការ​សហប្រតិបត្តិការ​ដើម្បី​កម្ពុជា​ (CCC) ​និង​ជា​តំណាង​ឲ្យ​អង្គការ​សង្គម​ស៊ីវិល​ដែល​មាន​សមាជិក​ធំ​ជាងគេ​នៅ​កម្ពុជា​បាន​អះអាង​នៅ​ចំពោះ​មុខ​មន្ត្រី​នគរបាល​ជាន់ខ្ពស់​នៃ​ក្រសួង​មហាផ្ទៃ​កាលពី​ម្សិលមិញ​អំពី​​ក្ដី​ព្រួយបារម្ភ​នា​រយៈពេល​ ១ ​ឆ្នាំ​ចុង​ក្រោយ​ចំពោះ​ការភ្ជាប់​ពួកគេ​ទៅ​នឹង​បរិបទ​នយោបាយ និង​ចលនា​ប្រឆាំង​នានា​នៅក្នុង​បដិវត្តន៍​ពណ៌​ដែល​បាន​កើតឡើង​ក្រោយ​ការបោះឆ្នោត​ថ្នាក់​ជាតិ​ក្នុង​ឆ្នាំ​ ២០១៣ ដែល​រដ្ឋាភិបាល​ចាត់ទុក​ជា​ចលនា​ផ្ដួល​រំលំ​គណបក្ស​កំពុង​កាន់​អំណាច​។

ការបង្ហាញ​នូវ​ក្ដីបារម្ភ​នេះ​បាន​ធ្វើ​ឡើង​នៅក្នុង​វេទិកា​ស្ដីពី​ភាព​ជា​ដៃគូ​រវាង​រដ្ឋាភិបាល​ និង​អង្គការ​សង្គម​ស៊ីវិល​ដែល​រៀបចំ​ដោយ​ក្រសួង​មហាផ្ទៃ​ដើម្បី​សហការគ្នា​ក្នុងការ​ចូលរួម​លើក​កម្ពស់​លទ្ធិប្រជាធិបតេយ្យ ដែល​មាន​មន្ត្រី​នគរបាល​ជាន់​ខ្ពស់ តំណាង​ឲ្យ​អង្គការ​សង្គម​ស៊ីវិល​ និង​ដៃគូរ​អភិវឌ្ឍន៍​ប្រមាណ​ជិត​ ៤០០ ​នាក់​ចូលរួម​។

លោក សឿង សារឿន ប្រធាន​អង្គការ​ CCC ​បាន​ថ្លែង​សុន្ទរកថា​នៅក្នុង​វេទិកា​ថា​៖ «​បើ​ទោះបី​ជា​ស្ថានភាព​ទូទៅ​នៃ​កិច្ចសហប្រតិបត្តិការ​រវាង​រាជរដ្ឋាភិបាល និង​អង្គការ​សង្គម​ស៊ីវិល​មាន​ភាព​ល្អ​ប្រសើរ​ជិត​ ៣ ​ទសវត្សរ៍​កន្លង​មក ប៉ុន្តែ​សង្គម​ស៊ីវិល​បាន​ទទួល​រង​នូវ​ក្ដី​ព្រួយបារម្ភ​មួយ​ចំនួន​ដូចជា​ការភ្ជាប់​អង្គការ​សង្គម​ស៊ីវិល​ទៅ​នឹង​បរិបទ​នយោបាយ និង​ចលនា​ប្រឆាំង​នានា​ដូចជា អង្គការ​សង្គម​ស៊ីវិល​ចូលរួម​ក្នុង​បដិវត្តន៍​ពណ៌​ជាដើម​។​ល​។​»​។

លោក សារឿន ថ្លែង​ផង​ដែរ​ថា​៖ «​យើង​ខ្ញុំ​សង្ឃឹម​យ៉ាង​មុតមាំ​ថា សង្គម​ស៊ីវិល​នឺង​ទទួល​បាន​នូវ​បរិយាកាស​អំណោយផល​លំហ​ប្រជាធិបតេយ្យ កិច្ចសហប្រតិបត្តិការ​ និង​មាន​ការ​អនុវត្ត​ក្របខ័ណ្ឌ​ច្បាប់ ប្រកប​ដោយ​គតិយុត្ត សុចរិត យុត្តិធម៌​និង​មិន​លម្អៀង​»​។

ទោះបី​យ៉ាង​ណា​ក៏ដោយ​លោក ស ខេង រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ក៏បាន​អះអាង​នៅក្នុង​វេទិកា​ផង​ដែរ​ថា​រាជរដ្ឋាភិបាល​មិន​បាន​ភ្ជាប់​អង្គការ​សង្គម​ស៊ីវិល​ណា​មួយ​ទៅ​នឹង​ចលនា​បដិវត្តន៍​ពណ៌​នោះ​ឡើយ ប៉ុន្តែ​អង្គការ​សង្គម​ស៊ីវិល​មួយ​ចំនួន​បាន​ធ្វើ​សកម្មភាព​បំផុស​ប្រជាពលរដ្ឋ​ឲ្យ​ធ្វើ​ការតវ៉ា​ប្រឆាំង​នឹង​ការអនុវត្ត​ច្បាប់​ក្រោម​ហេតុផល​សិទ្ធិ​មនុស្ស​ និង​លទ្ធិប្រជាធិបតេយ្យ​។

លោក​រដ្ឋមន្ត្រី​បាន​ថ្លែង​ផង​ដែរ​ថា​ក្នុង​ឱកាស​កម្ពុជា​កំពុង​រៀបចំ​ការបោះឆ្នោត​ជ្រើស​តាំង​តំណាងរាស្ត្រ​នៅ​ខែ​កក្កដា​នេះ រាជរដ្ឋាភិបាល​បាន​ធានា​ឲ្យ​ការបោះឆ្នោត​ប្រព្រឹត្ត​ទៅ​ដោយ​សេរី ត្រឹមត្រូវ យុត្តិធម៌ និង​ជំរុញ​លើក​កម្ពស់​ដំណើរការ​ប្រជាធិបតេយ្យ​។

លោក ស ខេង ថ្លែង​ថា​៖ «​ខ្ញុំ​សង្ឃឹម​យ៉ាង​មុតមាំ​ថា​វេទិកា​ថ្ងៃ​នេះ​នឹង​ធ្វើឲ្យ​រាជរដ្ឋាភិបាល​ និង​អង្គការ​សង្គម​ស៊ីវិល​មាន​ការ​យល់​គ្នា​កាន់តែ​ច្បាស់លាស់​»​។

លោក ស ខេង ថ្លែង​ផង​ដែរ​ថា​៖ «​ដូច្នេះ​អង្គការ​សង្គម​ស៊ីវិល​គួរ​ដាក់​ខ្លួន​ឲ្យ​ឆ្ងាយ​ មិនមែន​គំរាម​ទេ បើ​មាន​ភ័ស្តុតាង​គ្រប់គ្រាន់ អង្គការ​ ឬ​មិន​អង្គការ​ត្រូវ​ទទួល​ខុសត្រូវ​ចំពោះ​មុខ​ច្បាប់ បើ​អង្គការ​សង្គម​ស៊ីវិល​ភ្ជាប់​ខ្លួន​ទៅ​នឹង​រឿង​ហ្នឹង​ហើយ​ទៅ​ចូលរួម​ដៃជើង ចូលរួម​នឹង​បដិវត្តន៍​ពណ៌​មិន​លេង​ជាមួយ​ទេ​។ ពង្រឹង​ភាព​ជា​ដៃគូ យើង​ទាំងអស់​គ្នា​មិន​គួរ​ចាត់ទុក​គ្នា​ជា​គូបដិបក្ខ​ទេ​ក្នុង​នាម​រាជរដ្ឋាភិបាល ក្រសួងមហាផ្ទៃ និង​ខ្ញុំ​បន្ត​ចូលរួម​លើក​កម្ពស់​លទ្ធិប្រជាធិបតេយ្យ​។

យោង​តាម​ឯកសារ​របស់​នគរបាល​ជាតិ​ឆ្នាំ​ ២០១៧ បាន​បង្ហាញ​ថា​បដិវត្តន៍​ពណ៌​ដែល​ដឹកនាំ​ដោយ​គណបក្ស​ប្រឆាំង​មិន​ត្រឹមតែ​អង្គការ​សង្គម​ស៊ីវិល​ និង​អង្គការ​ក្រៅ​រដ្ឋាភិបាល​ប៉ុណ្ណោះ​ទេ​ថែម​ទាំង​មាន​ធនាគារ​ និង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទៀត​ផង​។ ​ក្នុង​នោះ​មាន​អង្គការ​សមធម៌​កម្ពុជា អង្គការ​សិទិ្ធ​លំនៅឋាន អង្គការ​សិទ្ធិមនុស្ស អង្គការ​ក្រៅ​សមាគម​ធាងត្នោត និង​សហជីព​ចំនួន ១១ រួមទាំង​មាន វិទ្យុ​អាស៊ីសេរី វិទ្យុ​សំឡេង​សហរដ្ឋអាមេរិក និង​សំឡេង​លទ្ធិប្រជាធិបតេយ្យ​ថែម​ទៀត​។

ពាក់ព័ន្ធ​នឹង​បដិវត្តន៍​ពណ៌​នេះ​ផង​ដែរ​តុលាការ​កំពូល​កាលពី​ចុង​ឆ្នាំ​ ២០១៧ ​បាន​សម្រេច​ឃុំ​ខ្លួន​លោក​ កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ និង​រំលាយ​គណបក្ស​ប្រឆាំង​មួយ​នេះ​ដោយ​រង​ការចោទប្រកាន់​ពី​អំពើ​ក្បត់ជាតិ និង​ហាម​សិទ្ធិ​នយោបាយ ៥ ​ឆ្នាំ​លើ​មន្ត្រី​ចំនួន​ ១១៨ ​នាក់​៕